FN ៖ ភាពអត់ធ្មត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឈានដល់ទីបញ្ចប់ហើយ ហើយសម្តេចប្រកាសទុកពេលឲ្យនាយករដ្ឋមន្រ្តីឡាវ ៦ថ្ងៃទៀត ត្រូវដកកងទ័ពចេញឲ្យអស់ពីដែនដីកម្ពុជា។ ការកំណត់ឱសានវាទឲ្យឡាវដកទ័ពត្រឹមថ្ងៃទី១៧ ខែសីហានេះ បន្ទាប់ពីសំបុត្ររបស់សម្តេចដាក់ទៅ នាយករដ្ឋមន្រ្តីឡាវ លោក ថងលូន ស៊ីស៊ូលីត រឿងដកទ័ពនេះមិនមានការឆ្លើយតបវិញ។
ទន្ទឹមនឹងការប្រកាសដាក់ឱសានវាទឲ្យឡាវដកទ័ពនេះ សម្តេចតេជោ ហ៊ុន សែន ក៏គ្រោងនឹងជិះយន្តហោះទៅកាន់ប្រទេសឡាវ ដើម្បីពិភាក្សារឿងដកទ័ពនេះ ផងដែរ។ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាមេទ័ពកម្ពុជា ឲ្យត្រៀមកម្លាំងទៅបណ្តេញកងទ័ពឡាវចេញពីប្រទេសកម្ពុជាផងដែរ។
សម្តេចតេជោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរកុំឲ្យមានការភ្ញាក់ផ្អើលប្រសិនបើឃើញមានការចល័តទ័ពព្រោះទ័ពទាំងនោះ ត្រូវចល័តទៅកាន់ខេត្តស្ទឹងត្រែង ដើម្បីបណ្តេញទ័ពឈ្លានពានចេញពីដីកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់ភាគីឡាវថា មិត្តភក្តិជារឿងមិត្តភក្តិ តែមិនអាចឲ្យមិត្តភក្តិមកជាន់ក្បាល ខ្មែរនោះទេ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចបានចាត់ចែងមេទ័ពខ្មែររួចអស់ហើយ ឲ្យត្រៀមលក្ខណៈសម្បត្តិបណ្តេញទ័ពឡាវចេញពីដីខ្មែរ។
សម្តេចប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ថា មិនចង់ប្រកាសសង្រ្គាមជាមួយប្រទេសជិតខាងនោះទេ តែក៏មិនអនុញ្ញាតឲ្យប្រទេសជិតខាងរំលោភ ដែនអធិបតេយ្យរបស់កម្ពុជានោះឡើយ សូម្បីដីមួយចំអាម។
ការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នាពេលនេះធ្វើឡើងនៅក្នុងពិធីប្រកាសចូលកាន់តំណែងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងប្រកាសសមាសភាពក្រុមបណ្ឌិត សភាចារ្យ, នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះ៕