FN ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់ថា សព្វថ្ងៃអ្នកលក់បារីនៅតាមហាងមួយចំនួន ជាពិសេសនោះនៅតាមហាងកាហ្វេ ដោយមានស្ត្រីៗជាអ្នកលក់ ត្រូវបានកាត់បន្ថយបានយ៉ាងច្រើន ដោយសារតែទទួលជាព្រមានពីក្រសួងសុខាភិបាល ទៅដល់ក្រុមហ៊ុនមួយចំនួន ដែលផ្សព្វផ្សាយពាណិជ្ជកម្មបារី និងក្រុមហ៊ុនផលិតបារីផងដែរ។
រដ្ឋមន្ត្រីប្រកាសបែបនេះ នៅក្នុងកិច្ចប្រជុំបេសកកម្មរួមគ្នា របស់ក្រុមការងារអន្តរជាតិស្ថាប័ន នៃអង្គការសហប្រជាជាតិ ស្តីពី «ការបង្ការ និងទប់ស្កាត់ជំងឺមិនឆ្លងមកកាន់ប្រទេសកម្ពុជា» នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ នៅសណ្ឋាគារ Sunway ។
លោក ម៉ម ប៊ុនហេង បានបញ្ជាក់យ៉ាងច្បាស់ថា «អ្នកដែលហ៊ុចបារីឲ្យគេជក់នេះ យើងខ្ញុំតែងតែហាមឃាត់ ធ្វើការព្រមានថែមទាំងព្រមានទៅម្ចាស់ក្រុមហ៊ុន ហើយពីមុនយើងឃើញមាន ប៉ុន្តែឥឡូវត្រូវបានកាត់បន្ថយច្រើនហើយ»។
លោករដ្ឋមន្ត្រីបន្ថែមថា ក្រសួងសុខាភិបាលមានច្បាប់ត្រឹមត្រូវ ក្នុងការផាកពិន័យលើក្រុមហ៊ុនណា ដែលនៅតែអនុវត្តន៍នូវទង្វើបែបនេះ ដោយធ្វើការប្រើប្រាស់នារី ទៅលក់ឲ្យអ្នកទិញនៅតាមហាងមួយចំនួន ជាពិសេសនោះ គឺនៅតាមហាងកាហ្វេមួយចំនួន នៅតាមទីសារធារណៈ ហើយច្បាប់ទាំងអស់នេះ ក្រសួងកំពុងទេអនុវត្តសព្វថ្ងៃផងដែរ។
សូមបញ្ជាក់ថា បើតាមរបាយការណ៍ ធ្លាប់បានចេញផ្សាយ របស់អង្គការសុខភាពពិភពលោកបង្ហាញថា នៅទូទាំងពិភពលោក មានមនុស្ស៦លាននាក់ស្លាប់ជារៀងរាល់ឆ្នាំ ដោយសារជំងឺ ដែលទាក់ទងនឹងថ្នាំជក់។ ក្នុងនោះជាង៦សែននាក់ស្លាប់ ដោយសារការស្រូបផ្សែងបារីពីគេ។ ដោយឡែកនៅកម្ពុជា មានមនុស្សប្រមាណ១ម៉ឺននាក់ បានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារជំងឺទាក់ទងនឹងថ្នាំជក់នេះផងដែរ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបង្ហាញថា នៅកម្ពុជាសព្វថ្ងៃអត្រាអ្នកនៃការស្លាប់របស់បុរសមានច្រើនជាស្រ្តី ហើយអត្រានេះក៏បណ្តាលមកពី «ជំងឺមិនឆ្លង» ផងដែរ ហើយជំងឺប្រភេទនេះវាខ្លាំងក្លាជាង «ជំងឺឆ្លង» ទៅទៀត។ លោករដ្ឋមន្ត្រីក៏លើកឡើងផងដែរថា ការកើតនៃ «ជំងឺមិនឆ្លង» គឺបណ្តាលមកពីការពិសារអាហារ ដែលមានជាតិ ប្រៃពេក, ផ្អែមពេក, ខ្លាញ់ពេក និងមួយវិញទៀត គឺហាត់ប្រាណមិនគ្រប់គ្រាន់។
អ្នកស្រិ Claire Van Der Vaeren អ្នកសម្របសម្រួលអង្គការសហប្រជាជាតិនៅកម្ពុជា បានលើកឡើងថា មនុស្សប្រមាណជា៤០លាននាក់ នៅក្នុងពិភពលោក បានស្លាប់ដោយសារ «ជំងឺមិនឆ្លង» ក្នុងនោះក៏សារតែការប្រើប្រាស់នូវថ្នាំជក់ ការប្រើប្រាស់គ្រឿងស្រវឹង ហើយ «ជំងឺមិនឆ្លង»នេះ បើយើងមិនមានធ្វើសកម្មភាពក្នុងការចំចាត់ទេនោះ វានឹងនាំឲ្យមានបញ្ហាកាន់តែខ្លាំងទៅ។
លោកស្រីបញ្ជាក់ថា «ជំងឺមិនឆ្លង» រួមមានដូចជា៖ ជំងឺបេះដូង, ដាច់សរសៃឈាម, មហារីក, ទឹកនោមផ្អែម, រ៉ាំរៃ, សួត និងជំងឺផ្សេងទៀត។
លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រិតិបត្តិអង្គការចលនា ដើម្បីសុខភាពកម្ពុជា បានលើកឡើងថា «សព្វថ្ងៃនៅប្រទេសកម្ពុជា យើងមានមនុស្សស្លាប់ដោយសារ «ជំងឺមិនឆ្លង» មានរហូតដល់ទៅ៥៦ភាគរយ ច្រើនជាង «ជំងឺឆ្លង» មានត្រឹម៤៤ភាគរយតែប៉ុណ្ណោះ។ ដើម្បីកាត់បន្ថយនិងការពារ «ជំងឺមិនឆ្លង» យើងមានយុទ្ធសាស្រ្តចំនួន៤ ក្នុងការប្រើប្រាស់រួមមាន៖ ថ្នាំជក់, ការកាត់បន្ថយជាតិខ្លាញ់ និងជាតិប្រៃ ការធ្វើចលនារាងកាយ(កាយវប្បកម្ម) ដូចជាការហាត់ប្រាណជាដើម»៕