សុន្ទរកថា ក្នុងពិធី មីទ្ទិញរំឭកខួបលើកទី ៣៨ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ – ៧ មករា ២០១៧)
សូមក្រាបថ្វាយបង្គំ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី, សម្តេចព្រះសង្ឃរាជ, សម្តេចព្រះរាជា គណៈ និងព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ, សម្តេច, ឯកឧត្តម, លោកជំទាវ, លោកស្រី, អស់លោក, ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ, សមាជិក សមាជិកា នៃអង្គមីទ្ទិញ និងជនរួមជាតិទាំងអស់ជាទីគោរពស្នេហា ! ថ្ងៃ ៧ ខែ មករា ឆ្នាំ ១៩៧៩ គឺជាថ្ងៃជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា ដែលបានវាយផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត បញ្ចប់សម័យកាលដ៏ខ្មៅងងឹតបំផុតនៃកម្ពុជា ហើយបើកឡើងនូវទំព័រសករាជថ្មីគឺ ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ ថ្ងៃនេះគឺជាទិវាដ៏មហានក្ខត្តឬក្ស ដែលប្រជាជនកម្ពុជានៅទូទំាងប្រទេស ចូលរួមដោយក្តីសោមនស្សរីករាយក្រៃលែង ប្រារព្ធខួបអនុស្សាវរីយ៍ លើកទី ៣៨ នៃទិវាជ័យជម្នះដ៏រុងរឿងនេះ ជាមួយនឹងមោទនភាពដ៏ថ្លៃថ្លាចំពោះសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រយ៉ាងច្រើនដែលប្រជាជនយើងសម្រេចបានក្នុងរយៈពេល ៣៨ កន្លងមក រួមទាំងសមិទ្ធផលលើគ្រប់ វិស័យនៅក្នុងឆ្នំា ២០១៦ ដែលទើបតែឆ្លងផុតថ្មីៗនេះ។ យើងប្រារព្ធពិធីដ៏ឧឡារិកនេះឡើង ក្នុងស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុង្គឧត្តម របស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី…