សេចក្តីដកស្រង់ប្រសាសន៍ ក្នុងសង្កថា ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅតំបន់កំបូល ផ្លូវជាតិលេខ ៤
សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនកម្មករ/ការិនី ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ជាទីគោរពនឹករលឹក! លើកពេលជួបកម្មករ/ការិនី ដោយត្រូវគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកជួបជុំជាមួយនឹងកម្មករ/ការិនីរបស់យើងនៅទីនេះ ចំនួនជាង ១ ម៉ឺននាក់ ហើយដែលជាកម្មវិធីបន្តពីកម្មវិធីមុនៗ។ អម្បាញ់មិញ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ អ៊ិត សំហេង បានលើកឡើងថា ក្មួយៗមួយចំនួនក៏បានទៅចូលរួមប្រជុំនៅកោះ ពេជ្រ ហើយខ្ញុំក៏សុំយកឱកាសនេះ ជម្រាបជូនសម្រាប់បងប្អូនដែលត្រៀមខ្លួនទៅជួបជុំជាមួយខ្ញុំ នៅថ្ងៃទី ៨ ខាងមុខនេះ គឺសុំអធ្យាស្រ័យត្រូវលើកពេលសិន។ ថ្ងៃទី ១៥ តុលា នោះ ក៏លើកពេលដែរ ដោយសារ តែជាខួបនៃការសោយទិវង្គតរបស់អតីតព្រះមហាក្សត្រ សម្តេចឪ សម្តេចតា សម្តេចតាទួត ជាថ្ងៃឈប់ សម្រាករៀបចំគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គ។ ប៉ុន្តែ ជំនួបជាមួយកម្មករ/ការិនី ធ្វើឡើងជារៀងរាល់ថ្ងៃ ពុធ ក៏នៅតែបន្តធ្វើ។ អាទិត្យក្រោយនេះ ក៏នឹងបន្តធ្វើ។ ពិតមែនតែថ្ងៃស្អែកនេះ ខ្ញុំត្រូវចាកចេញពីប្រទេស(រយៈពេល)ពីរយប់…