ថ្ងៃនេះ ខ្ញុំ និងភរិយាពិតជាមានសេចក្តីរីករាយដោយបានចូលរួមក្នុងពិធីអបអរសាទរខួបទី ១០៧ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០១៨ ដែលរៀបចំឡើងយ៉ាងឱឡារិកនាពេលនេះ។ ជាបឋម ខ្ញុំសូមថ្លែងការគាំទ្រនូវប្រធានបទ «ស្ត្រីរួមគ្នា រក្សាសន្តិភាព ដើម្បីអភិវឌ្ឍជាតិ» ដែលបានលើកឡើងចំពេលយើង គ្រប់គ្នាកំពុងខិតខំប្រឹងប្រែងបន្តលើកកម្ពស់តម្លៃសន្តិភាព និងប្រកាន់យកវប្បធម៌អហិង្សា ហើយដែលរាជរដ្ឋាភិបាលបាន និងកំពុងជំរុញឱ្យមានការចូលរួមពីប្រជាជនទាំងស្ត្រី និងបុរស ដើម្បីធានារក្សាឱ្យបាននូវសុខសន្តិភាព និងវឌ្ឍនភាពរបស់សង្គមកម្ពុជាទាំងមូល។ ជាការពិត សុខសន្តិភាព វិបុលភាព ការគ្មានអំពើហិង្សា គ្មានសង្គ្រាមរាំងជល់ ពិតជាមានតម្លៃណាស់ ដែលឤចជំរុញការអភិវឌ្ឍលើគ្រប់វិស័យ និងគ្រប់ទីកន្លែងព្រមទាំងធ្វើឱ្យប្រជាជនរស់នៅប្រកបដោយភាពសុខដុមរមនា និងផ្តល់ឱកាសល្អឱ្យបុរស ស្ត្រី កូនប្រុស ស្រី បានរស់នៅជួបជុំក្រុមគ្រួសារ បានសិក្សារៀនសូត្រខ្ពស់ មានចំណេះដឹង ជំនាញ បច្ចេកទេស និងមុខរបរ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារខ្លួន រួមចំណែកកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានភាពរីកចម្រើនរុងរឿង។
ឈរលើមូលដ្ឋានសុខសន្តិភាព ការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៣ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការលើកតម្កើងសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្សបានធ្វើឱ្យកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ជាមធ្យម ៧,៧% ក្នុងមួយឆ្នាំក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ។ កំណើនសេដ្ឋកិច្ចដ៍រឹងមាំនេះ ឆ្លុះបញ្ចាំងឱ្យឃើញ តាមរយៈការរីកចម្រើននៃវិស័យឧស្សាហកម្ម កម្មន្តសាល ពាណិជ្ជកម្ម កសិកម្ម សំណង់ និងសេវាកម្ម ដែលក្នុងនោះមានស្ត្រីចូលរួមក្នុងកម្លាំងពលកម្មចំនួន ៧៧,២% ព្រមទាំងសម្រេចបាននូវវឌ្ឍនភាព ដ៏ល្អប្រសើរ ក្នុងការកាត់បន្ថយភាពក្រីក្រ និងធ្វើឱ្យកម្ពុជាប្រែក្លាយពីប្រទេសមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងឈានទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ ហើយនឹងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។
ថ្មីៗនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ ២០១៦-២០២៥ ដែលជាផែនទីមគ្គុទេសក៏សម្រាប់កែទម្រង់ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម រក្សានូវសន្តិសុខប្រាក់ចំណូល កាត់បន្ថយនូវភាពរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រជាជន និងបានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីលើកកម្ពស់សុខុមាល សមធម៌ សាមគ្គីភាពនៅក្នុងសង្គមជាតិទាំងមូល ដែលជាការគិតគូរចំពោះស្ត្រីមានជាឤទិ៍៖
១. ការផ្តល់ជាសាច់ប្រាក់ជួយដល់ស្ត្រីមានផ្ទៃពោះ ដើម្បីយកទៅប្រើប្រាស់ក្នុងការថែទាំសុខភាពមុន និងក្រោយពេលសម្រាល ហើយសម្រាប់កម្មការិនីត្រូវបានអនុញ្ញាតឱ្យឈប់សម្រាករយៈពេល ៣ ខែ ដោយទទួលបានបៀវត្ស ១២០% ក្នុងនោះបេឡាជាតិសន្តិសុខសង្គមចេញ ៧០% និងនិយោជកចេញ ៥០% ព្រមទាំងបានទទួលប្រាក់ឧបត្ថម្ភចំនួន ៤០ ម៉ឺន រៀល ចំកូនមួយ កូនភ្លោះទទួលបាន ៨០ ម៉ឺនរៀល និងកូនភ្លោះបីបាន ១ លាន ២ សែនរៀល។
២. ការអនុញ្ញាតឱ្យកម្មការិនីជាស្ត្រីដែលមានផ្ទៃពោះលើសពី ៣ ខែ ឤចចេញមុនម៉ោងការងារចំនួនយ៉ាងតិច ១៥ នាទី ហើយចាប់ពីខែ មករា ឆ្នាំ ២០១៨ តទៅ កម្មករ កម្មការិនីទាំងក្នុង និងក្រៅប្រព័ន្ធត្រូវទទួលបានការពិនិត្យព្យាបាលដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ តាមរយៈមូលនិធិសមធម៌របស់ជាតិ។
៣. រាជរដ្ឋាភិបាលប្រកាសផ្តល់ជូនប្រាក់ឧបត្ថម្ភដល់ស្ត្រី ជាមន្ត្រីរាជការស៊ីវិល នគរបាល និងកងកម្លាំងប្រដាប់ឤវុធដែលបានសម្រាលកូន។ ក្នុងនោះ កូនមួយទទួលបាន ៨០ ម៉ឺនរៀល កូនភ្លោះទទួលបាន ១ លាន ៦០ ម៉ឺនរៀល កូនភ្លោះ ៣ ទទួលបាន ២ លាន ៤០ ម៉ឺនរៀល រួមជាមួយនឹងការឈប់សម្រាកលំហែមាតុភាពរយៈពេល ៣ ខែ ជាមួយប្រាក់បៀវត្ស ១០០%។
៤. ការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិត ផ្នែកវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងពី ១៥៣ ដុល្លារ ក្នុងមួយខែ ក្នុងឆ្នាំ ២០១៧ ទៅដល់ ១៧០ ដុល្លារ សម្រាប់ឆ្នាំ ២០១៨ ដោយមិនគិតពីប្រាក់អត្ថប្រយោជន៍ផ្សេងៗ ព្រមទាំងជំរុញឱ្យមានគិលានដ្ឋាន កន្លែងហូបបាយ បន្ទប់បំបៅកូន និងទារកដ្ឋាន ដើម្បីជួយដល់បញ្ហាសុខុមាលភាពរបស់កម្មករ និយោជិត។
៥. ការដាក់ចេញនូវសារាចរស្តីពីការលុបចោលចំពោះការបង់ថ្លៃភាស៊ីដល់ឤជីវករ ភាគច្រើនជាស្ត្រីដែលលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី។ ការលុបចោលការបង់ថ្លៃក្នុងការធ្វើដំណើរឆ្លងកាត់ ផ្លូវ ស្ពាន ព្រមទាំងសាងសង់លំនៅដ្ឋាន ដែលមានតម្លៃសមរម្យ ដំណាក់កាលទី ១ សម្រាប់មន្ត្រីរាជការ និងដំណាក់កាលទី ២ សម្រាប់កម្មករ និងប្រជាជនទូទៅ ដែលមានប្រាក់ចំណូលទាប។ ទាំងអស់នេះ បានបង្ហាញច្បាស់ថា កម្ពុជាតែងបានយកចិត្តទុកដាក់ខ្ពស់ចំពោះស្ត្រី ដោយពីមួយឆ្នាំទៅមួយឆ្នាំ ស្ត្រីតែងទទួលបាននូវផលប្រយោជន៍ផ្ទាល់ខ្លួនច្រើន និងកាត់បន្ថយបន្ទុកគ្រួសារកាន់តែច្រើន ដែលជាការលើកកម្ពស់ដល់សមភាពយេនឌ័រកាន់តែប្រសើរឡើង នៅគ្រប់វិស័យនៅកម្ពុជា។
ដោយឡែក បច្ចុប្បន្នស្ត្រីជាច្រើនបានទទួលឱកាសចូលរួម ក្នុងការងារស្ទើរគ្រប់វិស័យ ហើយត្រូវបានគាំទ្រ និងលើកទឹកចិត្ត តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រ និងកម្មវិធីលើកកម្ពស់សមភាព យេនឌ័រ និងបង្កើនភាពអង់ឤចដល់ស្ត្រីឱ្យមានភាពរឹងមាំក្នុងជីវិតនោះ។ ជាក់ស្តែង យើងសម្រេចបានលទ្ធផលល្អប្រសើរច្រើន លើការងារលើកកម្ពស់ និងអភិវឌ្ឍស្ត្រី ក្នុងនោះមានដូចជា៖
១. ក្នុងវិស័យមុខងារសាធារណៈ ចំនួនស្ត្រីបានកើនឡើងពី ៣២% នៅឆ្នាំ ២០០៧ ដល់ ៤១% នៅឆ្នាំ ២០១៧ ។ លទ្ធផលនេះ ដោយការជ្រើសរើសមន្ត្រីរាជការថ្មី ដែលត្រូវជ្រើសរើសស្ត្រីចំនួន ពី ២០% ទៅ ៥០% និងការពន្យារឤយុចូលនិវត្តន៍មន្ត្រីរាជការ ជាស្ត្រីដល់ឤយុ ៦០ ឆ្នាំ។ បើពិនិត្យទៅលើចំនួនស្ត្រី ដែលមានមុខតំណែង ក្នុងនោះអគ្គនាយកជាស្ត្រីមាន ២៣ រូប ប្រធាននាយកដ្ឋានមាន ១០៨ រូប និងបានតែងតាំងស្ត្រីជាអភិបាលខេត្ត ១ រូប ស្ត្រីជាអភិបាលរង នៃគណៈអភិបាលរាជធានីខេត្ត ២៦ រូបអភិបាលក្រុង ស្រុក ខណ្ឌជាស្ត្រី ៧ រូប ស្ត្រីជាអភិបាលរង នៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ ១៨៥ រូប ស្ត្រីជាស្មៀនឃុំ/សង្កាត់ ២៣៥ រូប។
២. ការចូលរួមរបស់ស្ត្រីក្នុងវិស័យនយោបាយមានការកើនឡើង ជាលំដាប់ ក្នុងនោះសមាជិករដ្ឋសភាជាស្ត្រីនៅឆ្នាំ ១៩៩៣ មាន ៥,៨៣% កើនដល់ ២០,៣២% ឆ្នាំ ២០១៣។ នៅឆ្នាំ ១៩៩៣ ស្ត្រីជារដ្ឋមន្ត្រីគ្មាន រដ្ឋលេខាធិការគ្មាន អនុរដ្ឋលេខាធិការ ២ រូប ។ បើប្រៀបធៀបនៅឆ្នាំ ២០១៣ មានឧបនាយករដ្ឋមន្ត្រីជាស្ត្រី ១ រូប ទេសរដ្ឋមន្ត្រី ១ រូប រដ្ឋមន្ត្រីជាស្ត្រី ២ រូប រដ្ឋលេខាធិការ ៣៨ រូប និងអនុរដ្ឋលេខាធិការ ៤៨ រូប។ ស្ត្រីជាចៅសង្កាត់ មេឃុំ មានការកើនឡើងពី ៤២ រូប ក្នុងឆ្នាំ ២០០២ ដល់ ១៣០ រូប ក្នុងឆ្នាំ ២០១៨។
៣. នៅក្នុងកងកម្លាំងប្រដាប់ឤវុធ នាយទាហាននារី ក្របខណ្ឌក្រសួងការពារជាតិ មានចំនួនសរុប ៨៦ រូប ក្នុងនោះ ថ្នាក់នាយឧត្តមសេនីយ៍ ១ រូប ថ្នាក់ឧត្តមសេនីយ៍ឯក ៧ រូប ថ្នាក់ឧត្តមសេនីយ៍ទោ ១៦ រូប និងថ្នាក់ឧត្តមសេនីយ៍ត្រី ៦២ រូប។
៤. ស្ត្រីក្នុងមុខដំណែងជាឯកអគ្គរាជទូតបច្ចុប្បន្នមានចំនួន ៦ រូប និងមន្ត្រីការទូតជាស្ត្រីមានចំនួន ២៤,៤៣% នៃមន្ត្រីការទូតសរុប ១៧០ រូប។ ទន្ទឹមនោះ ស្ត្រីក្នុងប្រព័ន្ធតុលាការ បានកើនឡើងជាលំដាប់ ក្នុងមុខដំណែងជាចៅក្រម ព្រះរាជឤជ្ញា ក្រឡាបញ្ជី ឤជ្ញាសាលា សារការី និងមេធាវី។ ជាមួយនោះ កីឡាករជាស្ត្រីចូលរួមលេងកីឡាក៏បានកើនឡើង មិនតែប៉ុណ្ណោះកម្ពុជា មានកីឡាការិនីបានទទួលមេដាយមាសជូនជាតិមាតុភូមិទៀតផង។
សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង អង្គពិធីទាំងមូល!
ថ្ងៃនេះ ជាថ្ងៃរំលឹកការលើកកម្ពស់សិទ្ធិស្ត្រី ប៉ុន្តែមិនមានន័យថា ស្ត្រីមានសិទ្ធិតែមួយថ្ងៃនោះទេញ្រេះ «សិទ្ធិស្ត្រី គឺជាសិទ្ធិមនុស្ស »។ នៅក្នុងពិភពលោកស្ត្រីមានចំនួន ៤៩,៦% ដូច្នេះការអភិវឌ្ឍប្រទេសនីមួយៗត្រូវតែគិតគូរពីសក្តានុពលរបស់ស្ត្រី ដែលមានចំនួនច្រើនប្រហាក់ប្រហែលនឹងបុរស។ កត្តានេះនឹងឤចរួមចំណែក ក្នុងការពន្លឿនដល់ដំណើរការ នៃកិច្ចអភិវឌ្ឍប្រទេសនីមួយៗផងដែរ។ ដូចដែលខ្ញុំតែងតែនិយាយ ជួយស្ត្រី គឺជួយខ្លួនឯង។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ]
ចំនុចនេះ ខ្ញុំចង់និយាយបន្ថែមថា សិទ្ធិស្ដ្រីមិនមែនមានតែមួយថ្ងៃ នៅថ្ងៃទី ៨ មីនា នោះទេ គឺត្រូវមាន ៣៦៥ ថ្ងៃជាប់គ្នាតែម្ដង គ្រាន់តែថ្ងៃនេះ យើងយកធ្វើជាកម្មវត្ថុនៃការជួបជុំ ជាប្រធានបទដើម្បីជម្រុញចលនាទៅមុខតែប៉ុណ្ណោះ។ ប៉ុន្ដែមិនត្រូវគិតថា ទិវាស្ដ្រី និងសិទ្ធិស្ដ្រីមានតែមួយថ្ងៃនោះ ហើយម្យ៉ាងទៀត អ្នកដែលល្ងង់គឺអ្នកដែលមិនហ៊ានវិនិយោគលើស្ដ្រី។ ខ្ញុំធ្លាប់បាននិយាយជារឿយៗហើយថា ជួយស្ដ្រី គឺជួយខ្លួនឯង។ ប្រសិនបើ ភរិយារបស់យើងមិនមានចំណេះដឹងគ្រប់គ្រាន់ទេ ច្បាស់ណាស់ថាជាបន្ទុក … យើងពិតជាជួបនូវការលំបាក។ ប៉ុន្ដែ បើភរិយា កូនស្រីរបស់យើង ឬសាច់ញាតិរបស់យើងជាស្ដ្រីមានចំណេះដឹងខ្ពស់ ពេលនោះហើយដែលជាពេលវេលាដែលជួយក្រុមគ្រួសារ។
នៅក្នុងសា្ថប័ននីមួយៗរបស់ជាតិក៏ដូច្នោះដែរ ប្រសិនស្ដ្រីមានសមត្ថភាពកាន់តែខ្ពស់ វានឹងជួយរែកពន់ការងារដែលយើងបាន និងកំពុងធ្វើ។ ដូច្នេះបានជាខ្ញុំនៅតែបន្ដអំពាវនាវ ឲ្យគ្រប់ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិមិនមែនគ្រាន់តែតែងតាំងឲ្យអង្គុយនៅទីកន្លែង ដែលបានរៀបចំជាការកំណត់ថា យ៉ាងហោចមួយខេត្ដឲ្យមានស្ដ្រីម្នាក់ ដោយតែងតាំងគ្រាន់តែបង្រ្គប់កិច្ច ប៉ុន្ដែមិនប្រគល់ការងារឲ្យធ្វើនោះទេ។ នេះជារឿងឆោតល្ងង់មួយ។
ខ្ញុំសង្ឃឹមថា នៅក្នុងពេលខាងមុខឆ្នាំក្រោយនេះ នឹងមានការកើនឡើងនូវចំនួនរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការថែមទៀត។ នោះជាការគិតគូររបស់ខ្ញុំ នៅក្នុងឋានៈជាបេក្ខភាពនាយករដ្ឋមន្ដ្រីរបស់គណបក្សប្រជាជនកម្ពុជា។ ដោយសារការតែងតាំងឋានៈរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការត្រូវធ្វើតាមព្រះរាជក្រឹត្យ ដូច្នេះយើងពិតជាមានចំនួនរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការច្រើនជាងនេះ។ ខ្ញុំស្នើឲ្យមានការរៀបចំតាមស្ថាប័នទាំងអស់ សំលឹងមើលអំពីបញ្ហានេះ ដើម្បីជួយលើកកម្ពស់ស្ថានភាពស្ដ្រីរបស់យើង។ ឯចំណែកមុខងារសារធារណៈបើយើងមិនតែងតាំងស្ដ្រីឲ្យចូលក្នុងតំណែងការងារនោះ តើយើងយល់យ៉ាងម៉េច?
អ្នកខ្លះអាចនិយាយបានថា ស្រ្ដីរូបនេះខ្វះការធ្វើសេចក្ដីសម្រេច។ ធ្វើល្អហើយ គាត់ល្អ ប៉ុន្តែមិនទាន់ហ៊ានធ្វើការវះកាត់ និងធ្វើសេចក្ដីសម្រេច។ ប៉ុន្តែ ខ្ញុំអាចបញ្ជាក់ថា តាមបទពិសោធន៍ដែលខ្ញុំមាន ទាំងបុរសក៏ដោយ ទាំងស្ដ្រីក៏ដោយ កាលណាយើងយើងមិនទាន់ផ្តល់ការងារឲ្យគេ តើអោយគេមានសមត្ថភាពធ្វើការសម្រេចចិត្តយ៉ាងម៉េចទៅ? ដូចជាខ្ញុំសួរទៅខេត្តខ្លះ ដែលខ្វះអភិបាលខេត្ត ដែលអភិបាលខេត្តត្រូវចូល(និវត្តន៍)ទៅខាងមុខ អភិបាលរងខេត្តមួយចំនួនត្រូវធ្វើការជ្រើសរើស ក៏មានចម្លើយថា អ្នកនេះខ្វះភាពដាច់ខាត ខ្វះការហ៊ាន មិនហ៊ានវះកាត់។ បានខ្ញុំប្រាប់ថា សំខាន់យើងតែងតាំងគាត់នៅប៉ុស្ដិ៍ធ្វើការសម្រេចចិត្តហើយឬនៅ? បើមិនទាន់តែងតាំងគាត់នៅក្នុងកាន់ប៉ុស្ដិ៍ធ្វើការសម្រេចចិត្តទេ យើងមិនទាន់អាចនិយាយថា គាត់ខ្វះការសម្រេចចិត្ត ដូច្នេះតាមស្ថាប័ននានាចេះតែរុញបណ្ដើរឲ្យមកកៀកនៅក្របខណ្ឌបានទទួល(ធ្វើការសម្រេចចិត្ត) ដូចជាយើងត្រូវការប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន អគ្គនាយករង អគ្គនាយក ជាស្ដ្រីថែមទៀត។
ដូច្នេះ យើងត្រូវរៀបចំបំពាក់បំប៉ន រៀបចំក្របខណ្ឌឋានៈ ដើម្បីឲ្យសមស្របទៅតាមការតែងតាំង ដូចជាគេកំណត់ថា ប្រធាននាយកដ្ឋានចាប់ពីអនុមន្ដ្រី ឬក៏វរៈមន្រ្ដី។ បើយើងមានគោលដៅយ៉ាងដូច្នោះ ក្រសួងមុខងារសាធារណៈ រួមនឹងក្រសួងស្ថាប័ន ត្រូវផ្ដួចផ្ដើមគំនិតកែសម្រួលជាមួយក្រសួងមុខងារសាធារណៈឲ្យហើយ ដើម្បីពេលដែលយើងចេញការតែងតាំងទៅវាស្រប។ ឧទាហរណ៍ថា វរៈមន្រ្ដីយើងត្រូវតែងតាំងឲ្យធ្វើជាអគ្គនាយករង យើងតែងតាំងបានភ្លាម ចំណុចទាំងនេះត្រូវធ្វើការជាសំណុំជាមួយគ្នា ទើបយើងមានលទ្ធភាព។
ខ្ញុំនៅតែអំពាវនាវឲ្យមានការបណ្ដុះបណ្ដាល ពិសេសបំពាក់បំប៉នពិសេសដល់មន្រ្ដីរាជការជាស្ដ្រី។ យើងមានវឌ្ឍភាពច្រើនហើយ ក៏ប៉ុន្ដែយើងត្រូវជម្រុញ។ ឥឡូវនេះ ខ្ញុំកត់សំគាល់ឃើញថាដោយប្រាក់ចំណូលចេះតែកើនឡើង ស្ដ្រីបានពង្រឹងខ្លួនក្នុងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ដូច្នេះស្ដ្រីកាន់តែមានលទ្ធភាព គេហៅថាអំណាចនៃសេដ្ឋកិច្ច ជាអំណាចនយោបាយនោះឯង នៅក្នុងគ្រួសារមួយ។ ស្ដ្រីកម្ពុជា អាចថាមួយពាន់នាក់(មានតែម្នាក់)ទេ ដែលប្ដីកាន់លុយ ឯ ៩៩៩ នាក់ ប្រពន្ធកាន់លុយ។ ឥឡូវ ប្រពន្ធមិនគ្រាន់តែកាន់លុយដែលបុរសជាប្ដីរកមកឲ្យនោះទេ ប៉ុន្ដែយោងទៅលើការចុះសួរសុខទុក្ខកម្មករ/ការិនី ជាង ៤០ ម៉ឺននាក់រួចមកហើយបានសេចក្ដីថា កូនក្មួយ(ជាស្រ្ដី)បច្ចុប្បន្នគេបានកាន់កាប់នូវប្រាក់ទាំងនោះដែរ។
មានឥទ្ធិពលកាន់តែខ្ពស់ ព្រោះគេមិនបានពឹងពាក់ទៅលើប្រាក់ចំណូលរបស់បុរសនោះទេ ប៉ុន្តែប្រាក់ចំណូលគេមានខ្លួនគេ។ ដូច្នេះ ការយកចិត្តទុកដាក់ពង្រឹងស្ដ្រីនៅក្នុងវិស័យសេដ្ឋកិច្ច គឺជាការពង្រឹងសិទ្ធិអំណាចនយោបាយរបស់ស្ដ្រីនៅក្នុងគ្រួសារ ក៏ដូចជាការធ្វើការសម្រេចនានាក្នុងក្របខណ្ឌនយោបាយផងដែរ។ យើងត្រូវបន្ដយកចិត្តទុកដាក់លើបញ្ហានេះ។
[បញ្ចប់សេចក្ដីអធិប្បាយ]
ជារួម កិច្ចខិតខំរបស់រាជរដ្ឋាភិបាលលើការលើកកម្ពស់ការងារស្ត្រីត្រូវបានវាយតម្លៃខ្ពស់។ ជាសក្ខីភាព នៃការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល បានស្តែងឡើងតាមរយៈការចាត់ចំណាត់ថ្នាក់ របស់វេទិកាសេដ្ឋកិច្ចពិភពលោក ដោយកម្ពុជាទទួលបានវឌ្ឍនភាពក្នុងការកាត់បន្ថយគម្លាតយេនឌ័រ ពីចំណាត់ថ្នាក់លេខ ១១២ ឆ្នាំ ២០១៦ មកចំណាត់ថ្នាក់លេខ ៩៩ ក្នុងចំណោម ១៤៤ ប្រទេស នៅឆ្នាំ ២០១៧។ ទោះបីយ៉ាងណា យើងនឹងមិនបញ្ឈប់កិច្ចប្រឹងប្រែងលើកកម្ពស់ការងារស្ត្រីនោះទេ។ ក្នុងនោះ ខ្ញុំសូមគាំទ្រ និងលើកទឹកចិត្តក្រសួងកិច្ចការនារីបន្តដោះស្រាយបញ្ហាសេសសល់មួយចំនួន ហើយយើងទាំងអស់គ្នាត្រូវរួមគ្នាដោះស្រាយបន្តទៀត។ ក្នុងន័យនេះ ខ្ញុំសូមអំពាវនាវឱ្យគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជនទាំងអស់ត្រូវយកចិត្តទុកដាក់ចូលរួមបន្តពង្រឹងនីតិរដ្ឋ និងថែរក្សាសុខសន្តិភាព ការពារស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព សង្គមឱ្យរឹងមាំ ជាពិសេសបន្តលើកកម្ពស់ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាការរស់នៅដ៏សុខសាន្តរបស់ប្រជាជនគ្រប់រូប ពិសេសស្ត្រី ក្មេងស្រីនៅមូលដ្ឋាន។ ក្នុងទិសដៅនេះយើងត្រូវអនុវត្តឱ្យសកម្ម ផុលផុសនៃយុទ្ធនាការដើម្បីប្រយុទ្ធប្រឆាំង និងបង្ក្រាបអំពើចោរកម្មឃាតកម្ម ការប្លន់ប្រដាប់ឤវុធ គ្រឿងញៀន ការជួញដូរមនុស្ស អំពើហិង្សាគ្រប់រូបភាពលើស្ត្រី និងកុមារ ។ល។
មុននឹងបញ្ចប់ ខ្ញុំសូមកោតសរសើរគ្រប់ក្រសួង ស្ថាប័នជាតិ វិស័យឯកជន សង្គមស៊ីវិល ដៃគូអភិវឌ្ឍ និងអង្គការជាតិអន្តរជាតិទាំងអស់ ដែលបានរួមចំណែកគាំទ្រការលើកកម្ពស់ស្ថានភាពជីវភាព សិទ្ធិ ឋានៈ តួនាទីរបស់ស្ត្រី និងសូមបន្តគាំទ្រ និងប្រែក្លាយខ្លឹមសារ នៃប្រធានបទ «ស្ត្រីរួមគ្នារក្សាសន្តិភាពដើម្បីអភិវឌ្ឍជាតិ» ឱ្យទៅជា សកម្មភាពជាក់ស្តែង ដើម្បីកម្ពុជានៅតែរក្សាបានសន្តិភាព ស្ថិរភាព នយោបាយដែលបង្កលក្ខណៈឱ្យខឿនសេដ្ឋកិច្ចកម្ពុជាកាន់តែរឹងមាំ មានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អ ភាពសុខដុមរមនាក្នុងសង្គម និងសម្រេចបាននូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ជាទីបញ្ចប់ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ទូលព្រះបង្គំខ្ញុំ និងភរិយាសូមថ្វាយព្រះពរជ័យ សិរីមង្គល បវរមហាប្រសើរថ្វាយ សម្តេចព្រះរាជអគ្គមហេសី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល និងព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ និងសូមជូនពរសម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រីទាំងអស់ សូមទទួលបាននូវពុទ្ធពរ និងពរទាំងប្រាំប្រការ ឤយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ !