FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃពុធ ០៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨នេះ អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ ១៣,៩៧១នាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ នៅក្នុងខេត្តកណ្តាល។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីជាតិ និងប្រជាជន គេឃើញវត្តមានសម្តេចនៅគ្រប់ទីគ្រប់ទីកន្លែង និងគ្រប់ទីកន្លែង។ ពេលរំដោះប្រទេសសម្តេចមានវត្តមាន នៅលើសមរភូមិ ពេលចរចារកសន្តិភាពគេឃើញវត្តមានសម្តេចនៅលើតុចរចា ពេលដាក់ចេញនយោបាយឈ្នះ-ឈ្នះ គេឃើញសម្តេចនៅតំបន់តស៊ូរបស់ខ្មែរក្រហម។
* នៅពេលកម្ពុជាដាក់ចេញនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មគ្រាប្រទេសកំពុងជួបគ្រោះខ្វះស្បៀងអាហារនោះ គេក៏ឃើញវត្តមានសម្តេចនៅតាមវាលស្រែ និងប្រឡាយទឹក។ លុះមកដល់ពេលបច្ចុប្បន្នគ្រាដែលវិស័យឧស្សាហកម្មកំពុងដើរតួនាទីសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ គេក៏ឃើញវត្តមានរបស់សម្តេចចុះ តាមរោងចក្រ សហគ្រាសនានា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបីត្រូវមមាញឹករកពេលទំនេរគ្មានជាមួយការងារទាំងក្នុង និងក្រៅប្រទេសយ៉ាងណាក្តី តែសម្តេចនៅតែរីករាយចំពោះសមិទ្ធផលសម្រាប់ជាតិ និងប្រជាជនកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រោងចក្រមួយចំនួនមានបញ្ហារឿងប្រាក់ឈ្នួលកម្មករ ពេលខ្លះមិនមែនមកពីថៅកែរោងចក្រនោះទេ តែអាចមកពីអ្នកគ្រប់គ្រងចាញ់ល្បែង ហើយយកលុយកម្មករទៅលេងល្បែងថែមទៀត។ ពេលអត់លុយបើកប្រាក់ឈ្នួលឲ្យកម្មករ ក៏រត់គេចខ្លួនតែម្តង។
* សម្តេចតេជោ បានលើកឡើងថា បើទោះបីសម្តេចមិនបានចុះទៅដោះស្រាយដោយរឿងកម្មករត្រូវថៅកែរត់ចោលនេះ ក៏ដោយតែសម្តេចក៏បានឲ្យមន្ត្រី អាជ្ញាធរពាក់ព័ន្ធចុះដោះស្រាយ ហើយពេលចុងក្រោយនេះ សម្តេចបានបញ្ចេញសាច់ប្រាក់ប្រមាណ ៤.៦លានដុល្លារអាមេរិក សម្រាប់ដោះស្រាយបញ្ហាតាមរោងចក្រ ដែលថៅកែរត់ចោលថែមទៀតផង។
* សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យកម្មករ កម្មការិនី ក្រឡេកមើលទៅប្រាក់ឈ្នួលអតីតកាលមានតិចតួចណាស់ ដែលក្នុងនោះមកដល់ឆ្នាំ១៩៩៧ កម្មករ កម្មការិនី បានប្រាក់ឈ្នួលអប្បបរមាត្រឹមតែ៩០ដុល្លារ តែបច្ចុប្បន្នបានឡើងដល់ ១៧០ដុល្លារ។ តាមរយៈប្រាក់ឈ្នួលកាន់តែខ្ពស់នេះ បានរួមចំណែកធ្វើឲ្យជីវភាពប្រជាពលរដ្ឋបានតែប្រសើរ តែមិនមែនគ្រប់គ្រាន់ត្រឹមប៉ុណ្ណឹង។ សម្តេចបញ្ជាក់ថា នៅឆ្នាំ២០១៩ និងឆ្នាំបន្តបន្ទាប់ប្រាក់ឈ្នួលអប្បរមារបស់កម្មករនឹងកើនឡើងជាបន្តបន្ទាប់ទៀត។
* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា តាមរយៈដំណើរចុះជួបជាបន្តបន្ទាប់របស់សម្តេចជាមួយកម្មករ កម្មការិនី បានធ្វើឲ្យមានស្ថេរភាពនៅតាមរោងចក្រ សហគ្រាសនានា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជីដូនជីតា និងឪពុកម្តាយរបស់កម្មករ កម្មការិនីបានចូលរួមពលីកម្មច្រើនណាស់សម្រាប់បុព្វហេតុជាតិមាតុភូមិក្នុងការរំដោះប្រទេសចេញពី របបប្រល័យពូជសាសន៍ ប៉ុល ពត និងបានរួមគ្នាទប់សម្កាត់របបនេះមិនឲ្យមានវត្តមានជាថ្មី។ សម្តេចតេជោថា ទាំងនេះជាមរតកដ៏មានតម្លៃបំផុតជួយឲ្យកម្មករ កម្មការិនីទទួលបានសេចក្តីសុខ សេចក្តីចម្រើននាពេលបច្ចុប្បន្ននេះ។
* សម្តេចតេជោ ហ៊ុន សែន បន្តរំលឹកដល់កម្មករ កម្មការិនីថា អ្វីដែលពួកគេកំពុងទទួលបាននាពេលបច្ចុប្បន្ន គឺបានផ្តើមចេញមូលដ្ឋានគ្រឹះនៃសុខសន្តិភាព ដែលសន្តិភាពនេះ ក៏មានការចូលរួមពីឪពុកម្តាយ និងជីដូនជីតារបស់កម្មករ កម្មការិនីផងដែរ។ ដូច្នេះត្រូវរួមគ្នាបន្តថែរក្សាឲ្យបាននូវសុខសន្តិភាពនេះឲ្យបាន ទោះក្នុងតម្លៃណាក៏ដោយ។
* សម្តេចបន្តថា រំលឹកថា យុវជនជំនាន់មុនខុសគ្នាឆ្ងាយណាស់ពីយុវជនជំនាន់បច្ចុប្បន្ននេះ ពោលយុវជនជំនាន់មុនមិនមានឱកាសបានរៀនសូត្រពេញលេញនោះទេ ពួកគេត្រូវចូលរួមក្នុងសមរភូមិ ដើម្បីរំដោះនិងការពារសុខសន្តិភាពប្រទេសជាតិ។
* សម្តេចប្រមុខរាជរដ្ឋាភិបាល បានរំលឹកថា គ្មានសន្តិភាពគ្មានការអភិវឌ្ឍឡើយ ហើយប្រវត្តិសាស្រ្តរបស់កម្ពុជា បានធ្វើឲ្យកម្ពុជាឆ្អែតឆ្អន់គ្រប់គ្រាន់ហើយ។
* សម្តេចតេជោ បន្តថា នៅពេលគ្មានស្ថេរភាព និងសណ្តាប់ធ្នាប់សង្គមទេនោះ កម្មករ កម្មការិនី ក៏មិនអាចធ្វើការងារបានស្ងប់ចិត្តផងដែរ។ ដូច្នេះត្រួវរួមសាមគ្គីគ្នារវាងថ្នាក់ដឹកនាំរោងចក្រ ជាមួយកម្មករ កម្មការិនី កុំឲ្យមានជម្លោះ កុំឲ្យមានបងតូចបងធំ និងគ្រឿងញៀននៅក្នុងរោងចក្រ។
* សម្តេចតេជោ បន្តថា នៅពេលគ្មានស្ថេរភាព និងសណ្តាប់ធ្នាប់សង្គមទេនោះ កម្មករ កម្មការិនី ក៏មិនអាចធ្វើការងារបានស្ងប់ចិត្តផងដែរ។ ដូច្នេះត្រួវរួមសាមគ្គីគ្នារវាងថ្នាក់ដឹកនាំរោងចក្រ ជាមួយកម្មករ កម្មការិនី កុំឲ្យមានជម្លោះ កុំឲ្យមានបងតូចបងធំ និងគ្រឿងញៀននៅក្នុងរោងចក្រ។
* សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល បន្តរំលឹកទៅថ្នាក់គ្រប់គ្រងរោងចក្រថា ការបណ្តេញកម្មករ កម្មការិនីចេញពីការងារមិនមែនជាដំណោះស្រាយនោះឡើយ ត្រូវចរចា និងរួមគ្នាដោះស្រាយបញ្ហាដោយសន្តិវិធី ជាជម្រើសល្អប្រសើជាងបណ្តេញកម្មករ កម្មការិនី។
* ក្នុងកិច្ចសំណេះសំណាលនាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញពីការផ្តល់អត្ថប្រយោជន៍នានាសម្រាប់កម្មករ កម្មការិនី ដែលមានដូចជាការជិះរថយន្តក្រុង របស់សាលារាជធានីមិនអស់លុយ ការព្យាបាល និងពិនិត្យជំងឺមិនអស់លុយ កម្មការិនីមានផ្ទៃពោះអាចចេញពីធ្វើការមុនម៉ោង១៥នាទី អាចឈប់រយៈពេល៣ខែជាមួយអត្រាប្រាក់ឈ្នួល ១២០ភាគរយ កម្មការិនីទទួលបានប្រាក់ឧបត្ថម្ភពេលសម្រាលកូន ហើយចាប់ពីឆ្នាំ២០១៩ទៅ អាចទទួលបានប្រាក់សោធននិវត្តន៍ពេលពួកគេបម្រើការងារចាប់ពី២៥ឆ្នាំឡើងទៅ។
* សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យក្រសួងពាក់ព័ន្ធត្រូវធ្វើរបាយការណ៍ទៅកាន់រដ្ឋាភិបាលប្រទេសទាំងឡាយណា ដែលអ្នកវិនិយោគរបស់ពួកគេបិទទ្វាររត់ចោល រោងចក្រពីប្រទេសកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅលោក សម រង្ស៊ី ថា សម្តេចឡើងដោយរដ្ឋធម្មនុញ្ញ ហើយចុះវិញក៏ចុះតាមរដ្ឋធម្មនុញ្ញផងដែរ មិនអាចចុះតាមផ្លូវកាត់នោះឡើយ។ សម្តេចផ្តាំទៀតថា បើចង់លេងផ្លូវកាត់ ក៏មិនអាចទៅរួចដែរ។