សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាទម្រាំមានថ្ងៃនេះ គឺខិតខំខ្លាំងណាស់ ជាពិសេសកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អជាមួយអន្តរជាតិ
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨នេះ បានលើកឡើងថា ប្រទេសកម្ពុជា ទម្រាំមានការវិឌ្ឍន៍ដូចសព្វថ្ងៃនេះ គឺយើងទាំងអស់គ្នា មានការខិតខំខ្លាំងណា ជាពិសេសការបង្កើតកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងជាមួយអន្តរជាតិ។ នៅលើបណ្តាញសង្គម Facebook នៅថ្ងៃអាទិត្យនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះរូប១សន្លឹកដែលថតនៅឆ្នាំ ១៩៨៦ ដែលក្នុងរូបនេះ គឺមានរូបឪពុករបស់សម្តេច ភរិយារបស់គាត់ កូនៗ និងសហការីផងដែរ។ ជាមួយនឹងការបង្ហោះរូបថតដ៏ចំណាស់នេះ សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កម្ពុជាទម្រាំមានថ្ងៃនេះ គឺយើងបានខិតខំខ្លាំងណាស់ ជាពិសេសកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងល្អជាមួយសហគមអន្តរជាតិ»។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា «នៅប៉ុន្មានថ្ងៃខាងមុខនេះ ខ្ញុំនឹងដឹកនាំគណប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានអូស្រ្តាលី ដើម្បីពង្រឹងទំនាក់ទំនងការបរទេសឱ្យកាន់តែរឹងមាំជាមួយប្រទេសនានាក្នុងតំបន់ នឹងជាមួយសហគមអន្តរជាតិ។ ខ្ញុំសង្ឃឹមថានឹងបានជួបជុំសួរសុខទុក្ខដោយផ្ទាល់ជាមួយបងប្អូនខ្មែរដែលកំពុងរស់នៅប្រទេសអូស្រ្តាលីផងដែរ»។ ប្រទេសកម្ពុជា ធ្លាប់ឆ្លងកាត់សង្រ្គាមស៊ីវិលដ៏រ៉ាំរ៉ៃចាប់តាំងពីឆ្នាំ១៩៧០មក។ សង្រ្គាមកម្ពុជា បានចាប់ផ្តើមពី លោកសេនាប្រមុខលន់ នល់ ធ្វើរដ្ឋប្រហារយោធាទម្លាក់សម្តេចព្រះ នរោត្តសីហនុ នៅថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០…