សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន សំណេះសំណាលជាមួយកម្មកររោងចក្រនៅក្បែរវត្តព្រៃស្ពឺ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ
(១) ខួប៧២ឆ្នាំថ្ងៃកំណើតគណបក្សប្រជាជន ប្រវត្តិសាស្ត្រ៤៦ ឆ្នាំនៃការតស៊ូដើម្បីរំដោះជាតិ បង្រួបបង្រួមជាតិ ស្វែងរកសន្តិភាព ឯកភាពទឹកដី និងការអភិវឌ្ឍ អរគុណសម្រាប់ការចូលរួមទាំងអស់គ្នានៅថ្ងៃនេះ។ ជំនួបរបស់យើងធ្វើនៅចំពេលខួបលើកទី៧២ ឆ្នាំនៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែឆ្នាំនេះ យើងមិនបានធ្វើពិធីបុណ្យនៅចំថ្ងៃខួបលើកទី៧២ ចំថ្ងៃទី២៨ ខែមិថុនានោះទេ ព្រោះយើងត្រូវគួបផ្សំជាមួយនឹងការបើកយុទ្ធនាការបោះឆ្នោតនៅថ្ងៃទី១ ខែកក្កដា ប៉ុន្មានថ្ងៃខាងមុខនេះ។ យ៉ាងណាក៏យើងមិនឲ្យចន្លោះប្រហោងទេ។ ថ្ងៃនេះគឺមានសាររបស់សមាជិក សមាជិកា គណបក្សប្រជាជនបានបង្ហោះព្រោងព្រាតស្តីអំពីខួបអនុស្សាវរីយ៍លើកទី៧២ ឆ្នាំ។ គណបក្សមានអាយុ ៧២ឆ្នាំ ឯប្រធានគណបក្សគឺមានអាយុ ៧១ឆ្នាំ។ អញ្ចឹងខ្ញុំកើតក្រោយ។ រឿងរ៉ាវអតីតកាលនោះ យើងគ្រាន់តែបានដឹងទៅតាមប្រវត្តិសាស្រ្តតែប៉ុណ្ណោះ តែអ្វីដែលច្បាស់គឺរយៈពេល ៤៦ ឆ្នាំនេះ គឺជារយៈកាលដែលខ្ញុំច្បាស់នៅក្នុងប្រវត្តិនៃការដឹកនាំការតស៊ូដើម្បីរំដោះជាតិ ក៏ដូចជាការតស៊ូដើម្បីបង្រួបបង្រួមជាតិ ស្វែងរកសន្តិភាព ឯកភាពទឹកដី និងការអភិវឌ្ឍរហូតមកដល់ពេលនេះ។ ស្នាមថើបបង្ហាញពីទំនាក់ទំនងជិតស្និទ្ធប្រៀបដូចជាក្រុមគ្រួសារ ថ្ងៃនេះ យើងជួបគ្នា។ ខ្ញុំងាកទៅអាណិតអ្នកដើរតាមវិញទេ។ អ្នកដើរតាមហ្នឹងវិលកង់រហូត។ ក្រោកពីយប់ៗទៀត … ក្មួយៗយប់មិញនេះប្រហែលជាអ្នកខ្លះក្រោកម៉ោង២។ សុំសួរបន្តិច តើក្រែមរបស់អ្នកណាទៅវើយ ថ្ងៃក្រោយកុំជូតចេញទុកក្រែមហ្នឹងឲ្យវាជាប់ថ្ពាល់ម្តងមើល។ ប៉ុន្តែក្រែមអ្នកស្រុកខ្មែរយើង មិនខ្លាំងដូចក្រែមអ្នកនៅអូស្រ្តាលីទេ។ ក្រែមនៅស្រុកខ្មែរយើងឆាប់រលប់វិញទេ។ អ្នកខ្លះគ្នាក៏មិនលាបក្រែមមកដែរ។ នៅអូស្រ្តាលីស្រាប់តែលេងមួយខ្វាច់មកពីខាងណេះ ទាល់ចូលបន្ទប់កេះវាចេញបានរលប់។…