សេចក្តីដកស្រង់ប្រសាសន៍សង្កថា សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមន្ទីរពេទ្យតេជោសន្តិភាព
(១) សម្រេចការសាងសង់ប្រមាណ ៨០% និងគ្រោងបញ្ចប់ក្នុងខែមិថុនា ថ្ងៃនេះយើងជួបជុំគ្នា បន្ទាប់ពីការត្រួតពិនិត្យទៅលើវឌ្ឍនភាពនៃការសាងសង់មន្ទីរពេទ្យដ៏ធំរបស់យើងនៅទីនេះ។ អម្បាញ់មិញឯកឧត្តមអភិបាលរាជធានីភ្នំពេញ ឃួង ស្រេង បានធ្វើរបាយការណ៍ជូនបន្ទាប់ពីការដែលយើងពិនិត្យនៅទីកន្លែងមួយចំនួន។ ខ្ញុំសូមយកឱកាសនេះថ្លែងជូននូវការកោតសរសើរចំពោះការខិត ខំប្រឹងប្រែងរបស់សាលារាជធានីភ្នំពេញ (និង)ក្រសួងសុខាភិបាល ដែលបានខិតខំសហការគ្នាក្នុងការជំ រុញការសាងសង់នៅទីនេះ ជាមួយនឹងការខិតខំប្រឹងប្រែងនៃក្រុមហ៊ុនសាងសង់ ក៏ដូចជាការចូលរួមរបស់កម្មករ/ការនីរបស់យើងទាំងអស់ធ្វើឱ្យសម្រេចការសាងសង់បានប្រមាណជា៨០% ហើយដែលនឹងគ្រោងបញ្ចប់នៅក្នុងខែមិថុនាខាងមុខនេះ។ (២) ឆ្នាំ ២០២០/២១ ពុំមានមន្ទីរពេទ្យគ្រប់គ្រាន់ទទួលអ្នកជំងឺកូវីដ១៩ ហេតុអ្វីបានជាយើងចាំបាច់ត្រូវកសាងមន្ទីរពេទ្យនៅកន្លែងនេះ? បទពិសោធន៍ដ៏របស់យើង កាលពីឆ្នាំ២០២០និង២០២១ បានផ្ដល់មេរៀនឱ្យយើង ដាស់តឿនយើង ឱ្យយកចិត្តទុកដាក់លើកិច្ចការដែលយើងត្រូវធ្វើជៀសវាងមិនបាន ហើយវាក៏ជាគោលដៅវែងឆ្ងាយរបស់យើងទាក់ទងជាមួយនឹងសុខុមាលភាពរបស់ប្រជាជនផងដែរ។ ឆ្នាំ២០២០និង២០២១ យើងមានការលំបាកណាស់។ យើងពុំមានមន្ទីរពេទ្យគ្រប់គ្រាន់ដើម្បីទទួលអ្នកជំងឺរាប់ម៉ឺននាក់។ ពេលនោះអត្រាឆ្លងគឺខ្ពស់ណាស់ ចំនួនអ្នកស្លាប់ក៏ច្រើន។ យើងប្រវេប្រវាសព្វគ្រប់ តាំងពីសណ្ឋាគារផ្កាយ៥ តាំងពីកន្លែងវិស័យឯកជនដែលផ្ដល់ការអនុញ្ញាតឱ្យយើងខ្ចី ដោយមិនយកប្រាក់ដូចជាកោះពេជ្រ, ព្រីមៀរសែនសុខ និងនៅកន្លែងមួយចំនួនទៀត។ យើងប្រើអស់លទ្ធភាព។ ធ្វើទាំងយប់ធ្វើទាំងថ្ងៃ ដើម្បីធានាថាអ្នកឆ្លងកូវីដ-១៩ទាំងអស់មិនបានដេកផ្ទាល់ដីនោះទេ។ យើងបានទិញយកមន្ទីរពេទ្យមួយ ដែលឥឡូវនេះប្រសិទ្ធនាមហៅថាមន្ទីរពេទ្យហ្លួងម៉ែ ដែលបន្ទាប់ពីការព្យាបាលកូវីដ-១៩ ហើយនោះ យើងកំពុងតែប្រែក្លាយមន្ទីរពេទ្យនេះឱ្យទៅជាមន្ទីរពេទ្យឯកទេសសម្រាប់ជំងឺមហារីក។ យើងនឹងដាក់ឱ្យដំណើរការព្យាបាលអ្នកដែលមានជំងឺមហារីក ដែលជាពិសេស ស្ត្រីមួយចំនួនតែម្ដងទទួលមរណភាពដោយសារតែរឿងមហារីកនេះ។ (៣) ជាមន្ទីរពេទ្យធំជាងគេបង្អស់នៅកម្ពុជា ការលំបាកទាំងនោះផ្ដល់មេរៀនឱ្យយើង។ យើងត្រូវតែមានសមត្ថភាពគ្រប់គ្រងសភាពការណ៍។…