
FN ៖ នៅព្រឹកថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ចំនួន ២,៥៥១នាក់ នារី ១,១៦៩នាក់។ និស្សិតដែលទទួលសញ្ញាបត្រនេះ រួមមាន ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងបណ្ឌិតកិត្តិយស។
និស្សិតដែលទទួលសញ្ញាបត្រនេះ មាននិស្សិតអាហារូបករណ៍ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានចំនួន ៦៩នាក់ផងដែរ។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញចែកសញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប៖
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមអបអរសាទរជ័យលាភីទាំងអស់ ដែលបានខិតខំសិក្សា រហូតទទួលបានជោគជ័យក្នុងការសិក្សារៀងៗខ្លួន។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អត្រាមានការងារធ្វើបន្ទាប់ពីបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យអាស៊ីអឺរ៉ុប សម្រេចបានរហូតដល់ ៨៦ភាគរយ។ លទ្ធផលដ៏ត្រចះត្រចង់ទាំងនេះ បានឆ្លុះបញ្ចាំងពីសមត្ថភាពរបស់សាកលវិទ្យាល័យអាស៊ី អឺរ៉ុប និងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបង្រៀន, សិក្សាស្រាវជ្រាវ, ធ្វើទំនើបកម្មបរិក្ខា និងបច្ចេកវិទ្យាគ្រប់គ្រង ព្រមទាំងធ្វើការស្រាវជ្រាវ និងអភិវឌ្ឍ (R&D), កម្មវិធីសិក្សា ឱ្យស្របតាមទីផ្សារការងារ និងការវិវឌ្ឍនៃសង្គម។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់និស្សិតជ័យលាភី ដែលកំពុងស្វែងរកការងារ, សូមព្យាយាមស្វែងរកការងារទាំងក្នុង ក្របខណ្ឌសាធារណៈ និងឯកជនបន្ដទៀត ដោយស្មារតីមុះមុត និងមានក្តីសង្ឃឹម ពីព្រោះតាមការព្យាករណ៍, សេដ្ឋកិច្ច កម្ពុជាដែលមានកំណើនខ្ពស់ ក្នុងរង្វង់ ៦% ក្នុង ឆ្នាំ២០២៤ និងបន្តមានកំណើន ខ្ពស់ថែមទៀត ដល់រង្វង់ ៦,៣% សម្រាប់ឆ្នាំ ២០២៥នេះ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការទទួលបានសញ្ញាបត្រនាពេលនេះ គឺជាការបោះជំហានទៅមុខប្រកបដោយភាពជឿជាក់ សម្រាប់ជីវិតរបស់និសិ្សតជ័យលាភី។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញក្តីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា និស្សិតជ័យលាភី នឹងខិតខំពុះពារ និងជម្នះរាល់បញ្ហាប្រឈមទាំងឡាយ ដើម្បីកសាង និងពង្រឹងខ្លួនឱ្យក្លាយជាពលរដ្ឋល្អ, មន្ត្រីរាជការល្អ, បុគ្គលិកល្អដោយប្រើជំនាញឯកទេស, ចំណេះដឹង និងចំណេះធ្វើរបស់ខ្លួន ប្រកបដោយមនសិការវិជ្ជាជីវៈ ការទទួលខុសត្រូវក្នុងការងារ សីលធម៌ល្អ និងដាក់ខ្លួន បម្រើប្រជាជនដោយស្មោះសរ ដើម្បីបុព្វហេតុជាតិមាតុភូមិ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបញ្ចប់ការសិក្សានាពេលនេះ មិនមែនជាការបញ្ចប់ការសិក្សានោះទេ ពោលគឺចាំបាច់ត្រូវបន្តសិក្សារៀនសូត្របន្ថែមទៀតពេញមួយជីវិត ដើម្បីពង្រីកចំណេះដឹងរបស់ខ្លួនឱ្យកាន់តែទូលំទូលាយ ព្រមទាំងពង្រឹងភាពប្រកួតប្រជែងរបស់ខ្លួន នៅក្នុងទីផ្សារការងារ ដែលមានការប្រកួតប្រជែងកាន់តែខ្ពស់ជាមួយបណ្តាជនក្នុងប្រទេស និងក្រៅប្រទេស។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបន្តសិក្សារៀនសូត្រ អភិវឌ្ឍជំនាញ និងការប្រើប្រាស់បច្ចេកវិទ្យា គឺមិនត្រឹមតែជាការងារបន្ទាប់បន្សំនោះទេ, ប៉ុន្តែជាការងារស្នូលដែលបញ្ញាវន្ត និងអ្នកជំនាញ ត្រូវឱបក្រសោប ដើម្បីធានាស្ថិរភាពការងារ និងសេចក្តីរុងរឿង ថ្កុំថ្កើននៃសង្គមជាតិកម្ពុជាខាងមុខ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការយល់ឃើញថា កំណើនភ្ញៀវកម្សាន្តនៅតាមដងផ្លូវតាមមាត់ទន្លេរាល់ថ្ងៃចុងសប្តាហ៍ ជាជោគជ័យមួយ ហើយបង្ហាញឱ្យឃើញពីការផ្លាស់ប្តូរផ្នត់គំនិតរស់នៅរបស់ប្រជាពលរដ្ឋ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទម្លាយថា រាល់យប់ភរិយាសម្តេចតែងស្តាប់ការសម្តែងធម៌អប់រំមុនពេលសម្រាន្ត។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍ដល់ក្រសួងអប់រំ យុវជន និង កីឡា បន្តពង្រឹងកម្មវិធីសិក្សា និងបំផុសឱ្យសិស្សានុសិស្ស និងនិស្សិត, អភិវឌ្ឍចំណេះដឹងជាប់ជាប្រចាំ តាមរយៈការស្វ័យសិក្សា, ការសិក្សាស្រាវជ្រាវ និងការសិក្សាបន្ត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយសក្តានុពល និងផលិតភាព និងការកសាងពលរដ្ឋឌីជីថលនៅកម្ពុជា សម្រាប់ទាញយកផលប្រយោជន៍ជាអតិបរមាពីបរិវត្តកម្មឌីជីថល ក៏ដូចជារួមចំណែកដល់ ការកសាងម៉ូដែលកំណើនថ្មីកម្ពុជាដែលផ្អែកលើជំនាញបច្ចេកវិទ្យា និងនវានុវត្តន៍។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអប់រំ យុវជន និង កីឡា ត្រូវបន្តធ្វើការសហការជាមួយវិស័យឯកជនធ្វើការកែទម្រង់ប្រព័ន្ធសិក្សា ឱ្យកាន់តែល្អប្រសើរ, អភិវឌ្ឍ និងធ្វើបច្ចុប្បន្នកម្មនៃកម្មវិធីសិក្សា ដោយផ្តោតការយកចិត្តទុកដាក់បន្ថែម ទាំងជំនាញបច្ចេកទេស, ជំនាញរឹង និងជំនាញទន់, ជាពិសេសការធ្វើការងារជាក្រុម, ការគោរពវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈ ក្នុងកន្លែងការងារ តាមរយៈការពង្រឹងក្របខ័ណ្ឌគុណវុឌ្ឍជាតិ, ការបង្កើតស្តង់ដារជាតិលើការអភិវឌ្ឍមុខជំនាញ សំដៅឆ្លើយតបទៅនឹងសេចក្តីត្រូវការទីផ្សារពលកម្ម, ការបង្កើតឱកាសទទួលបានការងារ និងប្រើប្រាស់ឱ្យអស់សក្តានុពលប្រជាសាស្ត្ររបស់កម្ពុជា ក៏ដូចជា ដើម្បីបង្កើតលក្ខខណ្ឌ សមស្របសម្រាប់ពល ករកម្ពុជា។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចង់ឱ្យក្រសួងអប់រំ យុវជន និងកីឡា បង្កើតគណៈកម្មការវាយតម្លៃទទួលស្គាល់អ្នកមានសមត្ថភាពចំណេះដឹង តាមរយៈការស្វ័យសិក្សា។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏ចង់ឱ្យក្រសួងដទៃទៀត ដូចជាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ពិចារណាវាយតម្លៃទទួលស្គាល់សមត្ថភាពអ្នកស្វ័យសិក្សា។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ថ្នាក់ដឹកនាំសាកលវិទ្យាល័យ និង សាស្ត្រាចារ្យ ត្រូវបន្តដើរតួនាទីនាំមុខ, ជាមគ្គុទ្ទេសក៍, ជាទីប្រឹក្សា ជាអ្នកស្រាវជ្រាវ និងជាអ្នកនវានុវត្តន៍ ដែលត្រូវខិតខំអភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ, ទាំងផ្នែកចំណេះដឹង វិធីសាស្ត្របង្រៀន និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ដើម្បីផ្ទេរបន្តចំណេះដឹង ជាក់ស្តែងដល់និស្សិត និងរួមចំណែកដល់ការអភិវឌ្ឍមូលធនមនុស្សសម្រាប់កម្ពុជា។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តខ្ពស់ដល់សាស្ត្រាចារ្យ និងបុគ្គលិកសិក្សា បន្តអភិវឌ្ឍ សមត្ថភាពជាប្រចាំ និងបង្កើនការសិក្សាស្រាវជ្រាវ តាមជំនាញឯកទេសរៀងៗខ្លួន ដើម្បីលើកកម្ពស់ប្រសិទ្ធភាព ក្នុងការបង្រៀន និងផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្ត និងឧត្តមានុវត្តជាក់ស្តែង។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំនិស្សិតជ័យលាភី ត្រូវបន្តអភិវឌ្ឍចំណេះដឹងជាប្រចាំ តាមរយៈការសិក្សាស្រាវជ្រាវ និងការសិក្សាបន្ត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយសក្តានុពល និងផលិតភាពខ្ពស់ និងការកសាងពលរដ្ឋឌីជីថលនៅកម្ពុជា សម្រាប់ទាញយកផលប្រយោជន៍ ជាអតិបរមាពីបរិវត្តកម្មឌីជីថល។
- រឿងប៉ះទង្គិចរវាងលោកបណ្ឌិត សុខ ទូច និងនគរបាលចរាចរណ៍, រឿងលូមួយកង់៤០ដុល្លារ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សូមមិននិយាយទុកលទ្ធភាពឱ្យអាជ្ញាធរពាក់ព័ន្ធដោះស្រាយ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់អាជ្ញាធរដែលត្រូវរៀបចំបណ្តាញលូមុនផែនការរដ្ឋ ហើយតម្រូវឱ្យពលរដ្ឋចេញលុយនោះ ត្រូវពន្យល់ និងជជែកជាមួយប្រជាពលរដ្ឋឱ្យបានច្បាស់ពីក្របខណ្ឌ និងលក្ខខណ្ឌនៃការសាងសង់។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យអ្នកសាងសង់ផ្លូវ ត្រូវគិតគូររៀបចំក្តាសម្រួលការធ្វើដំណើររបស់ពលរដ្ឋចេញចូលផ្ទះ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រតិកម្មរបស់ប្រជាពលរដ្ឋលើសៀវភៅប្រវត្តិវិទ្យាថ្នាក់ទី៦ ដោយសារយល់ច្រឡំថា រូបវិមានឈ្នះ-ឈ្នះ លើគ្របសៀវភៅ ជាស្តូបមិត្តភាពកម្ពុជា-វៀតណាម។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រតិកម្មរបស់ពលរដ្ឋតាមបណ្តាញសង្គមលើសៀវភៅប្រវត្តិវិទ្យា ព្រោះមិនបានអានខ្លឹមសារនៅខាងក្នុង។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ យុវជន និងកីឡា យកសៀវភៅប្រវត្តិវិទ្យាធ្វើជាទម្រង់ឌីជីថល ហើយបង្ហោះឱ្យមនុស្សអាន។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សៀវភៅប្រវត្តិវិទ្យា ដែលបោះពុម្ពថ្មីអត់មានសរសេររឿងដឹងគុណវៀតណាមនោះឡើយ គឺធ្វើឱ្យពលរដ្ឋខ្មែរដឹងរឿងរ៉ាវប្រវត្តិសាស្ត្រខ្មែរ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរក្សាសុខសន្តិភាព និងសាមគ្គីភាព គឺជាកត្តាចាំបាច់ក្នុងរក្សាភាពរឹងមាំរបស់ខ្មែរ និងមិនធ្វើឱ្យខ្មែរចុះខ្សោយ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើទៅអ្នកនយោបាយខ្មែរ និងថៃ កុំលូកលាន់កិច្ចការព្រំដែន សូមទុកលទ្ធភាពឱ្យអ្នកបច្ចេកធ្វើការ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាចង់បានសុខសន្តិភាព តែកម្ពុជា ក៏អាចប្រើប្រាស់សិទ្ធិការពារខ្លួន ការពារអធិបតេយ្យ ព្រមទាំងការប្រើប្រាស់កម្លាំងប្រដាប់អាវុធផងដែរ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បទពិសោធន៍ឆ្នាំ២០០៨ គឺគ្រប់គ្រាន់ហើយ កុំយករឿងនយោបាយបង្កើតជាបញ្ហារវាងប្រទេស និងប្រទេស។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាល់ពេលមានបញ្ហាទឹកដី ជាក់ស្តែងពេលមានជម្លោះជាមួយប្រទេសថៃ មិនឃើញមុខអ្នកនយោបាយអួតស្នេហាជាតិនៅក្រៅប្រទេសនោះទេ គឺមានតែមុខត្រកូល «ហ៊ុន» ហ្នឹងឯង។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មិនស្នេហាជាតិតែក្រុមអ្នកនយោបាយមួយក្រុមនៅក្រៅប្រទេសនោះទេ សម្តេចតេជោ, សម្តេច និងត្រកូល «ហ៊ុន» ក៏ស្នេហាជាតិដែរ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សារនិយាយពីផែនការដោះស្រាយបញ្ហាកសិកម្មបង្ហោះដោយលោក សម រង្ស៊ី គឺយកពី AI។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវទៅកងទ័ពកម្ពុជា-ថៃ រក្សាស្ថានភាពដើម ឈរជើងកន្លែង គឺនៅកន្លែងនោះដដែល។ កិច្ចការដោះស្រាយបញ្ហាព្រំដែន មិនមែនជាភារកិច្ចរបស់កងទ័ពនោះទេ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រើប្រាស់ថវិកាជំរុញការផ្សព្វផ្សាយលើហ្វេសប៊ុក ដើម្បីពង្រីកព័ត៌មានឱ្យដល់ដៃប្រជាពលរដ្ឋ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញទិន្នន័យមេដឹកនាំនៅអាមេរិក និងលើពិភពលោកជាច្រើន សុទ្ធតែបានប្រើប្រាស់ថវិកាជំរុញការផ្សព្វផ្សាយលើហ្វេសប៊ុក ជាពិសេសនៅពេលយុទ្ធនាការឃោសនារកសំឡេងឆ្នោត។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថវិកាដែលប្រើប្រាស់សម្រាប់ជំរុញការផ្សព្វផ្សាយលើទំព័រហ្វេសប៊ុក មិនមែនជាថវិកាជាតិនោះឡើយ។