ការដកស្រង់សេចក្តីអធិប្បាយ ពិធីចែកសញ្ញានិស្សិត នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
និស្សិតជ័យលាភី ៣.៩៨៦ នាក់ ទទួលសញ្ញាបត្រថ្ងៃនេះ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកចូលរួមចែកសញ្ញាបត្រជូនជ័យលាភីរបស់យើង នៃសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល ចំនួន ៣.៩៨៦ នាក់។ វាជាការបំពេញកាតព្វកិច្ចមួយ ដែលខ្ញុំមិនចង់ជំពាក់បំណុល សម្រាប់និស្សិតរបស់យើងបន្តទៀតទេ ហោចណាស់ព្រឹកនេះ នៅពេលខ្ញុំចែកសញ្ញាបត្រហើយនោះ គឺខ្ញុំប្រញាប់ ប្រញាល់ចេញទៅព្រលានយន្តហោះ ដើម្បីចេញទៅប្រទេសចិន ដើម្បីចូលរួមពិព័រណ៌អាស៊ាន/ចិន។ ថ្ងៃនេះផងដែរ គឺសភាក៏មានការបើកប្រជុំបន្ទាន់ ដែល ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា បានមើលឃើញថា ពុំមានវត្តមានបណ្តាឧបនាយករដ្ឋមន្ត្រី ឬក៏សមាជិកសភានោះទេ ដោយសារសភាក៏មានកិច្ចការបន្ទាន់ត្រូវដោះស្រាយបញ្ហាអំពើក្បត់ជាតិ ដែលយើងបានរកឃើញកន្លងទៅ ហើយយន្តការសភាក៏ជាយន្តការមួយ សម្រាប់បើកអោយដំណើរការផ្លូវច្បាប់នៅពេលខាងមុខនេះដែរ។ ក្នុងឱកាសនេះ គឺខ្ញុំបានបំពេញភារកិច្ចមួយមុនពេលដែលខ្ញុំចាកចេញ ហើយមិនចង់លើកពេលវេលានោះទេ បានជាស្នើសុំអោយមានការពន្យាការហោះហើរ ហើយខ្ញុំគិតថា ខ្ញុំមិននិយាយច្រើនទេ សម្រាប់ការងារព្រឹកនេះ ប៉ុន្តែយ៉ាងណាក៏ដោយ អម្បាញ់មិញ ឯកឧត្តមរដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានធ្វើរបាយការណ៍ជូនអង្គពិធីពាក់ព័ន្ធជាមួយវឌ្ឍនភាពក្នុងវិស័យសុខាភិបាលរបស់យើង។ ថ្ងៃនេះ យើងក៏ទទួលបានបន្ថែមទៀតនូវធនធានមនុស្ស ចំនួន ៨.៩៨៦ នាក់ ដែលមួយផ្នែកក៏ធ្វើការតាមមន្ទីរពេទ្យរដ្ឋ…