FN ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា គោលបំណងធំៗចំនួន២ របស់ គ.ជ.ប គឺធ្វើឲ្យបញ្ជីឈ្មោះបោះឆ្នោតមានភាពត្រឹមត្រូវ ដោយធានាថា ប្រជាពលរដ្ឋខ្មែរគ្រប់អាយុ១៨ឆ្នាំ ត្រូវតែមានឈ្មោះត្រឹមត្រូវក្នុងបញ្ជីបោះឆ្នោត ហើយមួយទៀត រាប់សន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ គ្មានលំអៀង និងមានតម្លាភាព។
លោកថ្លែងបែបនេះ ក្នុងឱកាសបើកកិច្ចប្រជុំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធទាំងជាតិ-អន្តរជាតិ លើសេចក្ដីព្រាងបទបញ្ជា និងនិងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប នៅភោជនីយដ្ឋានទន្លេបាសាក់២ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨។
លោក ស៊ិក ប៊ុនហុក បានថ្លែងយ៉ាងដូច្នេះថា «គោលបំណងរបស់អុំ គឺមានតែ២ទេ ដែលធំជាងគេ ទី១ គឺធ្វើម៉េចឲ្យបញ្ជីបោះឆ្នោតល្អបំផុត គ្រប់អាយុបោះឆ្នោតមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឲ្យត្រឹមត្រូវ គ្មានលំអៀង ហើយដល់ដំណាក់កាលទី២ គឺការរាប់សន្លឹកឆ្នោតដែលគេបានស្ដែងចេញនូវបណ្ដាឆន្ទៈ ដែលគេប្រើសិទ្ធិគេ រាប់ឲ្យបានយុត្តិធម៌បំផុត គឺមានតែ២ហ្នឹងឯង ដែលជាគោលដៅធំបំផុតរបស់ គ.ជ.ប»។
លោកបន្តថា ការងារទាំងអស់នេះ គ.ជ.ប បានសម្រេចយ៉ាងត្រចេះត្រចង់រួចមកហើយ កាលពីពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ កន្លងទៅ ហើយលោកបានបញ្ជាក់ថា លោកនឹងដឹកនាំ គ.ជ.ប ឲ្យសម្រេចបានជោគជ័យការងារតទៅមុខទៀត សំដៅស្វែងរកផលប្រយោជន៍ និងរក្សាផលប្រយោជន៍នេះជូនប្រជាពលរដ្ឋ។
ខណៈមានការលើកឡើងថា ក្រោយគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលកាត់រំលាយ ការចូលរួមបោះឆ្នោតពីសំណាក់ប្រជាពលរដ្ឋ នឹងមានការថមថយនោះ លោក ស៊ិក ប៊ុនហុក បានអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវតែទៅចូលរួមបោះឆ្នោតទាំងអស់គ្នា ដើម្បីសម្រេចឆន្ទៈរបស់ខ្លួន ហើយ គ.ជ.ប នឹងដំណើរការការងារឲ្យមានតម្លាភាព និងយុត្តិធម៌តាមឆន្ទៈរបស់ប្រជាពលរដ្ឋ។
លោកប្រធាន ស៊ិក ប៊ុនហុក បានសង្កត់ធ្ងន់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនេះ ជាឱកាសជ្រើសរើសអ្នកដឹកនាំប្រទេសជាតិមួយទាំងមូល ពោលជាកិច្ចការដ៏សំខាន់បំផុតសម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់គ្នា ប្រជាពលរដ្ឋគ្រប់គ្នាមិនអាចបណ្ដែតបណ្ដោយបានឡើយ។
សូមជម្រាបប្រាប់ប្រជាពលរដ្ឋដែរថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ៕