ជំងឺគ្រុនចាញ់ធ្លាក់ចុះមកត្រឹម ៣,៣៣២ករណី បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១
FN ៖ គិតត្រឹមរយៈពេល ១០ខែដើមឆ្នាំ២០២២នេះ ជំងឺគ្រុនចាញ់មានចំនួន ៣,៣៣២ករណី បានធ្លាក់ចុះបើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២១ មានចំនួន ៣,៥១០ករណី។ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ដ្រ និងបាណកសាស្ដ្រ (ម.គ.ច)។លោកវេជ្ជបណ្ឌិតបានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្នុងសិក្ខាសាលាពិនិត្យបញ្ចប់ និងផ្សព្វផ្សាយការអនុវត្តយុទ្ធសាស្រ្តអភិកក្រមការងារលុបបំបាត់ជំងឺគ្រុនចាញ់ ឆ្នាំ២០២១-២០២៥ ក្រោមអធិបតីភាពលោកសាស្ដ្រាចារ្យ ហុក គឹមចេង អគ្គនាយកបច្ចេកទេស ក្រសួងសុខាភិបាល នាសណ្ឋាគារភ្នំពេញថា ជំងឺគ្រុនចាញ់គ្រប់ទម្រង់ក្នុងអំឡុងទស្សនវត្សរ៍មុនឆ្នាំ២០១១ (មុនមានផែនការយុទ្ធសាស្រ្តជាតិ) គឺប្រចាំឆ្នាំមានចំនួនចន្លោះពី ៥៨,៧០០-១៧០,៣៨៧ករណីឈឺ។លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល បន្ដថា «ប៉ុន្តែបន្ទាប់ពីប្រត្តិបត្តិតាមផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១១-២០២៥មក គឺជំងឺគ្រុនចាញ់គ្រប់ទម្រង់ក្នុងអំឡុងទស្សវត្សរ៍ក្រោយឆ្នាំ២០១១ ត្រូវបានកាត់បន្ថយប្រចាំឆ្នាំពី ៦៥,១១៤ករណី មកនៅតែ ៤,២៧៩ករណី ក្នុងឆ្នាំ២០២១ និងមកនៅត្រឹម ៣,៣៣២ករណី ក្នុងរយៈពេល ១០ខែដើមឆ្នាំ២០២២»។ដូច្នេះសម្រាប់សិក្ខាសាលានាថ្ងៃនេះ គឺដើម្បីពិនិត្យ ពិគ្រោះយោបល់ និងប្រមូលយកនូវអនុសាសន៍ ពីសំណាក់អ្នកជំនាញ និងសុំមតិគាំទ្រ ពីថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងសុខាភិបាល…