- ឯកឧត្តម ជុង អ៊ុយុង (Chung Eui-yong) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP
- ឯកឧត្តម មុស្សាហ៊ីត ហូសេន សាយ៉េត (Mushahid Hussain Sayed) សហប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP
- ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី និងអង្គប្រជុំ!
ខ្ញុំមានកិត្តិយស និងសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការអចិន្ត្រៃយ៍ ICAPP លើកទី៤២ នាពេលនេះ។ ខ្ញុំសូមថ្លែងអំណរគុណ និងអបអរសាទរយ៉ាងកក់ក្តៅ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការរៀបចំកិច្ចប្រជុំរបស់យើងនាពេលនេះនិងការរៀបចំមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធនាឱកាសនេះ។
គណបក្សប្រជាជនកម្ពុជា មានមោទនភាពដែលជាគណបក្សកាន់អំណាច តាមរយៈការបោះឆ្នោតយ៉ាងទៀតទាត់ ហើយគណបក្សយើងមានកិត្តិយសដែលបានទទួលធ្វើជាម្ចាស់ផ្ទះជាលើកទី២ ក្នុងការរៀបចំមហាសន្និបាត ICAPP លើកទី១២ នេះ ក្រោមមូលបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា» ដែលមានសារៈសំខាន់ណាស់ចំពោះសភាពការណ៍ពិភពលោកបច្ចុប្បន្ន ដែលកំពុងជួបប្រទះនូវបញ្ហាប្រឈមផ្នែកភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ច និងសន្តិសុខ មហាសន្និបាត ICAPP លើកទី១២ នាពេលនេះ នឹងធ្វើការប្រមូលផ្តុំកម្លាំងរបស់គណបក្សនយោបាយរបស់គ្រួសារ ICAPP និងភាគីពាក់ព័ន្ធនានា ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់សន្តិភាព និងការផ្សះផ្សា តាមរយៈ ១) ការទប់ស្កាត់ជម្លោះ ២) ដំណើរការកសាងសន្តិភាព និងកិច្ចសម្របសម្រួលល្អ (Good Offices) ៣) យុត្តិធម៌អន្តរកាល ៨) ការកសាងឡើងវិញក្រោយជម្លោះ និងការឆ្លើយតបចំពោះបញ្ហាមនុស្សធម៌ និងគ្រោះមហន្តរាយ និង ៥) សន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការថ្មីៗរបស់អង្គការ ICAPP ក្នុងការតភ្ជាប់ជាមួយនឹងអង្គការអន្តរជាតិសំខាន់ៗ និងបណ្តាញគណបក្ស នយោបាយនៅអឺរ៉ុប អាមេរិកឡាទីន និងអាហ្វ្រិក ក៏ដូចជាគណបក្សនយោបាយ ដែលមានសមានចិត្តបង្កើតកិច្ចសហប្រតិបត្តិការជាមួយនឹងគណបក្សនៅអាស៊ី។ មហាសន្និបាត ICAPP លើកទី១២ ក៏បានដាក់បញ្ចូលកិច្ចប្រជុំតុមូលនៃគណបក្សនយោបាយអន្តរតំបន់ ក្រោមប្រធានបទ «តួនាទីគណបក្សនយោបាយក្នុងការកសាង សន្តិភាព និងការផ្សះផ្សា ដែលមានការអញ្ជើញចូលរួមពីតំណាងមកពីគណបក្ស នយោបាយនៅតំបន់អាហ្វ្រិក អឺរ៉ុប អាស៊ី និងអាមេរិកឡាទីន ដើម្បីលើកកម្ពស់កិច្ច សន្ទនា និងការតភ្ជាប់រវាងប្រជាជន និងប្រជាជនមកពីតំបន់ផ្សេងៗគ្នានៅលើពិភពលោក ដែលនឹងចូលរួមចំណែកដល់ការលើកកម្ពស់តួនាទី និងសាមគ្គីភាពរបស់គណបក្ស នយោបាយ និងភាគីពាក់ព័ន្ធ ក្នុងការកសាងសន្តិភាព ជំរុញការផ្សះផ្សា និងការអភិវឌ្ឍប្រកបដោយចីរភាព។
ក្នុងនាមជាគណបក្សដឹកនាំមួយនៅក្នុងអង្គការ ICAPP គណបក្សប្រជាជនកម្ពុជា បានគាំទ្រដល់ការពង្រីកដៃគូសហប្រតិបត្តិការរបស់ ICAPP ជាពិសេសតាមរយៈក្រុម ប្រឹក្សាវប្បធម៌អាស៊ី (ACC) ដែលជាមធ្យោបាយសំខាន់ក្នុងការតភ្ជាប់របៀងវប្បធម៌ខុសៗគ្នា រវាងសមាជិកគណបក្សនយោបាយ ICAPP ក៏ដូចជាស្ថាប័ននៃអង្គការសហប្រជាជាតិ ដូចជា អង្គការយូណេស្កូ ជាដើម។ ក្នុងន័យនេះ យើងបានដាក់បញ្ចូលកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ី លើកទី៣ ក្រោមប្រធានបទ «ភាពចម្រុះនៃវប្បធម៌ សម្រាប់ការលើកកម្ពស់សន្តិភាព និងការផ្សះផ្សា ដោយសង្ឃឹមយ៉ាងមុតមាំថាការ ពង្រឹងកិច្ចសហប្រតិបត្តិការរបៀងវប្បធម៌ ជាមួយនឹងគណបក្សនយោបាយដែលមាននិន្នាការនយោបាយខុសៗគ្នា មានសារៈសំខាន់ណាស់ដើម្បីជំរុញការតភ្ជាប់ជាមួយនឹងបណ្តាប្លុកប្រទេសផ្សេងៗ ដោយផ្អែកលើវប្បធម៌នៃការគោរពគ្នាទៅវិញទៅមក ការយោគយល់គ្នាទៅវិញទៅមក និងផលប្រយោជន៍គ្នាទៅវិញទៅមក ដើម្បីការរួមរស់ជាមួយគ្នាដោយសន្តិភាព អធិបតេយ្យស្មើភាព វឌ្ឍនភាពនៃបច្ចេកវិទ្យា និងនវានុវត្តន៍ វប្បធម៌សន្ទនា និងវិបុលភាពសេដ្ឋកិច្ច (3M4Peace) ឱ្យបានល្អ។
គណបក្សប្រជាជនកម្ពុជា ក៏យកចិត្តទុកដាក់ខ្ពស់ចំពោះវេទិកាយុវជន ICAPP និងវេទិកាស្ត្រី ICAPP និងសេរីភាពសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ ក្នុងន័យនេះ យើងបានដាក់បញ្ចូលកិច្ចប្រជុំវេទិកាសារព័ត៌មាន ICAPP លើកទី៧ ក្រោមប្រធានបទ “ការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងបរិបទឌីជីថលដើម្បីថែរក្សាសន្តិភាព” ដើម្បីលើកកម្ពស់ ការយល់ដឹងអំពីការប្រើប្រាស់ប្រព័ន្ធព័ត៌មានឌីជីថល ក្នុងការតភ្ជាប់កិច្ចសហ ប្រតិបត្តិការរវាងគណបក្ស នយោបាយ និងប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលក្តីកង្វល់រួមមួយរបស់ពិភពលោកបច្ចុប្បន្ន។
- ឯកឧត្តមប្រធាន ឯកឧត្តម លោកជំទាវ និងអង្គប្រជុំទាំងមូល!
បច្ចុប្បន្នស្ថានភាពនយោបាយនៅកម្ពុជាមានភាពនឹងនរល្អ ដែលផ្តល់ភាពអនុគ្រោះ ដល់ការអភិវឌ្ឍលើគ្រប់វិស័យ និងការកែលម្អជីវភាពប្រជាជន។ ក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានខ្ញុំជាប្រធានគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានលើកកម្ពស់សាមគ្គីភាព ឯកភាពជាតិ ការពារប្រព័ន្ធគ្រប់គ្រងប្រទេសតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ការពារព្រះមហាក្សត្រ និងការពាររដ្ឋធម្មនុញ្ញ ធានាឱ្យប្រទេសជាតិ រក្សាបាននូវសន្តិភាព ស្ថិរភាព សន្តិសុខសណ្តាប់ធ្នាប់សង្គមយ៉ាងរឹងមាំ និងធានា ដំណើរការអភិវឌ្ឍលើគ្រប់វិស័យបន្តទៀត។ សន្តិភាព ស្ថិរភាពនយោបាយដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងការរស់នៅដ៏សុខដុមរមនារបស់ប្រជាជនត្រូវបាន ការពារយ៉ាងគត់មត់ដោយកម្លាំងជាតិទាំងមូល។ ទិសស្លោក “អរគុណសន្តិភាព ខ្ញុំស្រឡាញ់សន្តិភាព មាន សន្តិភាព ទើបមានការអភិវឌ្ឍ និងមានអ្វីៗទាំងអស់” បានក្លាយជាស្មារតីសង្គមដ៏ខ្លាំងក្លា រស់រវើក ក្នុងការការពារ រាល់សមិទ្ធផលសង្គមជាតិ និងដំណើរទៅមុខរបស់ជាតិ។ ដូច្នេះ កម្ពុជាសង្ឃឹមថាកម្ពុជានឹងអាចចូលរួមចំណែក ចែករំលែកអំពីបទពិសោធរបស់កម្ពុជា ក្នុងដំណើរកសាង ថែរក្សា និងលើកកម្ពស់សន្តិភាព និងការផ្សះផ្សាទៅកាន់ពិភពលោកទាំងមូល។
ក្នុងស្មារតីនេះ ខ្ញុំសូមជម្រាបជូនថា មហាសន្និបាត ICAPP លើកទី១២ នឹងមានការអនុម័តលើឯកសារសំខាន់ៗ ចំនួន ៤ រួមមាន៖ ១-សេចក្តីប្រកាសសន្តិភាពទីក្រុងភ្នំពេញ, ២-សេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ីលើកទី៣, ៣-សេចក្តីថ្លែងការណ៍នៃវេទិកាសារព័ត៌មានលើកទី៧, និង ៤-សេចក្តីថ្លែងការណ៍ស្តីពីលទ្ធផលនៃកិច្ចប្រជុំតុមូលនៃគណបក្សនយោបាយអន្តរតំបន់។ ដូច្នេះហើយ ខ្ញុំសង្ឃឹមថា ឯកឧត្តម លោកជំទាវ និងគណៈកម្មការអចិន្ត្រៃយ៍ ICAPP និងមហាសន្និបាត ICAPP លើកទី ១២ នឹងគាំទ្រខ្លឹមសារ និងសេចក្តីថ្លែងការណ៍ទាំងអស់នេះ ដែលគណបក្សប្រជាជនកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះបានដាក់ស្នើដើម្បីចូលរួមលើកកម្ពស់សន្តិភាព និងការផ្សះផ្សា ក្នុងតំបន់ និងសកល។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមអញ្ជើញ ឯកឧត្តម លោកជំទាវ និងអង្គប្រជុំទាំងមូល ចូលរួមក្នុងសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IFTP) ដែលរដ្ឋសភាកម្ពុជារធ្វើជាម្ចាស់ផ្ទះ ដែលនឹងប្រព្រឹត្តទៅក្រោយមហាសន្និបាត ICAPP លើកទី១២ មួយថ្ងៃ ពោលគឺថ្ងៃទី ២៣-២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីចូលរួមជំរុញកិច្ចសហប្រតិបត្តិការអន្តរសភា ក្នុងការលើកកម្ពស់សន្តិភាព និងការផ្សះផ្សា ព្រមទាំងចូលរួមគាំទ្រដល់ការអនុម័តធម្មនុញ្ញសន្តិភាពសកលះ៖ ដើម្បីមនុស្សជាតិ និងភពផែនដី ដែលនឹងក្លាយជាក្របខ័ណ្ឌអន្តរជាតិមួយ បង្កើតឡើងដើម្បីពង្រឹងនូវសាមគ្គីភាព និងភាពជាដៃគូសកល ដើម្បីសន្តិភាព សុខដុមរមនា សេចក្តីថ្លៃថ្នូរ និងភាពរុងរឿងសម្រាប់មនុស្សជាតិ។
ជាទីបញ្ចប់ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ និងអង្គប្រជុំទាំងមូល មានសុខភាពល្អ និងសម្រេចជោគជ័យគ្រប់ភារកិច្ច និងសូមជូនពរឱ្យមហាសន្និបាត ICAPP លើកទី១២ សម្រេចបានលទ្ធផលជោគជ័យ និងប្រកបដោយផ្លែផ្កា។
សូមអរគុណ!