«២០២២ ឆ្នាំមិនធម្មតាសម្រាប់ការទូតរបស់កម្ពុជា៖ ប្រធានប្ដូរវេនអាស៊ាន និងប្រឈមបញ្ហាធំៗស្មុគស្មាញ និងច្រើនបំផុត», សុន្ទរកថាសម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីបិទសន្និបាទបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយត្រូវអាក់ខានរយៈពេល ២ ឆ្នាំ ដោយសារជំងឺរាលដាលកូវីដ-១៩។ ខ្ញុំសូមស្វាគមន៍វត្តមានរបស់សម្ដេច ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំ សមាជិករាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ស្ថាប័នសិក្សាស្រាវជា្រវ និងសារព័ត៌មាន ក្នុងពិធីដ៏សំខាន់នេះ។ ក្នុងឱកាសនេះ ខ្ញុំសូមយកឱកាសនេះដើម្បីថ្លែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលសំខាន់ៗជាច្រើន ដែលថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកក្រសួងការបរទេសសម្រេចបានក្នុងឆ្នាំ២០២២កន្លងទៅ។ ខ្ញុំក៏សូមសំដែងការកោតសរសើរចំពោះវិភាគទានដ៏សំខាន់ និងដ៏សកម្មរបស់ក្រសួង-ស្ថាប័ន និងអង្គភាពទាំងមូល ដែលបានចូលរួមចំណែកkក្នុងការធ្វើឲ្យឆ្នាំ ២០២២ ក្លាយជាឆ្នាំជោគជ័យធំបំផុតមួយក្នុងការទូតរបស់កម្ពុជាយើង។ សម្ដេច ឯកឧត្ដម លោកជំទាវ លោក លោកស្រី! ដូចដែលបានលើកឡើងក្នុងរបាយការណ៍សង្ខេបរបស់ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិអម្បាញ់មិញនេះ អង្គសន្និបាតបានពិនិត្យពិភាក្សាសភាពការណ៍តំបន់ និងពិភពលោក ឈានទៅវាយតម្លៃអំពីឥទ្ធិពល និងផលប៉ះពាល់នៃការប្រែប្រួលយ៉ាងជ្រាលជ្រៅ និងស្មុគស្មាញនៃភូមិសាស្រ្តនយោបាយ យុទ្ធសាស្រ្ត និងសេដ្ឋកិច្ច មកលើតំបន់ និងប្រទេសកម្ពុជាយើង និងបានពិចារណា រិះរកក្នុងការជំរុញនូវការកែទម្រង់ស្ថាប័នបន្ថែមទៀត ដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់យើង។ ពិតណាស់ ឆ្នាំ២០២២…