សម្ដេចតេជោ ហ៊ុន សែន ស្នើស្ថាប័នរដ្ឋ-ឯកជនចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍ឲ្យបានសកម្ម ដើម្បីជំរុញចលនាទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ
FN ៖ ក្នុងសារលិខិតអបអរសាទរទិវាទេសចរណ៍ពិភពលោក នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើដល់ស្ថាប័នរដ្ឋ វិស័យឯកជន សហគមន៍ទេសចរណ៍ ប្រជាពលរដ្ឋមូលដ្ឋាន និងដៃគូអភិវឌ្ឍន៍ ត្រូវចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជាឲ្យបានសកម្ម និងខ្លាំងក្លាបន្ថែមទៀត ដើម្បីរួមចំណែកជំរុញចលនាទេសចរណ៍ក្នុងស្រុក ក៏ដូចជាខិតខំទាក់ទាញទេសចរអន្តរជាតិឲ្យបានច្រើនថែមទៀតដែរ។ ទិវាទេសចរណ៍ពិភពលោក នៅឆ្នាំ២០១៧នេះ ប្រព្រឹត្តទៅក្រោមប្រធានបទ «និរន្តរភាពទេសចរណ៍ ជាយន្តការសម្រាប់ការអភិវឌ្ឍ» លើទឹកដីខេត្តកែប ដែលរៀបចំដោយក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកែប ក្រោមអធិបតីភាពលោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក កែន សត្ថា អភិបាលខេត្តកែប អមជាមួយនឹង «ឆ្នាំអន្តរជាតិ ២០១៧ នៃការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព (2017 International Year of Sustainable Tourism for Development)»។ ក្នុងសារលិខិតខាងលើ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីចូលរួមអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០១៧ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា…