FN ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមនិងអង្គការអន្តរជាតិខាងការងារ (ILO) បានឯកភាពគ្នាថា នឹងសិក្សាពីភាពវិជ្ជមាន និងអវិជ្ជមានទៅលើជីវភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ ដើម្បីធានាថាការអនុវត្តគោលនយោបាយជាតិ ស្តីពីមុខរបរ និងការងារមាននិរន្តរភាព។
ផែនការនេះ ត្រូវបានបញ្ជាក់ឡើងក្នុងជំនួបរវាងលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ ជាមួយក្រុមការងារវាយតម្លៃការអនុវត្តគោលនយោបាយជាតិ ស្តីពីមុខរបរ និងការងារ របស់អង្គការ ILO ដែលដឹកនាំដោយលោក Theo Van Der loop ដើម្បីវាយតម្លៃទៅលើការអនុវត្តគោលនយោបាយខាងលើ នៅទីស្តីការក្រសួងការងារ នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨។
នៅក្នុងជំនួបនោះ លោករដ្ឋមន្ត្រីបានលើកឡើងថា តាមរយៈការវាយតម្លៃនេះ អង្គការអន្តរជាតិខាងការងារ នឹងរកឲ្យឃើញថា តើតម្រូវការអ្វីខ្លះដែលជាការចាំបាច់ក្នុងការអនុវត្តគោលនយោបាយជាតិ ស្តីពីមុខរបរ និងការងារសម្រាប់យុវជននៅកម្ពុជា ហើយតាមរយៈការវាយតម្លៃនេះដែរ ការអនុវត្តនឹងមានលទ្ធផលជាផ្លែផ្កា នឹងត្រូវបានពង្រីកឡើងថែមទៀត។
លោករដ្ឋមន្រ្តីបានបង្ហាញពីបំណងដែលកម្ពុជាចង់បានពីគោលនយោបាយនេះ ឲ្យមានវឌ្ឍនភាពសម្រាប់អនុវត្តនៅថ្ងៃខាងមុខ បង្ហាញពីលទ្ធផលផ្លែផ្កា ដែលនេះជាការចង់បានរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ក្នុងជំនួបនោះ លោក Theo Van Der loop បានលើកឡើងថា នៅពេលនេះ អង្គការ ILO បានឈានមកដល់ដំណាក់កាលមួយ ក្នុងការវាយតម្លៃលើកិច្ចព្រមព្រៀងគម្រោងដៃគូរបស់អង្គការ ILO និងទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ ហៅថា SIDA។ ជាមួយនឹងកិច្ចព្រមព្រៀងនេះ គឺបានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ២០០៩ រហូតមកដល់ពេលនេះកម្ពុជាបានចូលរួមចំនួន២ដំណាក់កាលរួចហើយ។
លោកបានបញ្ជាក់ថា កិច្ចព្រមព្រៀងខាងលើនេះ ផ្តល់ការគាំទ្រទៅលើការបង្កើតគោលនយោបាយ ជាតិស្តីពីមុខរបរនិងការងារ ព្រមទាំងជួយឲ្យមានការអនុវត្ត និងធ្វើឲ្យគោលនយោបាយនេះ ក្លាយជាគោលនយោបាយថ្នាក់តំបន់សម្រាប់យុវជន។
យ៉ាងណាក៏ដោយ ភាគីជំនួបអះអាងថា ការអនុវត្តន៍នេះ នឹងសិក្សាលើផលប៉ះពាល់ ថាមានភាពវិជ្ជមាន និងអវិជ្ជមានអ្វីខ្លះទៅលើជីវភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ ដើម្បីធានាថាការអនុវត្តន៍គម្រោងនេះមាននិរន្តរភាព៕