ពិធីបិទកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ក្រោមប្រធានបទ ៖ «កសាងអនាគតឌីជីថលប្រកបដោយចីរភាពរបស់យើង»
ព្រះចៅ ស៊ុលតង់, ឯកឧត្តមថ្នាក់ដឹកនាំនៃបណ្ដាប្រទេសអាស៊ាន និងប្រទេសជាដៃគូរបស់អាស៊ាន; ឧកញ៉ាបណ្ឌិត ស៊ីទី រ៉ូហ្សៃមេរីយ៉ានធី ហាជី អាប់ឌុលរ៉ាម៉ាន់ (Siti Rozaimeriyanti Hj Abd Rahman) ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានឆ្នាំ ២០២១; លោកស្រីបណ្ឌិត ហាស់លីណា តៃប៍ (Haslina Taib) ប្រធានកិច្ចប្រជុំកំពូលធុរកិច្ច និង វិនិយោគអាស៊ាន ឆ្នាំ ២០២១; ឯកឧត្ដម, លោកជំទាវ, អ្នកឧកញ៉ា, លោក, លោកស្រី! ជាកិច្ចចាប់ផ្ដើម ខ្ញុំសូមសម្ដែងនូវសេចក្តីសោមនស្ស ដោយបានចូលរួមថ្លែងសុន្ទរកថាគន្លឹះសម្រាប់ពិធីបិទនៃកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ ២០២១ ក្រោមប្រធានបទស្តីពី “កសាងអនាគតឌីជីថលប្រកបដោយចីរភាពរបស់យើង”។ ជាមួយគ្នានេះ ខ្ញុំសូមអបអរសាទរការផ្ទេរភាព ជាប្រធាននៃកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានពីព្រុយណេមកកម្ពុជា ហើយក៏សូមធ្វើការវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបាន ក្រោមភាពជាប្រធានរបស់ព្រុយណេ ក្នុងឆ្នាំ ២០២១ នេះ។ ការរីករាលដាលនៃជំងឺកូវីដ-១៩ មិនត្រឹមតែប៉ះពាល់ដល់សុខភាពសាធារណៈ និងបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងបានបន្ទច់បង្អាក់ដល់ការអភិវឌ្ឍអាស៊ានជារួមផងដែរ។ ទោះជាយ៉ាងនេះក្តី ក្នុងឆ្នាំ…