សុន្ទរកថាថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី ២៤
ព្រះចៅ ស៊ុលតង់ ហាជី ហាសាណាល់ បុលគីយ៉ាស់ (Sultan Haji Hassanal Bolkiah) ប្រធានអង្គប្រជុំ; ឯកឧត្តម ថ្នាក់ដឹកនាំនៃបណ្តាប្រទេសបូកបី និងអាស៊ាន; ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី! ជាកិច្ចចាប់ផ្ដើម, ខ្ញុំសូមសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះ ឯកឧត្តម គីស៊ីដា ហ្វូមីអូ (Kishida Fumio) នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន ដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកបីជាលើកដំបូង។ ជាការពិត, យន្តការអាស៊ានបូកបី បន្តជាកម្លាំងចលករស្នូលដែលមិនអាចខ្វះបាន ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការនៅអាស៊ីបូព៌ា ក៏ដូចជាក្នុងការឆ្លើយតបទៅនឹងវិបត្តនានាប្រកបដោយប្រសិទ្ធភាព។ ជាក់ស្ដែង, ទោះបីជាស្ថិតនៅក្នុងបរិការណ៍នៃការបន្តរីករាលដាលជំងឺកូវីដ-១៩, តំបន់អាស៊ានបូកបី នៅតែជាក្បាលម៉ាស៊ីនកំណើនមួយយ៉ាងសំខាន់សម្រាប់ជំរុញកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចតំបន់ និងសកល។ ឆ្លៀតក្នុងឱកាសនេះ, ខ្ញុំសូមចូលរួមជាមតិមួយចំនួន សំដៅពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ានបូកបី ដូចខាងក្រោម ៖ ទី១. កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ប្រទេសបូកបី ក្នុងការរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈការផ្តល់វ៉ាក់សាំង និងបរិក្ខារពេទ្យដល់កម្ពុជា និងប្រទេសសមាជិកអាស៊ានផ្សេងទៀត។ ជាមួយគ្នានេះ ក្នុងស្មារតីបន្តលើកកម្ពស់សុខភាព និងសុខុមាលភាព ប្រជាជន កម្ពុជាសូមគាំទ្រការដាក់ចេញនូវ “សេចក្តីថ្លែងការណ៍មេដឹកនាំអាស៊ានបូកបីស្តីពីកិច្ចសហប្រតិបត្តិការផ្នែកសុខភាពផ្លូវចិត្តក្នុងចំណោមក្មេងជំទង់ និងកុមារ”។…