FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានប្តូរវេន ឆ្នាំ២០២២ បានធ្វើសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បង្ហាញអំពីលទ្ធផលសំខាន់ៗនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះ។
ខាងក្រោមជាចំណុចសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសធ្វើសន្និសីទសារព័ត៌មាន និងឆ្លើយសំណួរអ្នកសារព័ត៌មាន ពាក់ព័ន្ធកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ៖
- សម្តេចតេជោ ហ៊ុន សែន សម្តែងការពេញចិត្តចំពោះកម្លាំងសន្តិសុខសមត្ថកិច្ចកម្ពុជា ដែលការពារសន្តិសុខសុវត្ថិភាព សម្រាប់មេដឹកនាំអាស៊ាន ដែលមកចូលរួមកិច្ចប្រជុំនៅកម្ពុជា បានយ៉ាងល្អ និងមានសុវត្ថិភាព
- សម្តេចតេជោ ហ៊ុន សែន ថ្វាយជោគជ័យនៃការរៀបចំកិច្ចប្រជុំអាស៊ាន ថ្វាយព្រះមហាក្សត្រ និងសម្តេចម៉ែ និងប្រជាជនកម្ពុជាទាំងអស់
- សម្តេចតេជោ ហ៊ុន សែន៖ មានកត្តា២ ដែលធ្វើឱ្យអាស៊ានទទួលបានសមាជិក TAC រហូតដល់៧ នៅឆ្នាំ២០២២នេះ
- សម្តេចតេជោ ហ៊ុន សែន៖ អាស៊ាន មិនមែនជាកូនជឹងនរណាទេ អាស៊ានមិនខ្វល់ថានរណាខឹងទេ ចំពោះការទទួលយកអ៊ុយក្រែនជាសមាជិក TAC។
- សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំគិតថា រុស្ស៉ី គ្មានហេតុផលណាដែលខឹង និងជំទាស់ចំពោះការទទួលយក អ៊ុយក្រែនជាសមាជិក TAC របស់អាស៊ាននោះទេ
- សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការសម្រេចជាគោលការណ៍ឱ្យទីម័រឡេស្តេចូលជាសមាជិកទី១១ របស់អាស៊ាន និងក្លាយជាអ្នកសង្កេតការណ៍ មានចំណែកស្មើៗគ្នារបស់សមាជិកអាស៊ានទាំងអស់
- សម្តេចតេជោ ហ៊ុន សែន៖ ការផ្តល់កាដូអនុស្សាវរីយ៍នាឡិកាដៃ ដល់មេដឹកនាំអាស៊ាន ជាការបង្ហាញអំពីអ្វីដែលកម្ពុជាធ្វើបាន
- សម្តេចចង់បញ្ជាក់ប្រាប់បរទេសថា ពេលនេះកូនខ្មែរមានលទ្ធភាពផលិតនាឡិកាខ្មែរជូនដល់មេដឹកនាំអាស៊ាន ដែលអ្នកខ្លះក៏បានពាក់ហើយ អ្នកខ្លះក៏មិនទាន់បានពាក់
- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចមិនឈានឆ្ពោះទៅធ្វើជាប្រធានអាស៊ានលើកទី៤ នៅឆ្នាំ២០៣២នោះទេ
- សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមិនតម្រូវឱ្យជ្រើសរើសនរណាទាំងអស់ រវាងអាមេរិក និងចិននោះទេ អាស៊ានមានមជ្ឈភាព និងឯករាជ្យរបស់ខ្លួន ដោយមិនលម្អៀងទៅខាងណាទេ
- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាមិនមានការបញ្ជូនកងទ័ពឬផ្តល់ជំនួយយោធាទៅជួយអ៊ុយក្រែននោះទេ គឺគ្រាន់តែចូលរួមជាមួយជប៉ុន ក្នុងការជួយបណ្តុះបណ្តាលការដោះមីនដល់អ៊ុយក្រែន
- សម្តេចតេជោ ហ៊ុន សែន៖ មូលហេតុដែលធ្វើឱ្យមេដឹកនាំសំខាន់ៗមកប្រជុំនៅកម្ពុជា ដោយសារ ទី១៖ កត្តាសុខសន្តិភាព ទី២៖ ការគ្រប់គ្រងកូវីដ១៩។ នេះមិនមែនជាបទពិសោធន៍ទេ តែជាការអនុវត្តជាក់ស្តែង។
- សម្តេចតេជោ ហ៊ុន សែន ប្រាប់ក្រុមប្រឆាំង ដែលមិនទទួលយកកិត្តិយសជាតិដែលបានមកពីជោគជ័យ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានថា ពួកគេអាចលាលែងសញ្ជាតិកម្ពុជាបាន
- សម្តេចតេជោ ហ៊ុន សែន៖ អ្នកប្រឆាំងក៏ប្រឆាំងទៅ ប៉ុន្តែកម្ពុជាមិនរលាយដោយសារតែការនិយាយរបស់ក្រុមប្រឆាំង។ សម្តេចតេជោ ហ៊ុន សែន៖ នៅលើលោកនេះអត់មានភាគតិចដឹកនាំទេ មានតែភាគច្រើនដឹកនាំប៉ុណ្ណោះ។
- សម្តេចតេជោ ហ៊ុន សែន បង្ហើបថា សម្តេចបានចូលរួមអបអរសាទរជូន លោក ចូ បៃដិន ចំពោះជោគជ័យក្នុងការការបោះឆ្នោតព្រឹទ្ធសភាអាមេរិក
- សម្តេចតេជោ ហ៊ុន សែន៖ បញ្ហាមីយ៉ាន់ម៉ា ក្តៅមិនបានទេ យកល្អ រក្សាទ្វារចំហរសម្រាប់មីយ៉ាន់ម៉ា
- សម្តេចតេជោ ហ៊ុន សែន សម្តែងការសោកស្តាយដែលរដ្ឋមន្ត្រីការបរទេសរុស្ស៉ី និងរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន មិនបានជួបគ្នានៅកម្ពុជា ដើម្បីរកដំណោះស្រាយ
- សម្តេចតេជោ ហ៊ុន សែន កោតសរសើរលោក ចូ បៃដិន ថាមានអត្តចរិតរូសរាយ និងបានសន្ទនាយ៉ាងល្អជាមួយសម្តេច
- សម្តេចតេជោ ហ៊ុន សែន៖ ជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ជាកិត្យានុភាពរបស់កម្ពុជា ដែលទុកសម្រាប់កូនចៅជំនាន់ក្រោយ
- សម្តេចតេជោ ហ៊ុន សែន បង្ហើបថា នាឡិកាអនុស្សាវរីយ៍ជូនជាកាដូដល់មេដឹកនាំអាស៊ាន មានតម្លៃប្រមាណ២ម៉ឺនដុល្លារក្នុង១គ្រឿង
- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា នាឡិកាអនុស្សាវរីយ៍អាស៊ាន ត្រូវបានថ្វាយដល់ព្រះរាជបុត្រព្រះចៅស៊ុលតង់មួយគ្រឿងផងដែរ
- សម្តេចតេជោ ហ៊ុន សែន៖ អ្នកឯងអាចប្រណាំងសេះប្រណាំងគោក្របី ប៉ុន្តែអ្នកឯងមិនអាចប្រណាំងនឹងព្រហ្មលិខិត ដែលតាក់តែងឱ្យខ្ញុំធ្វើជានាយករដ្ឋមន្ត្រីទេ
- សម្តេចតេជោ ហ៊ុន សែន ជឿជាក់ថា ទម្រាំកម្ពុជាក្លាយជាប្រធានអាស៊ានលើកទី៤ បញ្ហា COC នៅសមុទ្រចិនខាងត្បូង ក៏ត្រូវបានរៀបចំរួចរាល់
- សម្តេចតេជោ ស្វាគមន៍មិត្តបរទេស ដែលចង់ចូលមកកំពង់ផែកម្ពុជា និងធ្វើកិច្ចសហប្រតិបត្តិការសមយុទ្ធផ្សេងៗ៕