សារសម្លេង សម្ដេចតេជោ ហ៊ុន សែន ស្តីពី ការតែងតាំងឥស្សរជនក្នុងក្របខណ្ឌនយោបាយ
សូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈ,ឯកឧត្តម លោកជំទាវ លោក លោកស្រី,បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់, ជាដំបូងខ្ញុំព្រះករុណាខ្ញុំ សូមអភ័យទោសដោយសារសម្លេងរបស់ខ្ញុំព្រះករុណាខ្ញុំ ហាក់ដូចជាបានស្អកបន្តិច។ ដោយសារតែព្រឹកនេះ ខ្ញុំព្រះករុណាខ្ញុំ វាយកូនហ្គោល។ ដូច្នេះ បន្ទាប់ពីធ្លាក់ Calories មួយចំនួន នឹងធ្វើឲ្យសម្លេងស្អក។ យ៉ាងណាក៏ដោយ ខ្ញុំព្រះករុណាខ្ញុំ ចេញសារនេះ ដើម្បីទូលប្រគេនជាពិសេសជូនចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលធ្វើកិច្ចការនៅក្នុងក្របខណ្ឌកិច្ចការនយោបាយ។ ក្នុងរយៈពេលកន្លងទៅនេះ មានការអបអរសាទរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ និងគ្រប់មជ្ឃដ្ឋានទាក់ទងនឹងការលះបង់របស់ខ្ញុំព្រះករុណាខ្ញុំ ពីការមិនកាន់តំណែងនាយករដ្ឋមន្ត្រីតទៅទៀត ហើយប្រគល់ការងារឲ្យយុវជនជំនាន់ក្រោយ ដែលដឹកនាំដោយបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីធានានូវនិរន្តរភាព នៃសន្តិភាព និងការអភិវឌ្ឍ។ ការអបអរសាទររបស់បងប្អូនជនរួមជាតិ គឺបង្ហាញឲ្យឃើញអំពីតម្រូវការចាំបាច់នៃការធានានូវសន្តិភាពនិងការអភិវឌ្ឍរយៈពេលវែង។ ខ្ញុំព្រះករុណាខ្ញុំ យល់ថាការលះបង់ដ៏ធំធេងរបស់ខ្ញុំព្រះករុណា គឺជាការលះបង់ដើម្បីសេចក្តីសុខ សេចក្តីចម្រើនរបស់ជាតិទាំងមូល ដើម្បីធានាថា ប្រទេសជាតិមួយនេះមិនធ្លាក់ទៅក្នុងភាពចលាចល អស្ថិរភាព ឬការដណ្តើមអំណាចតាមរយៈចុងអាវុធ ដូចកាលពីអតីតកាលនោះឡើយ។ ខ្ញុំព្រះករុណាខ្ញុំ ចាកចេញ ក្នុងស្ថានភាពដែលគណបក្សប្រជាជនដឹកនាំ/កាន់អំណាច ក្នុងអត្រាសន្លឹកឆ្នោតគាំទ្រជាង ៨២% ដែលជាសន្លឹកឆ្នោតខ្ពស់បំផុត មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់គណបក្សប្រជាជន ដែលត្រឹមតែទទួលបាននូវ ៧៥% និង…