សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលសារតាំងលោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំព្រះរាជាណាចក្រកម្ពុជា

នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលសារតាំង លោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំព្រះរាជាណាចក្រកម្ពុជា។ យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ ក្នុងព្រះបរមនាម នៃព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចំពោះលោកជំទាវ ហើយសម្ដេចតេជោបានចាត់ទុកវត្តមានលោកជំទាវនាពេលនេះ ជាផ្នែកមួយដ៏សំខាន់នៃការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងប្រេស៊ីល។ សម្ដេចក៏បានបង្ហាញនូវក្តីរីករាយដែលសហព័ន្ធប្រេស៊ីលបានដាក់និវេសនដ្ឋានទូតនៅក្នុងព្រះរាជាណាចក្រកម្ពុជាជាលើកដំបូងដែលជាផ្នែកមួយក្នុងការជំរុញទំនាក់ទំនងរវាងកម្ពុជា និងប្រេស៊ីលឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ នៅក្នុងឱកាសនោះលោកជំទាវ Vivian Loss Sanmartin បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោប្រមុខរដ្ឋស្ដីទី ដែលបានអនុញ្ញាតឱ្យលោកជំទាវបានជួបហើយប្រគល់សារតាំងចំពោះសម្ដេចប្រមុខរដ្ឋស្តីទីនាពេលនេះ។ លោកជំទាវបានជម្រាបជូនសម្ដេចតេជោថា ក្នុងបេសកកម្មរបស់លោកជំទាវនៅក្នុងព្រះរាជាណាចក្រកម្ពុជានាពេលនេះ លោកជំទាវនឹងធ្វើយ៉ាងណាជំរុញនូវទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងប្រេស៊ីលឱ្យមានភាពល្អប្រសើរកាន់តែខ្លាំងឡើងបន្ថែមទៀត ជាពិសេសការជំរុញនៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងកម្ពុជា និងប្រេស៊ីលឱ្យមានការកើនឡើងបន្ថែមទៀតផងដែរ។…