ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបន្តជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ជិត២ម៉ឺននាក់ មកពីរោងចក្រចំនួន៨ នៅខេត្តកំពង់ស្ពឺ នាព្រឹកនេះ
FN ៖ នៅព្រឹកថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ១៧,៨២៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន៨ នៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * ចុះមកដល់ទឹកដីខេត្តកំពង់ស្ពឺ សម្តេចបានរំលឹកពីចក្ខុវិស័យក្នុងការពង្រីកសក្តានុពលវិស័យឧស្សាហកម្ម ដែលសម្តេចបានមើលឃើញកាលពីទសវត្សរ៍ឆ្នាំ៩០។ សម្តេចបានរំលឹកថា ក្នុងរង្វង់ឆ្នាំ១៩៩៥-១៩៩៦ មានការទាស់សម្តីគ្នារវាងសមាជិករដ្ឋជាមួយសម្តេចរឿងបណ្តោយឲ្យប្រជាពលរដ្ឋលក់ដីតាមបណ្តោយផ្លូវជាតិលេខ៤ និងលេខ៣។ * សម្តេចថ្លែងថា មានអ្នករិះគន់រាជរដ្ឋាភិបាល ដែលផ្តល់ឱកាសឲ្យប្រជាជនលក់ដីនៅតាមបណ្តោយផ្លូវជាតិលេខ៤ និងលេខ៣។ សម្តេចបន្តថា មិនគួរព្រួយបារម្ភរឿងលក់ដីរបស់កសិករទេ ព្រោះថា បើបន្តយកដីនោះធ្វើស្រែមួយហិកតាចិញ្ចឹមបានតែ៤ទៅ៥នាក់ ប៉ុន្តែបើក្លាយទៅជារោងចក្រ សហគ្រាស គឺអាចចិញ្ចឹមមនុស្សបាន ៥ពាន់នាក់ ឬច្រើនជាងនេះ។ រីឯកសិករលក់ដី ក៏អាចលក់ដីមួយហិកតា ទៅទិញដីបានរាប់សិបហិកតា។ * សម្តេចតេជោ ថ្លែងថា ចក្ខុវិស័យដែលសម្តេចបានមើលឃើញកាលពី២០ឆ្នាំមុន បាននិងកំពុងក្លាយទៅជាការពិត។…