FN ៖ នាព្រឹកថ្ងៃពុធ ៤រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១៥ ខែ សីហា ឆ្នាំ២០១៨ នេះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ នៃកាកបាទក្រហមកម្ពុជា រួមដំណើរដោយ លោក លី ឡេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ បានបន្តចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ១.៣៧៥គ្រួសារ នៅក្នុងភូមិចំនួន៦ ឃុំព្រែកអាជី ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកស្រីអគ្គលេខាធិការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលមានទុក្ខលំបាក និងជនរងគ្រោះបណ្ដាលមកពីប្រការផ្សេងៗ ដោយមិនរើសអើងជាតិសាសន៍ ឬប្រកាន់និន្នាការនយោបាយអ្វីឡើយ។ ទន្ទឹមនឹងនោះដែរ លោកស្រីអគ្គលេខាធិការ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ពីបញ្ហាសុខភាពរស់នៅប្រចាំថ្ង ត្រូវប្រើប្រាស់ទឹកស្អាត និងពិសាទឹកដាំពុះ និងជាពិសេសត្រូវប្រុងប្រយ័ត្ន ចំពោះសត្វអាសិរពិសដែលអាចបង្កឲ្យមានគ្រោះថ្នាក់ផ្សេងៗកើតឡើង។ ចំពោះស្ត្រីមានផ្ទៃពោះត្រូវរកទីតាំងសុវត្ថិភាពនៅជិតមណ្ឌលសុខភាព ដើម្បីងាយស្រួលតាមដានពិនិត្យសុខភាពឱ្យបានទៀងទាត់ នៅពេលទឹកស្រកវិញសូមឲ្យបងប្អូនប្រញាប់ប្រញាល់ប្រកបមុខរបរបង្កបង្កើនផលឡើងវិញ ដើម្បីកសាងសេដ្ឋកិច្ចគ្រួសារឲ្យប្រសើរឡើង។
ប្រជាពលរដ្ឋរងគ្រោះទាំងអស់ មានសេចក្ដីត្រេកអរជាខ្លាំង និងសូមថ្លែងអំណរគុណដល់កាកបាទក្រហមកម្ពុជា ដែលមាន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែគិតគូរពីបញ្ហាទុក្ខលំបាកចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប ហើយក៏សូមជូនពរដល់សម្ដេចជួបតែសេចក្ដីសុខ និងទទួលបាននូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ទាំង ១,៣៧៥គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ ក្រណាត់ស ១ដុំ និងថវិកា ១០,០០០ រៀល ដែលក្រណាត់ស ១ដុំ និងថវិកាចំនួន ១០,០០០រៀល ជាអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕