វ៉ាក់សាំងការពារកូវីដ-១៩ ចំនួន ១ លានដូសទៀត បានដឹកមកដល់កម្ពុជាហើយ
នៅរសៀលថ្ងៃសៅរ៍ ទី ១២ ខែមិថុនា ឆ្នាំ ២០២១ នេះ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ស៊ីណូហ្វាម(Sinopharm Vaccine) របស់ចិនចំនួន ១ លានដូសទៀត បានដឹកមកដល់ប្រទេសកម្ពុជាទៀតហើយ។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ គិតត្រឹមថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងជាង ៨ លានដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ វ៉ាក់សាំងកូវីដ១៩ ដែលកំពុងទទួលបាន ហើយកំពុងដំណើរការជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ ឆ្នាំឡើង ប្រមាណ ១៣ លាននាក់ ត្រូវនឹងវ៉ាក់សាំងប្រមាណ ២៦ លានដូស។ នៅក្នុងខែមិថុនានេះ វ៉ាក់សាំងប្រមាណ ៤,៥ លានដូស នឹងដឹកមកដល់ប្រទេសកម្ពុជា ដែលជាការជួយឱ្យកម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ កម្ពុជានឹងសម្រេចការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋចំនួន ១០ លាននាក់ នៅក្នុងឆ្នាំ ២០២១ នេះ…