– សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី កីឡាករ កីឡាការិនី លោក គ្រីសជាន ការឹមប៊ែរ(Christian Karember) តំណាងបេសកជនពិសេស ហ្វីហ្វា (FIFA)!
ខ្ញុំពិតជាមានមោទនភាព និងសេចក្តីរីករាយក្រៃលែង ដោយបានមកចូលរួមទទួលស្វាគមន៍ និងលើកពានរង្វាន់បាល់ទាត់ពិភពលោក (FIFA World Cup Trophy Tour) ជាលើកដំបូងជាមួយ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី កីឡាករ កីឡាការិនី នាឱកាសនះ។
ពានរង្វាន់មាសសុទ្ធទម្ងន់ ៦,១ គីឡូក្រាម ពិតជាមានអត្ថន័យ សម្រាប់វិស័យកីឡាកម្រិតពិភពលោក ដែលអនុញ្ញាតឱ្យតែប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃបណ្តាប្រទេសមួយចំនួន ដែលក្បួនត្រូវបានហែឆ្លងកាត់ទីលានវេទិកា ទើបអាចមានឱកាសកាន់ប៉ះដោយផ្ទាល់ នូវពានរង្វាន់ដ៏មានតម្លៃ និងសារៈសំខាន់នេះ។
ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំពិតជាមានមោទនភាព ដូចប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលជាច្រើន ដែលបានកាន់ និងលើកពានរង្វាន់បាល់ទាត់ពិភពលោកដ៏មានអត្ថន័យនេះ។ ជាការពិត ពាននេះក៏ជានិមិត្តរូបតំណាងឱ្យមនុស្សជាតិលើពិភពលោកទាំងមូលផងដែរ ពីព្រោះពានរង្វាន់នេះ តំណាងឱ្យប្រជាជន និងមនុស្សជាតិរាប់ពាន់លាននាក់ ដែលចូលចិត្តស្រឡាញ់កីឡាបាល់ទាត់ និងស្រឡាញ់គោលការណ៍លេងដោយយុត្តិធម៌ ដែលគេតែងតែហែទង់ ហ្វែរ ផ្លេយ៍ (Fair Play) ចូលទីលានបាល់ទាត់មុនរៀងរាល់ការប្រកួតចាប់ផ្ដើម។
បច្ចុប្បន្ន បាល់ទាត់ គឺជាប្រភេទកីឡា ដែលមានប្រជាប្រិយភាព និងពេញនិយមបំផុតលើពិភពលោក ដែលមានមនុស្សប្រុសស្រីប្រមាណ ២៦៥ លាននាក់ ជាអ្នកលេងកីឡានេះ និងមានប្រមាណ ៣,៥ ពាន់លាននាក់ ជាអ្នកគាំទ្រ។
ព្រះរាជាណាច្រកម្ពុជាមានកីឡាករ កីឡាការិនី ដែលបានទទួលនូវការបណ្តុះបណ្តាលជំនាញកីឡាបាល់ទាត់តាមក្លឹបបាល់ទាត់នានាចំនួនប្រមាណ ២ ០០០ នាក់ និងមានប្រមាណជាង ៣ ០០០ នាក់ ជាក្រុមបាល់ទាត់មហាជន លេងដើម្បីសប្បាយរីករាយ និងសុខភាព។ ដោយឡែក អ្នកគាំទ្រកីឡាបាល់ទាត់កម្ពុជាមានប្រមាណជាង ១០ ម៉ឺននាក់ ។
-សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី កីឡាករ កីឡាការិនី!
ពេលនេះ ពានរង្វាន់បាល់ទាត់ពិភពលោក បានមកដល់ព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាសក្ខីភាពបង្ហាញពិភពលោក និងអ្នកគាំទ្របាល់ទាត់ជាង ៣ ០០០ លាននាក់ អំពីសុខសន្តិភាព និងសក្តានុពលជាតិ ដែលប្រជាជនកម្ពុជាបាននិងកំពុងរស់នៅប្រកបដោយភាពសុខដុមរមនា ជាមួយនឹងជីវភាពកាន់តែល្អប្រសើរ និងការអភិវឌ្ឍលើគ្រប់វិស័យ។ ទន្ទឹមនេះ ព្រឹត្តការណ៍ដង្ហែពានរង្វាន់បាល់ទាត់ពិភពលោក ប្រព្រឹត្តទៅស្របពេលដែលកម្ពុជាត្រៀមទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡា ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ (SEA Games-ASEAN Para Games 2023) ក្នុងនោះ ក៏មានកម្មវិធីប្រកួតកីឡាបាល់ទាត់នេះផងដែរ។
ក្នុងឱកាសដ៏សប្បាយរីករាយនេះ សូមអ្នកស្នេហាវិស័យកីឡាលើពិភពលោក ចូលរួមអបអរសាទរ និងគាំទ្រដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តលើកទី ១ របស់កម្ពុជា ដែលជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាជាអន្តរជាតិដ៏ធំក្នុងតំបន់ គឺ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ខាងមុខ។
សម្រាប់ឆ្នាំ ២០២២ នេះ ក្នុងនាមខ្ញុំជាប្រធានអាស៊ាន ខ្ញុំចង់ឃើញអាស៊ានមានចក្ខុវិស័យ និងផែនការដេញថ្លៃធ្វើម្ចាស់ផ្ទះការប្រកួតកីឡាបាល់ទាត់ពិភពលោក (FIFA World Cup) នៅឆ្នាំ ២០៣៤ ឬ ២០៣៨ ដែលខ្ញុំនឹងពិនិត្យមើលលទ្ធភាពស្នើសុំឱ្យបណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ានគាំទ្រ និងជំរុញគំនិតផ្តួចផ្តើមនេះឱ្យក្លាយជាការពិត។
[ចាប់ផ្តើមសេចក្តីអធិប្បាយ]
នឹងជំរុញគំនិតផ្តួចផ្តើមឱ្យអាស៊ានរួមគ្នាដេញថ្លៃធ្វើជាម្ចាស់ផ្ទះ FIFA World Cup ក្លាយជាការពិត
ខ្ញុំក៏គួរតែបញ្ជាក់ជូនថា បន្តិចទៀតខ្ញុំនឹងបញ្ជូនទៅតាមរយៈ លោក គ្រីសជាន ការឹមប៊ែរ (Christian Karember) នូវអាវរបស់ខ្ញុំ ដែលបានទទួលពីអគ្គនាយក FIFA ក្នុងពេលចុះហត្ថលេខា រវាងអាស៊ាន-FIFA នៅទីក្រុងបាងកក ឆ្នាំ ២០១៩ កន្លងទៅ។ អាស៊ានពិតជាមានបំណង ដើម្បីនឹងរួមគ្នាដេញថ្លៃធ្វើជាម្ចាស់ផ្ទះ (FIFA World Cup) ហើយខ្ញុំនឹងជំរុញនូវគំនិតផ្តួចផ្តើមនេះ។ អម្បាញ់មិញ លោក គ្រីសជាន ការឹមប៊ែរ (Christian Karember) បានលើក អំពីព្រឹត្តិការណ៍ឆ្នាំ ១៩៩៨ ខ្ញុំពិតជាចាប់អារម្មណ៍ ពេលនោះខ្ញុំក្លាយទៅជាអ្នកដែលវាយតម្លៃត្រឹមត្រូវបំផុត អំពីជោគជ័យរបស់បារាំងនៅពេលនោះ ដែលប្រកួតចុងក្រោយជាមួយប្រេស៊ីល ដែលនៅទីនេះមានមនុស្សមួយចំនួនចាប់យកប្រេស៊ីល ក៏ប៉ុន្តែ ខ្ញុំជាអ្នកចាប់យកបារាំង។ សូមអបអរសាទរសាជាថ្មីម្តងទៀត។
[បញ្ចប់សេចក្តីអធិប្បាយ]
ជាក់ស្តែង ទ្វីបអាស៊ីទើបនឹងទទួលធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកតែពីរលើកប៉ុណ្ណោះ ក្នុងឆ្នាំ ២០០២ គឺកូរ៉េ-ជប៉ុន និងឆ្នាំ ២០២២ នៅទីក្រុងដូហា, ប្រទេសកាតា។ ទន្ទឹមនេះ អាស៊ានគួរពិចារណាលើការដាក់បេក្ខភាពដេញថ្លៃ សម្រាប់ឆ្នាំ ២០៣៤ ឬ ឆ្នាំ ២០៣៨ ដើម្បីបំពេញបន្ថែមគុណតម្លៃ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ អប់រំ និងកីឡា ក្នុងសហគមន៍អាស៊ានឱ្យកាន់តែរឹងមាំ ជាមួយភាពសុខដុមរមនា រវាងបណ្តាប្រទេសជាសមាជិក តាមរយៈការទាញយកកម្លាំងសេដ្ឋកិច្ចពិភពលោក មកបំពេញការខ្វះខាតរបស់អាស៊ានពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោកដ៏មានឥទិ្ធពលនេះ។
ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមថ្លែងអំណរគុណដល់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) និងក្រុមហ៊ុនកូកាកូឡា ដែលបានជ្រើសរើសប្រទេសកម្ពុជា ដើម្បីទទួលលើកពានរង្វាន់បាល់ទាត់ពិភពលោក និងសូមកោតសរសើរគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបានសហការរៀបចំកម្មវិធីនេះជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីលើកស្ទួយកិត្តិយសជាតិ តាមរយៈព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។
ខ្ញុំពិតជាមានសុទិដ្ឋិនិយម និងសូមជូនពរឱ្យដំណើរទេសចរណ៍ពានរង្វាន់បាល់ទាត់ពិភពលោក និងព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ពិភពលោកឆ្នាំ ២០២២ នេះ ដំណើរការដោយរលូន និងទទួលជោគជ័យដ៏ត្រចះត្រចង់។
[ចាប់ផ្តើមសេចក្តីអធិប្បាយ]
ខ្ញុំក៏សូមជូនពរឱ្យក្រុមបាល់ទាត់បារាំងបានឈ្នះសាជាថ្មីម្តងទៀត។ យើងថាបារាំងអាចឈ្នះ ក៏ប៉ុន្តែ បាល់វាមូល ជូនកាលទាត់វាមិនចូល អាចធ្លាក់ក្នុងវគ្គជម្រុះក៏អាចថាបាន។
[បញ្ចប់សេចក្តីអធិប្បាយ]
ខ្ញុំសូមជូនពរ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី កីឡាករ កីឡាការិនី បានទទួលនូវពុទ្ធពរ និងពរ ទាំង ៥ ប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លាងឃ្លៀតឡើយ។
សូមអរគុណ!