សុន្ទរកថា ថ្លែងក្នុងកិច្ចសន្ទនាជាន់ខ្ពស់នៃថ្នាក់ដឹកនាំប្រ៊ីកបូក (BRICS Plus) ស្តីពីការអភិវឌ្ឍសកល ក្រោមមូលបទ “លើកកម្ពស់ភាពជាដៃគូអភិវឌ្ឍន៍សកល សម្រាប់យុគសម័យថ្មី ដើម្បីរួមគ្នាអនុវត្តរបៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព»

ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណៈរដ្ឋប្រជាមានិតចិន; ឯកឧត្តម, លោកជំទាវ ប្រមុខ និង ថ្នាក់ដឹកនាំ នៃបណ្តាប្រទេសដែលចូលរួម! ខ្ញុំសូមសម្តែងនូវអំណរគុណជូនចំពោះ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានអញ្ជើញខ្ញុំចូលរួមក្នុងកម្មវិធីនេះ ដើម្បីរួមចំណែកពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសក្នុងតំបន់អាស៊ាន និងប្រ៊ីក (BRICS) សំដៅនាំមកនូវការអភិវឌ្ឍ ប្រកបដោយចីរភាព បរិយាប័ន្ន និងភាពសុខដុមរមនាសម្រាប់សកលលោក។ ក្នុងរយៈពេលជាង ២ ឆ្នាំ កន្លងមក, ការរីករាលដាលនៃវិបត្តិជំងឺកូវីដ-១៩ បណ្តាលឱ្យមានការខាតបង់នូវវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចនៃប្រទេសកំពុងអភិវឌ្ឍ ដែលសម្រេចបានក្រោមក្របខណ្ឌរបៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ បច្ចុប្បន្ន តំបន់ និងសកលលោក បាននិងកំពុងបន្តប្រឈមកាន់តែស្រួចស្រាល់ឡើងៗ ហើយកាន់តែស្មុគស្មាញ និងមិនអាចប៉ាន់ប្រមាណបានចំពោះការអភិវឌ្ឍ រួមមាន ការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ សង្គ្រាមយោធា ពាណិជ្ជកម្ម និងបច្ចេក វិទ្យា, ការប្រែប្រួលអាកាសធាតុ, ការរឹតបន្តឹងនូវគោលនយោបាយរូបិយវត្ថុ។ល។ កត្តាទាំងនេះបាននិង កំពុងបង្កឱ្យមានការផ្លាស់ប្តូរនិម្មាបនកម្មសេដ្ឋកិច្ចសកលលោក និងបន្ទច់បង្អាក់ចរន្តសកលភាវូបនីយកម្ម…