សម្តេចតេជោនាយករដ្ឋមន្ត្រី ចេញអនុក្រឹត្យបន្ថែមប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើចំនួន៨ម៉ឺនរៀល
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦នេះ បានចេញអនុក្រឹត្យ ផ្តល់បន្ថែមនូវប្រាក់បំណាច់ប្រចាំខែ ដល់ទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើគ្រប់ប្រភេទ ចំនួន៨ម៉ឺនរៀល ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧តទៅ។ អនុក្រឹត្យរបស់សម្តេចតេជោ បានបញ្ជាក់ថា អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះវរជន ឬជនដែលមានសញ្ញាបត្រខ្ពស់ ឬជនដែលមានប្រយោជន៍ដល់ការងាររដ្ឋ និងមន្ត្រីរាជការស៉ីវិល ដែលរួមមានមន្ត្រីរាជការក្របខ័ណ្ឌនីតិប្បញ្ញត្តិ ក្របខ័ណ្ឌ នីតិប្រតិបត្តិ ក្របខ័ណ្ឌតុលាការ និងក្របខ័ណ្ឌពិសេសផ្សេងទៀត ព្រមទាំងនគរបាលជាតិ និងយោធិន ដែលត្រូវបាន តែងតាំងជាទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ អនុលោមតាមបទប្បញ្ញត្តិនៃព្រះរាជក្រឹត្យ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការគ្រប់គ្រង និងបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលឋានៈស្មើ៕