FN ៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សហការជាមួយអង្គការស្នាមញញឹម របស់សាធារណរដ្ឋកូរ៉េ ផ្ដល់សេវាព្យាបាល និងវះកាត់ជូនកុមារៗ ដែលមានមាត់ឆែប និងក្រអមមាត់ឆែប ដោយឥតគិតថ្លៃ រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី០២-០៧ ខែមេសា ឆ្នាំ២០១៧ ហើយទីតាំងផ្ដល់សេវា គឺមាននៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតសូមប្រញាប់រួសរាន់ឡើងនៅតែ៣ថ្ងៃទៀតប៉ុណ្ណោះ។
លោកសាស្រ្តាចារ្យ ម៉ុក ធាវី វេជ្ជបណ្ឌិតឯកទេស វះកាត់កែលម្អ និងសម្ផស បានឲ្យដឹងថា គម្រោងនៃផ្ដល់សេវាវះកាត់មាត់ឆែប និងក្រអមមាត់ឆែបនេះ គឺក្នុងចំនួន៣០នាក់សិន តែបើមានប្រជាពលរដ្ឋនាំកូនៗ ទៅទទួលសេវាច្រើនជាងនេះ ក្រុមការងារនៃប្រទេសទាំងពីរ នឹងបន្តព្យាបាលវះកាត់ជូនពួកគាត់ថែមទៀត។
លោកសាស្រ្តាចារ្យបានបន្តថា «យុទ្ធនាការនេះ មានការចូលរួមពីក្រុមគ្រូពេទ្រកម្ពុជា ចំនួន១២នាក់ និងក្រុមគ្រូពេទ្យកូរ៉េ ចំនួន១២នាក់ដែរ ដែលមកព្យាបាលជំងឺឆែមមាត់ នៅកម្ពុជា ហើយក្នុងចំណោមប្រជាជន៥០០នាក់ មានអ្នកឆែបមាត់ និងឆែបក្រអមមាត់ ១នាក់ ហើយក្នុងមួយឆ្នាំៗ មានកុមារកម្ពុជាកើតមាត់ឆែបពី ៥០០នាក់ ទៅ ៦០០នាក់»។
ចាប់ពីឆ្នាំ២០០២ ដល់ឆ្នាំ២០១៧ ក្រុមគ្រូពេទ្យបានព្យាបាលវះកាត់ ជូនកុមារឆែបមាត់ និងឆែបក្រអមមាត់ បានជិត៤,០០០នាក់ ក្នុងនោះនៅរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ សៀមរាប កំពង់ចាម រតនគិរី កំពត ព្រះសីហនុ និងខេត្តតាកែវ ហើយគ្រោងនឹងចុះទៅខេត្តដទៃទៀត។
បើតាមលោក ម៉ុក ធាវី មូលហេតុដែលនាំឲ្យកុមារកើតមក មានឆែបមាត់ ឬឆែបក្រអមមាត់នោះ បណ្ដាលមកពីនៅអំឡុងពេលមានផ្ទៃពោះ ក្នុងត្រីមាសទី១ ម្ដាយរបស់កូនបានប្រើប្រាស់ថ្នាំខុសវេជ្ជបញ្ជា ឬគ្មានវេជ្ជបញ្ជា បណ្ដាលឲ្យកោសិកាមាត់របស់ក្មេង លូតលាស់មិនបានពេញលេញ ហើយកត្តាមួយទៀត មកពីកង្វះជាតិវីតាមីន B9 ដែលមានសារធាតុផូលិចអាស៊ីត ហើយបញ្ហានេះ ក្រុមគ្រូពេទ្យក៏បានផ្ដល់ថ្នាំជាតិវីតាមីន B9 និងចាក់វាកសាំងបន្ថែមជូនម្ដាយផងដែរ ព្រមទាំងណែនាំពីការប្រុងប្រយ័ត្ន ការប្រើប្រាស់ថ្នាំ និងវិធីការពារនានាផ្សេងទៀត។ បញ្ហាបន្ទាប់បន្សំផ្សេងទៀត គឺបណ្ដាលមកពីការកើតរោគស្អូច ដែលធ្វើឲ្យអាកខានដល់ការលូតលាស់មាត់របស់កូន អំឡុងនៅក្នុងផ្ទៃម្ដាយនោះ និងកត្តាតំណពូជ។
ក្រៅពីយុទ្ធនាការជួយព្យាបាលវះកាត់ជូនកុមារ នៅរាជធានីភ្នំពេញ ក្រុមគ្រូពេទ្យក៏នឹងបន្តចុះយុទ្ធនាការនេះ នៅតាមខេត្តផ្សេងៗទៀត ដូចជា ខេត្តបន្ទាយមានជ័យ សៀមរាប និងខេត្តដទៃទៀត ដោយមានកិច្ចសហការជាមួយក្រុមការងារ មកពីប្រទេសសិង្ហបុរី សហរដ្ឋអាមេរិក សាធារណរដ្ឋកូរ៉េ សហព័ន្ធអាល្លឺម៉ង ជាដើម។
ទោះយ៉ាងណា លោកសាស្រ្តាចារ្យ ម៉ុក ធាវី បានត្អូញត្អែរថា ធនធានសម្រាប់ប្រើប្រាស់ ក្នុងយុទ្ធនាការផ្ដល់សេវាវះកាត់មាត់ឆែប និងក្រអមមាត់ឆែបនេះ នៅតែត្រូវការថវិកាជាច្រើនបន្តបន្ទាប់ទៀត៕