FN ៖ លោក គូម៉េ ហ៉ីដេតុស៊ី ទីប្រឹក្សាគោលនយោបាយដឹកជញ្ចូនប្រចាំក្រសួងសាធារណៈការ និងដឹកជញ្ចូននៃកម្ពុជា និងជាអ្នកជំនាញការអង្គការ JICA បានបញ្ជាក់នៅមុខ អ្នកសារព័ត៌មានថា លោក និងក្រុមការងារ JICA ទាំងអស់ នឹងខិតខំបំពេញការងារបន្តទៀត ដើម្បីឲ្យគម្រោងទាក់ទង នឹងសកម្មភាពដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជា បញ្ចប់ទៅដោយជោគជ័យ ដើម្បីជាការរួមចំណែកជួយដល់សង្គមកម្ពុជា។
ការលើកឡើងរបស់ លោក គូម៉េ ហ៉ីដេតុស៊ី បានធ្វើឡើង នៅក្នុងសន្និសីទសារព័ត៌មាន លើកទី៣ ស្តីពីសកម្មភាពរបស់ JICA នៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ នៅស្ថានទូតជប៉ុន។
នៅក្នុងកម្មវិធីនោះ ក៏មានការចូលរួមពី លោក ចាន់ ដារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ចូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ រួមនឹងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើនរូបទៀត។
លោក គូម៉េ ហ៉ីដេតុស៊ី នៅក្នុងសន្និសីទសារព័ត៌មាននោះ បានបង្ហាញពីសកម្មភាព និងអនុសាសន៍របស់លោក ដើម្បីធ្វើឲ្យការដឹកជញ្ចូន និងឡូជីស្ទីកនៅកម្ពុជា មានភាពប្រសើរឡើងវិញ។
លោក គូម៉េ ហ៉ីដេតុស៊ី បានលើកឡើងថា JICA បាននឹងកំពុងតែពិនិត្យ និងអនុវត្តន៍ដោយចិត្តទុកដាក់លើ សកម្មភាពជាច្រើនក្នុងនៅរួមមាន៖ សកម្មភាពនៃការសម្រួលមធ្យោបាយ ធ្វើដំណើរតាមដងទន្លេមេគង្គ ក្នុងនោះមានការធ្វើដំណើរពីភ្នំពេញ ទៅកាន់កំពង់ផែកៃមេត របស់វៀតណាម, ការអភិវឌ្ឍផ្លូវរថភ្លើងឆ្លងកាត់កំពង់ផែព្រះសីហនុ និងការតាមដានការឆ្លងកាត់ផ្លូវរថភ្លើង ពីភ្នំពេញ ទៅកាន់កំពង់ផែព្រះសីហនុ។
លោក ចាន់ ដារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ចូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ឲ្យដឹងថា ការដឹកជញ្ចូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់ប្រទេសកម្ពុជា ពិសេសការដឹកជញ្ចូនតាមរយៈផ្លូវទឹក។
ជាមួយគ្នានោះដែរ លោក ចាន់ ដារ៉ា ក៏បានស្នើដល់ JICA ឲ្យជួយបន្ថែមលើគម្រោងការងារលើវិស័យដឹកជញ្ជូន និងឡូជីស្ទីក ដើម្បីជំរុញឲ្យកម្ពុជា មានការរីកចំរើនខ្លាំង លើការដឹកជញ្ចូនតាមផ្លូវទឹក។
គួរបញ្ជាក់ថា JICA បានធ្វើគម្រោងទាក់ទងនឹងហេដ្ឋារចនាសម័ន្ធផ្នែកដឹកជញ្ចូន និងឡូជីស្ទីកជាមួយកម្ពុជា ជាច្រើនគម្រោងរួចមកហើយនាពេលកន្លងមក ក្នុងនោះរួមមាន៖
១៖ គម្រោងសាងសង់ស្ពានអ្នកលឿន(ស្ពានត្សឹបាសា) ចំងាយ ២,២១៥ម៉ែត្រ ជាជំនួយឥតសំណងជាង១០០លានដុល្លារសហរដ្ឋអាមេរិក ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅខែមេសា ឆ្នាំ២០១៥។
២៖ គម្រោងកែលម្អផ្លូវជាតិលេខ១ (ភ្នំពេញ-អ្នកលឿង) ចំងាយសរុប៥៦គីឡូម៉ែត្រ ជាជំនួយឥតសំណងជាង៨៥លានដុល្លារ បាននិងកំពុងអនុវត្តគម្រោងចាប់តាំងពីឆ្នាំ២០០៥
៣៖ គម្រោងកែលម្អផ្លូវជាតិលេខ៥ (ព្រែកក្តាម-ប៉ោយប៉ែត) ចំងាយសរុប៣៦៨,៧គីឡូម៉ែត្រ ជាប្រាក់កម្ចីជាង២៧០លានដុល្លារ បាន និងកំពុងអនុវត្តគម្រោងចាប់ពីឆ្នាំ២០១៣
៤៖ គម្រោងកែលម្អ និងពង្រីក កំពង់ផែក្រុងព្រះសីហនុ ជាប្រាក់កម្ចីជាង១៤០លានដុល្លារ៕