កាកបាទក្រហមកម្ពុជា ផ្ញើសារលិខិតចូលរួមរំលែកទុក្ខជាមួយសមាគមជាតិកាកបាទក្រហមជប៉ុន និងប្រជាជនជប៉ុន ចំពោះការបាត់បង់អាយុជីវិតមនុស្សដោយសារគ្រោះមហន្តរាយទឹកជំនន់ដ៏កាចសាហាវ
FN ៖ នៅថ្ងៃពុធ ១៤រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៨ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយ លោក តាដាតេរូ កូណូអេ (Mr. Tadateru KONOE) ប្រធានសមាគមជាតិ កាកបាទក្រហមជប៉ុន ក៏ដូចជាប្រជាជនជប៉ុននៅទូទាំងប្រទេស ពិសេសក្រុមគ្រួសារនៃសព នៅក្នុងគ្រាដ៏លំបាកនិងទុក្ខសោកដ៏ធំធេង នៃគ្រោះទឹកជំនន់និងការបាក់ដីដោយសារភ្លៀងធ្លាក់ខ្លាំង ដែលបានធ្វើឱ្យមនុស្សបាត់ខ្លួន និងស្លាប់បាត់បង់ជីវិតជាច្រើននាក់ និងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរនូវផ្ទះសម្បែង និងទ្រព្យសម្បត្តិជាច្រើន នៅប៉ែកខាងត្បូង និងខាងលិច នៃប្រទេសជប៉ុន នាចុងសប្តាហ៍កន្លងទៅនេះ ។