ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទាន ២០០លានដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជួយដល់វិស័យអប់រំ និងកែលម្អផ្លូវជាតិលេខ៤
FN ៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ឋមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Inguna Dobraja ប្រធានគ្រប់គ្រងការិយាល័យ ធនាគារពិភពលោកប្រចាំនៅកម្ពុជា នៅថ្ងៃទី១២ ខែកក្កដានេះ បានចុះហត្ថលេខាលើកិច្ច ព្រមព្រៀងឥណទានសម្បទានចំនួន០២ ដែលមានទឹកប្រាក់សរុបចំនួនប្រមាណ២០០លានដុល្លារអាមេរិក សម្រាប់គម្រោងកែលម្អការអប់រំឧត្តមសិក្សា និងគម្រោងគ្រប់គ្រងសម្បត្តិផ្លូវថ្នល់ជំហានទី២ ជាហិរញ្ញប្បទានបន្ថែម។ ១-គម្រោងកែលម្អការអប់រំឧត្តមសិក្សា៖ គ្រោងចំណាយថវិកាសរុបចំនួន ៩២.៥០លានដុល្លារអាមេរិក ដែលក្នុងនោះ ឥណទានសម្បទានពីធនាគារពិភពលោកមាន ចំនួន៩០លានដុល្លារអាមេរិក និងថវិកាបដិភាគចំនួន២.៥លានដុល្លារអាមេរិក សម្រាប់លើកកម្ពស់គុណភាពអប់រំ និងការស្រាវជ្រាវនៅកម្រិតឧត្តមសិក្សា ដោយផ្តោតលើមុខវិជ្ជា វិទ្យាសាស្ត្រ, បច្ចេកវិទ្យា, វិស្វកម្ម, គណិតវិទ្យា និងកសិកម្ម ដែលទាំងនេះ គឺជាសកម្មភាពស្នូលនៃ «ផែនការយុទ្ធសាស្ត្រវិស័យ អប់រំ ២០១៩-២០២៣» ព្រមទាំងចូលរួមគាំទ្រដោយផ្ទាល់ ដល់ការជំរុញកែប្រែ និង ធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ឈានទៅឧស្សាហកម្មផ្អែកលើជំនាញត្រឹមឆ្នាំ ២០២៥ ស្របតាមចក្ខុវិស័យនៃ «គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥»។ គម្រោងនឹងពង្រឹងសមត្ថភាពបង្រៀន និងស្រាវជ្រាវដល់គ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋចំនួន ៥ ក្នុងនោះមាន៖…