សុន្ទរកថា និងប្រសាសន៍សង្កថា ក្នុងឱកាសបិទសន្និបាតសុខាភិបាលលើកទី ៤០

ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដោយបានចូលរួមក្នុងពិធីបិទ សន្និបាតសុខាភិបាលលើកទី ៤០ ដែលបានដំណើរការ ២ ថ្ងៃកន្លងមក នេះ ដើម្បីពិនិត្យវាយតម្លៃអំពីវឌ្ឍនភាព និងសមិទ្ធផលក្នុងការអនុវត្តផែនការសកម្មភាពវិស័យសុខាភិបាលឆ្នាំ ២០១៨ និងបញ្ហាប្រឈម ដែលបានជួបកន្លងមក ដើម្បីកំណត់សកម្មភាព និងទិសដៅការងារសំខាន់ៗសម្រាប់អនុវត្តនៅក្នុងឆ្នាំ ២០១៩ នេះ និងបណ្តាឆ្នាំខាងមុខទៀត។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមសំដែងនូវការកោតសរសើរ ចំពោះមន្ត្រីរាជការ-បុគ្គលិកសុខាភិបាលទូទាំងប្រទេសដែលបានខិតខំពុះពារឧបសគ្គ និងការលំបាក ដើម្បីអនុវត្តគោលនយោបាយ និងកម្មវិធីនានារបស់រាជរដ្ឋាភិបាល ហើយសម្រេចបានសមិទ្ធផលជាច្រើន គួរជាទីមោទនៈ ពិសេសលទ្ធផលនៃការផ្តល់សេវាអប់រំសុខភាព ការពិនិត្យព្យាបាល និងការពង្រីកយន្តការគាំពារសុខភាពសង្គម ជូនប្រជាពលរដ្ឋបានល្អប្រសើរ​។ ទន្ទឹមនេះ ខ្ញុំសូមថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភគាំទ្រ ទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុពីសំណាក់ដៃគូអភិវឌ្ឍសុខាភិបាល ដោយរាប់បញ្ចូលទាំងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិ និងចំពោះវិស័យពាក់ព័ន្ធនានា រួមមានរដ្ឋបាលរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់ សមាគមវិជ្ជាជីវៈសុខាភិបាល និងវិស័យឯកជនដែលបានចូលរួមសហការ និងគាំទ្រយ៉ាងសកម្មដើម្បីអនុវត្តសកម្មភាពសំខាន់ៗនៅក្នុងវិស័យសុខាភិបាល។ ដូចការលើកឡើងដោយឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋម្រន្តីក្រសួងសុខាភិបាលអម្បាញ់មិញនេះលទ្ធផលនៃការផ្តល់សេវាថែទាំ សុខភាពជូនប្រជាពលរដ្ឋ និងការពង្រឹងប្រព័ន្ធសុខាភិបាលកំពុងបន្តមានវឌ្ឍនភាពផង និងកំពុងជួបបញ្ហាប្រឈមផង។ ជារួម វិស័យសុខាភិបាលកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ តាមរយៈការលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការថែទាំសុខុមាលភាពប្រជាពលរដ្ឋ រួមមាន សុខភាពមាតា ទារក និងកុមារ។ ចំពោះការគ្រប់គ្រងជំងឺឆ្លងរាតត្បាត យើងនៅជួបបញ្ហាប្រឈមដែលពុំឤចដោះស្រាយបានទាន់ពេលវេលា ម៉្យាងទៀតគុណភាពនៃការផ្តល់សេវាថែទាំ និងព្យាបាលនៅមានកម្រិត ចំនួនគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលនៅតាមប្រភេទជំនាញនៅពុំទាន់គ្រប់គ្រាន់តាមនិយាមនៅឡើយ ប្រព័ន្ធធានារ៉ាប់រងសុខភាពសង្គមនៅមានកម្រិត ប្រជាជនភាគច្រើនពុំទាន់មានការយល់ដឹងអំពីហានិភ័យនៃជំងឺឆ្លង ឬមិនឆ្លង ជាពិសេសគ្រោះថ្នាក់នៃការប្រើប្រាស់ឱសថ ថ្នាំជក់ គ្រឿងញៀន និងគ្រឿងស្រវឹង។ ទន្ទឹមនេះ មរណភាពមាតា ទារក កុមារ និងកង្វះឤហារូបត្ថម្ភរបស់ស្ត្រី និងកុមារតូច ក្នុងចំណោមគ្រួសារក្រីក្រ នៅតាមតំបន់ជនបទដាច់ស្រយាលនៅតែជាបញ្ហាប្រឈមសម្រាប់សង្គមជាតិយើង។ ការលើកកម្ពស់សេវាសុខភាពសាធារណៈ និងឤហារូបត្ថម្ភ គឺជាកិច្ចការឤទិភាពមួយ ដែលរាជរដ្ឋាភិបាលតែងតែផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុត ទាំងក្នុងនីតិកាលកន្លងមក ក៏ដូចជានីតិកាលទី ៦ នេះ។ ដូច្នេះ ដើម្បីឱ្យប្រព័ន្ធសុខាភិបាលកម្ពុជាក្លាយជាប្រព័ន្ធសុខាភិបាលដែលមានប្រជាប្រិយភាព និងមានការជឿទុកចិត្តពីប្រជាពលរដ្ឋ តាមរយៈការព្យាបាលប្រកបដោយគុណភាពប្រសិទ្ធភាព និងគុណធម៌កាត់បន្ថយការប្រើប្រាស់សេវាសុខាភិបាលនៅក្រៅប្រទេស ដែលធ្វើឱ្យខាតបង់ពេលវេលា និងថវិកាច្រើន ខ្ញុំសូមឱ្យក្រសួងសុខាភិបាល ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងឤជ្មាធរដែនដីគ្រប់លំដាប់ថ្នាក់រួមគ្នាសហការអនុវត្តភារកិច្ចសំខាន់ៗដូចខាងក្រោម៖ ទី ១ ត្រូវរួមគ្នាលើកកម្ពស់គុណភាព សុវត្ថិភាព…