សុន្ទរកថា ក្នុងកិច្ចប្រជុំប្រមុខរដ្ឋាភិបាល ស្ដីពី «ហិរញ្ញប្បទានរបៀបវារៈការអភិវឌ្ឍដោយចីរភាព ឆ្នាំ ២០៣០ ក្នុងកាលៈទេសៈកូវីដ-១៩ និងពេលខាងមុខ»
ឯកឧត្ដមអគ្គលេខាធិការ ឯកឧត្ដម លោកជំទាវ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាទីរាប់អាន! ថ្ងៃនេះ ខ្ញុំពិតជាមានក្ដីរីករាយ ដែលបានចូលរួមកិច្ចប្រជុំស្ដីពី «ហិរញ្ញប្បទានរបៀបវារៈការអភិវឌ្ឍដោយចីរភាព ឆ្នាំ ២០៣០ ក្នុងកាលៈទេសៈ កូវីដ–១៩ និងពេលខាងមុខ»។ ជាការពិត វឌ្ឍនភាពដែលសម្រេចបានក្រោមក្របខណ្ឌនៃរបៀបវារៈនេះ កំពុងទទួលរងការបំផ្លាញ ដោយសារផលប៉ះពាល់ជាអវិជ្ជមានដ៏ធ្ងន់ធ្ងរមកលើសង្គម និងសេដ្ឋកិច្ច បណ្ដាលមកពីជំងឺកូវីដ-១៩។ ការបន្ទុចបង្អាក់នេះ កើតឡើងដោយសារមូលហេតុចម្បងៗមួយចំនួន រួមមាន៖ (១). ការថមថយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនីមួយៗ ឈរលើភាពចាំបាច់ក្នុងការបង្វែរទិសដៅអាទិភាពគោលនយោបាយ និងធនធាន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និង (២). ការកើនឡើងនូវការប្រកាន់យកគោលការណ៍គាំពារនិយមជ្រុលរបស់ប្រទេសមហាអំណាចមួយចំនួន ដែលកំពុងតែបំផ្លាញប្រព័ន្ធពហុភាគីនិយម សកលភាវូបនីយកម្ម និងក្របខណ្ឌនៃកិច្ចសហការជាអន្តរជាតិផ្សេងទៀត ហើយក៏ជាដំណើរបញ្ច្រាស់ទិស នៃកិច្ចប្រឹងប្រែងសំដៅសម្រេចឱ្យបាននូវរបៀបវារៈឆ្នាំ ២០៣០។ ខ្ញុំមានអារម្មណ៍ថា ក្នុងបរិការណ៍បែបនេះ ពេលវេលាកំណត់នៅឆ្នាំ ២០៣០ ដើម្បីសម្រេចឱ្យបាននូវបង្គោលចរ និងគោលដៅ នៃការអភិវឌ្ឍប្រកបដោយចីរភាព ប្រហែលជានឹងគប្បីត្រូវបានពិចារណាពន្យារ។ ច្បាស់ណាស់ថា ការណ៍នេះ ទាមទារឱ្យមានការវាយតម្លៃឡើងវិញក្នុងគ្រប់ទិដ្ឋភាពទាំងអស់ ទាំងក្នុងក្របខណ្ឌនៃវេលាកំណត់ ទិសដៅយុទ្ធសាស្រ្ត…