សេចក្តីដកស្រង់ប្រសាសន៍ សួរសុខទុក្ខប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារទឹកជំនន់នៅខេត្តបន្ទាយមានជ័យ (ទីតាំងទី ១)
… ថ្ងៃក្រោយជាបទពិសោធន៍ កាលណាជួបជាមួយប្រជាពលរដ្ឋដែលលំបាក (ការរៀបចំឱ្យ)មានតុ(វេទិកា) យ៉ាប់បន្តិច។ ខ្ញុំព្រះករុណាខ្ញុំ ធុញនឹងមន្ត្រីរបស់យើង ដែលចុះមូលដ្ឋាន បែរជាមានតុអធិបតី វេទិកា ហើយប្រជាជនអង្គុយនៅមុខក្តៅ ហើយនិយាយព្រោកប្រាជ្ញនៅហ្នឹងហើយ។ បំបាត់ទម្លាប់ហ្នឹងខ្លះទៅ។ ឥឡូវ គេរៀបចំឱ្យខ្ញុំព្រះករុណាខ្ញុំ មានតុ(វេទិកា)។ នាំមកជូននូវព្រះរាជបណ្ដាំសួរសុខទុក្ខ និងចូលរួមសំដែងមរណទុក្ខ ដំបូង, ខ្ញុំសូមគោរព លោកយាយ លោកតា បងប្អូនជនរួមជាតិទាំងអស់ ដែលបានអញ្ជើញចូលរួមនៅទីនេះ ក្នុងគ្រាដ៏លំបាកនេះ។ អនុញ្ញាតឱ្យខ្ញុំបានពាំនាំនូវព្រះរាជបណ្ដាំសួរសុខទុក្ខពីសំណាក់ព្រះករុណា ព្រះបាទនរោត្តម សីហមុនី និងសម្ដេចព្រះវររាជមាតាជាតិខ្មែរ គឺសម្ដេចម៉ែ ដែលព្រះអង្គបានផ្ដាំផ្ញើ តាមរយៈខ្ញុំ និងតាមរយៈព្រះរាជសាររបស់ព្រះអង្គមកដល់ខ្ញុំ ជូនចំពោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់។ ខ្ញុំក៏សូមយកឱកាសនេះ សំដែងមរណទុក្ខចំពោះអ្នកដែលបាត់បង់ជីវិតនៅ ខេត្តបន្ទាយមានជ័យ និយាយដោយឡែក និងនិយាយដោយរួមនៅទូទាំងប្រទេស ដែលមកដល់ពេលនេះ មានរហូតដល់ ៣៤នាក់ (ក្នុង)នោះខេត្តបន្ទាយមានជ័យគ្របដណ្ដប់ទៅដល់ ១៨ នាក់រួចទៅហើយ។ ខ្ញុំសូមយកឱកាសនេះចូលរួមមរណទុក្ខជាមួយគ្រួសារសព។ គួរឱ្យអាណិតអាសូរចំពោះអ្នកនៅស្រុកថ្មពួកម្នាក់ ដែលលោតទៅសង្គ្រោះកូន ក៏ប៉ុន្តែទទួលការបាត់ជីវិតខ្លួនឯង ដែលទើបរកឃើញសពពីម្សិលមិញនេះ។ បន្ទាយមានជ័យ ជួបប្រទះទឹកជំនន់ធ្ងន់ធ្ងរជាងគេ នេះជាគ្រោះមហន្តរាយមួយ ដែលប្រទេសរបស់យើងបានជួបប្រទះ ហើយ(បាន)កើតឡើងនៅក្នុងស្ថានភាពដ៏លំបាក…