សមិទ្ធផលផ្លូវជាតិលេខ ១១ ការរីកចម្រើនកើតចេញពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិន
ឯកឧត្តម វ៉ាង វិនធាន អគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជណាចក្រកម្ពុជា។
សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិដែលស្ថិតនៅក្នុងខេត្តព្រៃវែង
និងមួយផ្នែកមកពីខេត្តត្បូងឃ្មុំ។
ថ្ងៃនេះ យើងរួមគ្នាដើម្បីធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវជាតិលេខ ១១ នៅក្នុងខេត្តព្រៃវែងមួយផ្នែក និងមួយផ្នែកទៀតនៅក្នុងខេត្តត្បូងឃ្មុំ។ សុំទោស ពីដើមមានតែម្ខាង។ ឥឡូវទៅជាត្បូងឃ្មុំ។ ពីដើមគឺខេត្តកំពង់ចាម។ ការសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនៅថ្ងៃនេះ ក៏បង្ហាញឱ្យឃើញអំពីការរីកចម្រើនឡើងរបស់ព្រះរាជាណាចក្រកម្ពុជា ហើយនេះ ក៏បានបង្ហាញអំពីសមិទ្ធផលដែលកើតចេញពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន។ ឯកឧត្តម ស៊ុន ចាន់ថុល បានធ្វើរបាយការណ៍រួចហើយ ទាក់ទិនជាមួយនឹងការកសាងផ្លូវនេះ។ ឯកឧត្តម វ៉ាង វិនធាន ក៏បានបញ្ជាក់អំពីចំណុចទាក់ទងនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ក៏ដូចជាប្រទេសនៅក្នុងតំបន់នេះផងដែរ។ ខ្ញុំពិតជាមានមោទនភាព ដែលយើងបានយកចិត្តទុកដាក់ទៅលើបញ្ហាផ្លូវនេះ។ ខ្ញុំធ្លាប់ធ្វើដំណើរតាមផ្លូវនេះក៏ច្រើនដង។
ផ្លូវជាតិលេខ ១១ តភ្ជាប់អ្នកលឿងនិងព្រៃវែងក្រុងផង ខេត្តដទៃផង និងទប់ទល់ទឹកជំនន់ផង
ខ្ញុំសុំបញ្ជាក់បន្ដិច(អំពី) ប្រវតិ្តចាប់ផ្ដើមរបស់យើង។ យើងបានឃើញអំពីស្ថានភាពលំបាកលើផ្លូវជាតិលេខ ១១ នេះ តាំងពីឆ្នាំ ២០០០ និងឆ្នាំ ២០០១។ ចាំបានទេថា ជំនន់សហសវត្សរ៍បានកើតឡើងនៅឆ្នាំ ២០០០ ហើយឆ្នាំ ២០០១ ក៏បានកើតសាជាថ្មីម្ដងទៀត។ ខ្ញុំបានធ្វើដំណើរតាមឧទ្ធម្ភាគចក្រ ដើម្បីមកចុះចតនៅតំបន់ដែលទឹកហូរកាត់។ ដូច្នេះបានជាការកសាងផ្លូវនេះ គឺត្រូវលើកកម្ពស់ មិនគ្រាន់តែជាការតភ្ជាប់ចរាចរណ៍ រវាងអ្នកលឿង ទីក្រុងព្រៃវែង និងតភ្ជាប់ទៅថ្នល់ទទឹងនៅក្នុងខេត្តត្បូងឃ្មុំប៉ុណ្ណោះទេ ក៏ប៉ន្តែវាបានជួយទៅដល់បញ្ហាទប់ទល់នឹងគ្រោះទឹកជំនន់ ដូចដែលឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងក្នុងរបាយការណ៍អម្បាញ់មិញ។ ការដាក់ទៅក្នុងគម្រោងអទិភាពរបស់យើង គឺបានចាប់ផ្ដើមឡើងជាមួយនឹងដំណើរទស្សនកិច្ចរបស់ខ្ញុំទៅកាន់ប្រទេសចិន។ ពេលនោះ គឺនៅថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែឧសភា ២០១៧ យើងបានចុះហត្ថលេខាចំនួនទឹកប្រាក់ ៦៧១ លានដុល្លារយ៉ន់ និយាយលេខគត់ ស្មើនឹងប្រមាណ ១០០ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីកសាងផ្លូវនេះ។ បន្ទាប់ទៅ យើងក៏បានបើកការដ្ឋានសាងសង់ផ្លូវនេះ។
ពេលនោះ សូមរំលឹកថា ឯកឧត្តម Xiong Bo ដែលពេលនោះ គាត់ជាអគ្គរដ្ឋទូតនៅកម្ពុជា ហើយឥឡូវនេះ គឺជាអគ្គរដ្ឋទូតនៅប្រទេសវៀតណាម បានរួមគ្នា បើកការដ្ឋានសាងសង់ផ្លូវនេះ នៅថ្ងៃទី ២៣ មីនា ២០១៨។ ក្នុងរយៈពេលនៃការសាងសង់នេះ ក្រុមហ៊ុនបានខិតខំសាងសង់ដើម្បីឱ្យរួចមុនផែនការកំណត់។ យោងទៅលើផែនការដើម គឺមានរយៈពេលរហូតទៅដល់ ៤៤ ខែ ប៉ុន្តែមិត្តចិន និងក្រុមហ៊ុនបានខិតខំកសាង គឺត្រឹមតែ ៣០ ខែ ប៉ុណ្ណោះ។ យើងបានបញ្ចប់ការសាងសង់តាំងពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២០ មកម្ល៉េះ។ ការសាងសង់នេះ បានជួយឱ្យខេត្តព្រៃវែង មានវឌ្ឍនភាពបន្ថែមទៀត ទៅលើបញ្ហាការតភ្ជាប់ការដឹកជញ្ជូននៅក្នុងក្របខណ្ឌខេត្តរបស់ខ្លួនផ្ទាល់ផង និងតភ្ជាប់ជាមួយនឹងខេត្តដទៃផងដែរ។ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានលើកបញ្ជាក់អំពីសារសំខាន់នូវផ្លូវនេះ ក៏ដូចជាផែនការដទៃទៀតទាក់ទិនជាមួយនឹងការតភ្ជាប់ highway អាស៊ាន នៅទិសខាងត្បូងរបស់យើង។
ចិនសង់ផ្លូវ ៣០០០ គម/១៥០០០ គម និងស្ពានឆ្លងទន្លេ ៨
ខ្ញុំសុំយកឱកាសនេះ តាមរយៈឯកឧត្តម វ៉ាង វិនធាន អនុញ្ញាតឱ្យខ្ញុំផ្ដាំផ្ញើនូវការអរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលជានិច្ចកាលបានជួយយើងក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីបម្រើទៅនឹងសេចក្ដីត្រូវការនូវការអភិវឌ្ឍប្រទេសជាតិ។ មកដល់ពេលនេះ មិត្តចិនបានជួយកសាងផ្លូវសម្រាប់ប្រទេសរបស់យើង មានជាង ៣ ០០០ គីឡូម៉ែត្ររួចស្រេចទៅហើយ ថែមទាំងស្ពានមួយចំនួន៖ ស្ពានឆ្លងកាត់ទន្លេរហូតដល់ ៨ និងស្ពានតាមផ្លូវនីមួយៗច្រើនណាស់ បើយើងរៀបរាប់ស្ពានតាមផ្លូវ គឺរាប់រយស្ពាន។ អម្បាញ់មិញ ឯកឧត្តម វ៉ាង វិនធាន បានលើកឡើងអំពីសុភាសិតបុរាណខ្មែរ និងសុភាសិតរបស់ចិន។ ពាក្យខ្មែរយើង “មានផ្លូវ មានក្ដីសង្ឃឹង” ពាក្យចិនថា “បើចង់មាន ឱ្យធ្វើផ្លូវមុន” អាហ្នឹងខាងចិន ប្រើពាក្យអញ្ចឹង។ រឿងហ្នឹងជារឿងពិត ដែលមិនអាចបដិសេធចោលបានទេ។ ខ្មែរយើងមានទំលាប់មួយ សួរគ្នាថា មានផ្លូវ ឬអត់? មានផ្លូវ ឬអត់ហ្នឹង ប្រើគ្រប់ មិនមែនគ្រាន់តែចង់សំដៅថា ផ្លូវធ្វើដំណើរទេ ដូចជាទៅប្រឡង សួរគ្នាថា មានផ្លូវ ឬអត់? ទៅនេសាទ មានផ្លូវ ឬអត់? បើថាមានផ្លូវ គឺប្រឡងច្បាស់ជាជាប់ហើយ។ បើថាទៅនេសាទ ច្បាស់ជាបានត្រីហើយ។ ឬក៏ទៅធ្វើអីមួយក៏ដោយ មានផ្លូវ ឬអត់ គឺមានផ្លូវ គឺមានសង្ឃឹម។ ដូច្នេះក៏ដូចគ្នាផងដែរ យើងត្រូវខិតខំ ដើម្បីតបន្តការវិនិយោគទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់។ បើនិយាយពីហេដ្ឋារចនាសម្ព័ន្ធ វាមិនគ្រាន់តែផ្លូវទេ ក៏ប៉ុន្តែអ្វីដែលខ្ញុំចង់លើកនៅពេលនេះ គឺការតភ្ជាប់តាមរយៈការធ្វើផ្លូវ ធ្វើស្ពាននេះតែម្ដង។ បើយោងទៅលើរបាយការណ៍របស់ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល នៅក្នុងទូទាំងប្រទេសរបស់យើង យើងបានធ្វើផ្លូវចាក់កៅស៊ូ និងចាក់បេតុងទាំងអស់ ១ ម៉ឺន ៥ ពាន់គីឡូម៉ែត្រ រួចស្រេចទៅហើយ។ ក៏ប៉ុន្តែប៉ុណ្ណេះ មិនទាន់គ្រប់ទេ។
សិក្សាគម្រោងផ្លូវ ពីស្រុកល្វាឯមមកកាន់ផ្លូវជាតិលេខ ១១ និងទៅព្រំដែនកម្ពុជា/វៀតណាម
ម្សិលមិញនេះ ខ្ញុំបានចារទៅតាមសំណើរបស់សម្ដេចក្រឡាហោម ស ខេង ហើយបានចារឱ្យសិក្សាមួយ កំណាត់ផ្លូវភ្ជាប់ពីល្វាឯម មកកាន់ផ្លូវជាតិលេខ ១១ នេះ។ ចារឱ្យពិនិត្យសិក្សា តើតម្លៃប៉ុន្មាន? បន្ទាប់ទៅឱ្យតភ្ជាប់ពីហ្នឹង ដើម្បីទៅទល់ព្រំដែនកម្ពុជាវៀតណាម។ បន្ទាប់ពីចំណារនោះ យើងក៏បានថតចម្លងជូនឯកឧត្តម ស៊ុន ចាន់ថុល និងថតចម្លងជូនឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន។ ផ្នែកទីមួយនេះ ឱ្យសិក្សាតម្លៃប៉ុន្មាន? អម្បាញ់មិញនេះ ផ្លូវត្រឹមតែ ២៩ គីឡូម៉ែត្រ ត្រូវចំណាយប្រមាណជាជាង ៧០ លានដុល្លារឯណោះ។ ព្រោះអី? ត្រូវធ្វើផ្លូវម្ខាង ធ្វើស្ពាន។ ប៉ុន្តែធ្វើផ្លូវនោះ វាធ្លាក់ក្នុងទឹក ៥ ម៉ែត្រ ១០ ម៉ែត្រឯណោះ វាជ្រៅពេក។ ប៉ុន្តែយ៉ាងណាក៏ដោយ យើងមិនបោះបង់ចោលនូវគម្រោងការនេះទេ។ យើងត្រូវរកថវិកា ដើម្បីធ្វើ។ បើយើងតភ្ជាប់នឹងខ្សែក្រវាត់ក្រុងទី ៣ ពីស្រុកល្វាឯម មកកាន់ខេត្តព្រៃវែងនេះ វាមានចម្ងាយមិនដល់ ៣០ គីឡូម៉ែត្រទេ ដែលវាអាចកាត់បន្ថយនូវការលំបាករបស់ប្រជាជននៅក្នុងតំបន់នោះ។ យើងនឹងតភ្ជាប់។ បើយើងគិតរយៈចម្ងាយពីទីនេះ ទៅដល់ព្រំដែនកម្ពុជាវៀតណាម មានចម្ងាយផ្លូវវែងជាង។ ក៏ប៉ុន្តែការប៉ាន់ស្មានតម្លៃ គឺ(ចំណាយ)តិចជាង។ ប៉ុន្តែស្ថានភាពវាមិនដូចគ្នាទេ។ មួយធ្វើលើគោក មួយទៀតធ្វើនៅក្នុងទឹក។ ធ្វើក្នុងទឹកនេះ ត្រូវតែប្រយ័ត្នប្រយែងអំពីបញ្ហាចរន្តទឹកបុកផងដែរ។ ប៉ុន្តែបានសិក្សាហើយ។ តែអ្វីដែលយើងត្រូវការសិក្សាថែមទៀតនោះ យើងបានទុនមកពីណា។ យើងនឹងពិភាក្សាអំពីបញ្ហានេះ តាមរយៈការបញ្ចុះទុនរបស់យើងដោយដំណាក់ៗ។ ព្រោះផ្លូវជាធម្មតា ធ្វើបែបនេះ មិនមែនធ្វើមួយឆ្នាំស្រូបយកអស់លុយនោះទេ។ យើងអាចកាត់ជាពហុឆ្នាំ៖ ឆ្នាំទី ១ ធ្វើអ្វីខ្លះ អស់ប៉ុន្មាន? ឆ្នាំទី២ អស់ប៉ុន្មាន? និងឆ្នាំទី៣ អស់ប៉ុន្មាន? យើងនឹងពិនិត្យអំពីបញ្ហានេះជាមួយនឹងប្រភពធនធានដែលយើងមាន។
កម្មវិធីសង្គមរបស់រាជរដ្ឋាភិបាល នៅតែបន្ត មិនកាត់បន្ថយទេ
ខ្ញុំនៅតែសោកស្ដាយ ដែលកូវីដ-១៩បំផ្លាញលុយយើង។ បើកុំអី ខ្ញុំត្រូវប្រកាសភ្លាមតែម្ដង។ ប៉ុន្តែវាធ្វើឱ្យស្រកស្រុតថវិការបស់យើង បូកនឹងភាពមិនច្បាស់នៃអនាគតសេដ្ឋកិច្ចនៅពេលខាងមុខ ដែលយើងត្រូវចិញ្ចឹមប្រជាពលរដ្ឋក្នុងមួយខែជិត ៥០ លានដុល្លារសហរដ្ឋអាមេរិក។ តាំងពីពេលកើតកូវីដ-១៩ យើងចាប់ផ្ដើមឧបត្ថម្ភប្រជាពលរដ្ឋប្រមាណជិត ៧០ ម៉ឺនគ្រួសារ ដែលមានប្រជាពលរដ្ឋប្រមាណជិត ៣ លាននាក់បានទទួលផល។ យើងត្រូវចេញ(ថវិកា)មួយខែប្រមាណជិត ៧០ លានដុល្លារសហរដ្ឋអាមេរិក បូកទាំងកម្មករ កម្មការិនីដែលអត់មានការងារធ្វើ បូកនឹងស្រ្ដីជាកម្មការិនីមានផ្ទៃពោះធំដែលត្រូវឆ្លងទន្លេ ហើយបូកនឹងកម្មវិធីសង្គមដែលយើងត្រូវផ្ដល់ឱ្យ ចាប់ពីមានផ្ទៃពោះរហូតទៅដល់ឆ្លងទន្លេ ត្រូវឧបត្ថម្ភ។ ពេលឆ្លងទន្លេហើយក៏ត្រូវឧបត្ថម្ភ បន្ទាប់ពីហ្នឹង ត្រូវជួយឧបត្ថម្ភពួកគាត់រហូតទៅដល់ពេលកូនមានអាយុ ២ ឆ្នាំឯណោះ។ នេះជាកម្មវិធីសង្គមរបស់យើង។ ក្នុងរយៈពេលដ៏លំបាកនេះ យើងមិនឱ្យកម្មវិធីសង្គមដែលយើងកំពុងធ្វើនេះ ត្រូវកាត់បន្ថយនោះទេ។
… ឧទាហរណ៍ កម្មការិនីឆ្លងទន្លេ ត្រូវឧបត្ថម្ភកូនមួយប៉ុន្មាន? ហើយបើបានកូនភ្លោះប៉ុន្មាន? ហ្នឹងត្រូវតែបន្តការជួយចំពោះប្រជាពលរដ្ឋក្រីក្រ ដែលចាប់ផ្ដើមពីមានផ្ទៃពោះ រហូតដល់ពេលឆ្លងទន្លេ ត្រូវឧបត្ថម្ភ ៤ ដង តម្រូវឱ្យគាត់ពិនិត្យផ្ទៃពោះ ហើយពិនិត្យផ្ទៃពោះ ត្រូវផ្ដល់ប្រាក់ឱ្យគាត់។ ពេលឆ្លងទន្លេ ត្រូវឧបត្ថម្ភគាត់ បន្ទាប់ពីឆ្លងទន្លេហើយ យើងត្រូវឧបត្ថម្ភពួកគាត់រហូតទៅដល់កូនអាយុ ២ ឆ្នាំ។ បើទោះបីមានកូវីដ-១៩ ឬអត់កូវីដ-១៩ (មកដល់) គឺត្រូវតែបន្តកម្មវិធីទៅទៀត ហើយអាចពង្រីកវិសាលភាព ទៅគ្របដណ្ដប់ទៅលើមនុស្សចាស់ទៀតផង។ ប៉ុន្តែយើងក៏ត្រូវមានក្របខណ្ឌគោលនយោបាយមួយជាក់លាក់ ដែលសំដៅឆ្ពោះទៅរកអ្នកដែលក្រីក្រ។ អ្នកមាន គឺគេមិនត្រូវការទេ។ ដូចជាអ្នកមាន មានផ្ទៃពោះ មិនត្រូវការលុយប៉ុន្មានហ្នឹងនោះទេ។ បើគិតមនុស្សម្នាក់ យើងអាចប្រើប្រាស់អស់ប៉ុន្មាន ដូចជា ២០០ ដុល្លារ សម្រាប់មនុស្សម្នាក់តាមរយៈកម្មវិធីនេះ។
ប៉ុន្តែក្នុងដំណាក់កាលនៃកូវីដ-១៩ នេះ យើងបានប្រើប្រាស់ប្រាក់ច្រើនណាស់ជាកម្មវិធីសង្គម ដើម្បីកុំឱ្យប្រជាពលរដ្ឋយើងរងគ្រោះ។ ក្រហើយ បាត់បង់ប្រាក់ចំណូល។ ប៉ុន្តែដោយសារការទ្រទ្រង់របស់យើងទៅលើប្រជាពលរដ្ឋដែលក្រីក្រនេះ គឺគាត់បានទទួលផល។ មួយផ្នែកគឺផ្ដល់លុយជូនពួកគាត់, មួយផ្នែកទៀត យើងបានបញ្ចេញថវិកា សម្រាប់គេហៅថា សាច់ប្រាក់ពលកម្ម ដែលអាចធ្វើការកូនប្រឡាយទឹក ផ្លូវលំ ហើយគាត់អាចចូលរួមធ្វើ ដើម្បីទទួលយកប្រាក់ទាំងនោះ។
ប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តី ថ្ងៃ ១៤ មករា ១៩៨៥៖ មិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ …
នេះហើយជាកម្មវិធីដែលយើងធ្វើ។ យើងមិនទុកឱ្យប្រជាជនណាម្នាក់ ស្លាប់ដោយអត់បាយនោះទេ។ ខ្ញុំនៅចាំបានថា ប្រវត្តិដែលខ្ញុំនិយាយថា មិនត្រូវទុកឱ្យប្រជាជនណាម្នាក់ ស្លាប់ដោយអត់បាយ ដោយយើងមិនបានដឹង ហើយមិនបានដោះស្រាយ តើខ្ញុំប្រកាសនៅកន្លែងណាមុនគេ? ក្រោយពេលការបោះឆ្នោត ប្រគល់តំណែងឱ្យខ្ញុំជានាយករដ្ឋមន្រ្តី ជាប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តីនៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ១៩៨៥។ ពេលនោះ ខ្ញុំស្នើសុំអង្គសភាជួយខ្ញុំនៅក្នុងការដោះស្រាយបញ្ហា(ខ្វះស្បៀង)។ នៅចាំទេ ពេលហ្នឹង ឯកឧត្តម ជាម យៀប នៅធ្វើអភិបាលខេត្តនៅឡើយទេ។ ខ្ញុំ, បង ជា ស៊ីម, បង ចាន់ ស៊ី ធ្វើដំណើរតាមអូប៊័រមកស៊ីបាយនៅអ្នកលឿង។ ថ្ងៃហ្នឹង ដាក់ពស់នៅពីក្រោយ។ បើកអូប័រ មានទៅដឹងពស់នៅក្រោយឯណា។ នៅនេះ សម្បូរពស់។ ខ្ញុំជាមួយនឹងពស់នេះ គឺថា(មិនត្រូវគ្នា)។ គេថា សាច់ពស់ឆ្ងាញ់ ខ្ញុំមិនឆ្ងាញ់ជាមួយទេ។ ដាក់គ្រប់អូប៊័រ។ អូប៊័របង ជា ស៊ីម ក៏មាន, អូប៊័របង ចាន់ ស៊ី ក៏មាន និងអូប៊័រខ្ញុំក៏មាន។ ស្រាប់តែក្រឡេកទៅក្រោយ ក្រឡេកទៅមើលអូប៊័របង ជា ស៊ីម និងបង ចាន់ ស៊ី នៅក្រោយទេ ស្រាប់តែឃើញពស់នៅក្រោយ។ ពស់មិនចេះតិច។ ប៉ុន្មានក្បាលនៅក្នុងទ្រង់ដែក ចង់លោតទំលាក់ទឹកតែម្ដង ព្រោះខ្ញុំជាមួយនឹងពស់អស់ត្រូវគ្នាទេ។ នាគរាជ ក៏ប៉ុន្តែខ្លាចពស់។
ពេលនោះ ជាពេលវេលាដែលទឹកជំនន់ផង រាំងស្ងួតផងនៅឆ្នាំ ១៩៨៤។ ដល់ឆ្នាំ ១៩៨៥ បញ្ហាកើតឡើង គឺខ្វះស្បៀង។ ខ្ញុំបាននិយាយក្រោយការបោះឆ្នោតចប់នៅក្នុងសភា។ ពេលនោះ អ្វីដែលគួរឱ្យកត់សំគាល់ គឺការទុកចិត្តបោះឆ្នោតជាសំងាត់។ ក៏ប៉ុន្តែសំឡេង ១០០ ភាគរយ ដែលខុសពីនាយករដ្ឋមន្រ្តីពីមុន។ ប៉ែន សុវណ្ណ បាត់ ៨ សំឡេង។ បង ចាន់ ស៊ី បាត់ ៧ សំឡេង។ ហ៊ុន សែន (បាត់) ០ សំឡេង។ បង ជៀម យាប ខ្លួនឯងហ្នឹងស្ថិតក្នុងអ្នកបោះឆ្នោត, ម៉ែន សំអន។ ដូចជាថ្ងៃនោះ ខៀវ កាញ្ញារិទ្ធ, វ៉ាន់ឌី កាអុន, បង ចែម ស្ងួន ដូចជាគណៈកម្មការបោះឆ្នោត។ ខ្ញុំបាននិយាយថា ទេវតាកំពុងសាកម្ដងសមត្ថភាពរបស់ ហ៊ុន សែន ហើយ។ អញ្ចឹងដោយសារតែរាំងស្ងួត និងគ្រោះទឹកជំនន់ ឆ្នាំ ១៩៨៤ អញ្ចឹងខ្ញុំអំពាវនាវចំពោះអង្គសភា សុំឱ្យយកចិត្តទុកដាក់ សុំកុំទុកឱ្យប្រជាជនណាម្នាក់ស្លាប់ដោយអត់បាយដែលយើងមិនបានដឹង ហើយមិនបានដោះស្រាយ។ បន្ទាប់ពីហ្នឹង ខ្ញុំបានចុះមកខេត្តព្រៃវែង ហើយខ្ញុំប្រកាសនៅស្រុកកំពង់ត្របែក ដែលពេលនោះ ស្បោង សារ៉ាត ធ្វើអភិបាលស្រុកកំពង់ត្របែក។ ខ្ញុំទៅប្រកាសនៅកន្លែងហ្នឹងជាសាធារណៈមុនគេ ក្រៅពីក្នុងសភា។ ក្រៅពីហ្នឹងមក ទ្រឹស្ដី “មិនត្រូវទុកឱ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយដាច់បាយ ដោយយើងមិនបានដឹង ហើយមិនបានដោះស្រាយ”។ តែមិនបានដឹងហើយ ម៉េចដោះស្រាយកើត។ អញ្ចឹងបានជាបញ្ហាសុខទុក្ខរបស់ប្រជាពលរដ្ឋ ត្រូវបានយកចិត្តទុកដាក់។
រដូវរងាអូសបន្លាយយូរ សូមបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់អំពីសុខភាព
រដូវរងាឆ្នាំនេះ គឺរងាខ្លាំង។ តាមការព្យាករណ៍ឧតុនិយម (រដូវរងា)ក៏កំពុងតែពន្យារអូសបន្លាយទៅដល់ខែកុម្ភៈឯណោះ។ អញ្ចឹងបានជាខ្ញុំបានអំពាវនាវឱ្យប្រជាពលរដ្ឋរបស់យើង យកចិត្តទុកដាក់ មានជីដូន ជីតា ឪពុកម្ដាយចាស់ៗ ត្រូវយកចិត្តទុកដាក់អំពីសុខភាពរបស់គាត់។ សម្រាប់អ្នកក្រីក្រ អាជ្ញាធរត្រូវយកចិត្តទុកដាក់។ ក្រុមការងារចុះជួយមូលដ្ឋានត្រូវយកចិត្តទុកដាក់។ អ្នកក្រីក្រអត់មានកូនចៅ អត់មានទីពំនឹង អញ្ចឹងពឹងពាក់អាស្រ័យទៅលើអាជ្ញាធរ។ ខ្លះមានកូន មានចៅដែរ ក៏ប៉ុន្តែគ្នាក្រីក្រ។ អញ្ចឹងឃើញរាជធានី ខេត្តមួយចំនួនធ្វើបានច្រើន៖ ភ្នំពេញ ខេត្តព្រះសីហនុ។ ខេត្តព្រះសីហនុរាយការណ៍ជាប្រចាំ ម្សិលមិញបានរាយការណ៍មកបន្ថែមទៀត នូវការចែកជូនទាំងអាវរងា ទាំងមុងភួយ និងសម្ភារមួយចំនួន ព្រមទាំងថវិកាផងដែរ។ ធ្វើម៉េចឆ្លងកាត់ដំណាក់កាលនៃរដូវរងានេះ កុំឱ្យប្រជាពលរដ្ឋរបស់យើងណាម្នាក់ រងគ្រោះដោយសារតែរឿងរងា។ នៅប្រទេសនៅអឺរ៉ុប ច្រើននៅប្រទេសឥណ្ឌាតែម្ដង ច្រើនតែដេកស្លាប់ដោយភាពរងា ភាពត្រជាក់។ សម្រាប់យើង កម្មវិធីសង្គម ដែលយើងបានផ្ដល់សម្រាប់(ប្រជាជន) ប្រមាណជិត ៧០ ម៉ឺនគ្រួសារនេះ នៅតែជាកម្មវិធីដែលត្រូវបានផ្ដល់ការយកចិត្តទុកដាក់ ទោះបីប្រទេសត្រូវបានបើកឡើងវិញក៏ដោយ ក៏ប៉ុន្តែយើងមិនទាន់ដាច់នូវកម្មវិធីនេះទេ រាប់ទាំងកម្មវិធីទាក់ទងនឹងភាពអនុគ្រោះពន្ធដារ ទៅលើបណ្ដាមុខជំនួញមួយចំនួន ដែលយើងបានប្រកាសកន្លងទៅ។ យើងក៏មិនទាន់បញ្ចប់ត្រឹមពេលដែលយើងបើកប្រទេសនេះដែរ យើងត្រូវបន្តតទៅទៀត ដើម្បីដោះស្រាយបញ្ហាសុខុមាលភាពរបស់ប្រជាពលរដ្ឋ។
ត្រៀមថវិកាទុកសំរាប់យថាហេតុ ដែលកូវីដ-១៩ វិលត្រឡប់
ដោយសារតែការប្រើប្រាស់លុយនេះច្រើនពេក ហើយភាពមិនច្បាស់លាស់នៅពេលខាងមុខ បានជាខ្ញុំមិនទាន់ហ៊ានប្រកាសអំពីផ្លូវដែលបានសិក្សារួចហើយថា ៧០ លានដុល្លារនេះ ព្រោះយើងក៏ត្រូវលៃត្រៀមទុកនូវយថាហេតុ ដែលអាចកូវីដ-១៩ វិលត្រឡប់។ ពិតហើយ យើងមានជំនឿទុកចិត្តយ៉ាងធំជាមួយនឹង(វិធានការសុខាភិបាល) ហើយថ្ងៃនេះ មានតែ ១៦ ករណីទេ(អ្នកឆ្លងកូវីដ-១៩) ដែលលោកជំទាវ យក់ សម្បត្តិ រាយការណ៍ឱ្យខ្ញុំ … អត្រាឆ្លង គឺធ្លាក់ចុះយ៉ាងខ្លាំង … សូមអភ័យទោសដែរ ដែលអម្បាញ់មិញ ក្មួយៗនៅណោះ ប្រុងមកចាប់ដៃគ្នា ដូចកាលពីមុន។ ខ្ញុំដកដៃចេញទៅ។ មិនមែនខ្ពើមក្មួយៗទេ ក៏ប៉ុន្តែក្មួយៗត្រូវប្រយ័ត្នឆ្លងពីពូត្រឡប់ទៅវិញ។ ពេលនេះ គឺជាពេលវេលា(កូវីដ-១៩ រាតត្បាត) យ៉ាងច្រើនគេឱ្យប្រើកែងដៃប៉ះគ្នា។ បើសិន អម្បាញ់មិញ ពូយកកែងដៃ ទៅប៉ះកែងដៃក្មួយ គឺដូចជាមិនស្រួលទេ(មិនសម) ប៉ុន្តែបើចាប់ដៃ គឺចាប់មិនបានទេ … យកល្អ យើងអង្គុយ(ឃ្លាតពីគ្នា)។ ពីដើមរោងប៉ុណ្ណឹង យើងអាចដាក់មនុស្សបាន ៧ ពាន់ ទៅ ៨ ពាន់នាក់ ឬច្រើនជាងហ្នឹង។ ឥឡូវយើងដាក់មនុស្សបានតែ ១ ពាន់នាក់ ព្រោះយើងត្រូវអង្គុយឃ្លាតឆ្ងាយពីគ្នា។ នេះហើយដែលហៅថា រស់នៅតាមគន្លងថ្មី ដែលយើងត្រូវតែបន្តការប្រយុទ្ធជាមួយនឹងជំងឺមួយនេះ។
សិក្សាសាងសង់មជ្ឈមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ ថ្មី ដាក់បានរាប់ម៉ឺននាក់
បន្ថែមលើនោះ ខ្ញុំសុំបញ្ជាក់ជូនសម្ដេចពិជ័យសេនា ក៏ដូចជាឯកឧត្តម ថោង ខុន និងឯកឧត្តម ម៉ម ប៊ុនហេង បានជ្រាប។ យើងឃើញហើយ របាយការណ៍មានការប្រជុំ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានបញ្ជូន។ យើងបានប្រគល់(នូវមណ្ឌលព្យាបាលទាំងនោះ ទៅឱ្យវិស័យឯកជនវិញ) ដោយសារតែអ្នកជំងឺធ្លាក់ចុះនៅទូទាំងប្រទេស។ ទីក្រុងភ្នំពេញបានបិទមណ្ឌលព្យាបាលមួយចំនួន ហើយប្រគល់នូវមណ្ឌលព្យាបាលទាំងនោះ ទៅឱ្យវិស័យឯកជនវិញ ដើម្បីឱ្យវិស័យឯកជន គេចាប់ផ្ដើមរៀបចំ(បំរើសេវា)អាពាហ៍ពិពាហ៍ ឬការប្រជុំស្អីៗ ត្រូវប្រគល់ទៅឱ្យវិស័យឯកជនវិញ។ ប៉ុន្តែនៅមានរឿងស្តាដអូឡាំពិក។
ឥឡូវនេះ ខ្ញុំសុំឱ្យខាងក្រសួងសុខាភិបាល ទំនាក់ទំនងគ្នាជាមួយនឹងឯកឧត្តម ឃួង ស្រេង។ យើងខាងណេះ រកដី រកលុយ។ យើងអាចនឹងធ្វើមជ្ឈមណ្ឌលព្យាបាលកូវីដ-១៩ មួយ រួចហើយផ្ទេរអ្នកជំងឺចេញ ប្រគល់ស្ដាតអូឡាំពិក ដើម្បីរៀបចំការហ្វឹកហាត់ បម្រើឱ្យកីឡានិងស៊ីហ្គេម ២០២៣។ អញ្ចឹងប្រហែលជានៅក្នុងរង្វង់ចុងឆ្នាំ ២០២២ យើងអាចផ្ទេរបាន។ យើងត្រូវប្រើលុយមួយចំនួន ដើម្បីទៅធ្វើមន្ទីរពេទ្យនោះ។ យើងមានមន្ទីរពេទ្យច្រើនហើយ ប៉ុន្តែកន្លងទៅនេះ ដោយសារអ្នកជំងឺច្រើនពេក យើងខ្ចីកោះពេជ្រ វិមានសែនសុខ ពិភពថ្មី ស្អីប៉ុន្មានកន្លែងឯណោះ។ យើងត្រូវប្រគល់ឱ្យវិស័យឯកជនវិញ។ ប៉ុន្តែយើងនៅជំពាក់ស្ដាតអូឡាំពិក។ អញ្ចឹងបើជំពាក់ស្តាដ ពេលដែលយើងត្រូវប្រកួតកីឡា តើយើងត្រូវប្រកួតយ៉ាងម៉េច?
អញ្ចឹងយើងត្រូវមានមជ្ឈមណ្ឌលមួយ ទំហំធំ ដែលអាចដាក់មនុស្សបានរាប់ម៉ឺននាក់ក្នុងការព្យាបាល ហើយផ្នែកសង្រ្គោះបន្ទាន់ រាប់រយគ្រែនៅទីនោះ។ អញ្ចឹងឯកឧត្តម អភិបាលរាជធានីភ្នំពេញ ឃួង ស្រេង នឹងធ្វើកិច្ចការងារនេះ។ ម្សិលមិញ ចុងក្រោយ ខ្ញុំចង់ប្រើប្រាស់ថវិកា ដែលក្រសួងសុខាភិបាលយកប្រើប្រាស់មកខាងខេត្តកណ្ដាល ប៉ុន្តែហាក់ដូចជាឆ្ងាយពេក។ អញ្ចឹង យើងអាចធ្វើនៅទីក្រុងភ្នំពេញ នៅផ្នែកខាងលើឯណោះវិញ។ បើយើងមិនរំដោះស្តាដអូឡាំពិកទេ ស្តាដយើងទៅជាមន្ទីរពេទ្យ។
ពហុកីឡដ្ឋានមរតកតេជោ ជាអំណោយរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង(XI Jinping)
… កន្លែងហ្នឹងទុកសិន ហើយនាំគ្នាទៅហាត់នៅស្តាដថ្មីទៅ។ យើងនឹងសម្ពោធជាផ្លូវការនៅថ្ងៃទី ១៨ ខែធ្នូ។ ស្នើមកខ្ញុំ ចំថ្ងៃទី ២០ ធ្នូ ដើម្បីរាប់ថយក្រោយ ឱ្យត្រូវនឹង ៥០០ ថ្ងៃ។ ប៉ុន្តែថ្ងៃទី ២០ ខ្ញុំមានកម្មវិធីហើយ។ ឥឡូវអត់អីទេ យើងធ្វើនៅថ្ងៃទី ១៨ ខែធ្នូ មុន ០២ ថ្ងៃ, ៥០២ ថ្ងៃ រាប់ថយក្រោយ។ ថ្ងៃទី ១៨ ខែធ្នូ យើងត្រូវពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្តាដ (ពហុកីឡដ្ឋានមរតកតេជោ)ជាផ្លូវការ។ ថ្ងៃដែលឯកឧត្តម រដ្ឋមន្ត្រីការបរទេស វ៉ាង យី(Wang Yi) មក គឺប្រកាសផ្ទេរប្រគល់ ប៉ុន្តែយើងមិនទាន់បានធ្វើពិធីសម្ពោធនៅឡើយទេ។ ខាងក្រុមរៀបចំ គេបានសួរមកខ្ញុំថា មានជម្រើស ០២៖ ជម្រើសទី១ ដាក់មនុស្សប្រហែលជា ១ ពាន់នាក់ និងជម្រើសទី២ ដាក់មនុស្ស ១ ម៉ឺន ៥ ពាន់នាក់។ ខ្ញុំថា យកជម្រើសទី២ មនុស្ស ១ ម៉ឺន ៥ ពាន់នាក់ យ៉ាងតិច។ ហ្នឹងខ្ញុំប្រើពាក្យយ៉ាងតិច ព្រោះស្តាដរបស់យើង(ពហុកីឡដ្ឋានមរតកតេជោ) ដាក់បានមនុស្ស ៦ ម៉ឺន ៥ ពាន់នាក់ឯណោះ … ខ្ញុំចង់ដាក់លើសហ្នឹង តែវាស្ថិតនៅត្រង់ថាត្រូវធ្វើតេស្ដមុនចូល។ អញ្ចឹងសមត្ថភាពនៃការធ្វើតេស្ដរហ័ស … ធ្វើតេស្ដទៅតាមក្រុមអ្នកដែលត្រូវចូល។ ធ្វើតេស្ដពីល្ងាចអញ្ចឹងទៅ រួចហើយគឺត្រូវចូល។ បើកុំមានកូវីដ-១៩ ខ្ញុំដាក់ ៦ ម៉ឺន ៥ ពាន់នាក់នៅខាងលើ រួចហើយកីឡាករលេងមួយជុំហ្នឹង។ ធ្វើឱ្យធំតែម្ដង។ យើងមិនដែលមានស្តាដធុនហ្នឹងផង អាហ្នឹងជាអំណោយសប្បុរសរបស់រដ្ឋាភិបាលចិន។ និយាយតាមមួយបែប ជាអំណោយរបស់ឯកឧត្តម ប្រធានាធិបតីចិន ស៊ី ជីនពីង (Xi Jinping) ផ្ដល់ចំពោះកម្ពុជាយើង ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ ២០២៣។
យូរបំផុតត្រឹមចុងខែធ្នូ ផ្ទេរឱ្យបានរួចរាល់ មណ្ឌលនានាខ្ចីពីឯកជន ព្យាបាលកូវីដ-១៩
អញ្ចឹងទេ បានជាគម្រោងរៀបចំមន្ទីរពេទ្យនេះ ត្រូវបានប្រកាសនៅថ្ងៃនេះ ដើម្បីឱ្យជាដំណឹងជូនទៅគណៈកម្មការសម្រាប់ការរៀបចំស៊ីហ្គេមឆ្នាំ ២០២៣ ផង គណៈកម្មាធិការអូឡាំពិកផង, ក្រសួរអប់រំ យុវជន និងកីឡាផង, ក្រសួងសុខាភិបាលផង និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផង យើងនឹងធ្វើមន្ទីរពេទ្យ។ កន្លងទៅ យើងមាន ប៉ុន្តែយើងខ្ចីមជ្ឈមណ្ឌលឯកជន។ ឥឡូវ ត្រូវបើក(បំរើសេវា)ការរៀបអាពាហ៍ពិពាហ៍ឡើងវិញ។ ពីដើមគេការ គេមានកន្លែងហ្នឹង ធ្វើជារោងការ ប៉ុន្តែយើងយកកន្លែងហ្នឹងមកព្យាបាល(អ្នកជំងឺកូវីដ-១៩)។ អស់អ្នកជំងឺហើយ យើងត្រូវផ្ទេរ។ យូរបំផុតចុងខែធ្នូហ្នឹង ផ្ទេរឱ្យចប់។ អញ្ចឹងយើងនៅសល់តែមជ្ឈមណ្ឌលអូឡាំពិកមួយទេ។ បន្ទាប់ពីហ្នឹង យើងនឹងធ្វើការសាងសង់មន្ទីរពេទ្យមួយថ្មី ដោយបំពាក់ឧបករណ៍ សម្ភារឱ្យគ្រប់គ្រាន់ រួចហើយយើងចាប់ផ្ដើមផ្ទេរអ្នកជំងឺ ប្រគល់ស្តាដអូឡាំពិកជូនទៅផ្នែកកីឡាវិញ។ ហ្នឹងសុទ្ធតែជាគម្រោង ដែលយើងត្រូវដោះស្រាយ ចំពោះអ្វីដែលជាបញ្ហាប្រឈមធំនៅក្នុងប្រទេសរបស់យើង។
ដោយសារកូវីដ-១៩ កម្ពុជាត្រូវប្រើថវិកាជាច្រើនក្នុងជំនួយឧបត្ថម្ភសង្គម
ខ្ញុំនិយាយអំពីបញ្ហាផ្លូវ ប៉ុន្តែក្នុងក្របខណ្ឌជានាយករដ្ឋមន្រ្តី យើងត្រូវនិយាយកិច្ចការទូលំទូលាយ ដែលក្នុងនោះ វាពាក់ព័ន្ធប្រទាក់ក្រឡាគ្នា។ ហេតុអ្វីបានជាខ្ញុំមិនប្រកាសធ្វើផ្លូវនេះ(ពីស្រុកល្វាឯម មកកាន់ផ្លូវជាតិលេខ ១១) ដែលបានសិក្សារួចហើយ(ថាមាន) តម្លៃ ៧០ លានដុល្លារសហរដ្ឋអាមេរិក? វាមានការប្រទាក់ក្រឡាគ្នា ជាមួយនឹងបញ្ហាហិរញ្ញប្បទាន។ តើយើងរកលុយពីណាពិតប្រាកដ ដើម្បីយកមកធ្វើ។ យើងបានចំណាយច្រើនណាស់ ហើយនិងត្រៀមចំណាយក្នុងមួយខែៗ មិនទាន់គិត។ នេះគ្រាន់តែគិតចំណាយសង្គមទេ អត់ទាន់គិតចំណាយទៅលើបញ្ហាការព្យាបាលជំងឺ ឧបត្ថម្ភសម្រាប់គ្រូពេទ្យ។ គ្រូពេទ្យ បើមិនឧបត្ថម្ភគាត់ ឱ្យគាត់ធ្វើម៉េច? សូម្បីតែគ្រូពេទ្យចុះចាក់វ៉ាក់សាំងក៏យើងជួយ ដើម្បីកុំឱ្យគាត់យកប្រាក់នៅក្នុងហោប៉ៅរបស់គាត់ទៅចំណាយ។ ប្រពន្ធកូននៅផ្ទះអត់(មានលុយសម្រាប់ចំណាយ)។ អញ្ចឹងត្រូវគិតសព្វគិតគ្រប់កន្លែង។ ត្រូវចំណាយច្រើនណាស់។ ប៉ុន្តែការបើកប្រទេស(មក)ក្នុងមួយខែ យើងឃើញថាស្ថានការណ៍សេដ្ឋកិច្ចយើងចាប់ផ្ដើមរើ។ តម្រូវការខាងក្នុង(ប្រទេស)មានច្រើន តម្រូវការនាំចូលក៏មានច្រើនដែរ។ អញ្ចឹងខាងក្នុង ពន្ធក៏ច្រើន ផ្នែកគយចាប់ផ្ដើមច្រើន … ព្រោះខាងក្នុងត្រូវការ។
កាលពីមុន រថយន្តនាំចូលធ្លាក់ចុះយ៉ាងខ្លាំង ម៉ូតូនាំចូលចុះខ្លាំង ព្រោះអ្នកណាទៅទិញ បើជិះមិនបានផង (ក្នុងស្ថានភាព)ត្រូវបិទខ្ទប់។ ឥឡូវនេះ ចាប់ផ្ដើមដើរលេង ហើយចេះតែត្អូញត្អែរថា សាំងឡើងថ្លៃ។ សាំងឡើងថ្លៃ ចេះតែនាំគ្នាជិះ។ មានមួយនោះ ចូលមកខម្មិន អាហ្នឹងហៅថា ភាពព្រហើននៃការចូលមកខម្មិន “លោក ហ៊ុន សែន លោកឯងយកចិត្តទុកដាក់រឿងសាំងផង កុំគិតតែវ៉ាក់សាំងពេក”។ ខ្ញុំក៏ឆ្លើយត្រឡប់ទៅវិញទៅថា បើសាំងឡើងថ្លៃអញ្ចឹង លោកគួរតែឈប់ជិះម៉ូតូ ឈប់ជិះឡាន ដើរទៅ។ តែមនុស្សធុនអញ្ចឹងៗ រស់នៅថៃ ឬនៅប្រទេសក្រៅទេ អត់ហ៊ានព្រហើននៅក្នុងស្រុកទេ ព្រោះគេ(នឹងអាច)រកឃើញទីតាំងឈរជើង …។
ខេត្តព្រៃវែងនិងគ្រប់ខេត្ត ត្រូវមានផ្លូវច្រើនទៀត
នេះជាការជូនព័ត៌មានថា ហេតុអ្វីបានជាមិនព្រមប្រកាសផ្លូវហ្នឹង(ពីស្រុកល្វាឯម មកកាន់ផ្លូវជាតិលេខ ១១)។ ខេត្តព្រៃវែងរបស់យើង មានផ្លូវច្រើនទៀតដែលត្រូវធ្វើ។ និយាយរួមគ្រប់ខេត្តទាំងអស់ ទោះបីយើងធ្វើបានសរុបទាំងអស់ ទាំងកៅស៊ូ ទាំងបេតុង ១ ម៉ឺន ៥ ពាន់គីឡូម៉ែត្រ។ ក៏ប៉ុន្តែប្រហែលជាយើងត្រូវការយ៉ាងហោច ៣ ម៉ឺនគីឡូម៉ែត្រឯណោះ។ ផ្លូវខ្លះក៏ធ្វើលឿន ផ្លូវខ្លះក៏ធ្វើយឺត ទៅតាមស្ថានភាពហិរញ្ញវត្ថុ ដែលអនុញ្ញាតឱ្យយើងធ្វើទៅបាន ព្រោះយើងត្រូវរកប្រភពទុនខាងក្នុងយើងផង ខាងក្រៅផង។ ផ្លូវជាតិលេខ ១១ នេះ ប្រើប្រាស់ឥណទានរបស់មិត្តចិនមួយផ្នែកហើយ ប៉ុន្តែសម្រាប់យើង បើយើងគិតសរុប គឺយើងប្រើប្រាស់អស់ជាង ២២ លានដុល្លារសហរដ្ឋអាមេរិក។ ហ្នឹងគិតទាំងពន្ធដារ។ យើងប្រើសាច់លុយតែម្ដង ដោះស្រាយផលប៉ះពាល់សម្រាប់ផ្លូវនេះអស់ ១០.៣៣៨.៨៨០ ដុល្លារសហរដ្ឋអាមេរិក … ដោះមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ អស់ ៦៨៥.៧៧៤ ដុល្លារសហរដ្ឋអាមេរិក។
សរុបមក ផ្លូវមួយខ្សែនេះ មិនមែនត្រឹមតែជិត ១០០ លានដុល្លារសហរដ្ឋអាមេរិកនោះទេ អស់ ១២៤ លានដុល្លារសហរដ្ឋអាមេរិក។ ពន្ធ ១២% ស្មើនឹង ១១.៨០០.០០០ ដុល្លារសហរដ្ឋអាមេរិក។ ហ្នឹងខាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គេបូកមកអញ្ចឹង។ យើងសុខចិត្តថា កាត់ពន្ធចេញចុះ ក៏យើងបានចំណាយទៅលើផ្លូវនេះ សម្រាប់ថវិការបស់យើងប្រមាណជិត ១១ លានដុល្លារសហរដ្ឋអាមេរិក ទើបអាចធ្វើបាន។ យើងត្រូវមានលុយក្នុងដៃដើម្បីវិនិយោគផ្ទាល់ផង យើងត្រូវមានលុយក្នុងដៃរបស់យើង ជាថវិកាបដិភាគសម្រាប់គម្រោងមួយៗ។ បើទោះបីជាហិរញ្ញប្បទានមកពីប្រភពណាក៏ដោយ ត្រូវតែមានថវិកាបដិភាគ ទើបអាចធ្វើទៅបាន។ ដូច្នេះ យើងមិនអាចឱ្យហិបប្រាក់របស់យើងខ្វះលុយនោះទេ។
ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់បំរើឱ្យការធ្វើដំណើរទៅកំពង់ចាម ត្បូងឃ្មុំ ក្រចេះ …
ពេលនេះ ថវិការបស់យើងថយពី ៣.៥០០ លានដុល្លារសហរដ្ឋអាមេរិក មកនៅត្រឹមប្រមាណជា ២.០០០ លានដុល្លារសហរដ្ឋអាមេរិក។ យើងមិនទាន់ហ៊ានអត្តនោម័តិប្រើប្រាស់(យ៉ាងណានៅឡើយទេ) ព្រោះយើងត្រូវតែប្រុងប្រយ័ត្ន ដើម្បីគ្រប់គ្រង់សភាពការណ៍ឱ្យជាប់អំពីកូវីដ-១៩ នេះ …។ ខ្ញុំសូមយកឱកាសនេះ ក្រៅពីថ្លែងអំណរគុណចំពោះមិត្តចិន ក៏សុំថ្លែងអំណរគុណចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងផ្នែកពាក់ព័ន្ធនានា ខាងផ្នែកវិស័យដោះមីន ថ្លែងនូវការកោតសរសើរ និងអរគុណចំពោះអាជ្ញាធរ នៅខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ ក៏ដូចជាប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវ ចូលរួមសហការ ដើម្បីធ្វើឱ្យផ្លូវមួយខ្សែនេះ សម្រេចចេញជារូបរាង។ ឥឡូវការធ្វើដំណើរទៅខេត្តកំពង់ចាម ឬទៅត្បូងឃ្មុំ ឬទៅក្រចេះ គឺមានជម្រើសច្រើនណាស់។ អ្នកខ្លះធ្វើដំណើរតាមផ្លូវជាតិលេខ ៨ ឆ្លងស្ពានព្រែកតាមាក់។ ស្ពានព្រែកតាមាក់ក៏មិត្ដចិនជួយសាងសង់ដែរ ចេញទៅពញាក្រែក ហ្នឹងមួយទិសទៅ។ (ទៅ)តាមផ្លូវជាតិលេខ ១ ឆ្លងកាត់ស្ពានអ្នកលឿង កាត់តាមផ្លូវជាតិលេខ ១១ តម្រង់ឆ្ពោះទៅថ្នល់ទទឹង។ ឯជម្រើសមួយទៀត គេអាចធ្វើដំណើរតាមផ្លូវជាតិលេខ ៦ កាត់តាមផ្លូវជាតិលេខ ៧ ដល់ទីរួមខេត្តកំពង់ចាម។ អញ្ចឹង យើងមានជម្រើសច្រើនក្នុងការធ្វើដំណើរដែលមិនធ្វើឱ្យរាំងស្ទះចរាចរណ៍នោះទេ។
ខ្ញុំអរគុណចំពោះកិច្ចសហប្រតិបត្ដិការទាំងអស់។ ហើយថ្លែងនូវការកោតសរសើរចំពោះក្រុមហ៊ុនសាងសង់ក៏ដូចជាក្រុមហ៊ុនត្រួតពិនិត្យ ការសាងសង់ដែលបានកសាងលឿនជាងផែនការ។ នេះក្រុមហ៊ុនសាជីវកម្មស្ពាន ថ្នល់របស់ចិន ជាមួយក្រុមហ៊ុនទីប្រឹក្សាបចេ្ចកទេស គ័ងចូវ វ៉ាងអាន ដែលបានសាងសង់ផ្លូវនេះ។ ពួកយើងធ្វើការជាមួយគ្នាយូរឆ្នាំហើយៗ នៅតែជាដៃគូដែលគួរឱ្យទុកចិត្តនៅពេលក្រោយតទៅ។ យើងមានគម្រោងផ្លូវច្រើនណាស់។
គម្រោង ៣ ធំ នាពេលខាងមុខ
ដូចដែលឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងហើយ យើងដាក់(បេក្ខភាព)គម្រោងធំៗ ៣ ក្រៅពីអ្វីដែលបានបើកការដ្ឋានហើយ។ នៅមានគម្រោងធំៗ បីទៀត។ គម្រោងមួយ គឺស្ពានឆ្លងកាត់ទន្លេមេគង្គ នៅទីរួមខេត្តក្រចេះ ហើយតភ្ជាប់ផ្លូវនោះ កាត់ស្រុកស្ទោង ទៅទីរួមខេត្តកំពង់ធំ។ គម្រោងនេះ តភ្ជាប់ពីក្រចេះទៅកំពង់ធំ បង្កើនភាពងាយស្រួល គេថាបំព្រួញដីតែម្ដងសម្រាប់ការដឹកជញ្ជូន។ ភាពចំណេញរបស់វាធំ។ គម្រោងមួយទៀត គឺធ្វើស្ពានឆ្លងកាត់ទន្លេសាប និងផ្លូវតម្រង់ឆ្ពោះទៅខេត្តកំពង់ធំតែម្ដង ពីខេត្តកំពង់ឆ្នាំង ដោយអ្នកកំពង់ឆ្នាំង ឬកំពង់ធំមិនចាំបាច់ប្រើប្រាស់ស្ពានព្រែកក្ដាមទេ … ឯគម្រោងមួយទៀតដែលកំពុងសិក្សាយ៉ាងយកចិត្តទុកដាក់ គឺការតភ្ជាប់រវាងបាត់ដំបង និងសៀមរាប ដែលអាចឆ្លងកាត់ទន្លេសាបទៀត។
ប្រព័ន្ធប្រឡាយវ៉ៃគោ គ្របដណ្តប់ស្ទើរ ២/៣ នៃខេត្តព្រៃវែង ក៏ជាជំនួយរបស់ចិន
គម្រោងទាំងនេះ សុទ្ធតែធ្វើឱ្យប្រទេសរបស់យើងមានប្រព័ន្ធ ឬបណ្ដាញផ្លូវគ្រប់គ្រាន់ ដែល(ធ្វើដំណើរ)ទៅមុខហើយមិនបាច់ថយក្រោយទេ។ ដូចនៅទីនេះអញ្ចឹង បើទៅដល់ថ្នល់ទទឹង គាត់មិនចាំបាច់វិលត្រឡប់តាមផ្លូវហ្នឹងក៏បាន គាត់ចេញបង្ហួសទៅកំពង់ចាម ហើយគាត់ចេញតាមផ្លូវជាតិលេខ ៧ តភ្ជាប់មកផ្លូវជាតិលេខ ១ ហើយគាត់ចូលភ្នំពេញវិញ។ ហ្នឹងទាក់ទងជាមួយនឹងបណ្តាញផ្លូវ ដែលយើងត្រូវធ្វើជាបន្ត។ ធ្វើប្រចាំឆ្នាំ។ យើងនឹងខិតខំផ្តល់អាទិភាព។ ខេត្តព្រៃវែងក៏ជាខេត្តមួយដែលទទួលបានច្រើនដែរ។ បើទាក់ទងជាមួយនឹងបញ្ហាប្រឡាយទឹកទន្លេវ៉ៃគោ ខេត្តព្រៃវែងមួយគ្របដណ្តប់ស្ទើរតែ ២/៣ ព្រោះនេះ តភ្ជាប់កំពង់ចាម ព្រៃវែងកាត់តែម្តង រួចហើយបានតភ្ជាប់ធ្លាក់ទៅស្វាយរៀង។ ប្រព័ន្ធនេះក៏ជាប្រព័ន្ធដែលមិត្តចិនជួយ។ ហ្នឹងហើយដែលខ្ញុំនិយាយថាបើមិនឱ្យពឹងមិត្តចិនទៅពឹងនរណា។
វិភាគនិងជេរ ធ្វើឱ្យ ហ៊ុន សែន ត្រូវបានស្គាល់និងល្បី
… អ្នកដែលគាំទ្រយើង គឺបង្ហាញពីការគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់យើង … ប៉ុន្តែអ្នកមិនគាំទ្រ គឺច្បាស់ជាកំពុងខម្មិនជេរ។ ឱ្យជេរទៅ។ ថ្ងៃមុនខ្ញុំបានបញ្ជាក់ហើយ … បើអ្នកឯងគិតតែវិភាគរឿង ហ៊ុន សែន ខ្ញុំនឹងបង្ហោះរូបភាព ឱ្យអ្នកឯងរវល់វិភាគអត់មានពេលវេលាធ្វើការងារអីទេ។ គ្រាន់តែខ្ញុំពរចៅទី ២១ វាយកទៅវិភាគតាមវិទ្យុ។ ថ្ងៃសៅរ៍ ខ្ញុំបង្ហោះរូបកូនរបស់ខ្ញុំ រួចហើយប្រាប់ថា មិនអីទេ ខ្ញុំមានចៅ ២២ នាក់ និងកូនបង្កើត/ប្រសារ ១០ ទៀត បូកខ្ញុំថែមទៀត។ អញ្ចឹងអ្នកឯងគិតតែរឿងវាយ ហ៊ុន សែន មួយទៅ រួចហើយមុខសញ្ញាដទៃទៀត អ្នកឯងអត់បានគិតទេ រាប់ទាំងរកស៊ីផង ព្រោះរវល់មកធ្វើអត្ថាធិប្បាយពីរឿង ហ៊ុន សែន … ម្ង៉ៃៗអង្គុយតែសរសេរហ៊្វេសប៊ុកជេរ ហ៊ុន សែន។ អើ! អ្ហែងជេរទៅ ព្រោះនិយាយឱ្យពិតទៅ ខ្ញុំល្បីដោយសារគេជេរតើ។ ពីដើមអ្នកណាស្គាល់ ហ៊ុន សែន។ ប៉ុន្តែដោយសារ Bangkok Post ពេលនោះនៅឆ្នាំ ១៩៨២ ខ្ញុំនៅជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីការបរទេស និង The Nation កាសែតបរទេសនិយាយច្រើនពី ហ៊ុន សែន, ប៉ុល ពត ជេរថែម ត្រីភាគីជេរថែម ធ្វើឱ្យ ហ៊ុន សែន ល្បីឈ្មោះ ពី ហ៊ុន សែន ដែលគេអត់ស្គាល់ … ឥឡូវចាំជេរ ហ៊ុន ម៉ាណែត ទៀតទៅ។
ចិនផ្ដល់អាទិភាពទិញផលិតផលកសិកម្មកម្ពុជា ពិសេស ផ្លែមៀននិងត្រីប្រា
ថ្ងៃនេះខ្ញុំសប្បាយរីករាយ ហើយប្រហែលក៏ប្រជាជនកម្ពុជា ក៏សប្បាយរីករាយដូចគ្នាចំពោះអ្វីដែលឯកឧត្តម វ៉ាង វិនធាន បាននិយាយអម្បាញ់មិញ។ នោះជាចំណុចដែលខ្ញុំបានស្នើក្នុងការជួបផ្ទាល់(ជាមួយឯកឧត្តមនាយករដ្ឋមន្ត្រីចិន)។ ថ្ងៃនោះ ប្រើពេលជាប់ ៣ ម៉ោង ដោយសារតែយើងបកបណ្តាក់។ បើសិនមិនបកបណ្តាក់ទេ (យើងនឹងប្រើ)ពេលវេលាវាខ្លី។ បកប្រដេញ(ស៊ី)ពេលវេលាខ្លី។ ប៉ុន្តែ ៣ ម៉ោងនេះ ខ្ញុំបានតែ ៤៥ នាទី។ ឯកឧត្តម លី ខឺឈាង(Li Keqiang) ក៏បានតែ ៤៥ នាទី ព្រោះត្រូវចែកពាក់កណ្តាលទៅឱ្យអ្នកបកប្រែនោះ។ អញ្ចឹងយើងបានតែពាក់កណ្តាលទេ។ ថ្ងៃក្រោយពេលដែលជួបភ្ញៀវ យើងអាចបកប្រដេញតែម្តង។ ការបកប្រដេញនេះអាចប្រើជាភាសាអង់គ្លេសវិញ។ យកអ្នកដែលគេមានជំនាញខាងបកជាអង់គ្លេសក្នុងល្បឿនលឿនពីក្រោយ។ ថ្ងៃខ្ញុំជួបនាយករដ្ឋមន្ត្រីជប៉ុន ក៏បកតាមរបៀបហ្នឹងដែរ។ អញ្ចឹងនាយករដ្ឋមន្ត្រីជប៉ុនបានប៉ុន្មាននាទី ខ្ញុំបានប៉ុន្មាននាទី ដោយសារតែពេលវេលាពាក់កណ្ដាលចែកទៅឱ្យអ្នកបកប្រែបាត់។ បើសិនជាយើងរៀបចំចេញជាភាសាអង់គ្លេសវិញ ខ្ញុំនិយាយចេញជាភាសាខ្មែរ ខាងនេះបកចេញជាអង់គ្លេស ទៅខាងនោះបកចេញពីអង់គ្លេសចូលចិន ដល់ពេលខាងនោះមកវិញ មេដឹកនាំចិននិយាយភាសាចិនបកជាអង់គ្លេសភ្លាម រួចហើយអ្នកនៅខាងនេះបកជាភាសាខ្មែរ។ ធ្វើដូចនៅអង្គការសហប្រជាជាតិ និងការប្រជុំនានាតាមអនឡាញសុទ្ធតែប្រើវិធីហ្នឹង អត់មានមួយតង់ម្ដងៗ វាយឺតពេល។ ថ្ងៃក្រោយយើងអាចរៀបចំបៀបនេះគឺជាការល្អ។
ពេលនោះខ្ញុំបានស្នើឱ្យមិត្តចិនផ្ដល់អាទិភាពទៅលើការទិញផលិតផលកសិកម្មរបស់កម្ពុជា ក្នុងហ្នឹងអាទិភាពទៅលើផ្លែមៀន ក្រៅពីអ្វីដែលបានធ្វើរួចហើយ និងឱ្យពិភាក្សាជាកញ្ចប់ទៅលើផលិតផលកម្ពុជា។ ចម្លើយដែលយើងបានមកនេះ ច្រើនជាងអ្វីដែលយើងបានសុំ។ ពេលនោះយើងសុំអាទិភាពតែមៀន ឥឡូវគាត់ផ្ដល់ត្រួតពិនិត្យតាមអនឡាញ តាមវីដេអូសម្រាប់ផ្លែមៀននិងត្រីប្រា។ និយាយឱ្យពិត ខ្មែរយើងសម្បូរត្រីប្រា។ បើសិនជាមានទីផ្សារចិនដ៏ធំមួយនេះនឹងជម្រុញឱ្យមានការលើកទឹកចិត្តចិញ្ចឹមត្រីប្រាពីប្រទេសកម្ពជា រួចហើយដឹកជញ្ជូនចូលទៅប្រទេសចិន។ វាបង្កើតបាននូវប្រាក់ចំណូលសម្រាប់កសិករកម្ពុជាចិញ្ចឹមត្រី។ អ្នកដាំមៀននៅប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ និងដាំមៀននៅកន្លែងដទៃទៀតគឺមានទីផ្សារសម្រាប់ការនាំចេញ។ ប៉ុន្តែត្រូវតែមានគុណភាព។ ទោះបីថាត្រួតពិនិត្យតាមអនឡាញ ក៏ប៉ុន្តែអនឡាញដែលមានភាពជាក់លាក់។ មិនអាចទៅទាំងមេរោគចូលក្នុងប្រទេសចិនទេ។ ការចិញ្ចឹមត្រីហ្នឹង ច្បាស់ជាកើន។
អ្វីដែលហៅថា សេចក្ដីត្រូវការ និងការផ្គត់ផ្គង់ បើកាលណាមានតម្រូវការទីផ្សារជាក់លាក់ដូចនៅក្នុងប្រទេសចិន គឺដូចជាផ្លែមៀន។ ដូច្នេះជម្រុញឱ្យមានការដាំដុះថែទាំមៀន។ មុននេះ បងប្អូនមួយចំនួនប្រុងកាប់ចោល ព្រោះរកទីផ្សារអត់បាន។ អញ្ចឹងខ្ញុំត្រូវបញ្ជូនអង្គរក្សរបស់ខ្ញុំ ហើយមានឧកញ៉ា(ខ្លះជួយចុះទិញ) ចែកដល់កងកម្លាំងប្រដាប់អាវុធ មន្ទីរពេទ្យបានគ្រប់ខេត្ត។ ទិញយកចែកតែម្ដង អត់មានផ្សារណាលក់ទេ។ កសិករក៏បានលុយ យើងក៏បំប៉នគ្រូពេទ្យ បំប៉នអ្នកជំងឺ។ ខ្ញុំថាតែមិនស្រួលតិចទឹកនោមផ្អែមដោយសារផ្លែមៀន ព្រោះវាច្រើនពេក។ រាប់ម៉ឺនហិកតា ផ្លែល្អៗទៀត។ អញ្ចឹងត្រីប្រានឹងអាចបង្ហាញវត្តមាននៅលើតុទទួលទានអាហាររបស់ប្រជាជនចិនក្នុងពេលដ៏ខ្លីខាងមុខ។ នេះជាការសង្ឃឹមសំរាប់អ្នកចិញ្ចឹមត្រីប្រា រាប់ទាំងខ្ញុំដែរ។ ត្រីប្រាខ្ញុំអស់ទាស់ហើយ។ ខ្ញុំហ៊ានឱ្យទៅក្រសួងកសិកម្ម។ ឆ្នាំទៅឱ្យទៅ ៤០០ ទៅ ៥០០ ក្បាល ដើម្បីយកទៅឱ្យវាពងភ្ញាស់សម្រាប់ចែកកូនទៅ។ ខ្ញុំមានស្រះប៉ុន្មានសុទ្ធតែត្រីប្រា ហើយតែមិនស្រួល ស្រះខាងមុខដែលត្រៀមទុកហ្នឹង ដាក់ត្រីប្រាចិញ្ចឹមបានប្រាក់ចំណូល។ លក់ទៅទីផ្សារផង។ ប៉ុន្តែចេះថាអញ្ចឹង ទីចុងបំផុតចាប់ឱ្យអង្គរក្សស៊ី។ អាធំៗស៊ីមិនដាច់ទេ ព្រោះអានោះ ១០ គីឡូទៅ ២០ គីឡូឯណោះ។ អញ្ចឹងមានតែឱ្យខាងកសិកម្មយកទៅបន្តពូជទៅ។
មានការគាំទ្រពីរដ្ឋាភិបាលចិននិងក្រុមហ៊ុនវ៉ាក់សាំង ផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ក្នុងស្រុក
ឯមួយទៀតអ្វីដែលជាការចង់បាន ពេលនោះខ្ញុំអត់បាននិយាយជាមួយឯកឧត្តម Li Keqiang ទេ។ និយាយជាមួយហ្នឹងឯកឧត្តម Wang Wentian ថាសុំស្នើទៅឯកឧត្តមប្រធានាធិបតី Xi Jinping និងឯកឧត្តម Li Keqiang សុំឱ្យមានការផលិតវ៉ាក់សាំងនៅក្នុងស្រុកខ្មែរ។ វ៉ាក់សាំងកូវីដ-១៩។ ឥឡូវបានទទួលការគាំទ្រពីខាងរដ្ឋាភិបាលផង ក្រុមហ៊ុនផង។ ក្រុមហ៊ុន និងក្រុមហ៊ុនគេ បានចុះហត្ថលេខាជាមួយគ្នាហើយ។ អញ្ចឹងបន្តិចទៀត កង្វះវ៉ាក់សាំងដែលយើងកំពុងតែកង្វល់ យើងនឹងមានវ៉ាក់សាំងផ្គត់ផ្គង់ខ្លួនឯង។ ប៉ុន្តែក៏ត្រូវតែត្រៀមលុយដែរ។ មិនមែនទៅយកទទេមកទេ។ សុំប្រាប់ឱ្យហើយ។ គ្រាន់តែយើងធានាថា មានវ៉ាក់សាំងផលិតនៅក្នុងទឹកដីរបស់យើង។ យើងអាចទិញយកមកប្រើប្រាស់ ហើយអាចនឹងមានតម្លៃធូរជាង រាប់ទាំងមិនចាំបាច់ដឹកជញ្ជូនផ្លូវឆ្ងាយ ដែលយើងមានប្រភព(ផលិតនៅក្នុងស្រុក)។ (យើង)មិនដឹងថាកូវីដ-១៩ វាចប់នៅពេលណាទេ។ ឥឡូវតាមដឹង មានអ្នកខ្លះចូលដូសទី ៤ បាត់ទៅហើយ។
ពិនិត្យមើលតាមព្រំដែនប្រញាប់ប្រញាល់ចាក់ដូសទី ៣
ខ្ញុំក៏សូមយកឱកាសនេះបញ្ជាក់ជូន ប្រញាប់ប្រញាល់ត្រួតពិនិត្យទាំងអស់នៅតាមព្រំដែន ក្រសួងសុខាភិបាលរួមជាមួយអាជ្ញាធរនៅតាមដែនដីជាប់ព្រំដែនទាំងអស់ ត្រូវតែពិនិត្យទាំងអស់ឡើងវិញថា តើពួកគេបានទទួលដូសទី ៣ រួចហើយ ឬនៅ? ខ្ញុំដាក់ចេញនូវបទបញ្ជាមួយនេះ ដើម្បីពិនិត្យមើល បើមិនទាន់បានចាក់ដូសទី ៣ ត្រូវប្រញាប់ប្រញាល់ចាក់ដូសទី ៣ ដើម្បីឱ្យមានភាពស៊ាំ ធានាថា បើទោះបីជាមានការឆ្លង តែមិនទាន់មានអាការ
ៈធ្ងន់ធ្ងរទេ។ ខុសគ្នាកាលដែរ យើងអត់ទាន់មានវ៉ាក់សាំងចាក់។ ពេលនោះការស្លាប់របស់យើង ជំងឺរបស់យើងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរគួរឱ្យបារម្ភ រហូតដល់ខ្ញុំប្រកាសអាសន្នថា ត្រូវតែធ្វើកា្ដរមឈូស ត្រូវតែរៀបប៉ាឆា ត្រូវតែរកដី ដើម្បីត្រៀម។ ត្រូវបានគេបន្តុះបង្អាប់ ឬវាយប្រហារថា ខ្ញុំមើលងាយជីវិតប្រជាជន។ ប៉ុន្តែបើខ្ញុំមិនធ្វើអញ្ចឹងសួរថា តើវិធានការសុខាភិបាលសម្រាប់ការបូជាសព ឬបញ្ជុះសពសម្រាប់ប្រជាពលរដ្ឋរបស់យើងកើតកូវីដ-១៩ នេះ ត្រូវធ្វើរបៀបម៉េច។ មិនមែនជាបញ្ហាលេងសើចទេ។ បើគ្មានការគិតគូរទុកជាមុនប្រហែលជាសូម្បីតែក្ដារមឈូសក៏ខ្វះ។ យើងមិនអាចឱ្យប្រជាជនយើង(ស្លាប់)ដោយគ្មានក្ដារមឈូសទេ។
ឃើញទេ ប្រទេសខ្លះអ្នកមានផង … យកឡានក្លាសេត្រូវយកសពទៅដាក់នៅក្នុងឡាន(បង្កកដោយសីតុណ្ហភាព) ហើយគេថតបានគេបង្ហោះឱ្យយើងឃើញទៀត។ ប្រទេសខ្លះទៀតរកតែឧសដុតសព ក៏មិនបាន។ អញ្ចឹងខ្ញុំអត់មានអីខុសទេ។ ផ្ទុយទៅវិញ ខ្ញុំធានាឱ្យប្រជាពលរដ្ឋរបស់យើងមានក្ដារមឈូស មានដីបញ្ចុះសព មានប៉ាឆា ដើម្បីដុតសពសមរម្យ។ បន្ថែមលើនោះ ផ្ដល់ឱ្យក្រុមគ្រួសារដែលនៅរស់ ក្នុងសពមួយចំនួនប្រាក់ ២ លានរៀលថែមទៀត។ អ្នកស្លាប់ដែលត្រូវយកទៅបូជាឬក៏ទៅបញ្ចុះ ត្រូវផ្ដល់ទៅឱ្យផ្នែកអាជ្ញាធរ ព្រោះមិនអាចឱ្យក្រុមគ្រួសារយកទៅទេ។ ពេលហ្នឹង ក្រុមគ្រួសារត្រូវធ្វើចត្តាឡីស័កទៀត។ អញ្ចឹងយើងត្រូវធ្វើយ៉ាងម៉េច ត្រូវដោះស្រាយយ៉ាងម៉េច? ត្រូវប្រគល់ទៅឱ្យផ្នែកវេជ្ជសាស្ត្រយកទៅបូជា ត្រូវចំណាយសពមួយ ១ លានរៀលថែមទៀត។
រាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា ប្រកាន់យកការទទួលខុសត្រូវចំពោះប្រជាជន
គិតមើលទៅ នេះជាការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល របស់គណបក្សប្រជាជនកម្ពុជា និយាយជារួម ក្នុងការដឹកនាំប្រទេស ដែលមិនទុកឱ្យពលរដ្ឋរបស់ខ្លួនមិនដឹងថា យកទៅណា(នោះទេ)។ យើងត្រូវមានការទទួលខុសត្រូវ។ ក្នុងពេលហ្នឹងគ្រួសារត្រូវធ្វើចត្តាឡីស័ក ហើយមិនអាចប្រគល់សពយកទៅធ្វើបុណ្យនៅតាមផ្ទះទេ ព្រោះត្រូវអនុវត្តវិធានការសុខាភិបាលហ្មត់ចត់។ អញ្ចឹងត្រូវប្រគល់ទៅឱ្យអាជ្ញាធរ ១ លានរៀលបន្ថែម។ ប៉ុន្តែគ្រួសារក៏ទទួលបាន ២ លានរៀលប្រហាក់ប្រហែល ៥០០ ដុល្លារអាមេរិក។ តើប្រទេសប៉ុន្មានទៅដែលគេធ្វើបែបនេះ។ ប្រទេសកម្ពុជាក្រីក្រមួយនេះ មិនទុកឱ្យប្រជាជនស្ថិតក្នុងស្ថានភាពលំបាក ដែលមិនអាចរកក្ដារមឈូសបាននោះទេ។ អ្នកដែលប្រមាថខ្ញុំ និងជេរខ្ញុំប្រហែលជាមានក្រុមគ្រួសារខ្លួនឯងខ្លះ បានស្លាប់រួចទៅហើយ ព្រោះប៉ុន្មានពាន់នាក់ដែលស្លាប់អាចនឹងមានក្រុមគ្រួសារអ្នកដែលបានប្រមាថខ្ញុំ។ ទោះបីអ្នកប្រមាថខ្ញុំក៏ដោយ តែក្រុមគ្រួសាររបស់អ្នកឯងបានទទួលផលពីការដឹកនាំរបស់ខ្ញុំ យកសពទៅបញ្ចុះ ឬបូជាបានត្រឹមត្រូវក្រៅពីការព្យាបាលរួចហើយ អ្នកឯងក៏បានទទួលផល ២ លានរៀលនោះផងដែរ ដោយអត់រើសអើងទេ។ ឥឡូវយើងមានវ៉ាក់សាំងដែលកំពុងចាក់ដូសទី ៣ ទៅតាមដំណាក់កាល។ ប៉ុន្តែខ្ញុំស្នើឱ្យមានការពិនិត្យជាពិសេសដោយក្រសួងសុខាភិបាលធ្វើការជាមួយបណ្ដាខេត្ត តើមន្ត្រីដែលឈរជើង កម្លាំងប្រដាប់អាវុធដែលឈរជើងនៅតាមព្រំដែន តើទទួលបានដូសទី ៣ រួចអស់នៅ ឬនៅត្រូវត្រួតពិនិត្យកន្លែងហ្នឹង។
កម្ពុជា មិនមែនជាប្រភពជំងឺឆ្លងចូលទៅវៀតណាម ថៃ ឬឡាវទេ
… នៅប្រទេសជិតខាងយើងមានផ្ទុះ(ករណីឆ្លង)។ ពិតមែនហើយ នៅប្រទេសថៃ ការផ្ទុះមានការថមថយ ប៉ុន្តែការផ្ទុះឡើងឡើងនៅក្នុងវៀតណាម និងប្រទេសឡាវ គួរឱ្យបារម្ភ។ នៅជិតខាងយើងថ្ងៃនេះ ដែលប្រកាសម៉ោង ៦ កន្លះយប់មិញ នៅរៀតណាម ឆ្លងជាង ១ ម៉ឺន ៤ ពាន់នាក់ និងស្លាប់ ១៩៨ នាក់។ ហ្នឹងមើលតាមវេបសាយន៍ទៅឃើញ។ អញ្ចឹងភាគច្រើន គឺឆ្លងនៅហូជីមិញ និងបណ្ដាខេត្តជាប់ជាមួយយើងតែម្ដង។ ថ្ងៃនេះ ខ្ញុំសុំផ្ដាំទៅលោក ហ៊័ង សួនឆៀន (Hoang Xuan Chien) ពេលនោះជាឧត្តមសេនីយ៍ទោនិងជាមេបញ្ជាការកងទ័ពការពារព្រំដែនវៀតណាម ដែលបានធ្វើសន្និសីទនៅទីក្រុង ហូជីមិញ (មានសរសេរយ៉ាងច្បាស់នៅខាងក្រោយថា សន្និសីទស្ដីពីការប្រយុទ្ធប្រឆាំងជំងឺឆ្លងតាមព្រំដែនវៀតណាម-កម្ពុជា) ការសន្និដ្ឋានរបស់ ហ៊័ង សួនឆៀន (Hoang Xuan Chien) ចុងក្រោយបំផុតថា “ប្រសិនបើយើងធ្វេសប្រហែស ជំងឺឆ្លងនឹងចេញពីកម្ពុជាចូលវៀតណាម ដូចជំនន់ទន្លេមេគង្គ”។
នេះជាសម្ដីដែលខ្ញុំទទួលយកមិនបាន។ ខ្ញុំសុំបញ្ជាក់ជាសាធារណៈនៅថ្ងៃនេះ ការពិតមិនមែនជំងឺឆ្លងពីកម្ពុជា ចូលវៀតណាមទេ។ ជំងឺនេះត្រូវយកចិត្តទុកដាក់គ្រប់គ្រងទាំងអស់គ្នា។ មិនអាចនិយាយបែបនេះបានទេ។ ខ្ញុំនៅចាំបាន។ អត្ថបទនេះ ខ្ញុំរក្សាទុកដើម្បីវាស់ស្ទង់ទៅថ្ងៃក្រោយ។ ខ្ញុំមិនដឹងថា តើនេះជាបាបកម្ម ឬជាបណ្ដាសាដែលបណ្ដាលមកពីសម្ដីរបស់ឧត្តមសេនីយ៍ម្នាក់នេះ។ ខ្ញុំទទួលយកមិនបានទេ កម្ពុជាតូចល្អិត ក៏ប៉ុន្តែមិនមែនជាប្រភពជំងឺឆ្លងចូលទៅប្រទេសវៀតណាមទេ ឬកាន់ប្រទេសថៃ ឬប្រទេសឡាវទេ។
អ្នកចង់ចូលមកកម្ពុជាដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ត្រូវតែចាក់វ៉ាក់សាំងឱ្យហើយ
ប៉ុន្តែខ្ញុំមានមោទនភាពផងដែរ … យើងឃើញថា ម្សិលមិញនេះ គិតត្រឹមម៉ោង ៤ ល្ងាច មានប្រជាជនដែលចូលមកក្នុងប្រទេសកម្ពុជាយើងតាមផ្លូវគោក ចំនួន ៥៥១ នាក់។ ក្នុង ៥៥១ នាក់នេះ វិជ្ជមាន ០៣ នាក់ គឺបានសេចក្ដីថា នាំចូល អវិជ្ជមាន ៥៤៨ នាក់ មិនទាន់បានចាក់វ៉ាក់សាំង ៨៩ នាក់ បានចាក់វ៉ាក់សាំងពេញលេញ ៤៥៩ នាក់។ តាមប្រទេសមួយៗ ព្រំដែនជាមួយថៃចូលមក គឺមាន ៤៤៦ នាក់ វិជ្ជមាន ០៣ នាក់បញ្ជូនព្យាបាល អវិជ្ជមានចំនួន ៤៤៣ នាក់ ក្នុងនោះមិនទាន់បានចាក់វ៉ាក់សាំងពេញលេញ ៨៨ នាក់ បញ្ជូនទៅធ្វើចត្តាឡីស័ក បានចាក់វ៉ាក់សាំង ៣៥៥ នាក់។ បានសេចក្ដីថា ខាងព្រះរាជាណាចក្រថៃ បានជួយចាក់វ៉ាក់សាំងជូនពលកររបស់យើង ក្នុងចំណោម ៤៤៦ នាក់នេះ គឺខាងភាគីថៃបានចាក់វ៉ាក់សាំងឱ្យ ៣៥៥ នាក់។ អញ្ចឹង ៣៥៥ នាក់ អត់ត្រូវធ្វើចត្តាឡីស័កទេ ធ្វើតេស្តរហ័សហើយ ឃើញអវិជ្ជមានចូលមកស្រុកបានភ្លាម។ ហើយ ៨៨ នាក់ត្រូវធ្វើចត្តាឡីស័ក ១៤ ថ្ងៃដដែល … និយាយអ្នកណាក៏ដោយ បើចង់ចូលមកកម្ពុជាដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ត្រូវតែចាក់វ៉ាក់សាំងឱ្យហើយ។
ឥឡូវ និយាយតាមព្រំដែនកម្ពុជា-វៀតណាមសរុប ១០៣ នាក់ ក្នុងហ្នឹងជនជាតិវៀតណាម ៩៨ នាក់ ដែលខ្ញុំប៉ាន់ស្មានថា គេជាអ្នកឯកទេសដែលធ្វើការតាមក្រុមហ៊ុនវៀតណាម និងជាអាណិកជនវៀតណាមនៅកម្ពុជា ក្នុង ១០៣ នាក់នេះ បានសេចក្ដី បើវៀតណាម ៩៨ នាក់ ខ្មែរមាន ៥ នាក់ គឺអវិជ្ជមានទាំងអស់ អត់មានអ្នកណាឆ្លងទេ ហើយអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងពេញលេញមានតែ ១ នាក់ទេ។ ១០២ នាក់បានចាក់វ៉ាក់សាំង។ អញ្ចឹងក្នុង ០១ នាក់នេះ យើងក៏មិនច្បាស់ដោយសារតែរបាយកាណ៍នេះ មិនបានបញ្ជាក់ថា តើជាជនជាតិវៀតណាម ឬជនជាតិខ្មែរ មិនទាន់បានចាក់វ៉ាក់សាំងនេះ។ តាមព្រំដែនឡាវម្សិលមិញនេះ គឺ ០២ នាក់អវិជ្ជមាន ហើយបានចាក់វ៉ាក់សាំងពេញលេញ។ អញ្ចឹងនៅជុំវិញប្រទេសរបស់យើង បានចាក់វ៉ាក់សាំងរាប់ទាំងប្រទេសថៃ កម្មករយើងបានចាក់វ៉ាក់សាំងភាគច្រើនហើយ ដែលចូលមកក្នុងស្រុកមិនចាំបាច់ធ្វើចត្តាឡីស័ក ហើយសង្ឃឹមថា រឿងនេះវាបានកើតនៅក្នុងជុំវិញប្រទេសរបស់យើង។
មិនមែនទិតៀនបក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាមទេ តែសំដៅលើឧត្តមសេនីយ៍ ហ៊័ង សួនឆៀន
… លោក ហ៊័ង សួនឆៀន (Hoang Xuan Chien) ឯងយកទៅផ្ទៀងផ្ទាត់មើល។ ថ្ងៃ ១០ មីនា ២០២០ លោកផ្ដល់ឱ្យខ្ញុំនូវការឈឺចាប់មួយ ដែលលោកធ្វើការសន្និដ្ឋានថា “បើយើងមិនធ្វើការប្រុងប្រយ័ត្នជំងឺឆ្លងពីកម្ពុជាចូលទៅក្នុងប្រទេសរៀតណាមដូចទន្លេមេគង្គ”។ តើពិត ឬមិនពិត? ខ្ញុំសុំបញ្ជាក់ ខ្ញុំអត់ប្រឆាំងវៀតណាមទេ។ ខ្ញុំប្រឆាំងសម្ដីបុគ្គលដែលប្រមាថចំពោះកម្ពុជា។ ថ្ងៃនេះខ្ញុំត្រូវតែនិយាយ ព្រោះមកដល់ព្រំដែនវៀតណាម ហើយ រឿងអីមិនត្រូវនិយាយ។ កាសែតវៀតណាមចុះព្រោងព្រាត។ ឥឡូវលោកឯងយកកាសែតទៅមើលខ្លួនឯងទៅ តើត្រូវទេ? ខ្ញុំទាមទារឱ្យនាយករដ្ឋមន្ត្រីដក តែគាត់ដកឱ្យឡើងពីផ្កាយ ២ ទៅផ្កាយ ៣ … ការឈឺចាប់មួយម៉ាត់នេះ ដែលធ្វើឱ្យ ហ៊ុន សែន រើបម្រះចាក់វ៉ាក់សាំងឱ្យប្រជាជនរបស់ខ្លួនជាង ៨៨ ភាគរយ ជិតឡើងដល់ ៨៩ ភាគរយ។ លោកឯងពិតប្រាកដទេថា ជំងឺឆ្លងពីកម្ពុជាចូលទៅវៀតណាម។ លោកឯងយកមកពិនិត្យឡើងវិញ។ លោកឯងគួរសុំទោសខ្ញុំឬអត់? គួរសុំទោសប្រជាជនកម្ពុជា ឬអត់? អ្នកឯងមើលក្នុងហ្នឹងវិញទៅ។ រួចហើយអ្នកឯងបកស្រាយថា នេះជាការប្រជុំត្រួតពិនិត្យតាមព្រំដែនជាមួយនឹងប្រទេសវៀតណាមទាំងអស់ ទាំងកម្ពុជា ឡាវ ចិន។ ប៉ុន្តែលោកឯងមើលផ្លាកខាងក្រោយ។ ខ្ញុំចេះភាសាវៀតណាមមិនអន់ប៉ុន្មានទេ។ ផ្លាកខាងក្រោយដាក់តើ “សន្និសីទស្ដីអំពីការការពារជំងឺឆ្លងតាមព្រំដែនវៀតណាម-កម្ពុជា” …។
ខ្ញុំផ្ញើសារមួយនេះ ប្រាប់ថា ខ្ញុំទទួលការវាយប្រហារធ្ងន់ធ្ងរ។ ខ្ញុំទទួលយកមិនបានទេ។ ឥឡូវប្រជាពលរដ្ឋរបស់ខ្ញុំ សុវត្ថិភាពហើយ។ សុំកុំឆ្ងល់ថា ហេតុអីបានខ្ញុំបញ្ជាឱ្យត្រួតពិនិត្យតាមព្រំដែនភ្លាម។ ទទួលដូសទី ៣ ហើយឬនៅ។ ព្រោះអ្វី? ព្រោះជំងឺកំពុងតែរាលដាលធំធេងនៅហូជីមិញ និងតាមបណ្ដាខេត្តនៅជាប់ព្រំដែនកម្ពុជា។ ខាងយើងត្រូវតែពិនិត្យ។ រឿងនេះ អត់ត្រូវនិយាយភាសាបែបនេះជាមួយប្រទេសជិតខាងទេ។ ប៉ុន្តែបើអ្នកឯងមានសិទ្ធិនិយាយ ខ្ញុំក៏ត្រូវមានសិទ្ធិនិយាយដែរ ដើម្បីការពារកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ប្រជាជាតិរបស់ខ្ញុំ។ ខ្ញុំមិនទិតៀនបក្សរដ្ឋាភិបាលវៀតណាម និងប្រជាជនវៀតណាមទាំងមូល តែខ្ញុំសំដៅទៅលើឧត្តមសេនីយ៍ ហ៊័ង សួនឆៀន (Hoang Xuan Chien)។ ភាសានេះ លោកឯងយកពិនិត្យខ្លួនឯងទៅ តើវាហូរពីកម្ពុជាទៅវៀតណាមដូចជំនន់ទន្លេមេគង្គទេ? … ខ្ញុំមិនហ៊ានថា ហូរពីវៀតណាមមកកម្ពុជាទេ ប៉ុន្តែកម្ពុជាត្រូវតែប្រយ័ត្នប្រយែង។ អ្នកអត់បានចាក់ត្រូវធ្វើចត្តាឡីស័ក ១៤ ថ្ងៃ។ ខ្ញុំដេកគិតហើយគិតទៀត។ ហេតុអីបានឧត្តមសេនីយ៍រូបនេះនិយាយអញ្ចឹង។ ថ្ងៃនោះ ខ្ញុំនិយាយ, (សម្ដេច ទៀ) បាញ់ បង្ហាញទាំងអស់គ្នា ហើយ(សម្ដេច ទៀ) បាញ់ ទាក់ទងទៅអនុពន្ធយោធាថា យ៉ាងម៉េចបាននិយាយផ្តេសផ្តាសអញ្ចឹង។ ខ្ញុំស្នើឱ្យដកមេបញ្ជាការហ្នឹង។ គេដក ក៏ប៉ុន្តែគេដកពីផ្កាយ ២ ឱ្យឡើងទៅផ្កាយ ៣។ ឥឡូវដូចជា អនុរដ្ឋមន្ត្រីការពារជាតិផង …។
ឥឡូវ នៅពេលវេលាដែលអាចធ្វើការកែតម្រូវបាន ឬសុំទោសបាន។ ខ្ញុំគ្រាន់តែផ្តាំប៉ុណ្ណឹង។ សម្តីមួយម៉ាត់នេះជាការប្រមាថដ៏ធ្ងន់ធ្ងរចំពោះខ្ញុំ។ ទទួលយកអត់បានទេអាហ្នឹង និយាយគ្នាឱ្យច្បាស់។ រួចកាសែតចេញព្រោងព្រាត។ រួចដល់ទៅយើងតវ៉ាអញ្ចឹង ថាទេ អាហ្នឹងធ្វើដើម្បីការពារព្រំដែនទាំងមូល។ ព្រំដែនទាំងមូលខ្មោចអី បើ នៅខាងក្រោយនេះ ប៉ាយ ថា សន្និសីទស្ដីអំពីការការពារជំងឺឆ្លងតាមព្រំដែនវៀតណាម-កម្ពុជា ឱ្យជ្រងោ។ បើអ្នកឯងសរសេរវៀតណាម។ ខ្ញុំនិយាយទៅ ស្តាប់ខ្ញុំអត់បានទេ ប៉ុន្តែលោកឯងនិយាយ ខ្ញុំស្តាប់បាន។ ខ្ញុំលើសលោកឯងនៅកន្លែងហ្នឹង។ ខ្ញុំនិយាយខ្មែរ បារាំងស្តាប់អត់បាន តែបារាំងនិយាយ តិចច្រើនខ្ញុំស្តាប់បាន។ ពួកអង់គ្លេស ឬពួកអាមេរិកកាំងស្តាប់ខ្ញុំអត់បាន តែដល់ពួកអង់គ្លេស ពួកអាមេរិកកាំងនិយាយ ខ្ញុំស្តាប់បាន។ អ្វីដែលខ្ញុំពិបាក គឺភាសាចិន។ ឯកឧត្តម វ៉ាង វិនធាន អាចចេះភាសាខ្មែរ បើខ្ញុំចេះតែ ni hao …។
ការប្រមាថ ធ្វើឱ្យកម្ពុជាចាក់វ៉ាក់សាំងបានជិតដល់ ៨៩%
ថ្ងៃនេះខ្ញុំដាច់ចិត្តនិយាយចេញមក ដើម្បីបង្ហាញនូវមោទនភាពជាតិរបស់ខ្ញុំ ដែលងើបឈរឡើង (ផ្តើមពីសម្តីមិនគប្បី)ចេញពីឧត្តមសេនីយ៍ម្នាក់ ដែលពេលនេះ ជាអនុរដ្ឋមន្រ្តីការពារជាតិរបស់ប្រទេសវៀតណាម។ អញ្ចឹងបានជាខ្ញុំដេកអត់លក់ទេ។ ឃើញអាហ្នឹង ហើយវាយកូនហ្គោលខុសទាំងបាល់ទៀតថ្ងៃហ្នឹង ដោយសារការប្រមាថ។ ពេលហ្នឹង … ប្រាប់ (សម្ដេច ទៀ) បាញ់ បញ្ជូនឱ្យ (សម្ដេច ទៀ) បាញ់។ (សម្ដេចទៀ) បាញ់ ប្រាប់ទៅបញ្ជូនឱ្យនរណាជួបអនុព័ន្ធយោធារបស់វៀតណាម នៅថ្ងៃ ១០ ខែមីនា … ខ្ញុំអត់បានការបំបែកបំបាក់អីជាមួយវៀតណាមទេ ប៉ុន្តែបុគ្គលវៀតណាមវាយប្រហារ និងប្រមាថមើលងាយខ្មែរមុន បានខ្ញុំនិយាយអញ្ចឹង។ ប្រទេសកម្ពុជាមិនអាចឱ្យមាននរណាប្រមាថទេ ទោះបីក្រ តូច មិនអាចឱ្យប្រមាថទេ។ ដោយសារគេប្រមាថ គេមើលងាយហ្នឹងហើយបានជាខ្មែរ ឥឡូវនេះចាក់វ៉ាក់សាំងជាង ៨៨% ឈានជិតចូលដល់ ៨៩% ហើយ ព្រោះមួយថ្ងៃឡើងបន្តិចៗ វាច្រើន។
មករា ២០២២៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និង RCEP ចូលជាធរមាន
តែខ្ញុំមិនទាន់ហ៊ានសាកល្បងសម្រាប់កូនក្មេងអាយុ ៣ ឆ្នាំ និង ៤ ឆ្នាំទេ ៥ ឆ្នាំ កំពុងចាក់ តែអា ៣ ឆ្នាំ និង ៤ឆ្នាំ វាតូចពេក ក្រែងវាខ្លាចម្ជុលវាស្រែក។ សូមខាងសុខាភិបាលពិនិត្យជាមួយខេត្ត ថាតើខេត្តនៅតាមព្រំដែនទាំងអស់ ទាំងជាមួយវៀតណាម ទាំងជាមួយឡាវ ទាំងជាមួយថៃ ត្រួតពិនិត្យកម្លាំងដែលឈរជើងតាមព្រំដែនកម្ពុជា ជាមួយវៀតណាម ជាមួយឡាវ ជាមួយថៃ បានចាក់ដូសទី ៣ ហើយឬនៅ? បើត្រូវការដូសទី ៤ គឺយើងត្រូវតែរុញដូសទី ៤ ចូល។ ធានាឱ្យមន្ត្រីអ្នកជួរមុខរបស់យើងមានសុវត្ថិភាពពិតប្រាកដ។ ខ្ញុំសូមអរគុណណាស់។ ខ្ញុំសប្បាយចិត្តនៅពេលដែលមានវត្តមានវ៉ាក់សាំងបង្កើតនៅលើដីខ្មែរ។ ខ្ញុំនៅតែបញ្ជាក់មិនមែនទៅយកទទេ មកចាក់ទេណា។ ត្រូវទៅទិញពីរោងចក្រហ្នឹង យកមកចាក់។ ប៉ុន្តែយើងធានាថានៅក្នុងដីប្រទេសរបស់យើង គឺមានស្រាប់នៅក្នុងហ្នឹង។ យើងទិញពីរោងចក្រហ្នឹង … ហោចណាស់ថ្លៃថោកជាងការដឹកជញ្ជូន។ មួយយន្តហោះត្រូវអស់ ១០ ម៉ឺនដុល្លារដែរ … យើងជួយបង្កើតការងារឱ្យឱសថការី និងអ្នករៀនផ្នែកវេជ្ជសាស្ត្រ និងការងារនៅក្នុងប្រទេសយើងបានថែមទៀត។ ចាក់ក្នុងប្រទេសយើងផង នាំចេញផង … សប្បាយជាងគេ គឺបានអាពីរហ្នឹង ជាកាដូចុងឆ្នាំ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន នឹងចូលជាធរមាននៅខែ មករា ខាងមុខ RCEP ក៏ចូលជាធរមាននៅខែ មករា ខាងមុខ។ ដូច្នេះ កម្ពុជាមានដង្ហើមដកកាន់តែល្អ។ យើងប្រឹងផលិត ដើម្បីជំរុញការនាំចេញ។ នេះជាចំណុចសប្បាយរីករាយសម្រាប់ប្រជាជនកម្ពុជា …។
មិត្តឡាវកំពុងជួបការលំបាក កម្ពុជាត្រូវការជួយមិត្ត
ថ្ងៃមុន … ដោយសារតែមិត្តភក្តិជួបការលំបាក ខ្ញុំត្រូវតែយករបស់ដែលទិញ ខ្ញុំអត់យករបស់ជាអំណោយទេ។ អំណោយជារបស់ចិនជិត ១០ លានដូស ហើយកម្ពុជាទិញខ្លួនឯង ២៨ លានកន្លះ។ អញ្ចឹងខ្ញុំយកកន្លះលានជូនទៅមិត្តឡាវ ដើម្បីឱ្យមិត្តឡាវចាក់ ព្រោះមិត្តឡាវកំពុងជួបការលំបាក។ រាជរដ្ឋាភិបាល បានផ្តល់ ៣ លាន បូកនឹងវិស័យឯកជន ១០ លាន។ អញ្ចឹង ១៣ លានដុល្លារ។ ខ្ញុំបន្ថែមឡានដឹកជញ្ជូនទៅអត់យកឡានមកវិញទេ ជូនមិត្តឡាវទាំងអស់។ ខ្ញុំកំពុងបញ្ជាទិញឡានដឹកវ៉ាក់សាំង ៣០ គ្រឿងទៀត និងប្រគល់ជូនមិត្តឡាវទៅ ១០ គ្រឿងថែមទៀត។ ខ្ញុំបានសន្យា។ ព្រោះនៅក្នុងប្រជុំថា ខ្ញុំបាននិយាយថា ខ្ញុំចង់ឱ្យដល់ ១០ គ្រឿង លើសពីហ្នឹង ប៉ុន្តែវាអត់ទាន់មកដល់។ គាត់ថា បើមកដល់ ឱ្យទៀតយកទៀត។ ហ្នឹងមុខតែឱ្យហើយ។ នេះជាការជួយមិត្តភក្តិក្នុងគ្រាលំបាក។ ខ្ញុំក៏ឱ្យវ៉ាក់សាំងទៅវៀតណាម ២០ ម៉ឺនដូសដែរ។ ប៉ុន្តែសូមឱ្យបក្ស និងរដ្ឋវៀតណាម ប្រជាជនវៀតណាមកុំភាន់ច្រឡំ សម្តីខ្ញុំមិនមែនទិតៀនទៅលើវៀតណាមទាំងមូលទេ គឺទិតៀនឧត្តមសេនីយ៍ ហ៊័ង សួនឆៀន (Hoang Xuan Chien) ដែលបានប្រមាថកម្ពុជាថា “ជំងឺនឹងឆ្លងហូរពីកម្ពុជាចូលទៅក្នុងប្រទេសវៀតណាមដូចជំនន់ទន្លេមេគង្គ”។ ត្រង់ហ្នឹងហើយដែលជារឿង។ យើងមិនសប្បាយចិត្តលើកន្លែងហ្នឹង។ ឧត្តមសេនីយ៍ ហ៊័ង សួនឆៀន (Hoang Xuan Chien) មើលន័យខ្លួនឯងទៅ ហើយបើខ្វះឯកសារសុំកម្ពុជា។ កម្ពុជាបញ្ជូនឯកសារទៅជូន ក្រែងលោភ្លេច។ ចុះតាមកាសែតហ្នឹង មានកាសែតរឹង ហើយមានអនឡាញទៀត។
ហ៊ុន ម៉ាណែត ជាបេក្ខភាពមួយក្នុងចំណោមបេក្ខភាពនាយករដ្ឋមន្រ្តីផ្សេងទៀត
ឥឡូវខ្ញុំងាកមកនិយាយទាក់ទិនទៅនឹងនយោបាយបន្តិច។ ដំបូងខ្ញុំសូមថ្លែងអំណរគុណចំពោះការគាំទ្រទាំងឡាយដែលបានផ្តល់សម្រាប់បេក្ខភាពនាយករដ្ឋមន្រ្តីនៅថ្ងៃអនាគត ដែលខ្ញុំបានធ្វើការជ្រើសរើសដោយផ្ទាល់ មិនមែនទាន់ដល់បក្សជ្រើសរើសទេ។ ខ្ញុំសូមបញ្ជាក់កន្លែងហ្នឹង ដើម្បីចៀសវាងការភាន់ច្រឡំណាមួយ។ ខ្ញុំប្រើយុទ្ធសាស្ត្រពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែង។ មូលហេតុអី? ថ្ងៃណាក៏គេ(វិភាគអំពីការ)ផ្ទេរអំណាចៗ។ បើអញ្ចឹងមានតែវិធីមួយ គឺបញ្ចប់បញ្ហា។ ប្រកាសយកតែម្តង។ ធម្មតាឪចង់ឱ្យកូនធ្វើធំហើយ មិនអត់ទេ បើមិនចង់ឱ្យកូនធ្វើធំមានតែភូតខ្លួនឯងប៉ុណ្ណឹង … បងប្អូនយើងបានចេញមកគាំទ្រ។ អ្នកគាំទ្រក៏មាន អ្នកដែលមិនគាំទ្រក៏មាន។ អ្នកដែលចំអកក៏មាន។ ប៉ុន្តែ ខ្ញុំសូមរំលឹកបន្តិចអំពីចំណុចហ្នឹង។ ខ្ញុំប្រើពាក្យថា ហ៊ុន ម៉ាណែត ជាបេក្ខជនមួយក្នុងចំណោមបេក្ខជនផ្សេងទៀត។ មានន័យថា មិនមែនមានតែ ហ៊ុន ម៉ាណែត មួយទេដែលជាបេក្ខជន។ (ការនេះ)មានន័យ ២ បែប។ ន័យទី ១ គឺមួយន័យក្នុងគណបក្សប្រជាជនខ្លួនឯង និងពីរន័យទូទៅ ដែលបណ្តាបក្សនយោបាយសុទ្ធតែមានសិទ្ធិដាក់បេក្ខភាពនាយករដ្ឋមន្ត្រី។ ន័យទី ២ គឺត្រូវឆ្លងកាត់តាមការបោះឆ្នោត ព្រោះនាយករដ្ឋមន្ត្រីត្រូវតែជាសមាជិកសភា បើមិនមែនសមាជិកសភាគឺមិនអាចធ្វើបានទេ។
ពួកមួយចំនួនវាអត់ដឹងទេ។ រដ្ឋធម្មនុញ្ញចែងច្បាស់ណាស់ នាយករដ្ឋមន្ត្រីត្រូវតែជាសមាជិកសភា។ អញ្ចឹងជួនកាលវាមកផូស្ដលេងទៅថា អង្គប្រជុំនេះ ដំណើរការទៅបរាជ័យដោយលោក ហ៊ុន សែន ផ្ទេរអំណាចឱ្យកូនអត់បាន។ យើងទាំងអស់គ្នានេះ ស្បថឱ្យរន្ទះបាញ់ទាំងអស់គ្នាមើល យើងដែលពិភាក្សាគ្នារឿងអស់អញ្ចឹងទេ។ នេះសុទ្ធតែ(សមាជិក)អចិន្ត្រៃយ៍ដែលមានវត្តមាន … ប៉ុន្តែគេបំផុសនេះដើម្បីវាយប្រហារ។ ឥឡូវត្រកូល ហ៊ុន ចាប់ផ្តើមរើបម្រះពីការប្រមាថរបស់ពួកអ្នកឯង។ មិនថាមកពីជ្រុងណាទិសណាទេ។ ន័យទី ១ ដែលខ្ញុំបញ្ជាក់បេក្ខជនម្នាក់ក្នុងចំណោមបេក្ខជនផ្សេងទៀត។ អញ្ចឹងទេ ក្នុងគណបក្សប្រជាជនអ្នកណាចង់ប្រណាំងប្រជែងជាមួយ ហ៊ុន ម៉ាណែត សូមដាក់បេក្ខភាពមក។ ន័យទី ២ គឺដំណើរការនៃប្រជាធិបតេយ្យតាមរយៈការបោះឆ្នោត មិនមែនតាមរយៈវិធីផ្សេងទេ។ ចំពោះចំណុចទី ៣ ពាក្យថា អនាគត។ ខ្ញុំបានប្រកាសហើយ។ ខ្ញុំប្រកាសថា ខ្ញុំធ្វើលែងកំណត់ឆ្នាំ។ អញ្ចឹងមិនដឹងថ្ងៃណា? ហ៊ុន ម៉ាណែត នៅចាំអញ្ចឹងទៅ។ ជាការបម្រុងទុក។ ក្នុងគំនិតរបស់ខ្ញុំ ការបម្រុងទុកមានមិនតិចជាង ៤ នាក់ទេ។ ខ្ញុំលើកឧទាហរណ៍ថ្ងៃមុនហើយ។ បើខ្ញុំនៅអញ្ចឹង កូនវាមកធ្វើអី? វាចង់បានទេ។ វាអត់ទេ។ វាត្រូវការនៅជាមួយគេ ជាមួយឯង។ សូម្បីតែចូលជាសមាជិករដ្ឋាភិបាល ក៏ខ្ញុំអត់ឱ្យចូលដែរ។ អាហ្នឹងគឺសូមបញ្ជាក់។ អញ្ចឹងទេ លទ្ធភាពមិនមុនព្រឹត្តិការណ៍ឆ្នាំ ២០២៨ ទេ។ អាចក្នុងចន្លោះឆ្នាំ ២០២៨ ២០២៩ ២០៣០ ដូច្នេះត្រូវរង់ចាំ។
វិធីតែមួយដើម្បីដូរទិសបានគឺត្រូវធ្វើឃាត ហ៊ុន សែន សម្លាប់ ហ៊ុន សែន ឱ្យបាន ឬ ហ៊ុន សែន ស្លាប់ដោយសារសុខភាព ឬត្រូវធ្វើឃាត ហ៊ុន សែន ដើម្បីដូរទិសនយោបាយ ដូចដែរគេបានធ្វើខ្ញុំនៅ សៀមរាប ឆ្នាំ ១៩៩៨ អាហ្នឹងបើថាចង់ដូរទិស។ ប៉ុន្តែការដូរទិសដោយសារការធ្វើឃាត ហ៊ុន សែន មិនប្រាកដថាអ្នកឯងនៅរស់ទេ កម្លាំងប្រដាប់អាវុធអាចវាយភ្លាម សូមកុំធ្វើអំពើថោកទាប។ បាញ់ខ្ញុំនៅសៀមរាប ថ្ងៃនោះបើខ្ញុំរបួស ឬស្លាប់នៅសៀមរាប គឺឈាមដាបពោះដំរីតែម្តង ព្រោះទៅពីភ្នំពេញទៅយកតាំងពីកម្លាំងបើករថក្រោះ រថក្រោះភូមិភាគ ៤ អី។ កម្លាំងពីភ្នំពេញយកទៅទាំងអស់។ សំណាងហើយដែលខ្ញុំមិនស្លាប់។ បើសិនស្លាប់ គ្រោះថ្នាក់ធំណាស់។ មិនមែនស្លាប់តែ ហ៊ុន សែន (តែគឺ)ស្លាប់អ្នកកំពុងតែនៅរស់ដែលជាមុខសញ្ញាដែលគេកំណត់ទុក។
ឥឡូវថាមិនមែនស្លាប់ដោយគេធ្វើឃាតទេ ថា ហ៊ុន សែន ស្លាប់ដោយសារជំងឺ ពេលវេលានោះក៏នឹងត្រូវដូរទិសដែរ។ មិនមែន ហ៊ុន ម៉ាណែត ទេគឺមេដឹកនាំបក្សដែលកំពុងនៅសព្វថ្ងៃនេះ នឹងចាត់ចែងរើសអ្នកណាធ្វើនាយករដ្ឋមន្ត្រី គឺទុកឱ្យគណបក្សជ្រើសរើសទៅ ព្រោះខ្ញុំងាប់ទៅបាត់ហើយ។ ទុកឱ្យគណបក្សជ្រើសរើសទៅ ហ៊ុន ម៉ាណែត មិនទាន់ដល់ពេលទេ។ មានម្នាក់បាន Voice សម្លេងពីអាមេរិកមកកាន់ខ្ញុំថា គួរពន្លឿនបន្តិចបានទេ។ ខ្ញុំថា អត់បានទេ។ ម៉្យាងទៀត ខ្ញុំសូមជម្រាប មេដឹកនាំសព្វថ្ងៃ ដែលកំពុងនៅ(ដឹកនាំ) ពេលដែលចូលធ្វើការ គេបានទាំងពរ ហ៊ុន ម៉ាណែត លេងផង។ អញ្ចឹងមិនអាចយក ហ៊ុន ម៉ាណែត ទៅធ្វើប្រធានរបស់អ្នកទាំងហ្នឹងទេ។ អ្នកមេដឹកនាំសំខាន់ៗហ្នឹងគឺថា ដែលចេញ ចេញទាំងអស់គ្នាតែម្តង ហើយដាក់ឱ្យគេថ្មីចូល … ថ្ងៃមុនយើងអាចបាននិយាយគ្នាហើយ។ ឥឡូវឧទាហរណ៍៖ ថ្ងៃមុនគេយកទៅធ្វើអត្ថាធិប្បាយទៀតថា ខ្ញុំចង្អុលទៅ ខេង ចង្អុលទៅ បាញ់ ចង្អុលទៅ ឆៃលី អីអត់ អាហ្នឹងរឿងវា ឡូហ្សិក ឥឡូវ ទៀ បាញ់ ៧៦ ឆ្នាំ ថាបងខ្ញុំ ៦ ឆ្នាំ បើថាខ្ញុំដកខ្លួនចេញទុកឱ្យ ទៀ បាញ់ មកធ្វើ។ អញ្ចឹងមិនដកក្មេងដាក់ចាស់។ ហ្នឹងអញ្ចឹង ស ខេង បងខ្ញុំ ១ ឆ្នាំ បើដកខ្ញុំចេញដាក់ ស ខេង ចូលមិនចាស់ដដែល។ អញ្ចឹងយើងនៅអញ្ចឹងទៅវាមិនស្រួលទាំងអស់គ្នា។ ការពិតរឿងវាអញ្ចឹង។ វា ឡូហ្សិក អញ្ចឹង។
ខ្ញុំសូមបញ្ជាក់ បើខ្ញុំចង់ធ្វើប្រធានបក្ស ខ្ញុំធ្វើតាំងពីឆ្នាំ ១៩៩១ មុនចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ថ្នាក់ដឹកនាំដែលជាគណៈអចិន្ត្រៃយ៍ដែលជាសមាជិកមជ្ឈិម ពេលនោះរាប់ទាំង ប៉ុល សារឿន ទាំងអស់គ្នាដែលបានចូលរួមបោះឆ្នោត។ យើងបោះឆ្នោតពីម៉ោង ៧ ល្ងាច ដល់ម៉ោង ១២ យប់។ គេសួរថា ហេតុអី បានមានប្រធានកិត្តិយស។ គេមិនទាន់បានដាក់ជាសំណួរទេ តែខ្ញុំបាននិយាយទុកក្នុងវីដេអូឃ្លីបរបស់ខ្ញុំរួចជាស្រេច។ ពេលនោះបង ជា ស៊ីម អត់ចង់ធ្វើប្រធានបក្សទេ។ គាត់ប្រកែក។ បេក្ខភាពប្រធានមួយ បេក្ខភាពអនុប្រធានពីរ។ ប៉ុន្តែ សន្លឹកឆ្នោតរបស់ខ្ញុំវាច្រើនជាងគេ។ អញ្ចឹងបង ជា ស៊ីម គាត់ងឿក អត់ចង់ធ្វើប្រធាន។ គាត់ថាគាត់អត់ធ្វើប្រធានទេ ឱ្យប្អូនឯងធ្វើ។ ប្រជុំទាំងអស់គ្នា អ្នកដែលជាសមាជិកអចិន្ត្រៃយ៍ពេលនោះ កាលហ្នឹងយើងដូររចនាសម្ព័ន្ធពីការិយាល័យនយោបាយ អគ្គលេខា ទៅជាប្រធាន អនុប្រធាន បេក្ខជនប្រធានមួយ និងបេក្ខជនអនុប្រធានពីរ។ ដល់ទៅបើកហិបឆ្នោតឡើង វាមានបញ្ហា។ អញ្ចឹងនៅសល់អនុប្រធានទាំងពីរហ្នឹង អ្នកណាធ្វើ? បង ជា ស៊ីម គាត់ប្រកែក។ ចុងក្រោយខ្ញុំស្នើឱ្យគណៈអចិន្ត្រៃយ៍ការិយាល័យពេលនោះចាកចេញពីបន្ទប់ ទុកតែខ្ញុំ ២ នាក់បង ជា ស៊ីម។ បើវិញ្ញាណក្ខន្ធគាត់នៅ គាត់ជាសាក្សីបង្ហាញផ្លូវ។
ពេលនោះគាត់នៅតែប្រកែក។ ខ្ញុំនិយាយខ្លីទេ។ ខ្ញុំថា អត់អីទេបង ខ្ញុំធ្វើក៏បាន។ ព្រោះគាត់យកហេតុផលថា សន្លឹកឆ្នោតប្អូនឯងច្រើនជាង។ បោះឆ្នោតសម្ងាត់គណបក្សប្រជាជនតឹងតែងណាស់ មិនមែនបោះឆ្នោតលើកដៃហើយនាំគ្នាថាធ្វើប្រជាធិបតេយ្យ។ នេះបោះឆ្នោតសម្ងាត់ ទោះបីបេក្ខជនតែមួយក៏អាចធ្លាក់បានដែរ។ បើមិនគ្រប់ ៥០%។ ខ្ញុំប្រាប់បង ជា ស៊ីម ចុងក្រោយ … ឥឡូវខ្ញុំសុខចិត្តធ្វើប្រធានបក្ស តែខ្ញុំសូមឱ្យបងឯងទៅធ្វើនាយករដ្ឋមន្រ្តីជំនួសខ្ញុំ ហើយទៅបន្តការចរចាកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ នេះជាសម្តីខ្ញុំទៅកាន់បង ជា ស៊ីម។ អញ្ចឹងបង ជា ស៊ីម ថាបានគាត់សុខចិត្តធ្វើប្រធាន។ បើខ្ញុំចង់ធ្វើប្រធានក៏ខ្ញុំធ្វើបានតាំងពីដើមដំបូងដែរ ក៏ប៉ុន្តែមិនសមហេតុផលទេ។ ខ្ញុំប្អូនបង ជា ស៊ីម ប្រហែលជាជាង ២០ ឆ្នាំ។ បង ជា ស៊ីម អាចជាឪពុករបស់ខ្ញុំ។ រឿងនេះជារឿងពិតកើតឡើង។ វាអញ្ចឹងក្នុងប្រវត្តិសាស្ត្រ។ ដូច្នេះក្នុងករណីដូចគ្នានេះក៏មិនអាចយក ហ៊ុន ម៉ាណែត មកធ្វើលើបង សាយ ឈុំ លើបង ហេង សំរិន លើសម្តេច ស ខេង លើសម្តេចពិជ័យសេនា ឬមេដឹកនាំបច្ចុប្បន្ននេះបានទេ។ ហ្នឹងនិយាយគ្នាឱ្យច្បាស់នៅកន្លែងហ្នឹង។
បេក្ខជនបំរុងក្នុងចិត្ត ៤ នាក់ សំរាប់ប្រជែងតំណែងនាយករដ្ឋមន្ត្រី
ឥឡូវ ខ្សែត្រៀមដែលកំពុងនៅនេះ កំពុងតែធ្វើការហើយ។ អ្នកទាំងនោះត្រូវហ្វឹកហ្វឺនធ្វើការឱ្យល្អទៅ។ ខ្ញុំនិយាយបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជនផ្សេងទៀត គំនិតរបស់ខ្ញុំៗបានត្រៀមបេក្ខជនរហូតដល់ ៤ នាក់។ ទោះបីប៉ុន្មានថ្ងៃនេះខ្ញុំឃើញសារ អ្នកដែលខ្ញុំដៅជាបេក្ខជនដែលមិនចេញស្តីនោះ ក៏បានចេញសារគាំទ្រ ហ៊ុន ម៉ាណែត ហើយក៏ដោយ។ អ្នកទាំងនោះនៅតែជាគោលដៅនៃការបម្រុងទុក ករណី ហ៊ុន សែន អត់ស្លាប់ទេ។ ប៉ុន្តែ(បើសិន) ហ៊ុន ម៉ាណែត កសាងកំហុសអីមួយ ខ្ញុំមិនអាចបន្តគាំទ្រកូនរបស់ខ្ញុំក្នុងពេលដែលគេប្រព្រឹត្តិនូវកំហុស ដែលធ្វើឱ្យបក្សបាត់បង់ប្រជាប្រិយភាពនោះទេ។ នេះនិយាយគ្នាឱ្យច្បាស់នៅកន្លែងហ្នឹង។ ប៉ុន្តែដោយសារតែការញុះញង់ម្តងហើយម្តងទៀត ហើយជាពិសេសនៅជុំវិញ(តែរឿង) ស ខេង ហ៊ុន សែន ហើយមានអាចង្រៃមួយណានោះសុទ្ធតែថា ស ខេង គឺថាផ្កាយសំណាង, ហ៊ុន សែន ផ្កាយគ្រោះ អាហ្នឹងដូចលោកអីមួយអង្គនោះ … ហ្នឹងបំបែកបំបាក់ស្អី? ហើយលេងតាមហ្វេសប៊ុកឡាយទៀត។ ឥឡូវ ដូចជាស្លៀកខោជើងប៉ាត់ (និង)ទុកសក់វែងទៀត។ ហ្នឹងតាមពិត (ស) ខេង ត្រូវចេញមុខបកស្រាយ … បកឱ្យខ្លាំង។ នេះផ្ទៃក្នុង។ មិនរឿងតូចទេ។ បកថ្នមៗអត់បានទេ អានេះត្រូវព្រនង់ៗ។ ខ្ញុំត្រូវតែបញ្ចេញ។ ពិតមែនតែខ្ញុំគាំទ្រ ក្នុងបេក្ខជន ៤ នាក់ តែចិត្តរបស់ខ្ញុំលំអៀងចង់ឬមិនចង់។ បើអ្ហែងនិយាយអញ្ចឹងហើយ ចិត្តខ្ញុំលំអៀងទៅរកកូនខ្ញុំហើយ។ ក្នុងចំណោមបេក្ខជន(ទាំង)នោះ ក្មេងជាងគេ គឺមួយហ្នឹង ប៉ុន្តែនៅ(មាន)ក្មេងម្នាក់ទៀតដែរ ដែលជាបេក្ខជនក្នុងចិត្ត។ អញ្ចឹង ខ្ញុំឧទ្ទេសនាមបេក្ខជនក្នុងចិត្តខ្ញុំម្នាក់ចេញមក ដែលគេលើកម្តងហើយម្តងទៀត។ ប៉ុន្តែ បែរជាចេញមក(នូវ)ការគាំទ្រយ៉ាងពេញទំហឹង។ ប៉ុន្មានថ្ងៃនេះ ខ្ញុំឱ្យមនុស្សដើរតាមផ្សារដែរ គេនិយាយតាមមួយបែបរបស់គេ អាហ្នឹងតាមអ្នកតុកាហ្វេ ក្រៅពីត្រកូល “ហ៊ុន” មិនដឹងទុកចិត្តអ្នកណាទេ …។
បើមានបេក្ខជនច្រើនជាងមួយ ត្រូវធ្វើការបោះឆ្នោត តើបេក្ខជនណាមានសក្ដានុពលជាង?
មានអ្នកវិភាគមួយនោះថា ហ៊ុន ម៉ាណែត ត្រូវតែផ្តាច់ខ្លួនចេញពីឪពុក។ ផ្តាំទៅអាទំពែក ឱ្យល្មមបានហើយ ហើយលោកជំទាវដែលគេហៅថា ដីលើទឹកនោះ រៀបចំតែបេក្ខជនខ្លួនឯងឱ្យត្រឹមត្រូវតាមច្បាប់បានហើយ។ ខ្ញុំពេញចិត្តជាមួយយុវជនម្នាក់គេបង្ហោះតាមហ្វេសប៊ុករបស់គេថា រឿងនេះជារឿងកិច្ចការផ្ទៃក្នុងរបស់គណបក្សប្រជាជនទេតើ។ រឿងអីទៅឈឺចាប់ជាមួយគេ។ ជានីតិវិធីនៅក្នុងគណបក្សប្រជាជន។ គណបក្សប្រជាជនមិនមែនគ្រាន់តែប្រកាសគាំទ្រតាមញត្តិប៉ុណ្ណឹងគ្រប់គ្រាន់ទេ ត្រូវឆ្លងកាត់មហាសន្និបាតរបស់គណបក្ស ដើម្បីអនុម័តបេក្ខជន។ សុំបញ្ជាក់កន្លែងហ្នឹងឡើងវិញ។ បើមានបេក្ខជនច្រើនជាងមួយ ក៏ត្រូវធ្វើការបោះឆ្នោត។ តើបេក្ខជនណាមានសក្តានុពលជាង។ សូមដាក់មក ទោះបីជាកូនមេដឹកនាំជា សម្តេចក្រឡាហោម ស ខេង, សម្តេចពិជ័យសេនា ទៀ បាញ់ ឬឧបនាយករដ្ឋមន្ត្រីផ្សេងទៀតជា ម៉ែន សំអន ឬ ជាម យៀប ដាក់បេក្ខជនមកឱ្យច្រើនទៅ រួចនាំគ្នាបោះឆ្នោតក្នុងបក្ស។ ខ្ញុំអត់មានហាមឃាត់ទេ ព្រោះ (ស) ខេង មាន ស សុខា ដែរ ទៀ បាញ់ បាន ទៀ សីហា ដែរ។ ជាម យៀប មាន (ជាម ច័ន្ទសោ)ភ័ណ្ឌ ដែរ អ្ហែងឈរឈ្មោះធ្វើនាយករដ្ឋមន្ត្រីទៅ?
បញ្ញវ័ន្ត ១០ នាក់នៅជុំវិញខ្លួន និងកូនប្រុស ៣ នាក់ ផ្តល់មតិ
ក្រៅពីសារកំពុងចេញនេះ ខ្ញុំឱ្យមនុស្សទៅ ៧ ក្រុម ដើម្បីស្តាប់។ គេនិយាយថាម៉េច? ភាសាចេញមក គឺតែមួយ។ អ្វីដែលជាគុណសម្បត្តិធំជាងគេរបស់ ហ៊ុន ម៉ាណែត ដែលខ្ញុំហ៊ានដាក់? ខ្ញុំមានបញ្ញវ័ន្តនៅជុំវិញខ្លួនសរុប ១០ នាក់។ ប៉ុន្តែ បញ្ញវ័ន្ត ដែលយកមកនៅជាប់ខ្លួន ឧស្សាហ៍ហៅមកជំនុំផ្តល់នូវមតិ គឺកូនប្រុស ៣ នាក់ គេមានព័ត៌មានផ្តល់ឱ្យយើង។ យើងមានព័ត៌មានឱ្យគេ។ គេជួយវិភាគឱ្យយើង។ ក្រៅពីកិច្ចការដែលគេបានធ្វើ កិច្ចការដ៏សំខាន់មួយ គឺសេនាធិការផ្នែកយុទ្ធសាស្ត្រឱ្យឪពុក។ បងប្អូនគេទាំង ៣ នាក់នេះ មុនពេលមកជួបឪពុក និងមុនមកនិយាយជាមួយឪពុក គេឯកភាពគ្នាថា គួរលើកពីស្អីមកនិយាយជាមួយពុក ព្រោះយើងហៅមកគឺមកដើម្បីពិភាក្សា។ យើងត្រូវធ្វើស្អី តើកូនៗមានយោបល់អី ត្រូវការកែទម្រង់យ៉ាងម៉េចអីយ៉ាងម៉េច។ បក្សដទៃរឿងបក្សដទៃ។ ខ្ញុំគោរពសិទ្ធិ។ អ្នកខ្លះគេបង្ហើបកូនគេចេញមក។ ខ្ញុំសរសើរកូនរបស់គេ ក៏ប៉ុន្តែគេមិនបានសរសើរកូនខ្ញុំ គេជេរកូនខ្ញុំ។ ខ្ញុំនឹងឱ្យអ្នកឯងសរសេរតែពីខ្ញុំរហូត។ ពីថ្ងៃនេះទៅ ដល់ពេលវេលាដែលខ្ញុំចាប់ផ្តើមអនុវត្តយុទ្ធសាស្ត្ររុញទូកបណ្តោយទឹក ឱ្យអ្នកឯងរវល់តែពី ហ៊ុន សែន ភ្លេចចាប់អារម្មណ៍លើរឿងដទៃ។
សូមសាធារណមតិកុំភាន់ច្រឡំ ឆ្នាំ ២០២៣/២៨ ហ៊ុន សែន នៅតែជាបេក្ខភាពនាយករដ្ឋមន្ត្រី
ខ្ញុំបានមើលហើយតាមរយៈ Fresh News សូម្បីតែបេក្ខជន ដែលខ្ញុំត្រៀមបម្រុងទុកក្នុងចិត្តសំដៅទៅរក ពួកគេក៏បានចេញសារមក។ ប៉ុន្តែអ្នកទាំងនោះនៅតែមានលទ្ធភាពក្នុងករណី ឧទាហរណ៍ … ស្រាប់ពីនេះទៅ (ហ៊ុន) ម៉ាណែត ធ្វើកំហុសអ្វីមួយ ដែលពិបាកស្រោចស្រង់។ យើងត្រូវតែផ្អឹបទុក (ហ៊ុន) ម៉ាណែត ហើយលើកបេក្ខជនមួយមកទៀត ដែលមិនមែនជាសាច់ឈាមរបស់ខ្ញុំទេ តែគឺជា(កូន/ចៅ)របស់ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជន។ មិនទៅរើសពីគណបក្សផ្សេងទេ។ អាហ្នឹងជាសិទ្ធិរបស់គេ … ក្នុងពេលដែលក្រុម(ស្តាប់ព័ត៌មាន)ទាំង ៧ ក្រុម ទៅតាមហាងកាហ្វេ(បានដឹងថា) មានបងប្អូនមួយចំនួនមានការភាន់ច្រឡំថា វីវរឆ្នាំ ២០២៣ ហ្នឹងដាក់ ហ៊ុន ម៉ាណែត ចូលមក សភាពការណ៍វាដូរទិសទៅណា។ អត់ទេ។ (ឆ្នាំ) ២០២៣ គឺ ហ៊ុន សែន នៅតែជាបេក្ខភាព។ (ឆ្នាំ) ២០២៨ ហ៊ុន សែន នៅតែជាបេក្ខភាពនាយករដ្ឋមន្ត្រីដដែល។ សូមបញ្ជាក់ឱ្យហើយ លើកលែងតែ ហ៊ុន សែន ស្លាប់ អាហ្នឹងអ្នកទាំងអស់គ្នានាំគ្នាចាត់ចែងទៅ។ ខ្ញុំអត់មានសិទ្ធិមកចាត់ចែង ព្រោះខ្ញុំនៅក្នុងក្តារមឈូស។
ថ្ងៃ ពុធ ទី ០៨ ធ្នូ ជាថ្ងៃកាន់ទុក្ខព្រះសព សម្តេចក្រុមព្រះ
ដូចថ្ងៃហ្នឹងយើងទៅទាំងអស់គ្នា គោរពវិញ្ញាណក្ខន្ធ សម្តេចក្រុមព្រះ។ ថ្ងៃ ពុធ យើងទៅជូនដំណើរ សម្តេចក្រុមព្រះ។ (សម្តេចក្រុមព្រះ) នេះជាប្រធានក្រុមប្រឹក្សាព្រះមហាក្សត្រ (ជា)អតីតនាយករដ្ឋមន្ត្រីទី ១ និងជាប្រធាន(អតីត)ប្រធានរដ្ឋសភា យើងត្រូវធ្វើឱ្យសមរម្យ។ ថ្ងៃ ពុធ ទី ០៨ គឺជាថ្ងៃកាន់ទុក្ខរយៈពេល ០១ ថ្ងៃ។ ល្ងាចនេះ ថ្នាក់ដឹកនាំរបស់យើងនឹងទៅគោរពវិញ្ញាណក្ខន្ធរបស់ព្រះអង្គ។ ព្រឹកនេះ ព្រះករុណា និងហ្លួងម៉ែ ធ្វើពិធីតាមសាសនា ល្ងាចនេះ យើងគោរពវិញ្ញាណក្ខន្ធ។
តំណែងនាយករដ្ឋមន្ត្រីនៅទំនេរជាស្ថាពរ គណៈរដ្ឋមន្ត្រីមួយត្រូវរៀបចំឡើងវិញ
បើខ្ញុំនៅក្នុងក្តាមឈូសហើយ តើខ្ញុំមានសិទ្ធិមកចាត់ចែងអីទៀត? អស់លោកនៅរស់ហ្នឹងនាំគ្នាចាត់ចែងទៅ ព្រោះអញ្ចេះ ចំណុចមួយមិនត្រូវភ្លេចទេ បើតំណែងនាយករដ្ឋមន្ត្រីនៅទំនេរជាស្ថាពរ គណៈរដ្ឋមន្ត្រីមួយត្រូវចាត់ចែងឡើងវិញ។ មានន័យថា បើនាយករដ្ឋមន្ត្រីស្លាប់ ឬលាលែងពីតំណែង គណៈរដ្ឋមន្ត្រីទាំងមូល គឺរលាយទាំងអស់។ អត់មានរដ្ឋមន្ត្រីមហាផ្ទៃ អត់មានរដ្ឋមន្ត្រីការពារជាតិ អត់មានរដ្ឋមន្ត្រីផែនការ អត់មានរដ្ឋមន្ត្រីទាំងអស់ និយាយរួមអ្នកមុខងារនយោបាយ។ អ្នកដែលកាន់តំណែងបានមានតែ វង្ស ពិសេន និង នេត សាវឿន ទេ បើនាយករដ្ឋមន្ត្រីស្លាប់ ២ នាក់ ហ្នឹងគេនៅ(បាន) ព្រោះគេមុខងារសាធារណៈ។ ប៉ុន្តែ ចាប់ពីអនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ ដល់រដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី គឺរលាយខ្លួនទាំងអស់។ អញ្ចឹង ត្រូវប្រញាប់ប្រញាល់ ដើម្បីកោះប្រជុំគណបក្សជ្រើសរើសបេក្ខជននាយករដ្ឋមន្ត្រី ស្នើតាមរយៈប្រធានសភាទៅព្រះមហាក្សត្រ ដើម្បីព្រះអង្គចាត់តាំងឱ្យធ្វើជានាយករដ្ឋមន្ត្រី ឱ្យរៀបចំ(រាជ)រដ្ឋាភិបាល រួចហើយត្រូវនាំទៅសុំការទុកចិត្តពីរដ្ឋសភា ហើយចូលស្បថបំពេញការងារ។ ត្រូវធ្វើសកម្មភាពឱ្យលឿន។ សម្រាប់រដ្ឋសភា និងព្រឹទ្ធសភា គឺករណីផ្សេង ឧទាហរណ៍៖ បង ជា ស៊ីម គាត់មរណកាលទៅ យើងទុកពេលវេលាអត់មានជ្រើសរើសប្រធានភ្លាមទេ។ យើងធ្វើបុណ្យឱ្យហើយរួចស្រេច ទើបយើងវិលមកធ្វើការបោះឆ្នោតជ្រើសរើសប្រធានព្រឹទ្ធសភា ព្រោះអនុប្រធានព្រឹទ្ធសភាឡើងជាប្រធានស្តីទី។ ប៉ុន្តែ គណៈរដ្ឋមន្ត្រីអត់អញ្ចឹងទេ។ មើលក្នុងរដ្ឋធម្មនុញ្ញឱ្យច្បាស់ទៅ។
បើតំណែងនាយករដ្ឋមន្ត្រីនៅទំនេរជាស្ថាពរ គណៈរដ្ឋមន្ត្រីមួយត្រូវរៀបចំឡើងវិញតាមមាត្រា ១២៥ ថ្មី (មាត្រា ១០៦ ចាស់)។ អញ្ចឹង អ្នកវិភាគខ្លះត្រូវវិភាគផ្អែកលើកត្តានយោបាយផង ជាពិសេស កត្តាច្បាប់។ មានអ្នកខ្លះមកប្រដៅឯង ហ៊ុន ម៉ាណែត ត្រូវតែផ្តាច់ខ្លួនពីឪ។ អាទំពែកមួយនេះអត់រាងចាលតែម្តង។ កុំខ្លាំងជ្រុលហួស។ ឪគេកូនគេ បក្សគេ អ្នកឯងកុំលូកលាន់ទៅមើល។ អ្នកឯងទៅជួយបក្សប្រឆាំងទៅ។ រៀបចំបេក្ខជនទៅ។ មិនចាំបាច់មករវល់ជាមួយគណបក្សប្រជាជនទេ។ បើគេមិនចេះ គេមិនអាចដឹកនាំប្រទេស ៤៣ ឆ្នាំ បើគេមិនចេះ គេមិនអាចគ្រប់គ្រងមនុស្សដល់អញ្ចឹងទេ។ រាល់ថ្ងៃ និយាយស្អីឡើងចាំតែបះបោរប្រយុទ្ធជាមួយ ហ៊ុន សែន។ ហើយបើកម្លាំងគេខ្លាំងណាស់ម៉េចមិនមក? ហើយវាបាក់ទៅណា?
កម្ពុជាចាក់វ៉ាក់សាំងកូវីដ-១៩ លើក្រុមមនុស្សគ្រប់អាយុបោះឆ្នោតលើស ១០០%
ប៉ុន្តែ គេហៅថា ឈ្នះក្នុងចិត្តឈ្នះរហូត។ ឥឡូវ យើងមើលតែប៉ុណ្ណេះទៅ ពួកក្រុមគេជាអ្នកប្រឆាំងការចាក់វ៉ាក់សាំង(កូវីដ-១៩)។ ឥឡូវ យើងចាក់វ៉ាក់សាំងសម្រេចតាមគោលដៅរបស់យើងបាត់។ មនុស្សចាស់ ១០ លាននាក់។ ឥឡូវ ចាក់លើស ១០ លាននាក់។ អ្នកដែលមានអាយុគ្រប់បោះឆ្នោត ១០ លាននាក់ ដែលយើងចាក់លើស ១០ លាននាក់។ អ្នកឯងថាម៉េច? លើស ១០០% បាត់ទៅហើយ។ ឯក្រៅពីនោះ មនុស្សទាំងហ្នឹងកំពុងនៅប្រទេសថៃ/កូរ៉េ/ម៉ាឡេស៊ី/ជប៉ុន កំពុងនៅសិក្សានៅឯបរទេស។ អ្នកឯងយល់ទេ? អ្នកឯងគិតថាមនុស្សទាំងហ្នឹង សុខចិត្តងាប់តាមអ្នកឯង ហើយកំដរខ្មោចអ្នកឯង? ប៉ុណ្ណឹងហើយនៅមិនយល់ទៀត។ មិនត្រឹមតែគេចាក់ ១០ លាននាក់ មនុស្សគ្រប់អាយុបោះឆ្នោតទេ គេយកកូន/ចៅរបស់គេទៅចាក់(វ៉ាក់សាំង) ជាពិសេស ចាក់អាក្នុងចន្លោះ(អាយុ) ៦-១២ (ឆ្នាំ) ចាក់លើសផែនការ។ ហើយអា ៥ ឆ្នាំ កំពុងនៅបន្ត។ អ្នកឯងគិតយ៉ាងម៉េច? អ្នកឯងគិតថាអ្នកឯងខ្លាំង?
សុទ្ធតែវ៉ាក់សាំងចិនចាក់ទៅស្លាប់។ វ៉ាក់សាំងចិនចាក់នៅលើទឹកដីខ្មែរ មិនទាន់មានមនុស្សណាម្នាក់ស្លាប់។ ប៉ុន្តែ ផ្ទុយទៅវិញ មិនមែនវ៉ាក់សាំងរបស់ចិន។ ខ្ញុំមិនចាំបាច់ប្រាប់ទេ។ សូម្បីតែនៅប្រទេសវៀតណាមក៏មានស្លាប់ មិនមែនវ៉ាក់សាំងរបស់ចិនទេ។ នៅប្រទេសថៃ នៅប្រទេសអឺរ៉ុប និងនៅប្រទេសដទៃទៀត ដែលមានមនុស្សស្លាប់ មិនមែនវ៉ាក់សាំងចិនទេ។ និយាយគ្នាឱ្យច្បាស់។ គេបន្តុះបង្អាប់វ៉ាក់សាំងចិន ប៉ុន្តែ ថ្ងៃមុនខ្ញុំនិយាយជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី ខ្ញុំថា ខ្ញុំកំពុងសង្ស័យពីវ៉ាក់សាំង។ សង្ស័យអី? ឥណ្ឌូនេស៊ីជាប្រទេសឆ្លងខ្លាំងបន្ទាប់ពីឥណ្ឌាមក។ ឥឡូវ ឥណ្ឌូនេស៊ីនៅមួយថ្ងៃឆ្លង ២០០-៣០០ នាក់ ប្រជាជនជាង ៣០០ លាននាក់ … តិចណាស់។ ចិនប៉ុន្មានថ្ងៃនេះលោតឡើងដល់ ៨០-៩០ នាក់ រាងឡើងបន្តិច ពីមុនចុះមកនៅក្រោម ២០ នាក់ ក៏មានដែរ។ អញ្ចឹង វ៉ាក់សាំងចិនគេធានាក្នុងប្រទេសចិន។ ឥឡូវ ធានាក្នុងប្រទេសកម្ពុជា បើសិនឆ្លងក៏អត់ច្រើន គឺធ្លាក់។ បើឆ្លងហើយ អត់ទៅជាជំងឺធ្ងន់ធ្ងរ។ អ្នកដែលធ្ងន់ធ្ងរ គឺអ្នកមានជំងឺប្រចាំកាយ ហើយ អាយុចាស់។ ទោះបីគ្មានកូវីដក៏ដល់ពេលវេលាគាត់។
នៅឥណ្ឌូនេស៊ីធ្លាក់ចុះយកតែមែនទែន។ គឺ(ប្រើ)វ៉ាក់សាំងរបស់ចិន ហើយឥណ្ឌូនេស៊ីក៏ផលិតដូចកម្ពុជាអញ្ចឹងដែរ។ ក្រុមហ៊ុនចិនទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលចិន ទៅផលិតក្នុងឥណ្ឌូនេស៊ី។ ឥណ្ឌូនេស៊ីគាត់ចាក់បានប៉ុណ្ណឹងចាត់ទុកថាពូកែខ្លាំងណាស់ ព្រោះអី? គាត់មានវ៉ាក់សាំងគ្រប់ហើយ ប៉ុន្តែការដឹកជញ្ជូនទៅតាមកោះមួយៗនោះ គាត់ប្រើថា ពហុវិស័យ។ គាត់ប្រើ តាំងពីម៉ូតូ/អូប៊័រ ព្រោះប្រទេសសុទ្ធតែកោះ។ តែគាត់ចាក់បានច្រើន។ ដល់គាត់ចាក់បានច្រើនអញ្ចឹងគាត់សង្កត់ជាប់។ ហើយយុទ្ធសាស្ត្រវ៉ាក់សាំងនេះទៀត ធ្វើមិនត្រូវអត់មានភាពស៊ាំទេ។
អូមីក្រុង (Omicron) មិនទាន់បណ្តាលឱ្យស្លាប់ ដូច ដែលតា និងអាល់ហ្វា
… គ្រប់ខេត្តទាំងអស់ស្នើសុំវ៉ាក់សាំង។ ខ្ញុំថាអត់ទេ ស្រោចភ្នំពេញ និងកណ្តាលឱ្យជោគសិន។ បើមិនជោគ កន្លែងហ្នឹងទេ យកទៅកន្លែងផ្សេងក៏អត់បានការ។ ឥឡូវ យើងឧទាហរណ៍អញ្ចេះ ព្រៃវែងយើងឱ្យមកមួយដំណាក់នោះ ឱ្យតែប៉ុន្មានស្រុកទេ អត់ឱ្យពង្រីកទៅស្រុកផ្សេង។ ព្រោះអី? ឥឡូវ ឧទាហរណ៍ថា វ៉ាក់សាំងមួយប្រទេសរបស់យើង ពង្រីកទៅគ្រប់កន្លែង យកសមភាពថា ១០% នៃចំនួនប្រជាជន។ សម្រាប់ខេត្តនីមួយៗ អញ្ចឹង ខេត្តមួយៗបានតែ ១០% នៃចំនួនប្រជាជន។ អញ្ចឹង នៅពេលចូលប្រជុំមនុស្ស ១០០ នាក់ អ្នកចាក់វ៉ាក់សាំងតែ ១០ នាក់ អ្នកអត់ចាក់ ៩០ នាក់។ នេះគ្រាន់តែបញ្ហាយុទ្ធសាស្ត្រ នៃការចាក់(វ៉ាក់សាំង)ក៏ត្រូវមានវិធីសាស្ត្ររបស់វាដែរ។ ភ្នំពេញម្សិលមិញដូចឆ្លងមានតែ ៣-៤ ករណីទេ ទាល់សរុបទូទាំងប្រទេស គឺ ១៦ ករណី ប្រហែលជាគេចាប់ផ្តើមផ្សាយហើយ។ លោកជំទាវ យក់ សម្បត្តិ តែពេលហ្នឹងចាប់ផ្តើមរុញមកឱ្យខ្ញុំ តែខ្ញុំអត់ទាន់បានបើកមើលទេ។
ខ្ញុំអំពាវនាវឱ្យបន្តការយកចិត្តទុកដាក់ថែទាំសុខភាព ៣ ការពារ និង ៣ កុំ ទោះបីអាមីក្រុងមក ក៏វាធ្វើអី យើងអត់បានដែរ។ យើងវាស្លន់ស្លោពេក ស្លន់ស្លោតាំងពីអង្គការសុខភាពពិភពលោក/អឺរ៉ុប/អាមេរិក តែទីចុងបំផុតអ្នកដែលស្លាប់ដោយសារអូមីក្រុងអត់ទាន់មានសោះ។ ស្លាប់ដោយសារដែលតា និងអាល់ហ្វាទាំងអស់។ មកដល់ម៉ោងនេះ អូមីក្រុងអត់ទាន់មានអីទាំងអស់។ អញ្ចឹង បានជាយើងបានសម្រេចពីម្សិលហើយ យើងលុបចោលការហាមប្រាម ១០ ប្រទេស និងអ្នកធ្វើដំណើរឆ្លងកាត់ ១០ ប្រទេសនេះ មិនឱ្យចូលកម្ពុជា គឺយើងលុបចោល។ ប៉ុន្តែ យើងត្រូវពង្រឹងការធ្វើតេស្ត និងធ្វើចត្តាឡីស័កនៅក្នុងស្រុកយើងវិញ។ នេះជាបញ្ហារើសអើង ហើយខ្ញុំគាំទ្រទៅលើការលើកឡើងរបស់អគ្គលេខាធិការអង្គការសុខភាពពិភពលោក យើងមិនដាក់របាំង អំពីបញ្ហាហ្នឹងទេ។
ពហុកីឡាដ្ឋានជាតិ មរតកតេជោ កាដូរបស់ ឯកឧត្តម Xi Jinping ជូនចំពោះ ហ៊ុន សែន
យើងនៅមានការងារច្រើនណាស់។ ពីនេះដល់ចុងឆ្នាំយើងនៅមានការសម្ពោធប៉ុន្មានទៀតទៅ? សម្រាប់ជា មួយមិត្តចិន គឺស្តាដ។ ស្តាដថ្ងៃ(ខាងមុខ)នោះធ្វើឱ្យល្អ។ មិនដែលមានស្តាដធំអញ្ចឹងផង។ មួយហ្នឹងអស់ទាស់ហើយ។ ហ្នឹងជាកាដូរបស់ ឯកឧត្តម Xi Jinping ជូនចំពោះ ហ៊ុន សែន កាដូរបស់រដ្ឋាភិបាល និងប្រជាជនចិន ជូនចំពោះ(រាជ)រដ្ឋាភិបាល និងប្រជាជនកម្ពុជាទុកតកូនតជំនាន់។ ប៉ុន្តែ ត្រូវកត់ត្រាទុកថា ដំណាក់កាល “ព្រះមហាក្សត្រ នរោត្តម សីហមុនី, នាយករដ្ឋមន្ត្រី ហ៊ុន សែន” ហ្នឹងនៅកម្ពុជា និងនៅចិន ដំណាក់កាល ”ប្រធានាធិបតី Xi Jinping និងនាយករដ្ឋមន្ត្រី Li Keqiang” ព្រោះនេះជាដំណាក់កាលសំខាន់ ដែលត្រូវកត់ត្រាទុកប្រវត្តិ ថាកើតឡើងក្នុងជំនាន់ណា។ មិនមែនទៅវាយចោលឯណា? ហើយឌីហ្សាញហ្នឹងវាអស់ទាស់ហើយ។ គេដាក់ឌីហ្សាញប៉ុន្មានធុនយកមកឱ្យខ្ញុំរើស។ កំពុងតែផ្លូវសូត្រសមុទ្រសតវត្សរ៍ទី ២១ ផង យកអាសំពៅបណ្តោយ។ បង្ហាញពីនិមិត្តរូបម្ខាងគឺសម័យកាលដើម ទាក់ទិននឹងការតភ្ជាប់ពីសម័យនោះគឺប្រើសំពៅ។ ដល់ឥឡូវនេះ ដំណាក់កាលផ្លូវសូត្រសមុទ្រសតវត្សរ៍ទី ២១ និងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ អញ្ចឹង ជ្រើសរើសយកសំពៅហ្នឹងបណ្តោយ។ ឥឡូវ ត្រូវរឿង។ ត្រូវក្បូរក្បាច់ ព្រោះមិនមែនចេះតែរើសដោយចៃដន្យទេ។
សូមកុំបន្តនិយាយថា “ក្រៅពីត្រកូល ហ៊ុន មិនដឹងទុកចិត្តអ្នកណា”
ថ្ងៃនេះ ខ្ញុំសូមបញ្ជាក់សាជាថ្មី។ ខ្ញុំអរគុណចំពោះការគាំទ្រទាំងឡាយ រាប់ទាំងតុកាហ្វេ។ ប៉ុន្តែ ខ្ញុំសុំថា សុំកុំឱ្យនិយាយបន្តទៅលើបញ្ហាថា «ក្រៅពីត្រកូល ហ៊ុន មិនដឹងទៅទុកចិត្តអ្នកណា?»។ មានមនុស្សច្រើនណាស់ក្នុងគណបក្សប្រជាជន ដែលមានលទ្ធភាពធ្វើនាយករដ្ឋមន្រ្តី។ ត្រង់ដូចគ្នា ឬមិនដូចគ្នា មិនដឹងទេ ព្រោះមិនអាចឱ្យចរិតរបស់ បង ឆាយ ថន មកដូចខ្ញុំកើតទេ ឱ្យចរិត ទៀ បាញ់ មកដូចខ្ញុំកើតទេ ឱ្យចរិត ស ខេង មកដូចខ្ញុំកើតទេ ជាម យៀប ហោ ណាំហុង ធ្វើឱ្យដូចខ្ញុំកើតទេ ព្រោះពេលខ្ញុំនិយាយ ខ្ញុំចង្អុលដៃ លើកដៃ លើកជើង ចង្អុលទៅលិច ចង្អុលទៅកើត ហ្នឹងក៏ធ្វើមិនដូចដែរ។ ប្រឹងធ្វើឱ្យដូច ក៏មិនដូចដែរ ព្រោះអាហ្នឹងធម្មជាតិរបស់ខ្ញុំវាអញ្ចឹង។
សារមួយនេះកាត់បន្ថយកង្វល់បងប្អូន ដែលថានឹងមានការរៀបចំផ្លាស់ប្ដូរនាយករដ្ឋមន្រ្តីក្នុងពេលឆាប់ៗ។ ខ្ញុំសូមបញ្ជាក់ ក្នុង ៨ ទៅ ១០ ឆ្នាំទៀត នេះបើយោងទៅលើសុខភាពរបស់ខ្ញុំ គឺមិនមែនថ្ងៃនេះទេ។ បេក្ខជនបម្រុងក្នុងចិត្តរបស់ខ្ញុំមាន ៤ រូប។ មេដឹកនាំទាំងឡាយ ដែលរួមដំណើរជាមួយខ្ញុំ នៅបន្តជាមួយខ្ញុំតទៅទៀត លើកលែងតែខ្ញុំស្លាប់ បានបញ្ជាក់ហើយ ស្លាប់ដោយសារជំងឺ មេដឹកនាំនាំគ្នាធ្វើទៅ។ ប៉ុន្តែ បើស្លាប់ដោយការធ្វើឃាតរបៀបដូចនៅសៀមរាប សភាពការណ៍នឹងប្រែប្រួល។ អាចនឹងផ្ទុះសង្គ្រាមក៏ថាបាន ព្រោះធម្មតាមុខសញ្ញាគេឃើញហើយ អ្នកណានៅខាងក្នុង អ្នកណានៅខាងក្រៅគឺគេលេងហើយ។ ហ្នឹងនិយាយគ្នាវាអញ្ចឹង។
រឿងសៀមរាប មិនមែនខ្ញុំមិនដឹងទេៗ តែខ្ញុំមិនធ្វើអី ទុកឱ្យភ្ញាក់រលឹក កុំលេងល្បែងខូច។ ខ្ញុំនេះត្រូវគេលួចធ្វើឃាតច្រើនដងហើយ តែធ្វើវាមិនងាប់។ ងាប់អី បើបាញ់ខុស។ បាញ់ខ្ញុំនៅម្ដុំព្រះនារាយណ៍នោះ បាញ់ខ្ញុំនៅតាកែវ ដោយ silencer យើងយកបានទាំងកាំភ្លើង បានទាំងស្អីទៀត ហើយធ្ងន់ជាងគេព្រឹត្តិការណ៍បោកគ្រាប់បែកចូលផ្ទះខ្ញុំឆ្នាំ ១៩៩៨ ពីរដង បោកគ្រាប់បែក ៣ គ្រាប់ ចូលផ្ទះខ្ញុំតែម្ដង ប៊ិះស្លាប់ទាំងឪពុកខ្ញុំទៅទៀត។ បន្ទាប់ពីហ្នឹងទៅ បាញ់ខ្ញុំនៅសៀមរាប។ សម្លាប់ខ្ញុំមិនបាននៅនេះ ទៅបាញ់ខ្ញុំនៅឯសៀមរាប ហើយកុំថា ហ៊ុន សែន មិនដឹងវើយ … តែគ្រាន់តែថា ទុកវាមួយដុំចោលទៅ។ យើងក៏មិនងាប់ដែរ។
… ខ្ញុំសូមបញ្ជាក់ ខ្ញុំអរគុណជាមួយការគាំទ្រ ក៏ប៉ុន្តែ មិនត្រូវព្រួយបារម្ភថា រឿងនេះវាកើតឡើងក្នុងពេលឆាប់ៗ គឺមិនឆាប់ទេ ព្រោះមនុស្សម្នាក់នៅនិយាយចង់បែកក្បាលមេក្រូយ៉ាងអញ្ចេះ បង្ខំទៅណា? ខ្ញុំនឹងកាន់អំណាចឱ្យបានតិចបំផុតស្មើព្រះបាទ ពញាយ៉ាត។ ព្រះអង្គបានគ្រងរាជរយៈពេល ៤៣ ឆ្នាំ។ អញ្ចឹងខ្ញុំ ថ្ងៃ ១៤ ខែមករា ឆ្នាំក្រោយនេះ ៣៧ ឆ្នាំ អញ្ចឹងបូកនឹងថា ៨ ឆ្នាំទៀត វានឹងអាចឡើង ៤៥ ឆ្នាំ។ បើហោចណាស់ក៏បានស្មើនឹងព្រះបាទ ពញាយ៉ាត។ មើលក្នុង មហាបុរសខ្មែរឡើងវិញ ព្រះអង្គសោយរាជបាន ៤៣ ឆ្នាំ។ តែអស់ពីព្រះអង្គទៅ សង្គ្រាមកើត។ ធ្លាក់មក នារាយរាជា មិនទាន់បញ្ហា។ ដល់ផុតពី នារាយរាជា ទៅដល់ ព្រះស្រីរាជា ចាប់ផ្ដើមកម្ពុជា(បែកបាក់ជាបី)។ មិនមែនមានសាមកុកតែនៅចិនទេណា។ សាមកុកស្រុកខ្មែរ។ នៅតំបន់ខាងនេះ ចាប់ពីទួលបាសាន ខេត្តកណ្ដាលស្អីៗនេះ តំបន់នេះសុរិយោទ័យ។ តំបន់ភ្នំពេញ ចតុមុខ បាទី សំរោងទង ពេលនោះមិនទាន់ខេត្តកំពង់ស្ពឺ ខេត្តតាកែវទេ ធម្មរាជា។ ពីកំពង់ត្រឡាច រលាប្អៀរ ចុះទៅបាត់ដំបង ហ្នឹងព្រះស្រីរាជា។ ដល់បន្ទាប់ពីហ្នឹងទៅ តំបន់ខាងនេះ មានព្រះរាជាទិសខាងកើត មានព្រះរាជទិសខាងលិច។ ព្រះរាជាទិសខាងកើត គឺព្រះរាជ ហ្លួងព្រះស្ដេចកន ក្នុងរង្វង់ឆ្នាំ ១៥១២ ដល់ ១៥២៤ ដែលទៅធ្វើរាជធានី … នៅឯស្រឡប់មានជ័យព្រៃនគរ ទៅបោះប្រាក់ស្លឹងនៅនោះ ក្នុងឆ្នាំ ១៥១៤ ដែលយើងមើលកសិណការពារស្អីៗនេះ។ ខ្ញុំឱ្យទៅស្ដារកសិណ។ ខៀវ កាញ្ញារិទ្ធ ទៅប្រណាំងទូក កន្លែងហ្នឹងរឿងប្រវត្តិរបស់វាអញ្ចឹងៗ។
ករណី Hoang Xuan Chien មិនមែនជាការបំបែកបំបាក់សាមគ្គីភាពកម្ពុជា-វៀតណាមទេ
ថ្ងៃនេះ ខ្ញុំបាននាំមកសម្រាប់សាលាក្រុងព្រៃវែងចំនួន ២ លានរៀល ក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធី ៣ លានរៀល និងក្រុមតន្រ្តីសម័យ ៥ លានរៀល។ តាមព្រំដែនច្រកព្រំដែនកម្ពុជា-វៀតណាម ហ្នឹងក្រែងយើងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្នហើយ? ម៉ឺនជ័យ? បានប្រើប្រាស់។ មានឡានដឹកជញ្ជូនទេរាល់ថ្ងៃ? ចាំថ្ងៃក្រោយចាំយើងសម្ពោធ ដោយនាយករដ្ឋមន្រ្តីទាំងពីរមកសម្ពោធ។ សូមផ្ដាំទៅបក្ស រដ្ឋាភិបាលនិងប្រជាជនវៀតណាម អ្វីដែលខ្ញុំនិយាយ មិនមែនជាការបំបែកបំបាក់សាមគ្គីភាពកម្ពុជា-វៀតណាមទេ។ ហើយខ្ញុំមិនដាក់កំហុសនេះទៅលើបក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាមទេ។ ខ្ញុំដាក់ទៅលើ ហ៊័ង ស៊ុនឆៀន (Hoang Xuan Chien) ដែលប្រមាថកម្ពុជា។ សុំបញ្ជាក់សាជាថ្មីឱ្យ ហ៊័ង ស៊ុនឆៀន(Hoang Xuan Chien) ធ្វើការត្រួតពិនិត្យសម្ដីរបស់ខ្លួនឡើងវិញ ត្រឹមត្រូវឬអត់? ក្នុងពេលដែលកំពុងមានមិនទាន់ចប់ទេ កូវីដ នៅកម្ពុជា ក៏ប៉ុន្តែ តើកម្ពុជាបាននាំជំងឺទៅកាន់វៀតណាមប៉ុន្មានហើយ? ការប្រមាថមួយនេះ ខ្ញុំទទួលយកមិនបានទេ។ ពាក្យថា ទទួលយកមិនបាន ល្មមយល់ …។
ខ្ញុំអាចនិយាយភាសាវៀតណាមបាន មួយត្រឹមរកបាយស៊ី ឬក៏ចរចាខាងផ្នែកនយោបាយ អាចទៅរួច … វៀតណាមមិនចេះខ្មែរ តែខ្មែរចេះវៀតណាម។ ប៉ុន្តែ កុំលេងណា កាលវាយគ្នានោះ ពួកយើងនាំគ្នានិយាយភាសាវៀតណាម ហើយវៀតណាមយើង(មិនច្បាស់) ស្រាប់តែមកពីខាងនោះវិញ ខាងក្រុមរណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរ ក្រុមកម្ពុជាក្រោមច្រើនតើ។ ក្រុមហ្នឹង តាំងពី ដៀង ដែល ក៏កម្ពុជាក្រោម ចេះវៀតណាមមិនស្ទើរ។ ថាច់ រ៉េន ក៏វៀតណាម។ ដល់ពួកនោះបកវៀតណាមមកវិញ វៀតណាមមកដល់ យើងទៅដេកនៅស៊ីសុផុន ហើយស្ដាប់គេទាក់ទងជេរគ្នា … អញ្ចឹង រឿងនេះវាប៉ះពាល់គ្នាបន្តិចបន្តួចហើយ តែមិនមែនប៉ះពាល់ប្រទេសនឹងប្រទេសទេ។ ប៉ះពាល់បុគ្គល។ បើកែតម្រូវបាន កែតម្រូវទៅថា “មកដល់ពេលនេះ អ្វីដែលខ្ញុំសន្និដ្ឋានកើតពីពេលមុន គឺខុសហើយ”។ ហ្នឹងប្រហែលជា ហ៊ុន សែន រីករាយចិត្តឡើងវិញ ដោយមើលឃើញថា អ្នកឯងបានទទួលស្គាល់យកការពិតមួយ ដែលខ្ញុំមិនអាចទទួលយកបាន។
ទាំងអស់គ្នាប្រឹង កុំឱ្យ កូវីដ-១៩ ងើបឡើងវិញ កុំឱ្យនរណាមើលងាយបាន
ហ្នឹងផ្ដាំទៅតែ Hoang Xuan Chien ប៉ុន្តែ អ្នកដឹកនាំវៀតណាមប្រហែលជាបានដឹងហើយ ព្រោះឥរិយាបថប្រមាថមួយនេះទទួលយកមិនកើត។ ខ្ញុំអត់សុំទោសវៀតណាមទេ ព្រោះវៀតណាមត្រូវសុំទោសកម្ពុជា។ ឥឡូវខ្ញុំនិយាយប៉ុណ្ណឹង ខ្ញុំអត់សុំទោស ព្រោះខ្ញុំអត់កសាងកំហុសឯណា? វៀតណាមទេតើរករឿងកម្ពុជាមុន តាមរយៈឧត្ដមសេនីយ៍ម្នាក់នោះ។ តិចថា អេ សុខៗលោក ហ៊ុន សែន មកនិយាយរឿងហ្នឹង។ ទេ មួយឆ្នាំ ពីថ្ងៃ ១០ ខែ មីនា ២០២០ ដូចជាជិត ២ ឆ្នាំហើយ យើងថា ២០ ខែ ទៅហើយ ខ្ញុំអត់បញ្ចេញក្រៅទេ ខ្ញុំនិយាយតែជាមួយមេដឹកនាំវៀតណាមប៉ុណ្ណោះ។ ប៉ុន្តែថ្ងៃនេះ ខ្ញុំនិយាយចំហ។ ប្រទេសតូចមួយនេះមិនត្រូវនរណាប្រមាថដាច់ខាត។ ឥឡូវ យើងត្រូវប្រឹងទាំងអស់គ្នា កុំឱ្យកូវីដ-១៩ ងើបឡើងវិញ។ កុំឱ្យនរណាមើលងាយយើងបាន។ ប្រឹងប្រែងព្យាបាលប្រជាជន ការពារប្រជាជនយើងពីជំងឺឆ្លង មិនថាតែកូវីដ-១៩ទេ ជំងឺដទៃទៀត ពង្រឹងសមត្ថភាពវិស័យសុខាភិបាលរបស់កម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការការពារសុខភាពប្រជាជន។ រកវ៉ាក់សាំង ឥឡូវរាប់ទាំងការផលិតវ៉ាក់សាំង ដែលទទួលការគាំទ្រពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន និងក្រុមហ៊ុនផលិតវ៉ាក់សាំង បានធ្វើការជាមួយគ្នា។ យើងអត់បានសុំអ្វីក្រៅតែពីការគោរពគ្នា ផ្ដល់តម្លៃឱ្យគ្នា លើកទឺកចិត្តគ្នា។
បើមិនធ្វើការជាមួយអ្នកដឹកនាំមីយ៉ាន់ម៉ា តើត្រូវធ្វើជាមួយអ្នកណា
ស្អែកខ្ញុំនឹងជួបរដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា ក្នុងនាមកម្ពុជា។ បើមិនធ្វើការជាមួយមេដឹកនាំ អ្នកដឹកនាំមីយ៉ាន់ម៉ា តើត្រូវធ្វើជាមួយអ្នកណា? អញ្ចឹងមិនចាំបាច់អ្នកណាមកទិតៀនកម្ពុជាទេ។ កម្ពុជាចេះធ្វើកិច្ចការខ្លួនឯង។ លទ្ធភាពជាច្រើន ខ្ញុំនឹងទៅទស្សនកិច្ចនៅ Nay Pyi Taw ដើម្បីជួបឧត្ដមសេនីយ៍ Min Aung Hlaing ធ្វើការជាមួយគាត់។ បើមិនឱ្យធ្វើការជាមួយនឹងអ្នកកាន់អំណាច តើយើងទៅធ្វើការជាមួយអ្នកណាពិតប្រាកដ? ចង់ផ្ដល់ជំនួយ ឬចង់ធ្វើការជាមួយរដ្ឋបាលស្អីៗ គេគ្រប់គ្រងប្រទេស។ នាយករដ្ឋមន្រ្តី Slovenia អ្នកសម្របសម្រួលសភាពអឺរ៉ុប នៅក្នុង ASEM ពេលគាត់ជួបខ្ញុំ គាត់ថា រដ្ឋាភិបាល Taliban នៅ Afghanistan អត់ទាន់អ្នកណាទទួលស្គាល់ទេ ប៉ុន្តែជំពាក់ត្រូវតែធ្វើការជាមួយនឹងអ្នកកាន់អំណាច។ យើងមិនប្រៀបធៀបអ្នកកាន់អំណាចនៅ Nay Pyi Taw ប្រធានរដ្ឋបាល នៅ Nay Pyi Taw គឺឯកឧត្ដម(នាយឧត្ដមសេនីយ៍) Min Aung Hlaing ដូចទៅនឹង Taliban នៅ Afghanistan ទេ ក៏ប៉ុន្តែ ជាសមាជិកគ្រួសារអាស៊ាន ត្រូវតែមានសិទ្ធិក្នុងការចូលរួមប្រជុំ។ ប្រជុំរដ្ឋមន្រ្តីការពារជាតិក៏ប្រជុំ រដ្ឋមន្រ្តីទាំងអស់។ តែចម្លែកតែរដ្ឋមន្រ្តីការបរទេស គេមិនឱ្យចូល។ វាពិបាកកន្លែងហ្នឹង។ មើល! ទុកឱ្យ ហ៊ុន សែន ធ្វើម្ដង ធ្វើមើល។
មិនទៅហួសគោលការណ៍រួម និងធម្មនុញ្ញអាស៊ានទេ
យើងអត់ទៅឆ្ងាយពីអ្វីដែលជាគោលការណ៍រួមរបស់អាស៊ានទេ ហើយក៏ជាគោលការណ៍ធម្មនុញ្ញអាស៊ាន ដែលមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នា។ យើងមិនអាចទៅហួសពីនេះទេ។ កុំយករូបមន្តអង្គការសហប្រជាជាតិ យកមកដាក់ជារូបមន្តរបស់អាស៊ាន។ អត់ត្រូវទេ។ នៅអង្គការសហប្រជាជាតិ មានគណៈកម្មការពិនិត្យសារតាំង។ នៅអាស៊ានអត់មានគណៈកម្មការពិនិត្យសារតាំងទេ។ ហៅប្រជុំគឺហៅទាំងអស់គ្នាមក។ បើថ្នាក់រដ្ឋមន្រ្តី ហៅរដ្ឋមន្រ្តី បើថ្នាក់កំពូលហៅថ្នាក់កំពូល វាត្រូវអញ្ចឹង។ ខ្ញុំនិយាយជាមួយរដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ីយ៉ាងច្បាស់ ហើយក៏និយាយជាមួយនាយករដ្ឋមន្រ្តីជប៉ុនដែរ។ តើសុខចិត្តដុតផ្ទះយើងខ្លួនឯង ដើម្បីតម្រូវចិត្តអ្នកដទៃទេ? ពេលនេះជាពេលវេលាពង្រឹងអាស៊ានឡើងវិញ។ ពីអាស៊ាន ១០ ទៅ អាស៊ាន ៩។ ឥឡូវត្រូវតែវិលត្រឡប់ទៅ ១០ វិញ … ខាងមីយ៉ាន់ម៉ាមានបានប្រកាសផ្ដាច់ខ្លួនពីអាស៊ានពីអង្កាល់? អត់ផង។ ឯក្នុងធម្មនុញ្ញអាស៊ាន អត់មាននរណាមានសិទ្ធិដេញសមាជិកចេញទេ …។
កាលធ្វើធម្មនុញ្ញអាស៊ាន ខ្ញុំនិយាយពន្យល់បន្តិចទៅចុះ បើទោះបីជាហត់បន្តិច តែអ្នកហត់មិនមែនអ្នកអង្គុយស្ដាប់ទេ គឺខ្ញុំទេអ្នកនិយាយដែលហត់នោះ។ ធម្មនុញ្ញអាស៊ាន មានចំណុច ២ លេចឡើង នៅ Cebu ខ្ញុំនៅចាំច្បាស់ណាស់ ២០០៧។ លោកជំទាវ Arroyo ប្រធានាធិបតីហ្វីលីពីននៅពេលនោះ។ ចំណុច ២ លេចឡើង ទី ១ បើសម្រេចមិនបានតាមកុងសង់ស៊ីស ត្រូវធ្វើការបោះឆ្នោត។ ទី ២ អាស៊ានមានសិទ្ធិដេញសមាជិកចេញនៅពេលដែលកសាងកំហុសធ្ងន់ធ្ងរ។ ពេលនោះ ជាមួយនឹងឡាវ វៀតណាម មីយ៉ាន់ម៉ា ខ្ញុំអ្នកនាំមុខ ខ្ញុំថាមិនបានទេ យើងធ្វើការតាមកុងសង់ស៊ីស នឹងមានសាមគ្គីភាពជាង។ ប្រសិនបើមានការបោះឆ្នោត គឺមានសម្លេងភាគតិច និងសម្លេងភាគច្រើន។ ដូច្នេះគ្រោះថ្នាក់ណាស់នៃការបែកបាក់របស់អាស៊ាន។ ចំណុចនេះត្រូវបានធានានៅក្នុងធម្មនុញ្ញអាស៊ាន។ ឯចំណុចទី ២ ខ្ញុំមិនយល់ស្រប ប៉ុន្តែ ខ្ញុំចោទចេញជាសំណួរថា ទីមួយ អ្វីទៅជាកំហុសធ្ងន់ធ្ងរ តើជារដ្ឋប្រហារយោធាមែនទេ? នេះជាចំណុចទី ១។ ចំណុចទី ២ អ្នកណាជាអ្នកវាយតម្លៃថាធ្ងន់ធ្ងរ ឬមិនធ្ងន់ធ្ងរ? បង ហោ ណាំហុង នៅចាំទេ? បងឯងរដ្ឋមន្រ្តីការបរទេសនៅពេលនោះ។
ទីចុងបំផុត ឆ្លើយអត់បានទេ។ អញ្ចឹងត្រូវរក្សា។ អត់មានចំណុចណាមួយទាក់ទងនឹងការដេញសមាជិកចេញទេ។ កម្ពុជាសមាជិកថ្មីរបស់អាស៊ាន ប៉ុន្តែសូមបញ្ជាក់សមាជិកចាស់មិនប្រាកដថាចាស់ទេ ដោយសារមេដឹកនាំថ្មី។ សមាជិកថ្មីមិនប្រាកដថាថ្មីទេ ដោយសារមេដឹកនាំចាស់។ អញ្ចឹងសូម្បីតែ ស៊ុលតង់ ប្រ៊ុយណេ ព្រះអង្គក៏ទទួលស្គាល់ថាត្រូវ ព្រោះមានតែនាយករដ្ឋមន្រ្តី ហ៊ុន សែន ទេ ដែលចាស់ទុំ។ អញ្ចឹងបានថា ត្រូវមានកុងសង់ស៊ីសទៅប្រជុំនៅ Jakarta ហើយនៅ Jakarta ហ្នឹង ខ្ញុំក៏ជាអ្នកផ្ដួចផ្ដើមចំណុចលើកុងសង់ស៊ីស ៥ ចំណុចហ្នឹងទៅទៀត ដែលជាការដោះស្រាយបញ្ហានៅក្នុងក្របខណ្ឌតំបន់របស់យើង …។
ជួបរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា៖ កិច្ចការទ្វេភាគី ស្វែងយល់ចំណុចទៅមុខក្នុងក្របខណ្ឌកុងសង់ស៊ីស …
ស្អែកនេះ ខ្ញុំចង់ស្ដាប់រដ្ឋមន្រ្តីការបរទេស(មីយ៉ាន់ម៉ា)ដោយផ្ទាល់។ អញ្ចឹងបានស្អែក (ស) ខេង យើងត្រូវជួបគ្នាម៉ោង ១០:១០ ព្រោះខ្ញុំប្រហែលជាឱ្យរុញគណៈប្រតិភូទៅមុនបន្តិច ព្រោះត្រូវនិយាយច្រើន … ចប់ភ្ញៀវហើយ បើសិនហើយមុន ក៏ត្រូវនៅចាំក្នុងនោះមុនដែរ។ ខ្ញុំជួបហើយ (ចាំ)យើងជជែកពិភាក្សាគ្នាបន្តិច។ ជ្រុលទៅដល់ណានោះទៀត។ ប៉ុន្តែ ធម្មនុញ្ញអាស៊ានអត់ត្រូវដេញអ្នកណាចេញផង។ មីយ៉ាន់ម៉ាខ្លួនឯងក៏នៅតែពង្រឹងសាមគ្គីភាពក្នុងអាស៊ាន។ តើដូច្នេះយើងត្រូវមានអាស៊ាន ៩ ឬអាស៊ាន ១០? ប្រជុំកន្លងទៅ អាស៊ាន ៩ ទាំងអស់។ សូម្បីតែប្រជុំជាមួយចិនៗ អត់ប្រកាន់ផង ឯយើងអត់ខាងមីយ៉ាន់ម៉ាចូល។ អង្គការសហប្រជាជាតិផ្សឹង រចនាសម្ព័ន្ធអង្គការសហប្រជាជាតិមិនមែនជារចនាសម្ព័ន្ធអាស៊ាន មិនត្រូវយកម៉ូដែលរបស់អង្គការសហប្រជាជាតិមកដាក់ ខាងភាគីណាក៏អត់ឱ្យចូល មិនមែនទេ។ មានតែវិធីតែមួយគត់ គឺធ្វើការជាមួយអ្នកកាន់អំណាច។ នេះជាសារមួយជូន ហេតុអីបានរដ្ឋមន្ត្រីការបរទេសកម្ពុជាអញ្ជើញរដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ាមក។ លោក ហ៊ុន សែន ជួបជាមួយ រដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា មានន័យថាម៉េច? នេះជារដ្ឋអធិបតេយ្យដែលមានសិទ្ធិនឹងធ្វើកិច្ចការទាក់ទងនឹងទំនាក់ទំនងទ្វេភាគីផង ហើយក៏ស្វែងយល់អំពីអ្វីទៅដែលជាចំណុចត្រូវឈានទៅមុខ ក្នុងក្របខណ្ឌកុងសង់ស៊ីស ៥ ចំណុច …។
ជាមួយនឹងការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ ១១ ដែលតភ្ជាប់រវាងខេត្តព្រៃវែង ទៅខេត្តត្បូងឃ្មុំ ខ្ញុំសូមជូនពរ សូមឱ្យចំណងមិត្តភាពកម្ពុជា-ចិន រឹងមាំដូចដែកថែបជាបន្តទៀត។ ជូនពរសម្ដេច ឯកឧត្ដម លោកជំទាវ លោក លោកស្រី និងបងប្អូនជនរួមជាតិ សូមជួបប្រទះតែនឹងពុទ្ធពរ និងពរទាំង ៥ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕