មិនមានការស្នើសុំដាក់ប្រទេសក្នុងគ្រាអាសន្នទាំងមូល ឬមួយផ្នែកណានោះឡើយ
ព្រឹកមិញ ខ្ញុំបាននិយាយដល់ការត្រៀមបម្រុងទុកនូវលិខិតនានា ដើម្បីនឹងសុំព្រះរាជក្រឹត្យដាក់ប្រទេសក្នុងគ្រាមានអាសន្ន។ ក្នុងពេលជាមួយគ្នា ខ្ញុំក៏បានបញ្ជាក់ថា “ខ្ញុំមិនចង់ទៅដល់ចំណុចនេះទេ ព្រោះវាប៉ះពាល់ធំពេកដល់សេដ្ឋកិច្ច និងជីវភាពប្រជាជន” ដែលខ្ញុំស្នើសុំឱ្យមានការចូលរួមពីប្រជាជន ដើម្បីប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ជំនួសវិញ។ ពេញមួយថ្ងៃនេះ ការបំផ្លើសនានាបានកើតឡើងថា នឹងមានការបិទប្រទេស ឬបិទរាជធានីភ្នំ ពេញក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយបំផុសឱ្យមនុស្សទិញទំនិញត្រៀមទុក។ ចំពោះមុខពាក្យភូតកុហកបែបនេះ ក្នុងឋានៈខ្ញុំជាប្រមុខនៃរាជរដ្ឋាភិបាល ខ្ញុំសូមបញ្ជាក់ជូនថានឹងមិនមានការស្នើសុំដាក់ប្រទេសក្នុងគ្រាមានអាសន្នទាំងមូល ឬមួយផ្នែកណានោះឡើយ ហើយក៏នឹងមិនមានការចេញបទបញ្ជាឱ្យបិទរាជធានីភ្នំពេញដូចការឃោសនាភូតកុហករបស់ជនអាក្រក់នោះដែរ។ ខ្ញុំសូមអំពាវនាវប្រជាពលរដ្ឋស្ងប់ស្ងាត់កុំភ័យស្លន់ស្លោ និងសូមចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជាមួយ កូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕