សេចក្តីដកស្រង់សង្កថា សម្តេចតេជោ ហ៊ុន សែន ក្នុង «ពិធីសម្ពោធផ្លូវជាតិលេខ ៥៦ និងផ្លូវចូលប្រាសាទបន្ទាយឆ្មារ»
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយដែលបានមកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវលេខ ៥៦ ដែលតភ្ជាប់ពីក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទៅដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលមានប្រវែង ១២៤ គីឡូម៉ែត្រ ហើយដែលមានខ្នែងមួយចូលទៅបន្ទាយឆ្មារផងដែរ។ ខ្ញុំព្រះករុណាខ្ញុំ ពិតជានៅចងចាំថា កាលពីថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០១២ ខ្ញុំព្រះករុណាខ្ញុំ បានមកបើកការដ្ឋានស្ថាបនាផ្លូវនេះ ហើយកាលពីពេលនោះ យើងធ្វើនៅឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅក្នុងទីតាំងកងវរៈសេនាតូច នៃតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ។ ថ្ងៃនេះ យើងបានយកស្រុកមួយទៀត គឺនៅក្នុងស្រុកថ្មពួក ចេះតែច្រឡំថាស្រុកបន្ទាយឆ្មារ ព្រោះធ្លាប់ទៅចែកបណ្ណកម្មសិទ្ធិដីធ្លីនៅទីនោះ។ ទីនេះ គឺជាវិទ្យាល័យមួយ ហើយក្នុងនោះក៏មានអគារសិក្សារបស់ខ្ញុំព្រះករុណាខ្ញុំមួយចំនួន រាប់ទាំងអគារពីរជាន់មួយនៅទីនេះផងដែរ។ សមិទ្ធផលថ្មី លើដីចាស់ ដែលមានសង្គ្រាមហែកហួរ ខ្ញុំព្រះករុណាខ្ញុំ សូមអរគុណចំពោះប្រជាពលរដ្ឋ និងបងប្អូនជនរួមជាតិ ដែលបានទទួលបដិសណ្ឋារកិច្ចដ៏រាក់ទាក់។ អម្បាញ់មិញ ខ្ញុំព្រះករុណាខ្ញុំ បានដើរខាងនេះ តែមិនបានដើរខាងនោះ … ទៅកន្លែងណាមិនសំខាន់ទេ សំខាន់គឺយើងបានជួបជុំគ្នា ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធផលមួយជាប្រវត្តិសាស្រ្ត គឺជាសមិទ្ធផលថ្មីលើទឹកដីចាស់ លើទឹកដីដែលមានសង្គ្រាមហែកហួរ…