[ចាប់ផ្ដើមសេចក្ដីអធិប្បាយ]
កម្ពុជាមានការវិឌ្ឍឡើង មិនមានដំណើរថយក្រោយ
ខ្ញុំសូមឆ្លៀតឱកាសនេះ សម្ដែងនូវការអរគុណចំពោះសុន្ទរកថារបស់លោក Bretton G. Sciaroni ដែល អម្បាញ់មិញនេះ ស្ទើរតែពេញមួយសុន្ទរកថា បានផ្សារភ្ជាប់តួនាទីរបស់ខ្ញុំ ជាមួយនឹងការវិវឌ្ឍរបស់ព្រះរាជា ណាចក្រកម្ពុជា។ ខ្ញុំមិនដឹងថា នៅក្នុងចំណោមនៃមិត្តភក្ដិបរទេសដែលនៅទីនេះ មានការយល់ប្រហាក់ប្រ ហែលជាមួយនឹងលោក Bretton G. Sciaroni ឬអត់។ ក្នុងពេលវេលា ២៣ ឆ្នាំ នៃពេលចាប់ផ្ដើមនៅក្នុង ប្រទេសកម្ពុជានេះ យើងជួបការលំបាក ហើយ(Bretton G. Sciaroni)នេះ គឺជាសាក្សីរស់មួយក្នុងចំណោមសាក្សីរស់ជាច្រើន។ ប៉ុន្តែក៏មានមួយចំនួនទៀត គេថាកម្ពុជាថយ។ គេអត់មាន(ទទួលស្គាល់ថា)ទៅមុខផង។ ខ្ញុំក៏មិនយល់ត្រង់គេថា ដំណើរការថយក្រោយ។ គេមិនដែលទទួលស្គាល់ថាទៅមុខផង។ ថយទៅណា វាមិន logic ត្រង់កន្លែងហ្នឹង។ អរគុណ ចំពោះលោក Bretton G. Sciaroni ដែលបានលើកឡើង ហើយសង្ឃឹមថា នឹងមានមិត្តភក្ដិមួយចំនួនស្វែងយល់ពីបញ្ហាទាំងអស់នេះថែមទៀត។
[បញ្ចប់សេចក្ដីអធិប្បាយ]
ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវិនិយោគិន, ធុរជនទាំងអស់ ទាំងថ្នាក់ជាតិ ក្នុងតំបន់ និងបណ្តាប្រទេសនានានៅជុំវិញពិភពលោក ដែលបានអញ្ជើញមកព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំដ៏សំខាន់នេះ។ នេះជាមោទនភាពមួយថ្មីទៀតរបស់កម្ពុជា ខណៈដែលកិច្ចប្រជុំកំពូលនាថ្ងៃនេះ មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់វិនិយោគិន, ធុរជនឈានមុខមកពីបណ្តាប្រទេសនានាជុំវិញពិភពលោក។ ចំពោះមុខនេះ ខ្ញុំសង្ឃឹមថា កិច្ចប្រជុំរបស់យើងនាថ្ងៃនេះ នឹងមានការពិភាក្សាវែកញែកយ៉ាងផុលផុស, បង្កើតបានជាមូលដ្ឋានរឹងមាំ, ប្រាកដប្រជា សម្រាប់ការសម្រេចចិត្តនានា ហើយលទ្ធផលនាថ្ងៃនេះ ក៏ឤចនឹងក្លាយជាធាតុចូលសំខាន់មួយ ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីឤស៊ាន ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំនៅក្នុងខែ ឧសភា ខាងមុខនេះ។ ខ្ញុំក៏សូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះសភាធុរកិច្ចអន្តរជាតិនៃកម្ពុជា, ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានផ្តួចផ្តើមរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចអន្តរជាតិកម្ពុជា ២០១៧ ដ៏មានសារៈសំខាន់នេះ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមរំលេចជូនអង្គពិធីអំពីទិដ្ឋភាពសំខាន់ៗក្នុងដំណើរឆ្ពោះទៅមុខរបស់កម្ពុជា ដើម្បីឱ្យអ្នកទាំងអស់គ្នាបានមើលឃើញពីឱកាសមាស ដែលកំពុងប្រាកដឡើងនៅលើទឹកដីអច្ឆរិយៈនេះ។ ជារួម ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងទៅ កម្ពុជាបានឆ្លងកាត់ការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ ទាំងក្នុងទិដ្ឋភាពនយោបាយ, សន្តិសុខ និងសង្គម-សេដ្ឋកិច្ច។ កម្ពុជាបានក្លាយទៅជាកោះសន្តិភាព និងជាទិសដៅដ៏ល្បីល្បាញមួយនៅតំបន់ឤស៊ីឤគ្នេយ៍ សម្រាប់ភ្ញៀវទេសចរតំបន់ និងអន្តរជាតិ មកទស្សនាកំសាន្ត ដែលក្នុងឆ្នាំ ២០១៦ កន្លងទៅ កម្ពុជាបានទទួលស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួនជាង ៥ លាននាក់ ក្នុងអត្រាកំណើនប្រមាណ ៥%។ ក្នុងទិដ្ឋភាពសេដ្ឋកិច្ចវិញ កម្ពុជាបានឆ្លងផុតពីប្រទេស ដែលមានចំណូលទាប ក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតទាប និងត្រូវបានគេចាត់ទុកជាប្រទេសជាប់ចំណាត់ថ្នាក់ ល្អ, ជាប្រទេសមានកំណើនដ៏រឹងមាំ, ពោលគឺកម្ពុជាសម្រេចបានកំណើនក្នុងអត្រាជាមធ្យម ៧,៧% ក្នុងមួយឆ្នាំ ក្នុងរយៈពេលជាង ២ ទសវត្សរ៍កន្លងមក។ ជាមួយនេះ កម្ពុជាបានខិតខំកសាង និងអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធរូបវន្ត ទាំងផ្នែករឹង និងផ្នែកទន់ ដោយធ្វើឱ្យសមិទ្ធផលនានា ដូចជាបណ្តាញផ្លូវថ្នល់, ផ្លូវដែក, ផ្លូទឹក, ផ្លូវឤកាស, ច្រករបៀងសេដ្ឋកិច្ច, ប្រព័ន្ធដឹកជញ្ជូន និងប្រព័ន្ធឡូជីស្ទីក, អគ្គិសនី និងបណ្តាញ ចែក ចាយអគ្គិសនី, ទឹកស្អាត, ទូរគមនាគមន៍, សេវាហិរញ្ញវត្ថុ, សេវាអប់រំ, សេវាសុខាភិបាល, សេវាហិរញ្ញវត្ថុ ជាដើម បានរីកលូតលាស់ដូចផ្សិត, គ្របដណ្តប់ស្ទើរនៅទូទាំងប្រទេស។
ពិតណាស់ថា ឈរលើមូលដ្ឋាននេះ ទោះបីជាពិភពលោកបច្ចុប្បន្នកំពុងជួបប្រទះបញ្ហាប្រឈមជាច្រើន ទាំងផ្នែកសេដ្ឋកិច្ច, សង្គម និងភូមិសាស្ត្រនយោបាយ នៅក្នុងនោះ រួមមានភាពមិនប្រាកដប្រជាពាក់ព័ន្ធនឹងការដំឡើងអត្រាការប្រាក់គោលរបស់ធនាគារកណ្តាលសហរដ្ឋឤមេរិក, ការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប និងអនាគតរបស់សហភាពអឺរ៉ុប, ហានិភ័យនៃការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចចិន និងការថមថយនៃកំណើនសេដ្ឋកិច្ច នៃប្រទេសកំពុងរីកលូតលាស់ ក៏ដូចជាការកើនឡើងនូវកម្តៅភូមិសាស្ត្រនយោបាយជាដើម ក៏កម្ពុជារំពឹងថា នឹងរក្សាអត្រាកំណើនមធ្យមប្រចាំឆ្នាំក្នុងរង្វង់ ៧% រហូតដល់ឆ្នាំ ២០១៨ ដែលប្រការនេះ បង្ហាញពីវឌ្ឍនភាពក្នុងការធ្វើពិពិធកម្មវិស័យកម្មន្តសាលធុនស្រាល និងការបន្ត ធ្វើសមាហរណកម្មចូលទៅក្នុងខ្សែចង្វាក់ផលិតកម្មតំបន់ និងសកល។ លើសពីនេះទៀត ខ្ញុំសង្កេតឃើញ ប្រជាជនកម្ពុជាច្រើនឡើង ចាប់ផ្តើមយល់កាន់តែច្បាស់ថែមទៀត ពីការប្រែប្រួលនៃរចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គម ហើយបានខិតខំត្រៀមខ្លួន, ពង្រឹង និងពង្រីកសមត្ថភាពរបស់ខ្លួន ដើម្បីទាញយកផលប្រយោជន៍ពីការប្រែប្រួលនេះ ។ ជាមួយគ្នានេះ កាតព្វកិច្ចដ៏ចម្បងរបស់រាជរដ្ឋាភិបាល គឺធានាឱ្យបាននូវចីរភាព និង សុខដុមភាពនៃការរីកលូតលាស់របស់សង្គម-សេដ្ឋកិច្ចជាតិ ក្នុងបរិការណ៍ប្រែប្រួលនេះ ដើម្បីជំរុញការអភិវឌ្ឍឆ្ពោះទៅរកគោលដៅថ្មីទៀត គឺប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ ២០៥០។
ក្នុងស្មារតីនេះ ខ្ញុំសូមទាញការចាប់ឤរម្មណ៍ដល់វិនិយោគិន ធុរជនអន្តរជាតិទាំងអស់ ឱ្យពិនិត្យសិក្សា និង សម្រេចចិត្តវិនិយោគនៅកម្ពុជា ដោយពិចារណាបន្ថែមលើមូលដ្ឋានហួសពីកម្ពុជា ពោលគឺក្នុងបរិការណ៍ឤស៊ាន និងទំនាក់ទំនងទ្វេភាគីដែលកម្ពុជាមាន។ ពិតណាស់ថា កម្ពុជាមានជំហរច្បាស់ណាស់ ក្នុងការជំរុញលើកកម្ពស់ការបង្កើតទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងទ្វេភាគី និងពហុភាគីជាមួយបណ្តាប្រទេសជាច្រើន ហើយប្រទេសជាដៃគូទ្វេភាគីទាំងនោះ តែងបានបង្កលក្ខណៈអនុគ្រោះ និងភាពអំណោយផលដល់ការរីកលូតលាស់ នៃទីផ្សារផលិតផលរបស់កម្ពុជា ព្រមទាំងការរីកចម្រើននៃសង្គម-សេដ្ឋកិច្ចកម្ពុជាផងដែរ។
ដោយឡែក នៅក្នុងក្របខណ្ឌតំបន់ឤស៊ាននៅតែបន្តមានកំណើនរឹងមាំ ដែលត្រូវបានគេចាត់ទុកជាតំបន់មានសុវត្ថិភាព និងបានរួមចំណែកយ៉ាងធំធេងដល់កំណើនសេដ្ឋកិច្ចសកល។ ដូចលោកអ្នកបានដឹងស្រាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៦០ មកទល់បច្ចុប្បន្ន តំបន់ឤស៊ីឤគ្នេយ៍បានធ្វើដំណើរឆ្លងកាត់ដំណាក់កាលដ៏ស្មុគស្មាញជាច្រើន ពីតំបន់មួយដែលត្រូវបានបែងចែកជាពីរប្លុកផ្សេងគ្នា ហើយក្នុងនោះប្រទេសមួយចំនួន ពិសេសកម្ពុជាត្រូវបានញាំញី និងបំផ្លិចបំផ្លាញដោយភ្នក់ភ្លើងសង្គ្រាម ដោយសារតែមនោគមវិជ្ជាសង្គ្រាមត្រជាក់។ ក្រោយមកតំបន់ឤស៊ីឤគ្នេយ៍ក្លាយជាតំបន់មួយ ដែលរួបរួមគ្នាជាសហគមន៍តែមួយនៅក្រោមចក្ខុវិស័យតែមួយគឺ «សហគមន៍ឤស៊ាន» ដែលចារឹកទៅដោយកំណើនសេដ្ឋកិច្ចខ្ពស់, ការតភ្ជាប់គ្នា និងការផ្លាស់ប្តូររចនាសម្ព័ន្ធស៊ីជម្រៅ។ ជាការពិត ក្រោយពីវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិភពលោក ឆ្នាំ ១៩៩៧ ឤស៊ានមានប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ក្នុងកម្រិតទាបនៅឡើយ។ ក៏ប៉ុន្តែចាប់ពីឆ្នាំ ២០០៧ ដល់ ២០១៤ ផលទុនជាតិសរុបរបស់ឤស៊ានបានកើនឡើងទ្វេដងដល់ ២,៥ ទ្រីលានដុល្លារ ហើយចំណូលសម្រាប់មនុស្សម្នាក់ក៏បានកើនឡើង ៨០% ដែលមានទំហំជាមធ្យមស្មើនឹងជាង ៤០០០ ដុល្លារឤមេរិក។ ដោយសារការប្រឹងប្រែងឥតរាថយក្នុងការជំរុញសមាហរណកម្មស៊ីជម្រៅ និងការលើកកម្ពស់ការតភ្ជាប់គ្រប់វិស័យឤស៊ាន បានក្លាយជាសហគមន៍តំបន់មួយកាន់តែមានឥទ្ធិពល និងមានទីផ្សាររីកធំធាត់ជាលំដាប់ ទាំងក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក ពោលគឺបានក្លាយជាសេដ្ឋកិច្ចធំជាងគេទី ៣ នៅឤស៊ី និង ទី ៧ ក្នុងពិភពលោក ព្រមទាំងជាទីផ្សារដ៏សំខាន់មួយក្នុងចំណោមទីផ្សារ ដែលមានសមាហរណកម្មជឿនលឿនបំផុតលើពិភពលោក។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ]
កុំសួរថា តើមានប្រទេសអាស៊ានណាត្រៀមខ្លួនដើរចេញពីអាស៊ាន? គួរតែដាក់ជាសំណួរថា តើប្រទេសនៅអឺរ៉ុបណាដែលនឹងចាកចេញពីអឺរ៉ុប ក្រោយពីអង់គ្លេស?/តម្លៃអាស៊ាន
ខ្ញុំសុំនិយាយត្រង់នេះបន្តិច។ នៅ Davos- Klosters, Switzerland ក្នុងពិធីវេទិកាសេដ្ឋកិច្ចពិភពលោក នៅពេលបាយការងារមួយ មានការតាំងជាសំណួរ បើខ្ញុំមិនច្រឡំទេ ដោយជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យមួយនៅខាងអឺរ៉ុប។ គាត់លើកចេញជាសំណួរមួយសួរមកខ្ញុំ និងនាយករដ្ឋមន្រ្តីវៀតណាមថា តើមានប្រទេសណាត្រៀមខ្លួនដើរចេញពីអាស៊ាន(ទេ)? ពេលហ្នឹងបានខ្ញុំឆ្លើយទៅអញ្ចេះវិញ ខ្ញុំថា សូមលោកកុំដាក់សំណួរថាប្រទេសណានឹងចាកចេញពីអាស៊ាន។ គួរតែដាក់ជាសំណួរថា តើប្រទេសនៅអឺរ៉ុបណា(ទៀត)ដែលនឹងចាកចេញពីអឺរ៉ុប ក្រោយពីអង់គ្លេស? ដាក់អញ្ចេះវិញបានវាត្រូវ ព្រោះអាស៊ានមិនមានបងធំទេ។ អឺរ៉ុបបានមានបងធំ។ ពួកយើងខ្ញុំសាមគ្គីគ្នា។ ហើយនៅពេលដែលមានការជជែកចំហរ ដែលមានការផ្សាយបន្តផ្ទាល់។ សំណួរហ្នឹង មិនស្របជាមួយនឹងបរិបទរបស់អាស៊ានទេ។
គួរតែសួរថា អ្នកណានឹងដើរចេញពីអឺរ៉ុប ក្រោយពីអង់គ្លេសចាកចេញ? នេះជារឿងពិត។ ហើយនៅបារាំង ប្រសិនបើកូន Le Pen ឈ្នះ ប្រហែលជាបារាំងនឹងចេញពីអឺរ៉ុបទៀត។ ប៉ុន្តែ អាស៊ានគ្មាន(អ្នកចាកចេញ)ទេ។ ក្នុងចំណោមមេដឹកនាំអាស៊ាន ខ្ញុំអាចនិយាយ និងហ៊ានអះអាងយ៉ាងដូច្នេះ ព្រោះអាស៊ានយើងខ្ញុំគ្មានការកំណត់អោយដេញសមាជិក ឬក៏អោយសមាជិកចាកចេញនោះទេ ហើយក៏គ្មានអ្នកណាចង់ចេញពីអាស៊ានដែរ នេះគឺជាចំណុចដែលខ្ញុំគួរតែបញ្ជាក់បន្ដិចអំពីការខុសគ្នារវាងអាស៊ាន និងអឺរ៉ុប។ បើថា សំណួរហ្នឹង ចេញពីពួកអាស៊ី ខ្ញុំមិនថាទេ ប៉ុន្តែវាចេញពួកអឺរ៉ុប ដែលកំពុងដែលរង្គោះរង្គើដោយការចាកចេញរបស់អង់គ្លេស ការចង់ដើរចេញពីតំបន់ចាយប្រាក់អឺរ៉ូរបស់ក្រិច និងការចង់ចាកចេញមួយចំនួនផ្សេងទៀត និងវិបត្តិជនភៀសខ្លួននៅក្នុងទ្វីបអឺរ៉ុប។ ខ្ញុំសួរនាយករដ្ឋមន្រ្តីស៊ុយអែតថា យ៉ាងម៉េចហើយបញ្ហាជនភៀសខ្លួនមកពីមជ្ឈឹមបូព៌ា ដែលបានញាំញីនៅក្នុងបណ្ដាប្រទេសនៅអឺរ៉ុប រាប់ទាំងស៊ុយអែតផងដែរ ដែលវាជាលទ្ធផលនៃបដិវត្តពណ៌។ ហ្នឹងជាបញ្ហាឈឺក្បាលមួយសម្រាប់អឺរ៉ុប។ គេចែកកូតាគ្នាទទួល …។ H.E. George Edgar បន្ដិចទៀតប្រហែលជាអស់ការងារធ្វើហើយ ព្រោះលោកជាជនជាតិអង់គ្លេស។ ដល់តែចេញពីអឺរ៉ុប លោកអត់មានសិទ្ធិដើម្បីនឹងធ្វើតំណាងអឺរ៉ុបទេ។ និយាយអោយពិត។ Edgar កាលពីដើមជាអតីតអគ្គរដ្ឋទូតអង់គ្លេសប្រចាំកម្ពុជា ឥឡូវទៅជាអគ្គរដ្ឋទូតរបស់អឺរ៉ុប។ ដល់អង់គ្លេសចេញផុតពីអឺរ៉ុប មិនស្អីៗទាំងអស់ គេប្រមូលយកត្រឡប់ទៅវិញ។ គេផ្លាស់ប្ដូរ។ ប៉ុន្តែទម្រាំដល់ហ្នឹង Edgar ដល់អាណត្តិបណ្ដោយ។
ខ្ញុំនិយាយកន្លែងហ្នឹងបន្ដិចទៅចុះ ដើម្បីអោយឃើញអំពីតម្លៃអាស៊ានរបស់យើង។ តម្លៃរបស់អាស៊ាន គឺការសាមគ្គីភាព តម្លៃគ្មានបងធំ។ អ្វីទៅដែលហៅថា តម្លៃគ្មានបងធំ? យើងខ្ញុំនៅទីនេះ អត់មានអ្នកធំ អ្នកមាន អ្នកក្រ ប្រទេសធំ ប្រទេសតូចអីទេ គឺសិទ្ធិស្មើគ្នា។ ប្រហែលជាមិនដូចនៅអឺរ៉ុបទេ។ សូមអភ័យទោសដែលខ្ញុំនិយាយបែបនេះ ព្រោះខ្ញុំចង់ការពារអាស៊ាន។ (ជាសមាជិក)អាស៊ាន មិនការពារអាស៊ានម៉េចបាន។
[បញ្ចប់សេចក្ដីអធិប្បាយ]
ទន្ទឹមនេះ ជាមួយនឹងការបង្កើតឡើងនូវសហគមន៍សេដ្ឋកិច្ចឤស៊ាន ក៏ដូចជាការរំពឹងទុកអំពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ នៃតំបន់ក្នុងពេលឆាប់ៗខាងមុខ កម្ពុជាកំពុងខិតខំជំរុញការតភ្ជាប់ខ្លួនជាមួយទីផ្សារតំបន់ ឬ «រោងចក្រឤស៊ី» ដែលប្រកបដោយសក្តានុពល និងជវភាព តាមរយៈការវិនិយោគពង្រីកមូលដ្ឋានផលិតកម្ម, ការកសាង និងកែលម្អបណ្តាញដឹកជញ្ជូន និងប្រព័ន្ធឡូជីស្ទីក, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍, ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម, ការអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុ និងការកែទម្រង់ប្រព័ន្ធគតិយុត្តិ និងស្ថាប័ន។
ជាមួយនេះ វិធានការគោលនយោបាយជាក់ស្តែងសម្រាប់គាំទ្រចក្ខុវិស័យនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ និងកំពុងជំរុញអនុវត្តយ៉ាងសកម្មនូវ «គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ២០១៥-២០២៥» ដែលជាយុទ្ធសាស្ត្រកំណើនថ្មី ឬជាផែនទីបង្ហាញផ្លូវសម្រាប់កសាងមូលដ្ឋានផលិតកម្មដែលមានតម្លៃបន្ថែមខ្ពស់ជាងមុន ហើយមានលក្ខណៈសមាហរណកម្មជាមួយនឹងខ្សែចង្វាក់តម្លៃក្នុងតំបន់ និង លើពិភពលោក។ ច្បាស់ណាស់ថា ការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស គឺជាចំណុចគន្លឹះនៃគោលនយោ បាយនេះ ដែលបានផ្តោតការយកចិត្តទុកដាក់លើចង្កោមនៃវិស័យឤទិភាព ដូចជា (ទី១) ឧស្សាហកម្មក្មម្មន្តសាលថ្មីៗសម្រាប់បើកច្រកចូលទីផ្សារ, ផ្តល់តម្លៃបន្ថែមខ្ពស់, មានភាពច្នៃប្រឌិត និងការប្រកួត ប្រជែងខ្ពស់ (ទី២) សហគ្រាសធុនតូច និងមធ្យម ពាក់ព័ន្ធនឹងការផលិតកម្មឱសថ និងបរិក្ខារពេទ្យ, សម្ភារៈសំណង់, សម្ភារៈបម្រើការវេចខ្ចប់នាំចេញ, គ្រឿងសង្ហារឹម និងឧបករណ៍សម្ភារៈបម្រើឱ្យឧស្សាហកម្ម៘ (ទី៣) កសិឧស្សាហកម្ម ដែលបម្រើឱ្យការនាំចេញ និងទីផ្សារក្នុងស្រុក (ទី៤) ប្រភេទឧស្សាហកម្មគាំទ្រដល់កសិកម្ម, ទេសចរណ៍ និងវាយនភ័ណ្ឌ ក៍ដូចជាបម្រើឱ្យខ្សែចង្វាក់ផលិតកម្មតំបន់ និង ចង្វាក់តម្លៃពិភពលោក ទាំងក្នុងទម្រង់ជាឧស្សាហកម្មអនុគមន៍ និងឧស្សាហកម្មប្រតិគមន៍ (ទី៥) ប្រភេទឧស្សាហកម្មបម្រើឱ្យខ្សែចង្វាក់ផលិតកម្មតំបន់ដែលមានចរិតជាយុទ្ធសាស្ត្រ ដូចជាបច្ចេកវិទ្យាព័ត៌មាន និង ទូរសារគមនគមន៍, ថាមពល, ឧស្សាហកម្មធុនធ្ងន់, សិប្បកម្មវប្បធម៌្មប្រវត្តិសាស្ត្រប្រពៃណី និងបច្ចេកវិទ្យាបៃតង។
សម្រាប់អង្គពិធីនាថ្ងៃនេះ ខ្ញុំពិនិត្យឃើញថា យើងនឹងលើកយកកិច្ចពិភាក្សាលើច្រើនវិស័យដោយបានផ្តោតលើវិស័យគន្លឹះចំនួន ៥ ក្នុងនោះមាន (១) វិស័យអប់រំ (២) ឧស្សាហកម្ម (៣) បច្ចេកវិទ្យា, ការជួលធនធានពីក្រៅ និងបច្ចេកវិទ្យាឌីជីថល (៤) វិស័យកសិកម្ម និង (៥) វិស័យបដិសណ្ឋារកិច្ច, ម្ហូបឤហារ និងភេស ជ្ជៈ។ ក្នុងនោះ ក៏នឹងមានការពិភាក្សាផងដែរអំពីបរិស្ថានអភិបាលកិច្ច, គតិយុត្ត និងពន្ធដារ សម្រាប់ការវិនិយោគ និងធុរកិច្ចនៅកម្ពុជា។ វិស័យដែលបានលើកមកពិភាក្សាថ្ងៃនេះ នឹងរួមចំណែកឆ្លើយតបទៅនឹងគោលដៅនៃ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ២០១៥-២០២៥ ដែលកម្ពុជាបានដាក់ចេញ ។ ក្នុងន័យនេះ ខ្ញុំសូមលើកទឹកចិត្តដល់កិច្ចពិភាក្សាក្នុងវិស័យនីមួយៗដែលមានរដ្ឋមន្ត្រី និងអ្នកជំនាញចូលរួម ហើយក្នុងនោះ កិច្ចពិភាក្សាត្រូវបង្ហាញឱ្យច្បាស់លាស់ និងស៊ីជម្រៅអំពីស្ថានភាព, គោលនយោបាយ និងឱកាសនានា ក្នុងការវិនិយោគក្នុងវិស័យនីមួយៗទាំងនោះ។
ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងនេះដែរ ខ្ញុំសូមគូសបញ្ជាក់ថា ក្នុងក្របខណ្ឌគោលនយោបាយឧស្សាហកម្មនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏នឹងខិតខំសម្រេចឱ្យបាននូវចំណុចគន្លឹះបួនគឺ (ទី១) ការបញ្ចុះថ្លៃអគ្គិសនីសម្រាប់តំបន់ឧស្សាហកម្ម រួមទាំងវិសាលភាពគ្របដណ្តប់នៃការផ្គត់ផ្គង់អគ្គិសនី និងភាពទុកចិត្តនៃការផ្គត់ផ្គង់ចរន្ត។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ]
បង់ថ្លៃអគ្គិសនីក្រោម ១០០.០០០ រៀល តាមរយៈភ្នាក់ងារ Wing គឺមិនមានបង់ថ្លៃសេវា
ចំណុចនេះ ខ្ញុំអបអរសាទរ។ ព្រឹកមិញ បានមកដល់កន្លែងនេះ លោកឧកញ៉ា គិត ម៉េង បានប្រាប់ខ្ញុំថា នៅពេលដែលផ្ទេរការបង់ប្រាក់សម្រាប់ថ្លៃអគ្គិសនីក្រោម ១០០.០០០ រៀលចុះ(តាមរយៈភ្នាក់ងារ Wing) នឹងមិន(មាន)យកថ្លៃសេវា។ ដូច្នោះ វាកាន់តែបង្កលក្ខណៈងាយស្រួលទៅអោយប្រជាពលរដ្ឋ ទៅអោយអតិថិជនដែលប្រើប្រាស់អគ្គិសនី ១០០.០០០ រៀលចុះ។ ចាប់ផ្ដើមអនុវត្តហើយ។ វាកាន់តែស្រួលហើយ វា(ប្រជាពលរដ្ឋនឹង)ចំណេញលុយ។ កាលពីដើម គេយកថ្លៃសេវា ឥឡូវក្រោម ១០០.០០០ រៀល គេអត់យកថ្លៃសេវាទេ។ វាពាក់ព័ន្ធជាមួយប្រជាពលរដ្ឋច្រើនលានគ្រួសារឯណោះ ដែលប្រើប្រាស់ភ្លើងក្រោម ១០០.០០០ រៀលនោះ។ អរគុណណាស់ ហើយប្រឹងប្រែងធ្វើអាហ្នឹងតទៅទៀត ដើម្បីរួមចំណែកធ្វើអោយតម្លៃអគ្គិសនីធ្លាក់ចុះ មិនគ្រាន់តែក្នុងវិស័យឧស្សាហកម្មប៉ុណ្ណោះទេ ប៉ុន្តែគឺ(ដើម្បី)ការប្រើប្រាស់របស់ប្រជាពលរដ្ឋ។
[បញ្ចប់សេចក្ដីអធិប្បាយ]
(ទី២) រៀបចំ និងអនុវត្តផែនការមេសម្រាប់អភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងទ្បូជីស្ទីកពហុមធ្យោបាយ (ទី៣) ពង្រឹង និងអភិវឌ្ឍយន្តការគ្រប់គ្រងទីផ្សារពលកម្ម និងការបណ្តុះបណ្តាលជំនាញ និង (ទី៤) អភិវឌ្ឍ និងប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូ ពហុបំណង។ ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជាក៏នឹងរក្សាឱ្យបាននូវសន្តិភាព, សន្តិសុខ, ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរយៈពេលវែង ព្រមទាំងកិច្ចសហប្រតិបត្តិការល្អជាមួយបណ្តាប្រទេសក្នុងតំបន់ និងជុំវិញពិភពលោក គួបផ្សំនឹងវឌ្ឍនភាព និង សមិទ្ធផលសំខាន់ៗធំៗជាច្រើន ក្នុងពេលកន្លងមក ព្រមទាំងដោយមានចក្ខុវិស័យវែងឆ្ងាយប្រកបដោយភាពប្រាកដនិយម ប៉ុន្តែមានមហច្ឆិតាខ្ពស់, មានគោលនយោបាយត្រឹមត្រូវ, មានយុទ្ធសាស្ត្រ និងផែនការសកម្មភាពច្បាស់លាស់ ក៏ដូចជាឆន្ទៈមុតស្រួចឥតរាថយក្នុងការអនុវត្ត។ ក្នុងនោះដែរ កម្ពុជាកំពុងតែចូលរួមយ៉ាងសកម្មជាមួយឤស៊ាន សំដៅប្រែក្លាយតំបន់ឤស៊ីឤគ្នេយ៍ទាំងមូល ឱ្យក្លាយទៅជាកាតាលីករ ឬ ផ្កាយកំពុងរះមួយដួង ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចតំបន់ និងពិភពលោក។
លើមូលដ្ឋាននេះ ខ្ញុំសូមអញ្ជើញអស់លោកអ្នកទាំងអស់គ្នា ចូលរួមជាដៃគូជាមួយយើងខ្ញុំ តាមរយៈវិភាគទានជាក់ស្តែងនានា នៅក្នុងកិច្ចការរៀបចំអនាគតកាន់តែល្អប្រសើរឡើងសម្រាប់កម្ពុជា។ ខ្ញុំក៏សូមយកឱកាសនេះបញ្ជាក់ជូនថា កម្ពុជានៅតែមានជំហរបន្តស្វាគមន៍ និងបន្តជំរុញលើកទឹកចិត្តចំពោះបណ្តាគម្រោងវិនិយោគបរទេសនានាមកកម្ពុជា ហើយរាជរដ្ឋាភិបាលនឹងបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច, ការបើកទូលាយ ព្រមទាំងការបង្កើតនូវបរិយាកាសវិនិយោគឱ្យកាន់តែល្អប្រសើរ, កាន់តែមានការទាក់ទាញមានលក្ខណៈទុកចិត្តបានសម្រាប់ វិនិយោគិន និងធុរជនទាំងអស់។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមធានាជូនវិនិយោគិន ធុរជនគ្រប់រូបនូវបរិស្ថានគ្រប់បែបយ៉ាង ដែលអនុគ្រោះ, អំណោយផល និង ជួយជំរុញដល់ការវិនិយោគ ជាពិសេស គឺការរក្សានូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, ការគិតគូរអំពីក្របខណ្ឌនៃការលើកទឹកចិត្ត ព្រមទាំងក្របខ័ណ្ឌច្បាប់ និងស្ថាប័ន ទន្ទឹមនឹងការរក្សាសុខសន្តិភាព និងស្ថិរភាពនយោបាយរបស់កម្ពុជា។
នៅទីបញ្ចប់នេះ ខ្ញុំសូមជូនពរឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី នាងកញ្ញា សូមប្រកបដោយសិរីសួស្តី, ជ័យមង្គល, វិបុលសុខគ្រប់ប្រការ និងជោគជ័យគ្រប់ភារកិច្ចរៀងៗខ្លួន៕