សារសម្តេចតេជោតាមហ្វេសប៊ុក ថ្ងៃ ១៦ កញ្ញា ឆ្នាំ ២០១៦ ស្តីពី វិធានការណ៍បន្ទាន់ក្នុងការលើកតម្លៃស្រូវ
“… រយៈពេលកន្លងទៅនេះ តម្លៃស្រូវ និងកសិផលរបស់ប្រជាពលរដ្ឋ មិនថាតែនៅកម្ពុជាទេ គឺនៅប្រទេសដទៃក៏មានការធ្លាក់ចុះផងដែរ។ ជាពិសេស មួយរយៈចុងក្រោយនេះ គឺតម្លៃស្រូវនៅកម្ពុជាបានធ្លាក់ចុះយ៉ាងខ្លាំង។ ខ្ញុំបានពិនិត្យយ៉ាងយកចិត្តទុកដាក់ ចំពោះកង្វល់របស់ប្រជាពលរដ្ឋ។ កាលពីប៉ុន្មានថ្ងៃមុននេះ ខ្ញុំបានបញ្ជាទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធ ដែលបានរៀបចំការប្រជុំ រកដំ ណោះស្រាយលើបញ្ហានេះ។ នៅពេលនេះ រាជរដ្ឋាភិបាលកម្ពុជាបានរកឃើញនូវវិធានការចាំបាច់មួយចំនួន ដើម្បីដាក់ចេញជួយអន្តរា គមន៍ លើកតម្លៃស្រូវរបស់កសិករ ក្នុងនោះរួមទាំងការបញ្ចេញថវិកាយ៉ាងតិច ២០ លានដុល្លារ ដើម្បីរួមជាមួយទុននៃផ្នែកផ្សេងទៀតដើម្បីគាំទ្រលើតម្លៃស្រូវ។ នៅពេលបន្តិចទៀតនេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចេញសេចក្តីថ្លែងការណ៍លើដំណោះស្រាយតម្លៃស្រូវ ដើម្បីជួយសម្រួលជូនបងប្អូនប្រជាកសិករនៅទូទាំងប្រទេស។ ទន្ទឹមនឹងវិធានការជាបន្ទាន់នេះ គឺនឹងមានវិធានការរយៈពេលមធ្យម និងរយៈពេលវែង ដើម្បីគាំទ្រដល់វិស័យកសិកម្មកម្ពុជាផងដែរ។ សូមបងប្អូនប្រជាកសិករជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕