FN ៖ លោក វ៉ាន សំអឿន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧នេះ បានអំពាវនាវ និងផ្តាំផ្ញើដល់ប្រជាពលរដ្ឋខេត្តកំពតមួយចំនួន កុំឱ្យមានការចាញ់បោកការឃោសនារបស់ គណបក្សប្រឆាំង។ លោកអះអាងថា បក្សប្រឆាំងពូកែឃោសនា ប៉ុន្តែមិនពូកធ្វើឡើយ។
លោក វ៉ាន សំអឿន ដែលបានចាកចេញពីគណបក្សប្រឆាំង ទៅចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា បានរិះគន់ថា គណបក្សប្រឆាំងគ្មានប្រជាធិបតេយ្យផ្ទៃក្នុងបក្សឡើយ ហើយមានតែបក្សពួកគ្រួសារនិយម អំពើពុករលួយ។ លោកប្រាប់ប្រជាពលរដ្ឋបន្ថែមថា បក្សប្រឆាំងគ្មានតម្លាភាពចំណូល- ចំណាយថវិកាដែលប្រជាពលរដ្ឋបានឧបត្តម្ភ ហើយកំពុងកង្វះធនធានមនុស្ស ដែលមានសមត្ថភាពពិតប្រាកដ។
ការលើកឡើងយ៉ាងដូច្នោះរបស់ លោក វ៉ាន សំអឿន បានធ្វើឡើង ខណៈដែលលោកអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល ស្វែងយល់បញ្ហាប្រឈមនានា ដើម្បីដោះស្រាយជូនអាជីវករ នៅផ្សារកំពង់ត្រាច ស្រុកកំពង់ត្រាច នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧នេះ។ ពិធីនេះអមដំណើរដោយ លោក សល់ មករា ទីប្រឹក្សារាជរដ្ឋាភិបាល លោក ម៉ាង ឆៃណាំ ទីប្រឹក្សារាជរដ្ឋាភិបាល និងមន្ត្រីថ្នាក់ស្រុក ឃុំ និងមូលដ្ឋានដែលពាក់ព័ន្ធមួយចំនួន។
លោក វ៉ាន សំអឿន បានបន្ថែមទៀតថា លោក សម រង្សី និងលោក កឹម សុខា គ្មានភាពជាអ្នកដឹកនាំ គិតតែ ផលប្រយោជន៍ផ្ទាល់ខ្លួន គ្មានគោលការណ៍ច្បាស់លាស់ ប្រើនយោបាយញុះញង់ លាបពណ៌ សូម្បីតែទូរទស្សន៍ព្រះអាទិត្យមកដល់ពេលនេះ ធ្វើមិនបានផង ។
ទន្ទឹមគ្នានេះដែរ លោកក៏បានជម្រាប ជូនប្រជាពលរដ្ឋអំពីកំណែទម្រង់ ជាពិសេស ការផ្តល់សេវាសាធារណៈកាន់តែងាយស្រួល និងសមិទ្ធិផលសំខាន់ៗ ដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជន សម្រេចបាន។ ព្រមទាំងបានលើកឡើងអំពី វីរភាព ការតស៊ូ លះបង់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការរំដោះជាតិមាតុភូមិពីរបប ឃោឃៅយង់ខ្នងប៉ុល ពត និងខិតខំចរចារបញ្ចប់សង្គ្រាម នាំមកនូវសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យសព្វថ្ងៃនេះ។
លោក វ៉ាន សំអឿន ជំរុញឱ្យប្រជាពលរដ្ឋ ចូលរួមថែរក្សាសន្តិភាពរបស់កម្ពុជាពេលនេះ ឲ្យបានគង់វង្ស៕