FN ៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ស្អែកនេះ កម្ពុជា-វៀតណាម នឹងបើកកិច្ចប្រជុំរួមគ្នា ដើម្បីនិយាយពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ រួមនិងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀត។
យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេស បានឲ្យដឹងថា កិច្ចប្រជុំដែលធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ មានរបៀបវារៈសំខាន់ៗចំនួនពីររួមមាន កិច្ចប្រជុំលើកទី៩ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរវាងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម និងកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី១៥ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកទេស។
បើតាមសេចក្តីជូនព័ត៌មានដដែលបានឲ្យដឹងដែរថា កិច្ចប្រជុំនេះនឹងមានការអញ្ជើញចូលរួមពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោកឧបនាយករដ្ឋមន្រ្តី ផាម ប៊ិញ មិញ រដ្ឋមន្រ្តីការបរទេសវៀតណាមផងដែរ។
ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា កិច្ចប្រជុំទាំងពីរខាងលើត្រូវបានធ្វើឡើង ស្របពេលនឹងខួបលើកទី៥០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-វៀតណាម ដែលបានផ្តល់ឱកាសសម្រាប់រំលឹកឡើងវិញ នៃសមិទ្ធិផលសម្រេចបាននាពេលកន្លងមក រួមទាំងការរៀបចំផែនការទិសដៅសម្រាប់អនាគត ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីពង្រឹងបន្ថែមទៀត នូវចំណងមិត្តភាពជាប្រពៃណី អ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ។
ក្រសួងក៏បានឲ្យដឹងដែរថា នៅចុងបញ្ចប់នៃកិច្ចប្រជុំគណៈកម្មាចម្រុះនេះ រដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរ នឹងចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំគណៈកម្មការចម្រុះ កម្ពុជា-វៀតណាមលើកទី១៥៕