FN ៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទំាងអស់ នាំគា្នគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន ប្រសិនបើមានបងប្អូនណា ដែលគាត់ញៀនគ្រឿងញៀនត្រូវខិតខំជួយបន្សាបនៅផ្ទះ ប្រសើរជាងគេយកទៅដាក់នៅពន្ធនាគារ ឬមណ្ឌលកែប្រែ។
ការអំពាវនាវបែបនេះ របស់លោក សុខ លូ បានធ្វើឡើងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ ក្នុងពិធីបុណ្យរំលាយព្រះសព ព្រះគ្រូវិសុទ្ធិសត្ថា មាស សួស អតីតព្រះគ្រូអនុគណ ស្រុកសណ្តាន់ នៅវត្តសុវណ្ណជលសារុក្ខារាម (ហៅវត្តកូនអក )ស្ថិតនៅភូមិ ខ្មែរ ឃុំងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ និងមានការចូលរួមពី ក្រុមប្រឹក្សាស្រុក មន្ត្រីរាជការជុំវិញស្រុក និងប្រជាពលរដ្ឋយ៉ាងច្រើនកោះកុរ។
លោកបានបន្ថែមថា ចំពោះមីក្រូហិរញ្ញវត្ថុ ជារបស់ឯកជន មិនមែនជារបស់រដ្ឋឡើយ ហើយអត្រាការប្រាក់នឹងធ្វើការបញ្ចុះត្រឹមតែ ១៨% ក្នុងមួយឆ្នាំ បងប្អូនត្រូវពិនិត្យពិចារណា
ថ្លឹងថ្លែងឲ្យបានច្បាស់លាស់ កុំចេះតែជឿពាក្យញុះញង់មូលបង្កាច់របស់ជនអគតិមួយចំនួន ត្រូវគិតពីសន្តិសុខសុវត្ថិភាព គិតតែពីមុខរបរប្រចាំអាយុជីវិតហើយ ខិតរក្សាឲ្យភូមិ ឃុំមាន
សុវត្ថិភាពកុំឲ្យមានចោរលួច ឆក់ ប្លន់ គ្រឿងញៀន ពោលត្រូវយកចិត្តទុកដាក់ជួយទុក្ខធុរៈគ្នានៅតាម ឃុំភូមិរបស់ខ្លួន ត្រូវគិតថាអ្នកណាដែលបានជួយយើងឲ្យរួចផុតពី ទុក្ខវេទនាកាល
ពីសម័យបនប្រល័យពូជសាសន៍ប៉ុលពត។
លោកបានលើកឡើងទៀតថា «រូបំ ជីរតិ មច្ចានំ នាមគោត្តំ ន ជីរតិ» ប្រែថា «រូបកាយរបស់សត្វលោក តែងវិនាសទៅ តែកេរ្តិ៍ឈ្មោះកិត្តិយសមិនសាបសូន្យឡើយ» នេះជាការបញ្ជាក់ថាប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ អំពីទីវត្តអារាម គឺមិនត្រឹមតែបម្រើវិស័យសាសនា ជាទីសក្ការៈបូជារបស់បងប្អូនពុទ្ធបរិស័ទប៉ុណ្ណោះទេ គឺជាទីកន្លែង ដែលប្រមូលផ្តុំនូវវប្បធម៌ និងជាថ្នាល បណ្តុះបណ្តាលធនធានមនុស្ស ដែលជាជង្រុកនៃគ្រឹះអក្សរសាស្ត្រជាតិ អរីយធម៌ វប្បធម៌ខ្មែរយើងតាំងពីយូណាស់មកហើយ។
លោក សុខ លូ អភិបាលខេត្តកំពង់ធំ ក៏បានណែនាំ ដល់ក្រុមការងារ ទាំងអស់ត្រូវ ធ្វើអំពើល្អជាគំរូល្អ ដល់ប្រជាពលរដ្ឋ ដើម្បីឲ្យប្រជាពលរដ្ឋជឿទុកចិត្តផងដែរ៕