ដកស្រង់ប្រសាសន៍ជាសារសំឡេង ផ្ដើមយុទ្ធនាការ ១៥ ថ្ងៃ ដើម្បីចាក់វ៉ាក់សាំង AstraZeneca ចំពោះប្រជាពលរដ្ឋទូទៅ ដែលមានអាយុលើស ៦០ ឡើង នៅរាជធានីភ្នំពេញ
ផ្ញើជូនលោកជំទាវ ឱ វណ្ណឌីន, ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីនៅក្នុងគណៈកម្មការចំពោះកិច្ច សម្រាប់ការចាក់វ៉ាក់សាំង ក៏ដូចជាបណ្ដាមន្ទីរពេទ្យ និងបងប្អូនជនរួមជាតិ! ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ គិតមកដល់ពេលនេះ គឺមានរយៈពេលមួយខែហើយ មិនទាន់ស្រាកស្រាន្ដនៅឡើយទេ។ ពិតមែនដែលយើងបានគ្រប់គ្រងសភាពការណ៍នៅខេត្តព្រះសីហនុបានល្អប្រសើរ ប៉ុន្តែសម្រាប់រាជធានីភ្នំពេញ និងមួយផ្នែករបស់ខេត្តកណ្ដាល ក៏កំពុងញាំញីនៅឡើយ ក្នុងពេលដែលខេត្តព្រៃវែង និងខេត្តកោះកុង ក៏កំពុងតែស្ថិតក្នុងស្ថានភាពនៃការទប់ទល់។ រយៈពេលមួយខែកន្លងទៅនេះ គឺចំនួនអ្នកឆ្លងមានរហូតទៅដល់ជាង ១០០០ នាក់ ដែលវាច្រើនជាង ២ ដងនៃចំនួនអ្នកឆ្លងជាងមួយឆ្នាំនៅក្នុងឆ្នាំ ២០២០ និងដើមឆ្នាំ ២០២១។ ជំងឺរាតត្បាតនេះ កំពុងតែបន្តគំរាមគំហែងនៅទីក្រុងភ្នំពេញ និងផ្នែកខ្លះរបស់ខេត្តកណ្ដាល ដែលទាមទារឱ្យយើងមានការយកចិត្តទុកដាក់បន្តទៀត ទៅលើការប្រយុទ្ធប្រឆាំង កូវីដ-១៩ តាមរយៈនូវវិធានការដែលបានដាក់ចេញរួចមកហើយ ដែលបងប្អូនជនរួមជាតិបានដឹង ទាក់ទិននឹង ៣ កុំ និង ៣ ការពារ។ ចំពោះដំណើរការចាក់វ៉ាក់សាំងវិញ គឺយើងបានចាប់ផ្ដើមចាក់វ៉ាក់សាំងដំណាក់កាលទី ១ គឺតាំងពីថ្ងៃ ១០ កុម្ភៈ គឺចាក់វ៉ាក់សាំង Sinopharm…