សម្តេចតេជោ ហ៊ុន សែន ឲ្យអតីតសមាជិកគណបក្សសង្គ្រោះជាតិបង្កើតបក្សថ្មីចូលរួមប្រកួតប្រជែង ព្រោះបក្សដែលរំលាយគ្មានថ្ងៃរស់ឡើងវិញឡើយ
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សកាន់អំណាច បានផ្តល់អនុសាសន៍ឲ្យក្រុមគណបក្សប្រឆាំងបង្កើតបក្សថ្មីចូលរួមប្រកួតប្រជែងការបោះឆ្នោត កុំរំពឹងគណបក្សនយោបាយដែលរំលាយចោលនោះ ព្រោះគ្មានថ្ងៃរស់ឡើងវិញនោះឡើយ។ ការផ្តល់អនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងកិច្ចសំណេះសំណាលជាមួយតំណាងកម្មករ កម្មការិនីនៅសាលមហោស្រពកោះពេជ្រនាព្រឹកថ្ងៃអាទិត្យ ១៤រោច ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧នេះ។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដូច្នេះ «ដោយសារមានការខ្សឹបខ្សៀវ និងការប្រឌិតព័ត៌មានមិនពិតដដែលជាដដែលអំពីការរស់ឡើងវិញនៃអតីតបក្សសង្រោះជាតិ គឺខ្ញុំសូមផ្តាំផ្ញើ និងបញ្ជាក់សាជាថ្មីថា អតីតបក្សដែលត្រូវបានរំលាយហើយ ដោយសាលដីការតុលាកំពូល គឺចប់ជាស្ថាពរហើយ។ ឈ្មោះអតីតបក្សនេះ គឺនឹងគ្មានកើតឡើងសាជាថ្មីទៀតឡើយ។ ខ្ញុំសូមឲ្យយោបល់ខ្លះៗដែលអាចមានប្រយោជន៍ ហើយកុំឲ្យខាតពេលច្រើន គឺមានតែវិធីមួយគត់ គឺបង្កើតបក្សថ្មីចូលរួមប្រកួតប្រជែងតាមលក្ខណៈប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតខាងមុខ គឺវាប្រសើរជាងដើរនិយាយឃោសនាមិនពិត ហើយខាតបង់ពេលវេលាកាន់តែច្រើន»។ សូមបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលកាត់រំលាយចោលកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តទង្វើក្បត់ជាតិ ដោយយោងទៅតាមច្បាប់ស្តីពីគណបក្សនយោបាយ។ ក្រៅពីរំលាយគណបក្សប្រឆាំងមួយនេះហើយថ្នាក់ដឹកនាំរបស់គណបក្សមួយនេះ ១១៨រូប ក៏ត្រូវបានផ្អាកសកម្មភាពនយោបាយរយៈពេល ៥ឆ្នាំផងដែរ៕