សេចក្ដីដកស្រង់ប្រសាសន៍ ក្នុងពិធីសម្ពោធអគារវឌ្ឍនៈកាពីតាល់ និងសណ្ឋាគារ រ៉ូសវូដ
វឌ្ឍនភាពកម្ពុជាបច្ចុប្បន្ន សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ថ្ងៃនេះ យើងពិតជាមានការរីករាយ ខ្ញុំ និងភរិយាពិតជាមានការរីករាយ ដែលបានមកចូលរួមសម្ពោធដាក់អោយប្រើប្រាស់ នូវមជ្ឈមណ្ឌលពាណិជ្ជកម្មវឌ្ឍនៈកាពីតាល់ (Vattanac Capital) និងសណ្ឋាគារ រ៉ូសវូដ (Rosewood) ដែលកំពុងតែប្រព្រឹត្តទៅនេះ។ អម្បាញ់មិញនេះ ខ្ញុំ និងភរិយាក៏បានរួមជាមួយនឹងលោកជំទាវ ឧកញ៉ា ឃុន លាង និងឯកឧត្តម ឧកញ៉ា សំ អាង កាត់ខ្សែបូសម្ពោធដាក់អោយប្រើប្រាស់។ ខ្ញុំពិតជាមានមោទនភាពណាស់ ដែលសមិទ្ធផលនេះបានកើតចេញជារូបរាង។ ខ្ញុំសូមអរគុណជាមួយនឹងការរំលឹកពីគ្រាលំបាករបស់លោកជំទាវ ឃុន លាង។ ពាក់ព័ន្ធនឹងដំណើវិវឌ្ឍសភាពការណ៍នៃប្រទេសរបស់យើង ខ្លួនខ្ញុំផ្ទាល់ ក៏មិននឹកស្មានថា កម្ពុជានិយាយជារួម និងភ្នំពេញនិយាយដោយឡែក អាចមានការវិវឌ្ឍរហូតមកដល់កម្រិតនេះ។ នៅពេលដែលខ្ញុំចូលមកដល់ទីក្រុងភ្នំពេញ ខ្ញុំជួបប្រជាជនត្រឹមតែ ៧០ នាក់ តែប៉ុណ្ណោះ វាមិនមែនជាការងាយស្រួលទេ នៅក្នុងការដឹកនាំប្រទេសមួយ ដែលចេញពីភាពខ្ទេចខ្ទាំ ហើយវាកាន់តែពិបាកជាងនេះទៅទៀត នៅពេលដែលប្រទេសនេះ ត្រូវទទួលនៅបន្តមរតក នៃសង្គ្រាមបែកបាក់ ព្រមទាំងការហ៊ុមព័ទ្ធដោយអយុត្តិធម៌ពីសំណាក់ខាងក្រៅ។ ទប់ស្កាត់ ប៉ុល…