FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃពុធ ៤រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីប្រមាណ ១៥,៦០៦នាក់ មកពីរោងចក្រសហគ្រាសចំនួន២២ មកពីខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល។
ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងកម្មករ កម្មការិនីនៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ គឺជាជំនួបលើកចុងក្រោយហើយសម្រាប់ឆ្នាំ២០១៨នេះ។ ពេញមួយឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបចំនួន ៣៦លើក ហើយមានកម្មករ កម្មការិនី បានជួបសំណេះសំណាលសរុបប្រមាណ ៥៩៦,១១៩នាក់។ តាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ននេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបចំនួន៦១លើក ដោយមានកម្មករ កម្មការិនីចូលរួមសរុបប្រមាណ ៨៧៥,១៧៣នាក់។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះកម្មករ កម្មការិនី នឹងទទួលបានប្រាក់ឈ្នួលអប្បបរមាប្រមាណ ១៨២ដុល្លារហើយ។ សម្តេចតេជោនាយករដ្ឋមន្ត្រីថា នេះជាបំណងប្រាថ្នារបស់សម្តេច។
* សម្តេចតេជោ បានថ្លែងថា ប្រាក់ឈ្នួលអប្បបរមា១៨២ដុល្លារនៅឆ្នាំ២០១៩ មិនទាន់អាចបំពេញបំណងប្រាថ្នារបស់កម្មករ កម្មការិនីបាននៅឡើយនោះទេ ប៉ុន្តែសម្រាប់ស្ថានភាពប្រទេសកម្ពុជាដែលធ្លាប់តែខ្ទេចខ្ទាំ និងការហែកហួរដោយភ្លើងសង្គ្រាមពីអតីតកាល ការឈានមកដល់ដំណាក់កាលនេះគឺជារឿងដ៏ល្អប្រសើរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមរយៈជំនួបជាបន្តបន្ទាប់ជាមួយកម្មករ កម្មការិនី បញ្ហាជាច្រើនត្រូវបានដោះស្រាយ។
* សម្តេចតេជោ បានលើកឡើងថា អ្នកដែលពេបជ្រាយឲ្យសម្តេចរឿងសុំឲ្យកម្មការិនីមានផ្ទៃពោះចេញមុនម៉ោងឲ្យបាន១៥នាទី គឺជាការមើលស្រាលលើការចាត់ចែងការងារ,
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាមិនដែលប្រកាន់របបផ្តាច់ការ ដូចការលើកឡើងរបស់ក្រុមអ្នកប្រឆាំងនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បន្ទាប់ពីមានគោលនយោបាយឧត្ថម្ភនៅពេលសម្រាលកូនសម្រាប់កម្មការិនី អត្រានៃការសម្រាលកូនមានកំណើនឡើង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដែលរាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយឧបត្ថម្ភថវិកាសម្រាប់កម្មការិនីពេលសម្រាលកូន និងស្ត្រីក្នុងគ្រួសារមានជីវភាពក្រីក្រជាដើម គឺជាការខិតខំប្រឹងប្រែងធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមួយមានសេវាគាំពារសង្គមច្បាស់លាស់។
* ក្នុងឋានៈជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់កម្មករ កម្មការិនី ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអញ្ជើញទៅចូលរួមបោះឆ្នោត គឺជាការចូលរួមដំណើរការលទ្ធិប្រជាធិបតេយ្យ និងជាការសម្រេចចិត្តក្នុងរក្សាទុកនូវសុខសន្តិភាព និងការអភិវឌ្ឍតាមរយៈការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។
* សម្តេចតេជោ បានថ្លែងថា នៅសល់៣ថ្ងៃទៀតប៉ុណ្ណោះ វិមាននយោបាយ «ឈ្នះឈ្នះ» នឹងត្រូវសម្ពោធ។ សម្តេចតេជោ បានគូសបញ្ជាក់ថា ការសម្ពោធវិមាននេះ ដើម្បីរំលឹកទៅដល់ការបញ្ចប់សង្គ្រាមនាំមកនូវការបង្រួបបង្រួមជាតិ និងការឯកភាពជាតិជាលើកដំបូងក្នុងរយៈពេលប្រមាណ ៥០០ឆ្នាំចុងក្រោយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មាន «ហ៊ុន សែន» តែម្នាក់មិនអាចបង្រួបបង្រួម និងរំដោះប្រទេសជាតិបាននោះទេ គឺមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស។ ដូច្នេះការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតគាំទ្រដល់សមិទ្ធិផលរបស់ប្រជាពលរដ្ឋខ្មែរផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យកម្មករ កម្មការិនីទាំងអស់ត្រូវរួមគ្នាការពារឲ្យខានតែបាននូវសុខសន្តិភាពមួយនេះ។
* សម្តេចតេជោ ហ៊ុន សែន បានពន្យល់ថា ទំហំកម្ពុជាកម្ពុជានាំចេញ តិចជាងការនាំចូលមិនមែនជាការបាត់ជញ្ជីងពាណិជ្ជកម្មនោះទេ តែចំនួននាំចូលច្រើននោះ មានការនាំចូលវត្ថុធាតុដើមពីប្រទេសដទៃមកផលិតជាផលិតផលសម្រាប់នាំចេញផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឲ្យថៅកែរោងចក្រ និងកម្មករ កម្មការិនីរោងចក្រ ត្រូវរួមគ្នាកសាងសហគមន៍រោងចក្រសុខសាន្ត ដោយមិនត្រូវឲ្យមានបងតូចបងធំ នៅតាមរោងចក្រ មិនត្រូវមានការសេព និងចែកចាយគ្រឿងញៀន ហើយក៏មិនត្រូវឲ្យរោងចក្រក្លាយទៅជាចម្លងជំងឺអេដស៍នោះដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹងអញ្ជើញទៅចូលរួមពិធីឆ្លងឆ្នាំនៅវិមានឈ្នះឈ្នះ។
* ពាក់ព័ន្ធនឹងជម្លោះផ្ទៃក្នុងរបស់អតីតថ្នាក់ដឹកនាំអតីតបក្សសង្គ្រោះជាតិនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មនុស្សពីរនាក់ ក្លាយទៅជាមនុស្សម្នាក់មិនអាចទៅរួចនោះទេ។
* សម្តេចតេជោ បានថ្លែងថា ការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយដែលឆ្លងផុតដៃព្រឹទ្ធសភាហើយនោះ មិនមែនធ្វើតម្រូវបក្សនយោបាយណាមួយនោះទេ គឺធ្វើសម្រាប់គណបក្សនយោបាយទាំងអស់នៅកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ច្បាប់នេះ ក៏នឹងមិនអាចឲ្យអ្នកនយោបាយមានទោសអាចរួចទោស ឬអ្នកនយោបាយជាប់បំរាមធ្វើនយោបាយអាចរួចផុត ពីបំរាមនោះដែរ។ ពោលពួកគេត្រូវធ្វើលិខិតស្នើសុំទៅកាន់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឬនាយករដ្ឋមន្ត្រី ដើម្បីទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ។
* សម្តេចតេជោ បានបញ្ជាក់ទៀតថា សំណើនេះក៏មិនអាចធ្វើជាកញ្ចប់បានដែរ គឺត្រូវធ្វើឡើងមួយដងមួយនាក់ ហើយត្រូវពិនិត្យលក្ខណៈសម្បត្តិផ្សេងៗថែមទៀតផងដែរ។
* សម្តេចនាយករដ្ឋមន្ត្រី បានឲ្យអតីតសមាជិកអតីតបក្សសង្គ្រោះជាតិពិចារណាថា សុំសិទ្ធិធ្វើនយោបាយឡើងវិញ ឬមិនសុំ ព្រោះបើមិនសុំនឹងគ្មានសិទ្ធិធ្វើនយោបាយ និងចូលរួមការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ២០២២នោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានផ្តាំថា ខ្មោចគណបក្សសង្គ្រោះជាតិ មិនអាចរស់ឡើងវិញនោះឡើយ។
* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា សមាជិក សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ដែលមកពីអតីតគណបក្សសង្គ្រោះជាតិនាពេលកន្លងមក គឺនៅតែបន្តរក្សាតំណែងរហូតដល់ឆ្នាំ២០២២ ហើយអ្នកមានការងារល្អនឹងបន្តដល់អាណត្តិក្រោយៗទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នឹងមានការបង្កើតអាសនៈក្រុមប្រឹក្សារាជធានី ខេត្ត ស្រុក ក្រុង សង្កាត់ និងខណ្ឌ។
* សម្តេចតេជោ បានផ្តាំទៅទៅអតីតសកម្មជនអតីតគណបក្សសង្គ្រោះជាតិ កុំដេកយល់សប្តិថាបានត្រឡប់មកធ្វើជាមេឃុំ ចៅសង្កាត់ ឬជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ឡើងវិញឲ្យសោះ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសទៀតថា កុំសង្ឃឹមថាមានការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឡើងវិញ។ ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រមានតែនៅឆ្នាំ២០២៣តែប៉ុណ្ណោះ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសត្រៀមខ្នោះដាក់ទណ្ឌិត សម រង្ស៉ី ផងដែរឲ្យតែហ៊ានចូលស្រុក។ សម្តេចតេជោថា បានថ្លែងថា ប្រសិនបើលោកទណ្ឌិត សម រង្ស៉ី មិនហ៊ានចូលស្រុកទេ គឺមិនមែនជាមនុស្សនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនបានហាមអាកាសចរណ៍ណាមួយមិនឲ្យដឹកទណ្ឌិត សម រង្ស៉ី ចូលស្រុកនោះទេ។
* សម្តេចតេជោ ហ៊ុន សែន សម្តែងការហួសចិត្តចំពោះទណ្ឌិត សម រង្ស៉ី ដែលហ៊ានយកសេរីភាពលោក កឹម សុខា ដៃគូនយោបាយរបស់ខ្លួនមកធ្វើជាល្បែងភ្នាល់ជាមួយសម្តេច។ សម្តេចតេជោថា ការភ្នាល់នេះ ជារឿងអគុណធម៌ តែសម្តេចត្រូវតែភ្នាល់តាមការស្នើរបស់ទណ្ឌិត សម រង្ស៉ី។