FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នឹងរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពី ការផ្តល់សុពលភាព និងការប្រកាសផ្សាយបញ្ជីឈ្មោះបោះឆ្នោតផ្លូវការ ឆ្នាំ២០១៨ ចំនួនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងចំនួនការិយាល័យ។
បើតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ បានឱ្យដឹងថា កិច្ចប្រជុំនឹងធ្វើឡើង នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ស្អែកនេះ វេលាម៉ោង១០៖០០នាទីព្រឹក នៅសាលសន្និសីទសារព័ត៌មានជាន់ទី១ នៃទីស្តីការគជប អគារថ្មី សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
គជប បានឱ្យដឹងថា តំណាងភាគីពាក់ព័ន្ធដែលអញ្ជើញចូលរួមរួមមាន៖ តំណាងក្រុមប្រឹក្សាធម្មនុញ្ញ, ក្រសួងពាក់ព័ន្ធនានា, តំណាងគណបក្សនយោបាយ, តំណាងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ, តំណាងស្ថានទូតជប៉ុន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ៕