FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩។ នេះបើតាមសេចក្តីសម្រេចរបស់ គ .ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩នេះ។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិអាណត្តិទី៣ បានធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩។ ការបោះឆ្នោតនេះ មានគណបក្សនយោបាយចំនួន៧ ចូលរួមប្រកួតប្រជែងក្នុងនោះមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សហ៊្វុនស៊ិនប៉ិច, គណបក្សខ្មែររួបរួមជាតិ, គណបក្សសញ្ជាតិកម្ពុជា, គណបក្សខ្មែរសាធារណរដ្ឋ, គណបក្សឆន្ទៈខ្មែរ និងគណបក្សយុវជនកម្ពុជា។
អាសនៈក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩នេះ មានចំនួនសរុប ៤,១១៤អាសនៈ ក្នុងនោះ អាសនៈក្រុមប្រឹក្សារាជធានី/ខេត្ត មានចំនួន ៥៥៩អាសនៈ និង អាសនៈក្រុមប្រឹក្សាក្រុង/ស្រុក/ខណ្ឌ មានចំនួន ៣,៥៥៥អាសនៈ។ អង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងតំណែង ដែលមានចំនួនសរុប ១១,៥៧២នាក់៕