FN ៖ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានសម្រេចជាផ្លូវការលើ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ សេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះ មាន៣ជំពូក ១៣ផ្នែក និងឧបសម្ព័ន្ធ ចំនួន៧ ស្មើនឹង ៣២៥ទំព័រ ហើយបានបញ្ជូនទៅឱ្យភាគីពាក់ព័ន្ធផ្តល់អនុសាសន៍ កាលពីថ្ងៃ១៥ ខែមករា ឆ្នាំ២០១៩។
បន្ទាប់ពីទទួលបានអនុសាសន៍ពីស្ថាប័ន ចំនួន១០ ពាក់ព័ន្ធនឹងសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៨នេះ អគ្គលេខាធិការដ្ឋាន គ.ជ.ប បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើអនុសាសន៍ទាំងនោះ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩នាទីស្តីការ គ.ជ.ប ដែលមានការចូលរួមពី តំណាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា តំណាងក្រសួង ស្ថាប័នរដ្ឋ ចំនួន ៥ គណបក្សនយោបាយ ចំនួន ៤ អង្គការមិនមែនរដ្ឋាភិបាល ចំនួន ២ អង្គភាពសារព័ត៌មាន ចំនួន៨ រួមទាំងមន្ត្រី គ.ជ.ប លធ.ខប ចំនួន ៣១នាក់ សរុបអ្នកចូលរួម ចំនួន ៦៣នាក់ ។
តាមប្រសាសន៍របស់ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ ផ្លូវការនេះ នឹងត្រូវបានបង្ហោះនៅលើគេហទំព័រ (Website) គ.ជ.ប www.necelect.org.kh ក្នុងពេលឆាប់ៗនេះ៕